សិស្សត្រៀមខ្លួនចូលសិក្សា នៅមជ្ឈមណ្ឌលខ្មែរឥស្លាម

  • វិញ សុជាតា
    VOA

ដើម្បីស្តាប់ព័ត៌មាននេះ

ខណៈដែលសិស្សានុសិស្សខ្មែរបានចាប់ផ្តើមចូលរៀនឆ្នាំសិក្សាថ្មី2009-2010
នៅថ្ងៃព្រហស្បតិ៍នេះ សិស្សខ្មែរឥស្លាមរាប់រយនាក់ក៏បានចូលរៀនដែរ នៅក្នុង
មជ្ឈមណ្ឌលឥស្លាមកម្ពុជាដែលជាអតីតសាលាអ៊ុមអាល់គូរ៉ា។

ស្ថិតក្នុងសម្លៀកបំពាក់អាវស និងពាក់មួកកន្តឹបពណ៌សនៅពីលើក្បាល ក្រុម
សិស្សឥស្លាមជាង៧០០នាក់ កំពុងឈរតម្រៀបគ្នាជាជួរៗ នៅពីមុខថ្នាក់រៀន
របស់ពួកគេនៅក្នុងមជ្ឈមណ្ឌលឥស្លាមកម្ពុជា ដែលស្ថិតនៅឃុំឫស្សីជ្រោយ
ស្រុកមុខកំពូល ខេត្តកណ្តាល ចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីទីក្រុង
ភ្នំពេញ។

ថ្ងៃព្រហស្បតិ៍នេះក៏ជាថ្ងៃបើកបវេសនកាលឆ្នាំថ្មីរបស់មជ្ឈមណ្ឌលឥស្លាមដែល
ជាអតីតវិទ្យាល័យ អ៊ុម អ៊ាល់គូរ៉ា។ សិស្សានុសិស្សខ្មែរឥស្លាមទាំងនេះមានវ័យ
ជាង១០ឆ្នាំ មកពីខេត្តក្រុងនានាស្ទើរទូទាំងប្រទេស រួមមានខេត្តកំពត តាកែវ
ក្រចេះ សៀមរាប បាត់ដំបង ពោធិសាត់ កំពង់ធំ និង ក្រុងភ្នំពេញ ជាដើម
ជាពិសេសគឺខេត្តកំពង់ចាម ដែលមានសិស្សមកស្នាក់នៅ រៀនសូត្រទីនេះច្រើន
ជាងគេ ដើម្បីក្រេបជញ្ជក់ចំណេះដឹង ទាំងខាងចំណេះទូទៅភាសាខ្មែរ ហើយ
និងចំណេះដឹងខាងសាសនាឥស្លាម។

អារី ហ្វីន អាយុ១៥ឆ្នាំមកពីភូមិសង្គមថ្មី ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានប្រាប់
ឱ្យដឹងថា ការដែលខ្លួនសម្រេចចិត្តមករៀននៅក្នុងមជ្ឈមណ្ឌលឥស្លាមកម្ពុជានេះ
គឺដោយសារសាលានេះបង្កលក្ខណៈ ងាយស្រួលគ្រប់បែបយ៉ាងដល់ខ្លួន។

“នៅទីនេះ វាស្រួល។ វាមានទាំងពីរ។ វាស្រួល។ នៅទីនោះរៀនតែខ្មែរ”។

ដោយមានកម្មវិធីបង្រៀនខាងសាសនាឥស្លាម មជ្ឈមណ្ឌលឥស្លាមកម្ពុជានេះ
បានស្រូបយកសិស្សានុសិស្សចាមដែលចង់រក្សាភាសានិងប្រពៃណីដើមកំណើត
របស់ខ្លួន។

សិស្សថ្នាក់ទី ៩ម្នាក់ ឈ្មោះ មើត តហៀត អាយុ១៥ឆ្នាំ ដែលទើបផ្លាស់ចេញពី
វិទ្យាល័យចាស់របស់ ខ្លួនក្នុងឃុំឫស្សីជ្រោយនេះ បានប្រាប់ឱ្យដឹងថា ខ្លួនពិតជា
ចង់រៀននៅក្នុងវិទ្យាល័យថ្មីរបស់ខ្លួននេះ ខ្លាំងណាស់។

“ខ្ញុំរៀននៅទីនោះ អត់ខំអត់អីទេ រៀនបានលេខខ្សោយ។ដល់នៅទីនេះ កន្លែង
រៀនសុទ្ធតែម្តង អត់មានចេញដើរលេងទៅណាមកណាទេ”។

មជ្ឈមណ្ឌលឥស្លាមកម្ពុជា ដែលគេស្គាល់ថា ជាអតីតវិទ្យាល័យអ៊ុម អាល់គូរ៉ា
នេះគឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលឥស្លាម ដែលធំជាងគេបង្អស់ក្នុងប្រទេស
កម្ពុជា ដោយទទួលសិស្សខ្មែរឥស្លាមឱ្យស្នាក់នៅ និងចូលរៀនពីថ្នាក់ទី៧ដល់
ថ្នាក់ទី១២។

លោក ពេជ្រ សូលីន នាយកសាលាទទួលបន្ទុកចំណេះទូទៅ បានប្រាប់ឱ្យដឹង
ថា ការដែលសិស្សានុសិស្សខ្មែរឥស្លាមនាំគ្នាសម្រុកចូលមករៀននៅក្នុងមជ្ឈ
មណ្ឌលនេះគឺដោយសារសាលានេះផ្តល់ កម្មវិធីពិសេសសម្រាប់សិស្សចាម។

“ពិសេសអញ្ចេះ គឺថា បងប្អូនឥស្លាមយើងខ្ញុំនេះ គេចង់បានកម្មវិធីពីរ ទី១គឺ
កម្មវិធីសាសនា ទី២ គឺកម្មវិធីអប់រំជាតិយើង។ សំខាន់គឺកម្មវិធីសាសនាហ្នឹង
ព្រោះសាលានេះវាមានពីរកម្មវិធី ព្រោះថា សាលាចំណេះទូទៅរដ្ឋយើងមានតែ
កម្មវិធីចំណេះទូទៅមួយទេ អត់បានកម្មវិធីខាងសាសនាទេ។ អញ្ចឹង ឥស្លាម
យើងបានខាងសាសនា ដែលជាគោលការណ៍ធំបំផុត អប់រំយុវជនឥស្លាមយើង
គឺកម្មវិធីសាសនានេះឯង”។

នៅក្នុងមជ្ឍមណ្ឌលឥស្លាមកម្ពុជាដែលមានផ្ទៃដីទំហំ៤ហិកតានេះ មានអគារ
ចំនួន៤ខ្នង សម្រាប់សិស្សស្នាក់នៅ និងអគារសិក្សា ផ្ទះបាយ ទីធ្លាបាល់ទាត់
និងបាល់បោះ ព្រមទាំងវិហារឥស្លាមមួយផងដែរ។

ក្រុមឪពុកម្តាយរបស់សិស្សខ្មែរឥស្លាម ដែលនាំកូនរបស់ខ្លួនពីខេត្តផ្សេងៗមក
ចូលរៀននៅក្នុងឆ្នាំសិក្សាថ្មីនេះ បាននិយាយថា ថ្វីត្បិតតែភូមិរបស់ខ្លួនមាន
សាលាបង្រៀនសាសនាក៏ពិតមែន តែពួកគេលើកឡើងថា សាលាក្នុងភូមិនោះ
មិនសូវល្អ បង្រៀនមិនទៀងទាត់ និងគ្មានអគារ ឬសេវាកម្មសព្វគ្រប់ដូចមជ្ឈ
មណ្ឌលឥស្លាមកម្ពុជានេះទេ។

អ្នកស្រី លី ពីអាស់ មកពីភូមិរលាបស្រុកសំពៅមាស ខេត្តពោធិសាត់ បានមាន
ប្រសាសន៍ទាំងដៃ ម្ចាងកណ្តៀតកូនតូចរបស់អ្នកស្រីផង។ ក្រៅពីកម្មវិធីសិក្សា
ចំណេះទូទៅនិងអប់រំសាសនាឥស្លាមនោះ អតីតវិទ្យាល័យអ៊ុមអាល់គូរ៉ា ដែល
បង្កើតឡើងដោយប្រទេសអារ៉ាប់នេះ ក៏មានបង្រៀនជំនាញកំព្យូទ័រ ភាសា
អង់គ្លេស ម៉ាឡេ និង ភាសាអារ៉ាប់ផងដែរ។

លោក ពេជ្រ សូលីន នាយកអប់រំចំណេះទូទៅនៃមជ្ឈមណ្ឌលឥស្លាមនេះបាន
មានប្រសាសន៍ថា ការផ្តល់កម្មវិធីកំព្យូទ័រ និង ភាសាបន្ថែមទៀតនេះគឺដើម្បី
បំពាក់ដល់សិស្សខ្មែរឥស្លាមទាំងនេះនូវ ចំណេះដឹង និងជំនាញ ប្រយោជន៍ឱ្យ
ពួកគេមានឱកាសច្រើនសម្រាប់ទីផ្សារការងារនិងការបន្តការសិក្សានៅប្រទេស
កាន់សាសនាឥស្លាមនានា។

“កន្លងមកបានទៅ៥-៦នាក់ហើយជាមធ្យម។ គាត់បានចេញទៅក្រៅ ជួនកាល
គាត់ទៅរៀននៅសាអូឌី។ ជួនកាលគាត់ទៅលីប៊ី។ ជួនកាលគាត់ទៅម៉ាឡេស៊ី
បាទ”។

សូមរំឭកថា អតីតវិទ្យាល័យ អ៊ុម អាល់គូរ៉ា នេះធ្លាប់ត្រូវបានរដ្ឋាភិបាលកម្ពុជា
បញ្ជាឱ្យបិទទ្វារកាលពីឆ្នាំ២០០៣ ក្រោយពីគ្រូបង្រៀនសាសនាចំនួន៣នាក់
នៅក្នុងសាលានេះត្រូវបានចាប់ខ្លួនពីបទផ្សំ គំនិតរៀបចំគម្រោងភេរវកម្មវាយ
ប្រហារស្ថានទូតអាមេរិកនិងអង់គ្លេសនៅប្រទេសកម្ពុជានេះ។សាលានេះក៏ធ្លាប់
ត្រូវគេសង្ស័យថា ជាទីជម្រករបស់អតីតមេក្រុមភេរវករ Jamaah Islamiyah
ឈ្មោះ Hambali ផងដែរ នៅពេលដែលជននេះត្រូវបានរាយការណ៍ថា បាន
ចូលមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនខែ នៅក្នុងឆ្នាំ
២០០៣នោះ៕