គួរមានស្ថាប័នឯករាជ្យត្រួតពិនិត្យ ការងារប៉ូលិស

គណៈកម្មការសិទ្ធិមនុស្សចង់ឱ្យមានស្ថាប័នឯករាជ្យត្រួត ពិនិត្យការងាររបស់
ប៉ូលិសជាតិ ពីព្រោះសភាជាតិ និងគណៈកម្មការទាំង៩ មិនអាចត្រួតពិនិត្យរដ្ឋា
ភិបាលប្រកបដោយប្រសិទ្ធិភាព ដោយសារចេញមកពីគណបក្សកាន់អំណាច
តែមួយ ។ ប៉ុន្តែលោក ងួន ញ៉ិល អនុប្រធានទីមួយសភាជាតិបដិសេធថា ការ
ងារសន្តិសុខជាការងារសម្ងាត់ ហើយមានតែសភាតំណាងរាស្ត្រប៉ុណ្ណោះដែល
មានសិទ្ធិត្រួតពិនិត្យ។

គណៈកម្មការសិទ្ធិមនុស្សអាស៊ីបានផ្តល់អនុសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា
កម្ពុជាគួរបង្កើតស្ថាប័នស៊ីវិលឯករាជ្យដើម្បីត្រួតពិនិត្យការងារនគរបាលជាតិ។
អនុសាសន៍នេះធ្វើឡើងក្រោយពីគណៈកម្មការសិទ្ធិមនុស្សនេះសង្កេតឃើញថា
មានពលរដ្ឋតិចតួចប៉ុណ្ណោះហ៊ានប្រើប្រអប់សំបុត្រនគរបាល រិះគន់កំហុសឆ្គង
របស់នគរបាល។

លោក ឡាវ ម៉ុងហៃ មានប្រសាសន៍ថា “អាហ្នឹងគឺកិច្ចការផ្ទៃក្នុងរបស់ក្រសួង
ណា៎ ។ ប៉ុន្តែប្រទេសឯទៀតៗ គេមានស្ថាប័នឯករាជ្យត្រួតពិនិត្យការប្រព្រឹត្ត
របស់ភ្នាក់ងារនគរបាល ។ បើភ្នាក់ងារនគរបាលហ្នឹងបានប្រព្រឹត្តកោងកាចទៅ
លើប្រជាពលរដ្ឋគេអាចទៅប្តឹងស្ថាប័ន ឬ យន្តការឯករាជ្យ ។ ជាឱកាសមួយ
ដែរ ព្រោះយើងកំពុងតែរៀបចំច្បាប់នគរបាល ហើយក្នុងហ្នឹងគេអាចបង្កើត
គណៈកម្មការត្រួតពិនិត្យការប្រព្រឹត្តរបស់ភ្នាក់ងារនគរបាលតែម្តង”។

នៅពេលសួរថា តើការត្រួតពិនិត្យការងារប៉ូលិសដោយគណៈកម្មការសន្តិសុខ
មហាផ្ទៃរបស់សភានោះ មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ ឬយ៉ាងណាបានជាចង់
ឱ្យមានស្ថាប័នឯករាជ្យផ្សេងទៀត?

លោកឡាវ ម៉ុងហៃ ឆ្លើយថាៈ “អឺ មិនទេ ព្រោះវាពាក់ព័ន្ធរឿងនយោបាយអញ្ចេះ
បាទ។ ម៉្យាងទៀតគណបក្សជាមួយគ្នាផងគឺគណបក្សកាន់អំណាចនោះណា”។

ទោះជាយ៉ាងណាក្តី ថ្មីៗនេះមន្រី្តនគរបាលជាតិជាន់ខ្ពស់បានអះអាងថា មាន
ពលរដ្ឋជាច្រើនប្រើប្រអប់សំបុត្រនគរបាល ក៏ប៉ុន្តែមានលិខិតតិចតួចរិះគន់នគរ
បាលពីព្រោះការខុសឆ្គងរបស់មន្ត្រី គរបាលមានតិចតួច។

លោកឧត្តមសេនីយ៍ឯក គាត ចន្ថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ មានប្រសា-
សន៍ថ្មីៗនេះថា“ប៉ុន្តែបញ្ហាអសកម្ម ការខ្វះខាតរបស់នគរបាលជាចំណុចមួយ។
គាត់អាចលើកយកមកជម្រាបនគរបាលយើងបានដែរ ណា៎។ ប៉ុន្តែការប្រព្រឹត្ត
ខុសឆ្គងរបស់នគរបាលដូចជាមិនច្រើនប៉ុន្មានទេ”។

ក្រោយពីបានឡើងកាន់តំណែងបានពីរខែ លោកនេត្រ សាវឿន អគ្គស្នងការ
នគរបាលជាតិ បានព្យាយាមស្រោចស្រង់កិត្តិយសនគរបាល ដោយស្វែងរក
កិច្ចសហការពីពលរដ្ឋតាមរយៈលេខទូរស័ព្ទពិសេស ១១៧ និង១១៨និងប្រអប់
សំបុត្រនគរបាលនេះឯង ។ លោកឡាវ ម៉ុងហៃ សន្និដ្ឋានថា នេះគ្រាន់តែជា
វិធានការផ្ទៃក្នុងហើយប្រជាជនខ្លាច មិនហ៊ានប្រើប្រអប់សំបុត្រនគរបាលនេះ
ទេ ។ រីឯការត្រួតពិនិត្យដោយគណៈកម្មការសភាជាតិលើកិច្ចការនគរបាលក៏
មិនសូវមានប្រសិទ្ធិភាព។ លោកផ្តល់អនុសាសន៍ថា គួរឱ្យមានស្ថាប័នឯករាជ្យ
ជាអ្នកត្រួតពិនិត្យការងារនេះ។

លោកងួន ញ៉ិល អនុប្រធានទីមួយសភាជាតិមានប្រសាសន៍ថា ច្បាប់អនុញ្ញាត
ឱ្យតែសភាជាតិឬគណៈកម្មាធិការសភាប៉ុណ្ណោះ ដែលពលរដ្ឋម្ចាស់ឆ្នោតប្រគល់
អំណាចនេះ ឱ្យត្រួតពិនិត្យការងារសន្តិសុខ ការពារជាតិរបស់រដ្ឋាភិបាល។លោក
សង្កត់ធ្ងន់ថា នគរបាលមិនអាចឱ្យស្ថាប័នផ្សេងត្រួតពិនិត្យការងារសន្តិសុខជាតិ
បានទេ។

លោកងួន ញ៉ិលមានប្រសាសន៍ថា “ច្បាប់ដែលពាក់ព័ន្ធដល់ការងារការពារជាតិ
ការងារសម្ងាត់ផ្ទៃក្នុងរបស់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃនេះ មិនអាចគឺថា
អង្គការក្រៅរដ្ឋាភិបាល ឬសមាគមណាមួយទៅធ្វើការត្រួតពិនិត្យ ក្រៅពីគណៈ
កម្មការរបស់រដ្ឋសភាដែលទទួលបន្ទុកខាងការងារមហាផ្ទៃ ការពារជាតិ ខាងកង
ទ័ពបាននោះទេ។ មានបើកផ្លូវតែមួយហ្នឹងគត់ មិនបើកផ្លូវឱ្យអង្គការក្រៅរដ្ឋាភិ
បាលណាមកធ្វើជំនួសគណៈកម្មការរបស់រដ្ឋសភាបាននោះទេ ។ អារឿងហ្នឹង
វាមិនមែនអំណាចប្រជាពលរដ្ឋប្រគល់ឱ្យគាត់ទេ”។

លោកបន្តថា បើមានបញ្ហាស្មុគ្រស្មាញច្រើនទាក់ទងនឹងបាតុភាពផ្សេងៗ នោះ
សភាហៅរដ្ឋមន្ត្រី ក្រុមអន្តរក្រសួង នាយករដ្ឋមន្ត្រី មកសភាដើម្បីបំភ្លឺ។

ក៏ប៉ុន្តែលោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែល ជាគណបក្ស
ប្រឆាំង មានប្រសាសន៍ថា ដើម្បីពង្រឹងសន្តិសុខសង្គម និងដើម្បីឱ្យមានការចូល
រួមពីពលរដ្ឋ ការគ្រប់គ្រងសន្តិសុខត្រូវមានតម្លាភាព មានការទទួលខុសត្រូវជា
អតិបរិមា។

លោកបន្ថែមថា ពាក្យថា ‘ការណ៍សម្ងាត់មហាផ្ទៃ សន្តិសុខជាតិ’គឺនិយាយយោង
ដល់ការណ៍សម្ងាត់ធំៗទាក់ទងនឹងសន្តិសុខជាតិទាំងមូល ឬ ការផ្ទុះសង្គ្រាម។
ពាក្យនេះមិននិយាយយោងដល់សណ្តាប់សាធារណៈ សុវត្ថិភាពពលរដ្ឋ ការអនុ-
វត្តន៍ច្បាប់របស់ប៉ូលិសទេ។

“ដើម្បីឱ្យមានការចូលរួមឱ្យបានច្រើន ធានាតម្លាភាព ខ្ញុំថា ជាការត្រឹមត្រូវ អនុ-
ញ្ញាតឱ្យអង្គការសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការប្រព្រឹត្តទៅ
របស់រដ្ឋាភិបាលហ្នឹង ឱ្យគេបានចូលរួមចំណែកក្នុងការត្រួតពិនិត្យទាំងអស់ហ្នឹង
ផង។ កិច្ចការសម្ងាត់របស់ជាតិគឺទាក់ទងនឹងការការពារជាតិធំៗ ទាក់ទងភាព
ប្រទូស្តរាយសង្គ្រាម។ ប៉ុន្តែចំពោះសន្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់របស់
មន្ត្រីប៉ូលិសទាក់ទងនឹងសិទ្ធិមនុស្ស ធានាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពល
រដ្ឋ គ្មានអ្វីដែលជាកិច្ចការសម្ងាត់មិនឱ្យសង្គមស៊ីវិលចូលរួមនោះទេ បាទ”។

លោកបន្តថា គណៈកម្មការទាំង៩របស់សភាកាន់កាប់ដោយគណបក្សប្រជាជន
កម្ពុជា ដែលមកពីគណបក្សតែមួយជាមួយរដ្ឋាភិបាល ហេតុនេះហើយបានជា
មានការទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ តាមរយៈសង្គមស៊ីវិល។

“នៅប្រទេសគេ គណៈកម្មការរបស់រដ្ឋសភាហ្នឹង គេឱ្យមានគណ បក្សប្រឆាំង
ចូលរួម ជាពិសេសចូលរួមការគ្រប់គ្រងគណៈកម្មការ។ ប៉ុន្តែនៅកម្ពុជា គណ
បក្សប្រជាជនគ្រប់គ្រងគណៈកម្មការទាំង៩ ទាំងប្រធាន អនុប្រធាន ទាំងលេខា
គឺគណបក្សប្រជាជនគ្រប់គ្រងទាំងអស់។ បទពិសោធន៍កន្លងមកហ្នឹង ប្រសិទ្ធិ
ភាពត្រួតពិនិត្យគណបក្សខ្លួនឯងហ្នឹង គឺគ្មានអំណាចទាល់តែសោះ គ្មានប្រសិទ្ធិ
ភាពទាល់តែសោះ ដឹងបញ្ហាហើយមិនព្រមដោះស្រាយហើយនាំគ្នាស៊ុំគ្រលំ”។

លោកងួន ញ៉ិល លើកឡើងថា គណបក្សប្រជាជនកម្ពុជាដឹកនាំគណៈកម្មការ
សភាទាំងអស់ គឺជាលទ្ធផលនៃពហិការបស់គណបក្សប្រឆាំង មិនចូលសម័យ
ប្រជុំសភាថ្ងៃដំបូង ដែលជាដំណើរការជ្រើសរើសសមាសភាពថ្នាក់ដឹកនាំសភា
ជាតិ។

“អាហ្នឹងគឺថា គាត់ចេះតែលើកគឺថា កន្លងមកហើយគឺថា នៅពេលបោះឆ្នោត
មុនដំបូងហ្នឹង ខាងគណបក្សប្រជាជននិយាយថា បើគណបក្សណាស្ម័គ្រចិត្ត
ចូលរួមនៅក្នុងគណៈកម្មការទាំងអស់ ទាំង៩ហ្នឹង សុំឱ្យដាក់ពាក្យមក ប៉ុន្តែគាត់
មិនព្រមដាក់ពាក្យមក។ ទាមទារធ្វើប្រធានគណៈកម្មការនេះ ប្រធានគណៈកម្ម
ការនោះ”។

លោកបដិសេធការអះអាងដែលថា រដ្ឋសភាកម្ពុជាមិនមានប្រសិទ្ធិភាពក្នុងការ
ត្រួតពិនិត្យរដ្ឋាភិបាល ដោយសារកាន់កាប់ដោយ គណបក្សតែមួយនោះ។

“នេះគឺជាការរិះគន់មួយមិនសមហេតុផលផងដែរ បាទ”។

ក្រោយការបោះឆ្នោត២០០៨ គណបក្សសម រង្ស៊ី បានតវ៉ាលទ្ធផលបោះឆ្នោត
ហើយបានប្រកាសមិនចូលរួមបើកសម័យប្រជុំសភាថ្ងៃដំបូងទេ។ ក្នុងការឆ្លើយ
តប លោកហ៊ុន សែនបានប្រកាសថា សមាជិកសភាគណបក្សរបស់លោកមិន
បោះឆ្នោតឱ្យគណបក្សប្រឆាំងធ្វើជាប្រធានគណៈកម្មការសភាទេ។ ជាយថា-
ហេតុលទ្ធផលគឺដូចលោកហ៊ុន សែនប្រកាសមែន៕