ដើម្បីស្តាប់ព័ត៌មាននេះ
នៅថ្ងៃច័ន្ទនេះប្រទេសកម្ពុជានឹងស្នើសុំសហរដ្ឋអាមេរិកឱ្យលុបចោលនូវបំណុល
ដែលកម្ពុជាបានជំពាក់តាំងពីសម័យសង្រ្គាម។
លោក
ម៉ែន គឹមសេង បានជួបសម្ភាសន៍ពិសេសជាមួយលោក
ហោ ណាំហុង
នៅក្រុង New
York មុនជំនួបរបស់លោកជាមួយលោកស្រី Hillary
Clinton
ហើយធ្វើសេចក្តីរាយការណ៍លម្អិត
អំពីសំណើរបស់លោករដ្ឋមន្រ្តីការបរទេស
កម្ពុជា
ដូចតទៅៈ
ប្រទេសកម្ពុជានឹងស្នើសុំឱ្យសហរដ្ឋអាមេរិកលុបចោលនូវបំណុលរាប់រយលាន
ដុល្លារ ដែលបានជំពាក់ក្នុងសម័យសង្រ្គាម។នេះបើតាមការអះអាងរបស់មន្រ្តី
ជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
នៅក្នុងបទសម្ភាសន៍ពិសេសមួយជាមួយ វីអូអេ
សម្លេងសហរដ្ឋអាមេរិក
កាល
ពីថ្ងៃអាទិត្យនេះ លោកហោ
ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជាបានបញ្ជាក់ថា
លោកគ្រោងលើកសំណើនេះឡើងក្នុងជំនួបជាមួយលោកស្រីហ៊ីលឡារី គ្លីនតុន
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះ នាទីក្រុង New York ដោយ
សុំឱ្យអាមេរិកមានការយោគយល់ និង លុបចោលបំណុល ដែលកម្ពុជាជំពាក់
ជាង
៣០០លានដុល្លារ។
"ខ្ញុំនឹងស្នើលោកស្រីសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិនិត្យអំពីការលុបចោល
បំណុលរបស់កម្ពុជា ពីព្រោះបំណុលនេះជាបំណុលជំនាន់របបលោកលន់ នល់
នៅកម្ពុជា ។
បំណុលនេះជាបំណុលទិញគ្រឿងសាស្រ្តាវុធទៅធ្វើសង្រ្គាមនៅ
កម្ពុជា
ហើយខ្ញុំនឹងប្រាប់លោកស្រីថា កម្ពុជាយើងមិនបានទាមទារការសង
ជំងឺចិត្តអំពីការទម្លាក់គ្រាប់បែកនៅកម្ពុជាពេលសង្រ្គាមនៅវៀតណាមទេ
ដែល
បណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ជាច្រើននាក់
និង ខូចខាតសម្ភារៈ គឺថា កម្ពុជា
យើងមិនបានទាមទារឱ្យអាមេរិកាំងសងជំងឺចិត្តទេ។
យើងសំណូមពរឱ្យអាមេ-
រិកាំងយោគយល់អំពីបញ្ហានេះដើម្បីគិតពីបំណុលរបស់កម្ពុជាចំពោះសហរដ្ឋ
អាមេរិកនេះ"។
នេះគឺជាលើកទីមួយហើយដែលកម្ពុជានឹងយកបញ្ហានេះមកពិភាក្សាជាមួយមន្រ្តី
ជាន់ខ្ពស់សហរដ្ឋអាមេរិកជាផ្លូវការ
បន្ទាប់ពីមានការលើកឡើងជាច្រើនលើកពី
ប្រមុខរដ្ឋាភិបាលកម្ពុជា
ស្ថាប័ននីតិបញ្ញត្តិ
និង អង្គការអភិវឌ្ឍន៍មួយចំនួនជា
មួយស្ថាប័នផ្សេងៗរបស់ប្រទេសអាមេរិក។
បើសិនគោលបំណងក្នុងការសុំឱ្យលុបចោលបំណុលទាំងស្រុងមិនបានសម្រេច
កម្ពុជានឹងស្នើឱ្យបង្វែរការជំពាក់នេះឱ្យទៅជាជំនួយអភិវឌ្ឍន៍ ផ្តោតលើវិស័យ
ផ្សេងៗ។ ប៉ុន្តែនៅមិនទាន់កំណត់ច្បាស់លាស់ថា អាចនឹងត្រូវផ្តោតលើបញ្ហាអ្វី
នៅឡើយទេ។
"យើងខ្ញុំ
ទីមួយគឺសុំឱ្យអាមេរិកលុបចោលបំណុលនេះទាំងស្រុងតែម្តង
បើលុប
ចោលមិនបាន
គឺ យើងខ្ញុំស្នើសុំឱ្យយកមួយភាគធំ
ទៅជាជំនួយអភិវឌ្ឍន៍នៅ
កម្ពុជាវិញ
ហើយមួយផ្នែកតូចណាមួយនោះ
កម្ពុជានឹងសងអាមេរិកាំង"។
ឯកសារផ្សេងៗបានបង្ហាញថា
នៅប្រទេសខ្លះដែលសហរដ្ឋអាមេរិកបានលុប
ចោល
បំណុលបានបង្វែរទៅជាជំនួយការអភិវឌ្ឍន៍វិស័យអប់រំវិញ។ នៅកម្ពុជា
មានអង្គការអន្តរជាតិមួយចំនួនក៏បានស្នើនូវជម្រើសនេះផងដែរ។
គណបក្សប្រឆាំងកម្ពុជាបានបង្ហាញជំហរស្របជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការ
ស្នើឱ្យលុបចោលបំណុលនេះដោយសារក្នុងកាលៈទេសៈបច្ចុប្បន្នស្ថានភាពសេដ្ឋ
កិច្ចកម្ពុជានៅពុំទាន់ល្អនៅឡើយ។
លោក
យឹម សុវណ្ណ
តំណាងរាស្រ្ត និងជាអ្នក
នាំពាក្យគណបក្សសម
រង្ស៊ីបានក្រើនរំឭកថា
ក្នុងពេលអនាគតមុននឹងខ្ចីជំនួយ
បរទេស
កម្ពុជាត្រូវមានការប្រយ័ត្នប្រយែងនិងចំណាយឱ្យមានតម្លាភាព
ជៀស
វាងការត្រូវឱ្យមនុស្សជំនាន់ក្រោយជាអ្នកត្រូវសង ដោយទាំងមិនទទួលបានផល
ពីបំណុលនោះ។
"យើងគាំទ្រជំហររបស់រដ្ឋាភិបាលនៅក្នុងការស្នើសុំឱ្យបណ្តាប្រទេសមួយចំនួន
លើកលែងនូវបំណុលដែលកម្ពុជាជំពាក់ពីមុន
ហើយចាប់ពីថ្ងៃនេះតទៅ
រាល់ការ
ខ្ចីបំណុលទាំងអស់ពីបណ្តាប្រទេសនៅលើសកលលោក ត្រូវតែមានការប្រយ័ត្ន
ប្រយែង
ប្រើប្រាស់ឱ្យមានគុណភាព
ជាពិសេសទប់ស្កាត់នូវការប្រើប្រាស់ដោយ
ខ្ជះខ្ជាយ
ហើយនឹងការបាត់បង់ដោយសារតែអំពើពុករលួយ"។
លោក
យឹម សុវណ្ណ ក៏បានស្នើថា
បើសិនជាមានការបង្វែរទៅជាជំនួយអភិវឌ្ឍន៍
កម្ពុជាគួរតែយកមកវិនិយោគលើវិស័យអប់រំ និង សុខាភិបាល
ព្រោះធនធាន
មនុស្សនៅកម្ពុជាមានការខ្វះខាតនៅឡើយ។
លោកក៏ស្នើថា
គេមិនត្រូវភ្លេចពី
ការយកចិត្តទុកដាក់លើសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ។
យោងតាមឯកសារនានាបានឱ្យដឹងថា មួយភាគបីនៃបំណុលបរទេស ដែល
ប្រទេសកម្ពុជាជំពាក់ គឺប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក
៕ ចប់