តុលាការថៃកាត់ទោសពលរដ្ឋខ្មែរ ១៦នាក់ជាប់ពន្ធនាគារជាង៩ឆ្នាំ

  • Michael Lapin
    VOA

ក្រុមមន្ត្រីកម្ពុជាបានសម្តែងការមិនសប្បាយចិត្ត ចំពោះសេចក្តីសម្រេចរបស់
តុលាការថៃ ដែលបានកាត់ទោសឱ្យប្រជាពលរដ្ឋខ្មែរចំនួន១៦នាក់ ជាប់ពន្ធនា
គារម្នាក់ៗរហូតដល់ជាង ៩ ឆ្នាំ។

តុលាការខេត្តអ៊ូប៊ុនរបស់ប្រទេសថៃ បានកាត់ទោសប្រជាពលរដ្ឋខ្មែរចំនួន១៦
នាក់ ឱ្យជាប់ពន្ធនាគាររហូតដល់ទៅជាង៩ឆ្នាំក្នុងម្នាក់ៗ កាលពីថ្ងៃពុធ ចំពោះ
ការឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ និងការកាប់ឈើនៅក្នុងទឹកដីថៃ
ដោយខុសច្បាប់។

អាជ្ញាធរថៃ បានចាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ក្បែរប្រាសាទព្រះវិហារ
ចំនួន១៦នាក់ កាលពីថ្ងៃទី២៣ ខែកក្កដា ប៉ុន្តែក្រុមមន្ត្រីកម្ពុជា បានអះអាងថា
ប្រជាពលរដ្ឋខ្មែរទាំងនេះមិនបានឆ្លងចូលទឹកដីថៃទេ នៅពេលដែលពួកគេត្រូវ
បានចាប់ខ្លួននោះ។

ប្រជាពលរដ្ឋខ្មែរទាំងនេះរស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរតំបន់ជម្លោះ
ព្រំដែននៅប្រាសាទព្រះវិហារហើយក្រុមមន្ត្រីកម្ពុជាបាននិយាយថា ប្រជាពល
រដ្ឋខ្មែរទាំងនេះ កំពុងតែដើររកទឹកឃ្មុំ ខ្លឹមឈើ និងផ្លែឈើព្រៃ សម្រាប់យកមក
ផ្គត់ផ្គង់ជីវិភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រៃ។

លោកកួយ គង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា តុលាការខេត្តអ៊ូប៊ុន បានសម្រេច
កាត់ទោសប្រជាពលរដ្ឋខ្មែរចំនួន១៥នាក់ ឱ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ និង៣ខែ និងម្នាក់ទៀតឱ្យជាប់ពន្ធនាគារចំនួន៦ ឆ្នាំ និង ២ ខែ។

លោកកួយ គង់ បានបញ្ជាក់ថា តុលាការបានទុកពេល១ខែ សម្រាប់ប្តឹងឧទ្ធរណ៍
ហើយមេធាវីរបស់យើងកំពុង តែរៀបចំឯកសារដាក់បណ្តឹងឧទ្ធរណ៍។

"ឥឡូវនេះ យើងបន្តបណ្តឹងឧទ្ធរណ៍ទៀត ដោយយើងមិនពេញចិត្តនឹងសេចក្តី
សម្រេចនេះ ។ ដូច្នេះយើងប្តឹងឧទ្ធរណ៍ ដោយសង្ឃឹមថា សាលាឧទ្ធរណ៍អាច
ផ្តល់ភាពយុត្តិធម៌ជាងនេះ (សាលាដំបូង)"។

សវនាការនេះត្រូវបានចូលរួមដោយមេធាវីឯករាជ្យ ២នាក់ អគ្គកុងស៊ូលកម្ពុជា
ប្រចាំខេត្តស្រះកែវរបស់ប្រទេសថៃ និងក្រុមមន្ត្រីខេត្តព្រះវិហារ។

លោកគុជ សុណ្ណារី ប្រធានច្រកព្រំដែនអានសេះក្នុងខេត្តព្រះវិហារដែលបានដឹក
នាំក្រុមមន្ត្រីទៅចូលរួមនៅក្នុងសវនាការនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំង
១៦នាក់នេះ បានបដិសេធការចោទប្រកាន់របស់ក្រុមអាជ្ញាធរថៃក្នុងសវនាការ
នេះ។

"បងប្អូនខ្មែរ ១៦នាក់ បានប្រាប់តុលាការថា គាត់មិនបានកាប់បំផ្លាញព្រៃឈើ
ទេ ។ គាត់មិនយល់ដឹងពីច្បាប់ថៃ ហើយគាត់អត់ដឹងទេថា កន្លែងណាព្រំដែន
ហើយកន្លែងណាមិនមែនព្រំដែន"។

លោករស់ ហេង អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលមានព្រំដែនជាប់ជា
មួយប្រទេសថៃ បានហៅការដាក់ទោសរបស់តុលាការថៃនេះថា ជារឿងអយុត្តិ
ធម៌ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំង១៦នាក់នេះ។

"ក្នុងនាមជាអាជ្ញាធរដែលជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋផ្ទាល់នេះ ខ្ញុំថា ការកាត់
ក្តីនេះមិនមែនយុត្តិធម៌ទេ សម្រាប់ខ្ញុំ ។ តែវាជារឿងអយុត្តិធម៌ណាស់ ពីព្រោះ
មានហេតុផល គឺអាជ្ញាធរថៃត្រូវយាមចំណុចព្រំដែនរបស់ខ្លួនឱ្យច្បាស់លាស់ ហើយមិនមានចំណុចព្រំដែនច្បាស់លាស់ទេ"។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្មាំការពារព្រំដែនកម្ពុជា បានចាប់ខ្លួនជនជាតិថៃចំនួន
៤២នាក់ បន្ទាប់ពីពួកគេបាន ឆ្លងដែនចូលទឹកដីខេត្តបន្ទាយមានជ័យដោយខុស
ច្បាប់ ប៉ុន្តែក្រោយមកបានដោះលែងពួកគេទៅវិញ។

កាលពីចុងខែសីហា តុលាការខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា បានកាត់
ទោសជនជាតិថៃម្នាក់ឱ្យជាប់ពន្ធនាគារចំនួន៣ខែអំពីការឆ្លងចូលប្រទេសកម្ពុជា
ដោយខុសច្បាប់ ។ ប៉ុន្តែតុលាការបានលើកលែងការចោទប្រកាន់ជនជាតិថៃរូប
នេះចំពោះការប្រមាថនិមិត្តរូបប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាដោយឆ្លាក់រូប
ភាពរបស់ប្រាសាទអង្គរវត្តនៅលើស៊ីម៉ង់មុខបង្គន់សាធារណៈនៅក្នុងទីក្រុងប៉ោយ
ប៉ែត៕