គេអាចព្យាបាលជំងឺផ្លូវចិត្ត ដោយសមាធិកម្មដ្ឋាន

  • នុច សារីតា
    VOA

ព្រះតេជព្រះគុណថាច់ ប៊ីរ៉ុង ចៅអធិការវត្តខេមររង្សីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅទីក្រុងSan Jose រដ្ឋCaliforniaបានផ្តល់ការបដិបត្តិសមាធិដល់ជនជាតិខ្មែរ
អាមេរិកាំងនិងដល់ក្រុមវេជ្ជបណ្ឌិតអាមេរិកាំងមកពីសាកលវិទ្យាល័យStandford
University នៅក្នុងទីអារាមរបស់ព្រះអង្គ ។

អ្នកស្រីនុច សារីតាបានធ្វើសេចក្តីសម្ភាសន៍ជាមួយព្រះតេជព្រះគុណថាច់ ប៊ីរ៉ុង
និងជួបពិភាក្សាជាមួយក្រុមអ្នកបដិបត្តិសីលសមាធិមួយចំនួនអំពីគុណប្រយោ-
ជន៍នៃការធ្វើសមាធិសំរាប់ការរស់នៅប្រចាំថ្ងៃ ហើយធ្វើសេចក្តីរាយការណ៍ពិស្តារ
អំពីរឿងនេះដូចតទៅ ៖

ជនជាតិខ្មែរអាមេរិកាំងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយ
ជាច្រើនប្រការ ដូចជាការមិនទុកចិត្តគ្នា ការមួរម៉ៅ និងភាពឯកោជាដើម ដែលជា
លទ្ធផលនៃប្រវត្តិខ្លោចផ្សាររបស់ពួកគេនៅសម័យសង្គ្រាម។ ពលរដ្ឋខ្មែរអាមេរិ-
កាំងស្ទើរតែគ្រប់រូបបានរស់នៅក្រោមរបបឃោរឃៅព្រៃផ្សៃរបស់ពួកខ្មែរក្រហម
ដែលបានកាន់កាប់ប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ។

ក្រុមអ្នកជំនាញការសុខភាពនិងក្រុមផ្សេងៗទៀតដែលបានធ្វើការជាមួយជន
ជាតិខ្មែរអាមេរិកាំងបានកត់សំគាល់ថា ការពិសោធន៍នៃអំពើព្រៃផ្សៃរបស់ពួកខ្មែរ
ក្រហមបានបន្សល់ទុកឲ្យជនជាតិខ្មែរនូវការអស់ពលានុភាព ដែលបានប៉ះពាល់
ដល់ពលរដ្ឋខ្មែរជាច្រើន សូម្បីតែខ្មែរនៅក្នុងសហរដ្ឋអាមេរិក ។

នៅក្នុងចំណោមខ្មែរដែលបានមករស់នៅ នៅក្នុងបស្ចឹមប្រទេស គេបានរកឃើញ
ថា មានកើតជំងឺចម្លែកដែលចេញពីនិមិត្តហេតុនៃរបបបប៉ុលពត។ ជំងឺជំពូកនេះ
មានរួមតាំងពីការដេកមិនលក់ ការពិបាកដកដង្ហើម ការមិនឃ្លានបាយ និង ការ
ឈឺចាប់ជាច្រើនផ្នែកនៃរាងកាយ។ បញ្ហានោះគឺថា បើតាមការអះអាងរបស់អ្នក
ស្រីអោម រស្មីនៃសមាគមខ្មែរនៅសហរដ្ឋអាមេរិកនិយាយថា ជិតពាក់កណ្តាល
នៃចំនួនពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងទីក្រុង San Jose, Long Beach និងនៅ
ទីក្រុងធំៗផ្សេងៗទៀតនៅក្នុងសហរដ្ឋអាមេរិក អ្នកដែលមានអាយុច្រើនជាង៣៥
ឬ៤០ឆ្នាំបង្ហាញសញ្ញាថា មានជំងឺបាក់ស្បាតគឺជាស្ថានភាពនៃចិត្តវិជ្ជាដ៏ធ្ងន់ខ្លាំង
មួយ ដែលជាធម្មតាកើតមានតែនៅនឹងពួកទាហាន ក៏ប៉ុន្តែក៏មានក្នុងចំណោម
មនុស្សដែលរស់នៅក្រោមការប៉ះទង្គិចខ្លាំងនូវការភ័យខ្លាចកាលពី៣០ឆ្នាំកន្លង
មកនោះដែរ។ អ្នកស្រីបានថ្លែងទៀតថា ការសិក្សាផ្នែកពេទ្យមួយនៃក្រុមជន
ភៀសខ្លួនខ្មែរនៅទីក្រុងLong Beachកន្លែងដែលមានខ្មែរច្រើនជាងគេនៅក្នុង
សហរដ្ឋអាមេរិកនោះ បានរកឃើញថា មនុស្សពេញវ័យចំនួន៦២ភាគរយមាន
ជំងឺបាក់ស្បាត ។

ការបដិបត្តិវិធីសមាធិត្រូវបានយកទៅប្រើជាញឹកញាប់នៅក្នុងមន្ទីរពេទ្យ ដែលជា
វិធីមួយនៃការកាត់បន្ថយភាពតានតឹងក្នុងចិត្តនៅក្នុងប្រការនៃជំងឺធ្ងន់ៗ ឬជំងឺជិត
ស្លាប់ ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃជំងឺដែលភ្ជាប់ជាមួយនិងភាពតានតឹង
ក្នុងចិត្តដែលកើនឡើងនោះ ។

លោកវេជ្ជបណ្ឌិត Daryn Reicherter អ្នកជំនាញខាងចិត្តវិជ្ជា និងជាអ្នកសិក្សា
អប់រំខាងព្យាបាលអ្នកជំងឺនៅសាកលវិទ្យាល័យ Standford University សាលា
ពេទ្យខាងផ្នែកចិត្តវិជ្ជានិងវិទ្យាសាស្ត្រនៃចរិតមនុស្ស ហើយនិងក្រុមវេជ្ជបណ្ឌិត
មកពីមន្ទីរព្យាបាលរោគចិត្តGardner Mental Health Care Clinic នៅទីក្រុង
San Joseបាននាំគ្នាមកបដិបត្តិបច្ចេកទេសសមាធិកម្មដ្ឋានជាមួយព្រះតេជព្រះ
គុណថាច់ ប៊ីរ៉ុងចំនួនបីឆ្នាំមកហើយ។ ឥឡូវនេះព្រះអង្គកំពុងបង្រៀនថ្នាក់សតិ-
ប្បដ្ឋានដល់ក្រុមវេជ្ជបណ្ឌិតទាំងនោះ ពីថ្ងៃទី៣ខែកញ្ញាដល់ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ
២០០៩ ។

“កម្មវិធីនោះគឺហៅថា កម្មវិធីបង្រៀនសតិប្បដ្ឋានតាមធម៌របស់ព្រះពុទ្ធជាម្ចាស់។
ដោយការសិក្សារបស់សាលាក្រុងនៃស្រុក Santa Clara បានរកឃើញថា ខ្មែរ
មានការឈឺចាប់ដោយសារសង្គ្រាម ទទួលទារុណ្ឌកម្ម មានការទ្រុឌទ្រោមស្មារតី ម្ល៉ោះហើយបានជាក្រុមវេជ្ជបណ្ឌិតមកពី Standford University គឺ Dr. Daryn
Reicherter, Dr. Hetty ហើយនិងវេជ្ជបណ្ឌិតមួយចំនួនទៀតមកពីស្ថាប័ននៃ
ក្រសួងសុខាភិបាល បានចុះមកពិភាក្សាជាមួយអាត្មាភាព ថានឹងមានកម្មវិធីបើក
បង្រៀនកម្មវិធីព្យាបាលរោគផ្លូវចិត្តទៅតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដើម្បី
យកទៅព្យាបាលជនភៀសខ្លួនដោយសារសង្គ្រាមនៅតំបន់ San Jose”។

ព្រះអង្គបានបន្ថែមថា ព្រះពុទ្ធទូន្មានមនុស្សឲ្យជៀសផុតអវិជ្ជា ព្រោះពុំដឹងនូវ
អរិយសច្ចដែលធ្វើឲ្យអស់ទុក្ខ។ ព្រះពុទ្ធជួយមនុស្សឲ្យមានសម្មាទិដ្ឋិគឺការយល់
ត្រូវអំពីជីវិតរបស់ខ្លួន ព្រះអង្គបង្រៀនព្រះសទ្ធម្មដល់មនុស្សលោកដែលចែងពី
ច្បាប់នៃធម្មជាតិមនុស្សជាតិកើតមកជាដំបូងពុំទាន់ចេះដឹងអ្វីនៅឡើយពួកគេ
រស់នៅជាមួយធម្មជាតិ តាមរអាងភ្នំ ក្រោមម្លប់ព្រៃព្រឹក្សា ចាប់សត្វបានហែក
ចែកគ្នាស៊ីជាដើម។ព្រះតេជព្រះគុណថាច់ប៊ី រ៉ុងមានថេរដីកាថា ការទូន្មានរបស់
ព្រះពុទ្ធជាម្ចាស់ គឺការបដិបត្តិសីល សមាធិនិងបញ្ញា ហើយការបង្រៀនរបស់
ព្រះអង្គពុំមែនចំពោះតែអ្នកកាន់ព្រះពុទ្ធសាសនាទេ គឺសំរាប់មនុស្សទូទៅ មិន
ប្រកាន់ពូជសាសន៍ ជាតិសាសន៍ ឬសាសនាឡើយ ។

លោករឿមឡុង អនុប្រធានសមាគមខ្មែរនៅក្រុងPhiladelphiaរដ្ឋPennsylvania
ជាអ្នកបដិបត្តិសមាធិទៀងទាត់ជាច្រើនឆ្នាំមកហើយនៅឯមជ្ឈមណ្ឌលវិបស្សនា
នៅទីក្រុង Shelburn រដ្ឋ Massachusetts និយាយថាមនុស្សដែលមានបទ
ពិសោធន៍ក្នុងការធ្វើសមាធិ អាចកាត់បន្ថយបានច្រើននូវការតានតឹងក្នុងចិត្តការ
ខ្លាចនិងព្រួយចិត្ត។ លោកថ្លែងថា លោកបានបដិបត្តិសមាធិនៅផ្ទះរាល់ថ្ងៃជួន
កាលឆ្លៀតធ្វើ១៥នាទីនៅកន្លែងធ្វើការ ។

“លទ្ធផលនៃការប្រតិបត្តិធម៌តាមបែបវិបស្សនាជួយបានច្រើនណាស់ គឺជួយឲ្យ
ចិត្តស្ងប់ ជួយបង្កើនសេចក្តីស្រឡាញ់និងសេចក្តីស្មោះត្រង់ ជួយបង្កើនភាពទូលំ
ទូលាយក្នុងការដោះស្រាយបញ្ហា ជួយឲ្យមានការរីកចម្រើនបញ្ញា ទោះជាការ
ប្រតិបត្តិបានតិចឬច្រើនក៏ដោយ ក៏ព្រះធម៌ផ្តល់ធម៌ឲ្យជានិច្ច” ។

អ្នកស្រីក្ចៅយ៉ាតណៃ បុគ្គលិកធ្វើការនៅសាលាស្រុកFairfax រដ្ឋ Virginiaបាន
ទៅបដិបត្តិសមាធិនៅព្រះវិហារព្រះពុទ្ធសាសនានៅក្នុងរដ្ឋធានីវ៉ាស៊ីងតុន បាន
ប្រាប់វីអូអេថា អ្នកស្រីយល់ពីអ្នកដទៃ ដោយសារអ្នកស្រីយល់ពីខ្លួនឯង។ អ្នក
ដែលបានចម្រើនក្នុងការធ្វើសមាធិ បានសម្រេចនូវការយល់អំពីជីវិត និងមាន
សេចក្តីស្រឡាញ់រាប់អានជ្រាលជ្រៅ ។

“សមាធិជាឧបាយមួយជួយធ្វើឲ្យចិត្តខ្ញុំស្ងប់ បានជួយឲ្យខ្ញុំមានការអត់ធ្មត់ មាន
កម្លាំងនិងមានសុខភាពបរិបូណ៌ ជួយបំបាត់ការភ័យខ្លាច ការសង្ស័យ ការច្រ-
ណែនឈ្នានិះ និងការខឹង ។ ខ្ញុំមានការស្រឡាញ់និងអាណិតអាសូរអ្នកដទៃ
ព្រោះខ្ញុំយល់ពីទុក្ខរបស់ពួកគេ” ។

អ្នកស្រី Christie Knox អ្នកចូលនិវត្តម្នាក់មានទីលំនៅ នៅទីក្រុង Richmond
រដ្ឋVirginia បានសិក្សាអំពីព្រះពុទ្ធសាសនានៅក្នុងវត្តព្រះពុទ្ធសាសនាជាច្រើន
នៅក្នុងសហរដ្ឋអាមេរិក ។ អ្នកស្រីបានធំដឹងក្តីក្នុងគ្រួសារ ដែលមានជីដូនជីតា
គោរពសាសនាគ្រឹស្ត ផ្នែកខាងនិកាយ Presbyterian Church ។ អ្នកស្រីបាន
និយាយប្រាប់វីអូអេថា ឥឡូវអ្នកស្រីបានគោរពព្រះពុទ្ធសាសនាពេញលក្ខណៈ
ហើយ ហើយបានកាន់សីលប្រាំបីយ៉ាងទៀងទាត់រាល់ថ្ងៃទៀតផង ។

អ្នកស្រី Christie Knox បានទៅប្រតិបត្តិសមាធិជាប្រចាំ នៅវត្តមួយដែលមាន
ព្រះសង្ឃអន្តរជាតិ នៅទីក្នុងក្រុងWinchester រដ្ឋ Virginia គឺវត្តមានឈ្មោះថា
Bhavana Society។

“នៅឆ្នាំ២០០២ ខ្ញុំបានផ្តើមសិក្សាអំពីព្រះពុទ្ធ បីឆ្នាំក្រោយមកខ្ញុំក៏បានរៀនធ្វើ
សមាធិ។កាលពីមុន ខ្ញុំជាមនុស្សដែលមានការបារម្ភគ្រប់យ៉ាង ខ្ញុំតែងតែកង្វល់
ពីរឿងដែលមិនទាន់កើត ដោយចេះតែគិតថានឹងកើតមាន ។ ខ្ញុំធ្លាប់មានការ
ធុញថប់និងជ្រួលច្របល់ក្នុងចិត្តខ្លាំង។ ឥឡូវនេះ ក្រោយពីបានធ្វើសមាធិ ខ្ញុំ
យល់ថា អ្វីៗក្នុងលោក មានដំណើរទៅតាមធម្មជាតិរបស់វា ហើយសូម្បីតែនៅ
ក្នុងស្ថានភាពអាក្រក់ជាទីបំផុត ក៏យើងអាចរកភាពល្អបន្តិបន្តួចបានដែរ។ ប្រ-
សិនបើរក្សាការកក់ក្តៅក្នុងចិត្តហើយគិតតែពីរឿងវិជ្ជមាននោះ នោះវាជួយបាន
ច្រើន ខ្ញុំគ្មានការតានតឹងក្នុងចិត្តទៀតទេ។ខ្ញុំលែងកង្វល់ពីអ្វីផ្សេងៗទៀតហើយ
ខ្ញុំមានសន្តិភាពផ្លូវចិត្តនិងចំណាយពេលមួយថ្ងៃៗ ធ្វើឲ្យអ្នកដទៃមានសេចក្តីរីក
រាយទោះជាការធ្វើអំពើល្អសំរាប់ពួកគេឬក៏ការចំណាយពេលនិយាយគ្នា ក៏ធ្វើ
នៅក្នុងលំនាំវិជ្ជមានជានិច្ច។ ខ្ញុំមិនអាចសំដែងអំណរគុណឲ្យគ្រប់គ្រាន់ដល់
ព្រះពុទ្ធសាសនានិងការបដិបត្តិសមាធិ នូវអ្វីដែលធម៌ព្រះពុទ្ធបាននាំខ្ញុំឲ្យមាន
សន្តិភាពខាងក្នុងនោះយ៉ាងដូច្នេះទេ” ។

មនុស្សជាច្រើនក៏បានប្រើការធ្វើសមាធិកម្មដ្ឋានដើម្បីធ្វើឲ្យធូរស្បើយការតាន
តឹងក្នុងចិត្តពីស្ថានភាពនៃជម្ងឺធ្ងន់ខ្លាំងដែលឈឹរាំរៃផងដែរដូចជាជម្ងឺអេដស៍
និងជំងឺមហារីក។ ព្រះពុទ្ធសាសនាជាការសិក្សាដ៏មានជម្រៅនិងប្រពៃជាង
គេដែលបង្រៀនដោយព្រះពុទ្ធទៅមនុស្សគ្រប់រូប ។ សីលប្រាំជាវិធីប្រតិបត្តិ
របស់អ្នកកាន់សាសនាព្រះពុទ្ធ ដែលមានចែងនៅក្នុងធម្មវិន័យរបស់ព្រះពុទ្ធ
សាសនា៕