សាលាបង្រៀនអក្សរខ្មែរនៅទីក្រុង  San Jose

  • នុច សារីតា
    VOA

ព្រះសង្ឃពុទ្ធសាសនាខ្មែរនិងក្រុមអ្នកសិក្សាអប់រំនៅក្នុងទីក្រុង San Jose រដ្ឋ
California បានកត់សំគាល់នូវការកើនការយកចិត្តទុកដាក់នៅក្នុងចំណោម
សហគមន៍ខ្មែរទៅលើការបាត់បង់ភាសាខ្មែរនិងទំនាក់ទំនងភាសាខ្មែរទៅនឹង
វប្បធម៌និងប្រពៃណីខ្មែរ ។

ក្រុមអ្នកស្ម័គ្រចិត្តនៃសហគមន៍ខ្មែរបាននាំគ្នាបង្កើតសាលារៀនអក្សរខ្មែរនៅក្នុង
ទីក្រុង San Jose បានចំនួន២០ឆ្នាំមកហើយ ។ សាលាបង្រៀនអក្សរខ្មែរនេះ
កាន់កាប់ដោយក្រុមគ្រូបង្រៀន ឪពុកម្តាយសិស្សនិងក្រុមអ្នកស្ម័គ្រចិត្ត។សាលា
នេះអនុញ្ញាតឲ្យសិស្សរៀនអក្សរខ្មែរ ដោយឥតគិតថ្លៃនៅរៀងរាល់ថ្ងៃសៅរ៍ ពី
ម៉ោង១០ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់សំរាប់កុមារ និងពីម៉ោង១០ព្រឹកដល់ម៉ោង១
រសៀលសំរាប់មនុស្សធំ ។ សាលារៀនមានទីតាំងពីរកន្លែង គឺនៅវត្តខេមររង្សី
និងនៅបណ្ណាល័យ Tully Community Branch Library ។

គោលបំណងនៃកម្មវិធីសិក្សារបស់សាលារៀនអក្សរខ្មែរនេះគឺទាក់ទាញកូនខ្មែរ
ឲ្យស្គាល់ដើមកំណើតវប្បធម៌របស់ខ្លួន លើកទឹកចិត្តក្មេងឲ្យចូលចិត្តរៀន និង
បង្កើតឲ្យមានទំនាក់ទំនងល្អរវាងឪពុកម្តាយនិងកូន ដោយប្រើទាំងភាសានិង
ទាំងកម្មវិធីវប្បធម៌ ។

លោក កោះ ថុន ជាគ្រូបង្រៀនតាំងពីសាលាបង្រៀនអក្សរខ្មែរបើកពីដំបូង និង
ជាទីប្រឹក្សារបស់សាលា បានជួយរៀបចំសាលារៀននេះឲ្យមានទម្រង់សិក្សាថ្មី
ដើម្បីទាក់ទាញក្មេងឲ្យចង់រៀនភាសាខ្មែរ។

លោកបាននិយាយថាគម្រោងនៃការបង្រៀនរបស់យើងបានរៀបចំឡើងសំរាប់
ជួយជាស្ពានភ្ជាប់ចន្លោះនៃទំនាក់ទំនងរវាងឪពុកម្តាយនិងកូន ។

“ពេលបើកបង្រៀនដំបូងនៅឆ្នាំ១៩៨៩ យើងមានសិស្សប្រមាណ៣០០នាក់
ពេលនោះយើងគ្មានថ្នាក់ឲ្យសិស្សរៀនគ្រប់គ្រាន់ទេ យើងបានបំបែកសាលាជា
ពីរកន្លែង។ខ្ញុំបង្រៀនច្រើនថ្នាក់ មានតាំងពីថ្នាក់ដំបូងទៅថ្នាក់មធ្យមដែលសិស្ស
អាចសរសេរនិងអានបាន ។ ខ្ញុំបានបង្រៀនតាមសៀវភៅដែលក្រុមគ្រូបង្រៀន
បានរៀបចំធ្វើឡើង នៅជំរុំជនភៀសខ្លួនខយអ៊ីដាង”។

លោកកោះថុនបានប្រាប់វីអូអេថាកម្មវិធីរបស់សាលាក្រៅពីរៀនអាននិងសរសេរ
អក្សរខ្មែរ មានការអានសៀវភៅរឿងព្រេងនិទានខ្មែរខ្លីៗឲ្យសិស្សស្តាប់ មាន
បង្រៀនសិស្សតូចៗឲ្យចេះនិយាយភាសាខ្មែរថ្លៃថ្នូរ ស្រគត់ស្រគុំ និងបង្រៀន
ក្មេងឲ្យចេះប្រពៃណីខ្មែរដូចជាសំពះ គោរពមនុស្សចាស់ ឪពុកម្តាយ និងព្រះ
សង្ឃ ជាដើម ។ លោក កោះ ថុន បានបន្ថែមថា មានសិស្សខ្លះបានតាំងចិត្ត
ព្យាយាមរៀនរហូតដល់ចេះសរសេរកំណាព្យ ។

នាង ស្រីថា បានមកដល់សហរដ្ឋអាមេរិកពេលនាងមានអាយុ១៦ឆ្នាំ។ កាលនៅ
ស្រុកខ្មែរ ជាមួយរបប ប៉ុលពត នាងមិនបានរៀនអក្សរទេ ។ រាល់ថ្ងៃសៅរ៍ នាង
យកកូនស្រីទៅរៀនអក្សរខ្មែរ ហើយនាងក៏បានរៀនខ្លួនផងដែរ ។

“ខ្ញុំបានមករៀននៅសាលានេះ ចំនួនបួនឆ្នាំហើយ ឥឡូវនេះខ្ញុំចេះសរសេរនិង
ចេះអានបានស្ទាត់គ្រាន់បើ ។ ខ្ញុំចង់ឲ្យកូនខ្ញុំនិយាយភាសាខ្មែរនិងរៀនអំពី
ប្រពៃណីនិងវប្បធម៌ខ្មែរ ”។

លោកប៊ូន សំប៊ុន វិស្វករនៅក្រុមហ៊ុន Intel Semiconductors នៅទីក្រុង
Sacremento បានឧស្សាហ៍ស្ម័គ្រចិត្តមកបង្រៀនសិស្សនិងនាំកូនគាត់ពីរនាក់
ទៅរៀននៅសាលានេះរៀងរាល់ថ្ងៃសៅរ៍ចំនួនប្រាំឆ្នាំមកហើយ ។ លោកបាន
ថ្លែងថា ថ្នាក់ដែលលោកបង្រៀនមានបីថ្នាក់បញ្ចូលគ្នា ។ មានសិស្សខ្លះទើបនឹង
ចូលរៀន សិស្សខ្លះចេះប្រកបអក្សរ និងសិស្សខ្លះទៀតចេះអាននិងសរសេរ ។

“ខ្ញុំមានកម្មវិធីមួយចង់ជួយសិស្សឲ្យឆាប់បានចម្រើនក្នុងការរៀនអក្សរខ្មែរនេះ
គឺខ្ញុំចង់ជួបឪពុកម្តាយសិស្ស ដើម្បីឲ្យបានភ្ជាប់ទំនាក់ទំនងជាមួយគ្រូ ហើយ
ប្រាប់ដល់គាត់ឲ្យជួយបង្រៀននិងឧស្សាហ៍និយាយខ្មែរជាមួយកូននៅផ្ទះ ព្រោះ
ការបង្រៀនក្នុងមួយសប្តាហ៍តែពីរម៉ោងនៅសាលានោះ ពុំគ្រប់គ្រាន់សំរាប់ការ
ចេះដឹងរបស់សិស្សទេ ។”

កូនខ្មែរនៅសហរដ្ឋអាមេរិកជាច្រើនដែលនិយាយភាសាអង់គ្លេសរាល់ថ្ងៃ បាន
ទទួលការស្តាប់ឪពុកម្តាយនិយាយភាសាខ្មែរនៅផ្ទះតិចតួចណាស់ បើការ
និយាយស្តីវិញស្ទើរតែគ្មានឳកាសសោះឡើយ ។ ក្មេងដែលរស់នៅជាមួយឪពុក
ម្តាយនិយាយភាសាខ្មែរ អាចស្តាប់បានខ្លះ ប៉ុន្តែរឹងមាត់និយាយពុំរួច។ ភាពខុស
គ្នានៃមនុស្សពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងការប្រើភាសានៅក្នុងផ្ទះ បង្កើត
ឲ្យមានការប៉ះទង្គិចគ្នា ពុំយោគយល់គ្នា ដោយក្មេងប្រើភាសាអង់គ្លេសជាភាសា
កំណើតរបស់វា នៅពេលដែលមនុស្សចាស់មានឪពុកម្តាយនិងជីដូនជីតានៅបន្ត
និយាយភាសាខ្មែរ ហើយលទ្ធភាពក្នុងការទាក់ទងគ្នាក្នុងផ្ទះក៏ចុះខ្សោយ សកម្ម
ភាពប្រពៃណីជាតិក៏ឃ្លាតឆ្ងាយ៕