ប្រជាជនរាប់ពាន់នាក់នៅក្នុងខេត្តស្ទឹងត្រែងនឹងរងផលប៉ះពាល់ផ្ទាល់ពីគម្រោង
សាងសង់ទំនប់វារីអគ្គិសនីថ្មីមួយនៅលើដងទន្លេសេសាន។
នៅចំងាយ១.៥គីឡូម៉ែត្រពីចំណុចប្រសព្វរវាងទន្លេសេសាននិងទន្លេស្រែពក
ដែលផ្គុំគ្នាបានរាងដូចជាចំពាមនោះ គេរកឃើញកំទេចថ្ម និងដីរាប់រយកេស
ឈើតូចៗ ដែលគេគរទុកនៅលើមាត់ច្រាំងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង
នេះ។
បំនែកថ្មនិងដីទាំងនេះគឺជាសំណាកដែលក្រុមហ៊ុនមួយបានខួង និងជីកយក
ចេញពីបាតទន្លេដើម្បីយកទៅពិសោធន៍សំរាប់សាងសង់ទំនប់វារីអគ្គិសនី
សេសានក្រោម២កាត់ទន្លេសេសាននេះ។
កំពុងអង្គុយនៅលើតូបឈើរបស់គាត់នៅប្របច្រាំងទន្លេ លោកឃាន ប៊ុនហេង
អាយុ៤៣ឆ្នាំជាប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន បាន
ប្រាប់ឲ្យដឹងថា ការសាងសង់ទំនប់វារី អគ្គិសនីសេសានក្រោម២នេះ នឹងប៉ះ
ពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារលោក។
“សព្វថ្ងៃពឹងផ្អែកតែទៅលើទន្លេហ្នឹង ព្រោះជីវភាពប្រជាពលរដ្ឋរកស៊ីចិញ្ចឹម
គ្រួសាររាល់ថ្ងៃពឹងទន្លេ ព្រោះយើងមានទូក មានមង មានសំណាញ់រកស៊ីដល់
ពេលគេធ្វើទំនប់ចប់ហើយ។ ម្តងនេះអត់ទៅណារួចទេ មានតែផ្លូវអត់ ខ្ញុំសួរគេ
ហើយថា តើបើធ្វើហើយទុកប្រឡោះឲ្យទូកឡើងបានរឺអត់ គេថា អត់បើចង់ទៅ
រកត្រី ទាល់តែសែងទូកទៅដាក់លើទំនប់”។
ដូចលោកឃាន ប៊ុនហេងដែរ ប្រជាជននៅក្នុងភូមិភ្លុកជាង២រយគ្រួសារទៀត
សុទ្ធតែសម្តែងការមិនពេញចិត្តចំពោះគម្រោងការសាងសង់ទំនប់វារីអគ្គិសនី
សេសានក្រោម២នេះ នេះបើផ្អែកតាមមេភូមិភ្លុកលោក ប៊ុត ថន។
លោកប៊ុត ថន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោក
មានការព្រួយបារម្ភខ្លាចថា ទំនប់ដែលគេគ្រោងនឹងសាងសង់នេះ នឹងមិនត្រឹម
តែធ្វើឲ្យបាត់បងចំនួនត្រីក្នុងទន្លេប៉ុណ្ណោះទេ វាថែមទាំងអាចបង្កជាទឹកជំនន់
ជន់លិចផលដំណាំរបស់ពួកគេថែមទៀតផង។
“បើកើតវារីអគ្គីសនី ប្រជាពលរដ្ឋគឺជាការក្រខ្សត់ មូលហេតុថា ប្រជាពលរដ្ឋ
ទី១ដាំដូចជាដាំឪឡឹកនៅកោះ ហើយដាំត្រកួន ដាំស្ពៃអីហ្នឹង។ វាទឹកម៉ោ ទឹក
វាគ្មានកំនត់ ពេលឡើងវាលិចអាដំណាំទាំងអស់ហ្នឹងអស់រលីង "។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសាន ក្រោម២នេះ ត្រូវបានធ្វើឡើង
ក្រោមអនុសារណៈយោគយល់គ្នាមួយរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនអគ្គិ
សនីវៀតណាមកាលពីពាក់កណ្តាលឆ្នាំ២០០៧។
បើតាមគម្រោង ទំនប់នេះនឹងត្រូវចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១០ខាង
មុខនេះ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៤ ដោយត្រូវចំណាយថវិការអស់
ជាង៨រយលានដុល្លារអាមេរិក។
ទំនប់វារីអគ្គិសនីសេសានក្រោម២នេះនឹងមានកំពង់ ៧៥ ម៉ែត្រហើយអាច
ផលិតថាមពលអគ្គិសនីកំលាំង៤០០MW។ អគ្គិសនីដែលផលិតបាននេះនឹង
ត្រូវយកទៅផ្គត់ផ្គង់តំបន់និងខេត្តជិតខាង ដូចជាខេត្តរតនៈគីរីជាដើម រួច
បញ្ជូនបន្តទៅប្រទេសវៀតណាម។
បើផ្អែកតាមរបាយការណ៍វាយតំលៃផលប៉ះពាល់បរិស្ថានសំរាប់គម្រោងសាង
សង់ទំនប់សេសានក្រោម២នេះ ដែលបានធ្វើឡើងដោយក្រុមហ៊ុនពិគ្រោះ
យោបល់កម្ពុជាឬ Key Consultants Cambodia កាលពីចុងឆ្នាំ២០០៨បាន
ឲ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅក្នុងខេត្តស្ទឹងត្រែងនេះ នឹង
ធ្វើឲ្យប្រជាពលរដ្ឋប្រមាណ៥០០០នាក់នៅក្នុងឃុំចំនួន៤ ក្នុងស្រុកសេសាន
ត្រូវផ្លាស់ទីលំនៅដោយសារតែអាងស្តុកទឹកនៃទំនប់នេះនឹងជន់លិចដីស្រែ
របស់អ្នកស្រុកជាង៣ម៉ឺនហិចតា។
ឃុំទាំងបួនដែលនឹងរងផលប៉ះពាល់ផ្ទាល់នោះរួមមាន ឃុំភ្លុក ស្រែគរ តាឡាត់
និងឃុំក្បាលរមាស។
លោក តុន គន្ធែល អ្នកគ្រប់គ្រងកម្មវិធីបរិស្ថានរបស់វេទិការនៃអង្គការមិនមែន
រដ្ឋាភិបាលស្តីពីកម្ពុជាឬNGO Forum ដែលធ្វើការងារលើគម្រោងទំនប់សេសាន
ក្រោម២នេះបានមានប្រសាសន៍ថា ដំណើរការសាងសង់ទំនប់នេះនឹងធ្វើឲ្យខូច
គុណភាពទឹក និង ធ្វើឲ្យជន់លិចព្រៃរបស់ប្រជាសហគមន៍ហើយជាលទ្ធផលនឹង
បណ្តាលឲ្យមានអសន្តិសុខស្បៀងនៅក្នុងតំបន់ដែលទទួលរងផលប៉ះពាល់ទាំង
នេះ។
“ទំនប់នេះនឹងធ្វើឲ្យមានការប្រែប្រួលនូវលំហូរទឹកហើយនឹងមានទឹកជំនន់ហើយ
នៅក្នុងនោះដែរក៏នឹងមានការបាត់បង់នូវតំបន់រួមគឺព្រៃឈើដែលសហគមន៍អាច
អាស្រ័យនឹងធនធានធម្មជាតិដូចជា អនុផលព្រៃឈើអីជាដើម”។
លើសពីនេះទៀតនោះ គម្រោងសាងសង់ទំនប់សេសានក្រោម២នេះត្រូវបានអង្គ
ការសង្គមស៊ីវិលមើលឃើញថា អាចប៉ះពាល់ប្រជាពលរដ្ឋរាប់សែននាក់ផ្សេង
ទៀតដែលកំពុងរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានទាំងនៅខ្សែទឹក
ខាងលើនិងខ្សែទឹកខាងក្រោមដោយសារតែក្រុមហ៊ុន ដែលជាម្ចាស់គម្រោងនិង
រដ្ឋាភិបាលមិនបានពិភាក្សាជាមួយសហគមន៍ដែលរងផលប៉ះពាល់ឲ្យបានពេញ
លេញ។
ប៉ុន្តែលោក ដាញ់ សេរី អនុប្រធាននាយកដ្ឋានវាយតំលៃហេតុប៉ះពាល់បរិស្ថាន
នៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា ក្រសួងបរិស្ថាននឹងពិនិត្យមើលថែម
ទៀតអំពីការសិក្សាអំពីផលប៉ះពាល់របស់ក្រុមហ៊ុន។
“ក្រសួងនឹងតាមដានក្រុមហ៊ុនសិក្សាទៀតថា តើមានបានសំភាសន៍សុំយោបល់
ពីប្រជាពលរដ្ឋរឺអត់ ប្រជាជនដែលរងផលប៉ះពាល់ហ្នឹងអញ្ចឹងសិក្សាដំបូងនៅ
ពេលដែលគាត់សិក្សាហ្នឹងមានកំនត់ព្រំដែនដែលសិក្សាសព្វគ្រប់អស់ហើយ
ដល់ពេលហ្នឹងយើងឲ្យគាត់ជម្រើស វាមានអាជម្រើស ៧០ ម៉ែត្រកំពស់ទំនប់
ហ្នឹង ៧៥ ឬ៨០ ” ។
តែទោះជាយ៉ាងនេះក្តី លោក មៀច មានអ្នកសម្របសម្រួលអង្គការបណ្តាញ
ការពារទន្លេសេសាន ស្រែពកនិងសេកុងក្នុងខេត្តស្ទឹងត្រែងនេះ បានមាន
ប្រសាស៍ថា រដ្ឋាភិបាលគួរតែធ្វើការសិក្សាអំពីផលប៉ះពាល់នៃគម្រោងទំនប់
សេសានក្រោម២នេះឲ្យបានម៉ត់ចត់ជាមុនសិន មុននឹងអនុញ្ញាតឲ្យមានការ
សាងសង់ទំនប់នេះ។
លោកបន្ថែមថា ប្រជាសហគមន៍ដែលនឹងរងផលប៉ះពាល់ពីទំនប់នេះគួរតែ
ត្រូវបានធានាឲ្យចូលរួមយ៉ាងពេញលេញនៅក្នុងការពិភាក្សាផ្តល់យោបល់ជុំ
វិញផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់សេសានក្រោម២នេះ ដោយសារ
តែដីព្រៃ និងជាពិសេសទឹកទន្លេនេះគឺជាជីវិតរបស់ពួកគេ៕ ចប់