ក្រុមហ៊ុនវៀតណាមវិនិយោគ កសិកម្មនៅកម្ពុជា

  • VOA

ក្រុមហ៊ុនវិនិយោគធំៗរបស់ប្រទេសវៀតណាម បានសម្រេចបោះទុនវិនិយោគ
ក្នុងទំហំទឹកប្រាក់ជាង៤០០លានដុល្លាអាមេរិកទៅលើផ្នែកកសិកម្មនៅប្រទេស
កម្ពុជា។ អ្នកជំនាញ និយាយថា នេះជាការវិនិយោគក្នុងទ្រង់ទ្រាយធំ បំផុត
មួយដែលនឹងធ្វើឲ្យទុនវិនិយោគរបស់វៀតណាមនៅកម្ពុជាកើនឡើងដល់៧០០
លានដុល្លានៅឆ្នាំ២០០៩នេះ។

ក្រុមហ៊ុនរបស់ប្រទេសវៀតណាមចំនួន១៤ក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងបោះ
ទុនពង្រីកការវិនិយោគនៅ ប្រទេសកម្ពុជា ទៅលើគម្រោងធំៗចំនួន១៣ ដែល
មានទឹកប្រាក់វិនិយោគសរុបចំនួន ៤២០លានដុល្លាអាមេរិក។ កិច្ចព្រមព្រៀង
វិនិយោគនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាពាណិជ្ជកម្មដ៏ស្វិតស្វាញមួយរវាង
មន្ត្រីរដ្ឋាភិបាលកម្ពុជា និង វិនិយោគគិនវៀតណាមចំនួន ៦០នាក់ នៅសាល
ប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា កាលពីថ្ងៃសុក្រ។

គម្រោងវិនិយោគទាំងនេះភាគច្រើនផ្តោតទៅលើវិស័យកសិកម្ម ដូចជាការ
បង្កើតក្រុមហ៊ុនផ្គង់ផ្គត់ម្ហូបអាហារ ការ បង្កើតរោងចក្រផលិតជីកសិកម្ម រោង
ចក្រផលិតស្ករសរ រោងចក្រផលិតអេតាណុល រោងចក្រផលិតអគ្គីសនីពីកាក
សំណល់អំពៅនិងកាកសំណល់អេតាណុល រោងចក្រកែច្នៃ សំងួត ស្រូវ អង្ករ
សម្រាប់នាំចេញនិងរោងចក្រផលិត ក្តារបន្ទះជាដើម។ រោងចក្រទាំងនេះនឹង
ត្រូវបង្កើតនៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេសរួមបញ្ជូលទាំង ខេត្ត
កណ្តាល បាត់ដំបង ព្រៃវែង និងតាកែវជាដើម។ ហើយផលិតផលពីរោងចក្រ
ទាំងនេះនឹងផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅបរទេស។

លោកTran Bac Ha តំណាងវិនិយោគគិនវៀតណាមនៅកម្ពុជាបាននិយាយ
ថា គម្រោងវិនិយោគទាំងអស់នេះនឹង ចាប់ផ្តើមអនុវត្តពីថ្ងៃប្រកាសទុននេះ
តទៅហើយគម្រោងមួយចំនួននឹងចេញជាលទ្ធផលនៅ៦ខែបន្ទាប់។

លោក Tran Bac Ha បាននិយាយតាមរយៈអ្នកបកប្រែថា តាមរយៈការ
ពង្រីកការវិនិយោគនេះ កម្ពុជានឹងក្លាយជាំដៃគូវិនិយោគលំដាប់លេខ៤របស់
ប្រទេសវៀតណាម ដែលចូលរួមចំណែកអភិវឌ្ឍន៌សេដ្ឋកិច្ចកម្ពុជា។ ថ្ងៃនេះ
កម្ពុជាគឺជាប្រទេសឈរលំដាប់ទី៤ក្នុងចំណោមប្រទេសដែលវៀតណាមបាន
បណ្តាក់ទុនវិនិយោគ ហើយខ្ញុំក៏គិតថានេះជាចំនួនមួយដ៏ធំធេងសម្រាប់អភិ-
វឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាយើងក្នុងពេលសេដ្ឋកិច្ចប្រទេសនានាកំពុងតែធ្លាក់ចុះ។

ស្រដៀងគ្នានេះដែរ លោក Ngo Anh Dung ឯកអគ្គរដ្ឋទូតនៃស្ថានទូត
វៀតណាមប្រចាំកម្ពុជា បានចាត់ទុកការពង្រីកទុនវិនិយោគនេះគឺជាគម្រោង
ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។

"រហូតមកដល់ពេលនេះ ខ្ញុំគិតថា នេះគឺជាការវិនិយោគធំបំផុតនៅប្រទេស
កម្ពុជា។ វាគឺជាឧទាហរណ៌ដ៏ល្អមួយ នៃការបង្កើតកិច្ចសហប្រតិបត្តិការដ៏ជិត
ស្និទ្ធរវាងវៀតណាម និងកម្ពុជា"។

គួរកត់សម្គាល់ថា នៅពេលដែលគម្រោងទុនវិនិយោគរបស់ប្រទេសចិន និង
កូរ៉េខាងត្បូង បានថយចុះយ៉ាងខ្លាំងនៅ ប្រទេសកម្ពុជា ដោយសារសេដ្ឋកិច្ច
សកលលោកមានកលយុគនោះ ទុនវិនិយោគមកពីប្រទេសវៀតណាមបាន
កើនឡើងយ៉ាងគំហុគ ពោលគឺកើនពី១៦លាន៧សែនដុល្លា នៅពាក់កណ្តាល
ឆ្នាំ ២០០៨រហូតដល់ទៅជាង ១១៤លាន ២សែន ដុល្លា នៅពាក់កណ្តាលឆ្នាំ
២០០៩នេះ។

លោក Tran Bac Ha បានវាយតម្លៃថា ការពង្រីកការវិនិយោគលើវិស័យ
កសិកម្មរហូតដល់ទៅ៤២០លានដុល្លាបន្ថែម ទៀតនាពេលនេះ នឹងធ្វើឲ្យទុន
វិនិយោគរបស់វៀតណាមនៅកម្ពុជាកើនដល់៧០០លានដុល្លានៅបំណាច់ឆ្នាំ
២០០៩។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៧មក ក្រុមហ៊ុនវិនិយោគធំៗរបស់ប្រទេស
វៀតណាម ដូចជា ក្រុមហ៊ុន Vietnam Electricity Group, Vietnam Coal
and Mineral group, Telecommunications Corporation of Vietnam
ជាដើមនោះ បានជ្រៀតចូលទីផ្សារសេដ្ឋកិច្ចកម្ពុជា ដើម្បីធ្វើការវិនិយោគទៅ
លើថាមពលវារីអគ្គីសនី ផ្គត់ផ្គង់អគ្គីសនី រុករករ៉ែ និងសេវាកម្មទូរគមនាគម
ជាដើម។ ក្រៅពីនោះ ការវិនិយោគដែលលេចធ្លោបំផុតពីប្រទេសវៀតណាម
គឺដំណាំកៅស៊ូដែលរហូតមកដល់ពេលនេះក្រុមហ៊ុនវៀតណាមបានវិនិយោគ
លើផ្ទៃដីជិត ១០០ពាន់ហិចតាហើយនៅខេត្តភាគ ឥសាន្តនៃប្រទេសកម្ពុជា។
ហើយចុងក្រោយនេះវៀតណាមបានបោះទុនវិនិយោគលើវិស័យធនាគារ និង
ចូលហ៊ុន បង្កើតក្រុមហ៊ុនអាកាសចរជាតិកម្ពុជា កម្ពុជាអង្គរអ៊ែរ។

ទាំងអស់នេះ បាននិងកំពុងធ្វើឲ្យប្រទេសវៀតណាមកា្លយជាដៃគូវិនិយោគ
ទុនកាន់តែសំខាន់ថែមទៀតរបស់ខ្មែរ។

លោក សុខ ចិន្តា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា មានប្រសាសន៍
ថា គម្រោងវិនិយោគថ្មីរបស់វៀតណាម នឹងកាត់បន្ថយការនាំចូលផលិតផល
ពីបរទេស បង្កើតការងារក្នុងស្រុក និងជួយលើកស្ទួយជីវភាពរស់នៅរបស់
ប្រជាជនខ្មែរ។

ក្នុងការអភិវឌ្ឍន៌វិស័យកសិកម្មនេះ ផលចំណេញដែលខ្ញុំឃើញជាងគេហ្នឹង
គឺថា ជីវភាពរបស់បងប្អូនយើងរស់ នៅតាមជនបទហ្នឹងច្បាស់ជាកើនហើយ
ព្រោះគម្រោងហ្នឹងក្រៅពីការបង្កើតការងារ ការចៀសវាងការនាំចូលហើយ
បន្ថែមលើហ្នឹង យើងធ្វើការនាំចេញទៅក្រៅអីហ្នឹង ធ្វើឲ្យមានការប្រែប្រួល
មុខមាត់នៅតាមជនបទហើយ។

ទន្ទឹមនឹងការបោះពួយស្វែងរកទីផ្សារវិនិយោគនៅកម្ពុជា បញ្ហាពន្ធដាស្ទើរតែ
បានគ្របដណ្តប់ក្នុងកិច្ចពិភាក្សារយៈពេល ៤ម៉ោងនោះទាំងស្រុង។ វិនិយោគ
គិនវៀតណាមបានបង្ហាញក្តីកង្វល់ចំពោះការយកពន្ធនៅក្នុងប្រទេសកម្ពុជា
ដែល ពួកគេអះអាងថាការបង់ពន្ធមានកម្រិតខ្ពស់ ដែលនឹងធ្វើឲ្យផលិតផល
ដើមមានតម្លៃខ្ពស់និងពិបាកប្រកួតប្រជែង ជាមួយផលិតផលនាំចេញពីបណ្តា
ប្រទេសផ្សេងៗ។ ក្រៅពីនោះ ភាពតូចចង្អៀតនៃកំពង់ផែ និងការដឹកជញ្ជូនក៏
ជា ក្តីបារម្ភរបស់វិនិយោគគិនវៀតណាមដែរ។

ចំពោះបញ្ហាពន្ធដា លោក សួនសិទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ
នៃក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា បានលើក ឡើងថា ដើម្បីជាការលើកទឹកចិត្ត
ដល់ការវិនិយោគផ្នែកវិស័យកសិកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចថា រាល់
ការចាប់ ផ្តើមវិនិយោគក្នុងផ្នែកកសិកម្មដែលប្រើដើមទុនចាប់ពី១លានដុល្លា
ឡើងទៅនឹងទទួលបានរយៈពេលលើកលែងពន្ធ លើប្រាក់ចំណេញចំនួន
៩ឆ្នាំ។

ដោយឡែក ចំពោះបញ្ហាកំពង់ផែវិញ លោក សុខ ចិន្តា អះអាងថា ក្រសួងការ
បរទេសកម្ពុជាទើបតែទទួលបានកម្ចី ក្នុងទឹកប្រាក់ ៧២លានដុល្លាពីប្រទេស
ជប៉ុនដើម្បីអនុវត្តគម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុ ដែលការដ្ឋានសាង
សង់នឹងបញ្ចប់ទៅនៅឆ្នាំ ២០១៣ខាងមុខ៕ ចប់