ជីគីមីប៉ះពាល់សុខភាពមនុស្ស គុណភាពដី និងជីវៈចំរុះ

  • តាំង សារ៉ាដា
    VOA

ខណៈដែលអ្នកប្រកបមុខរបរកសិកម្មភាគច្រើនកំពុងនិយមប្រើប្រាស់ជីគីមី
ដោយរំពឹងថានឹងបង្កើនទិន្នផលស្រូវ បន្លែ ផ្លែឈើនិងធ្វើឱ្យទាន់តាមតម្រូវការ
បរិភោគរបស់ប្រជាជនក្នុងប្រទេសកម្ពុជា និងការរកចំណូលពីការនាំផលិត
ផលកសិកម្មចេញទៅលក់នៅក្រៅប្រទេសនោះ ក្រុមអ្នកជំនាញខាងជី និង
គុណភាពដី ព្រមានថា ការប្រើប្រាស់ជីគីមីដូច្នេះអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង
ដល់អនាគតសុខភាពមនុស្ស គុណភាពដី និងជីវៈចំរុះ។

អ្នកជំនាញខាងកសិកម្មនិយាយថា ការប្រើប្រាស់ជីគីមីអាចធ្វើឱ្យប៉ះពាល់យ៉ាង
ខ្លាំងដល់បរិស្ថាន និងជីវិតមច្ឆាជាតិ ដែលប្រជាកសិករក្រីក្រជាច្រើនកំពុងពឹង
ផ្អែកយ៉ាងខ្លាំងសំរាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្ម ឬហៅកាត់ថា CEDACលោក
យ៉ង សាំងកុមារ មានប្រសាសន៍ប្រាប់ VOA តាមទូរសព្ទថា ដើម្បីធ្វើកសិកម្ម
ឱ្យបានយូរអង្វែង ហើយធ្វើឱ្យកសិផលមានគុណភាពល្អនោះ កសិករគួរគប្បី
រក្សាជីជាតិដីជាចំបាច់។

“ក្នុងការធ្វើកសិកម្មយូរអង្វែងគេត្រូវចិញ្ចឹមដី ដើម្បីឱ្យដីចិញ្ចឹមដំណាំ ហើយ
ប្រសិនបើយើងប្រើតែជីគីមី នោះយើងគ្រាន់តែចិញ្ចឹមដំណាំទេ ហើយបើចិញ្ចឹម
ដំណាំ វាបានតែរយៈពេលខ្លីទេ។ វាមិនខុសពីមនុស្សប៉ុន្មានទេ។បើយើងចង់
ចិញ្ចឹមកូនង៉ែត យើងត្រូវចិញ្ចឹមមា្តយ ពីព្រោះម្តាយជាអ្នកបំបៅទឹកដោះដល់
កូន។ បើយើងមិនចិញ្ចឹមម្តាយ តើម្តាយបានទឹកដោះឯណាទៅបំបៅកូននោះ?”

លោកកុមារនិយាយថា អ្នកដែលគិតថា ការប្រើជីគីមីជាការល្អ ហើយប្រើតែ
ជីបែបនេះមួយមុខ អ្នកនោះគឺជាអ្នកធ្វើអត្តឃាតខ្លួនឯង ពីព្រោះគុណភាព
ដីនឹងត្រូវរិចរិល អស់ជីជាតិ ហើយពិបាកស្តារឡើងវិញ។ លោកបន្ថែមថា
ប្រសិនបើកសិករប្រើជីគីមី គេត្រូវលាយវាជាមួយជីធម្មជាតិ។ ហើយបើគេ
ប្រើជីធម្មជាតិគេអាចចោលជីគីមីបាន។តែប្រសិនបើគេប្រើជីគីមី គេមិនអាច
ចោលជីធម្មជាតិបានទេ។ លោកនិយាយថា ប្រសិនបើកសិករចង់ប្រើជីគីមី
ចាំបាច់គេត្រូវលាយជាមួយជីធម្មជាតិដើម្បីរក្សាគុណភាពដី។

ជីធម្មជាតិឬជីសរីរាង្គភាគច្រើនផ្សំឡើងពីរុក្ខជាតិ ដែលងាយផុយរលួយ ដូច
ជាស្លឹកសណ្តែក ដើមកន្ធុំធេត ដើមកន្រ្តាំងបាយស ដើមស្នោ ហើយជីម្យ៉ាង
ទៀតដែលកសិករគួប្រើដែរនោះ គឺ ជីកំប៉ុស ដែលផ្សំឡើងពីកាកសំណល់
ម្ហូមអាហារស្អុយរលួយលាយជាមួយនិងលាមកសត្វ។

ចំណែកឯកសិករដែលរស់នៅក្នុងតំបន់ព្រៃ គេក៏អាចយកដីស្រទាប់ខាងលើ
ដែលមានលាយឡំជាមួយស្លឹកឈើយកប្រើផ្សំជាមួយជីធម្មជាតិបានដែរ។
ចំណែកឯជីគីមីភាគច្រើនផ្សំឡើងដោយសារធាតុគីមីសុទ្ធសាធ ដែលកសិករ
ភាគច្រើនអាចរកទិញបាននៅតាមទីផ្សារក្នុងស្រុក។

ជីគីមីទាំងឡាយដែលមានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាមានជីអៀរ៉េ
ជី DAT ជីសីវាំងសេរូ ជី NPK និងជីគីមីផ្សេងៗមួយចំនួនទៀត។

លោកយ៉ង សាំងកុមារ មានប្រសាសន៍ថា ជីធម្មជាតិឬជីកំប៉ុសគឺជាអ្នកផ្តល់
ចំណីដល់សត្វល្អិតក្នុងដី ដូចជាជន្លេននិងសត្វល្អិតដ៏ទៃទៀត ដែលជាអ្នក
ធ្វើឱ្យដីផុសនិងធ្វើឱ្យដីមានជីជាតិ។ លោកនិយាយថា គុណវិបត្តិនៃជីធម្មជាតិ
គឺកសិករត្រូវការបរិមាណនៃជីនោះដ៏ច្រើនដែលគេពិបាករកយកមកផ្សំក្នុង
ការប្រើបា្រស់ឱ្យទាន់តាមតម្រូវការរបស់គេ។

“ការប្រើជីធម្មជាតិហ្នឹង វាមានគុណសម្បត្តិរបស់វាច្រើនជាងការប្រើជីគីមី។
គ្រាន់តែវាមានគុណវិបត្តិមួយ ដោយសារវាត្រូវការបរិមាណច្រើនអញ្ចឹង។ ជួន
កាលកន្លែងខ្លះគាត់ពិបាករក រកអត់បានគ្រប់គ្រាន់ ហើយកន្លែងខ្លះវាលំបាក
ក្នុងការដឹកជញ្ជូន ដោយសារផ្លូវវាឆ្ងាយ”។

កសិករ រស់ ម៉ៅ នៅខេត្តតាកែវ បានរៀបរាប់ពីបទពិសោធន៍ក្នុងការប្រើជីគីមី
សំរាប់ដំណាំស្រូវនិងចំការហូបផ្លែរបស់គាត់ថា ការប្រើជីគីមីកាលពីអតីតបាន
ធ្វើឱ្យប៉ះពាល់ដល់សុខភាពគ្រួសារលោក ដូចជាមានជម្ងឺចុកពោះជាដើម។
លោកបានឈប់ប្រើជីគីមីពីឆ្នាំ២០០៤មក ហើយងាកមកប្រើជីធម្មជាតិនិង
ជីកំប៉ុសវិញ។

លោករស់ ម៉ៅនិយាយថា ការប្រើជីគីមីអាចធ្វើឱ្យដំណាំបានផលច្រើន និង
លឿនទាន់ពេលមែន តែគេភ្លេចគិតអំពីសុខភាពទៅថ្ងៃមុខ ពីព្រោះគេត្រូវ
ចំណាយលុយច្រើនសំរាប់រោគ ជម្ងឺដែលបង្ករឡើងដោយសារធាតុគីមីដែល
មាននៅក្នុងបន្លែផ្លែឈើ។

“បើគិតពីពេលដែលយើងយកមកហូប និយាយទៅ សុខភាពយើងវាអត់
សូវល្អ។ បាទក្នុងគ្រួសារខ្ញុំ ជាក់ស្តែងឃើញចុក ឃើញអីអញ្ចឹង។ ហើយ
មួយទៀតវាធ្វើឱ្យដីហ្នឹងក្តាំង ហើយមួយទៀតគឺសត្វដែលមានប្រយោជន៍
ក្នុងហ្នឹងគឺបាត់បង់អស់ហើយ តាំងពីកង្កែប ហ៊ីង ត្រី ខ្យង ខ្ចៅ អីហ្នឹង អត់
មានទេ។ ហើយអញ្ចឹងទៅដល់ពេលខ្ញុំបែរប្រើជីធម្មជាតិវិញ ឃើញថា រដូវ
ភ្លៀងធ្លាក់អញ្ចឹងមក មានកង្កែប មានហ៊ីងអី យំតាមធម្មតាវិញ”។

ប្រធានសមាគមន៍កសិករឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល លោកសួន
ប៉ាល់ ដែលក្រុមរបស់លោកធ្វើការងារច្រើន ក្នុងការបណ្តុះបណ្តាលពូជស្រូវ លក់ឱ្យក្រុមហ៊ុនឯកជនឬមន្ទីរកសិកម្មជាដើម មានប្រសាសន៍ស្រដៀងគ្នា
និងលោក រស់ ម៉ៅ ដែរថា ថ្វីបើការប្រើជីធម្មជាតិ ឬ ជីកំប៉ុសពុំសូវបានទិន្ន
ផលខ្ពស់ដូចការប្រើជីគីមីក៏ដោយ ប៉ុន្តែវាអាចធ្វើឱ្យកាត់បន្ថយការចំណាយ
របស់កសិកររក្សាជីជាតិដី និង រក្សាស្ថេរភាពបរិស្ថាន។

“បាទទិន្នផលវាទាបជាងជីគីមី ប៉ុន្តែគ្រាន់តែវាធ្វើឱ្យយើង កសិករអ្នកផលិត
កម្មអាចកាត់បន្ថយការចំណាយប្រើប្រាស់ជីគីមីផង កាត់ចំណាយតិច ប៉ុន្តែ
ទិន្នផលក៏ទាបដែរ។ បាទ អ្វីដែលយើងឈ្នះគឺឈ្នះបរិស្ថាន គឺយើងរក្សាស្ថេរ
ភាពនិរន្តភាពកសិកម្ម និង បរិស្ថានរបស់យើងបានប្រសើរ បាទ គ្រាន់តែទិន្ន
ផលវាទាបជាង បាទ”។

ខេត្តភាគខាងលិចទន្លេសាបដែលមានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង
និងខេត្តបន្ទាយមានជ័យ ជាតំបន់ដែលមានឈ្មោះល្បីខាងការផលិតស្រូវ
ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់នោះ គេឃើញកសិករនៅទីនោះប្រើជីគីមីច្រើន
សំរាប់ភោគផលដំណាំរបស់គេ។

ចំណែកឯក្រុមកសិករក្នុងខេត្តបន្ទាយមានជ័យវិញអះអាងថា កសិករសឹង
៩៥ភាគរយប្រើប្រាស់ជីគីមីសំរាប់ដំណាំស្រូវរបស់ពួកគេ លើកលែងតែអ្នក
ធ្វើចំការខ្នាតតូចប៉ុណ្ណោះ ដែលប្រើជីធម្មជាតិ។

លោក ប៊ឹង ចំណាប់ កសិករក្នុងខេត្តបន្ទាយមានជ័យមានប្រសាសន៍បា្រប់
VOA តាមទូរស័ព្ទថា ចាប់តាំងពីកសិករប្រើគោយន្តដើម្បីភ្ជួររាស់មកនោះគេ
លែងមានលាមកគោក្របីដើម្បីយកធ្វើជីធម្មជាតិទៀតហើយ។ លោកនិយាយ
ថា ជីគីមីងាយស្រួលទិញ ងាយស្រួលដឹកជញ្ជូន ធ្វើអោយដំណាំលូតលាស់
បានល្អ និងផ្តល់ទិន្នផលខ្ពស់។

លោកចំណាប់និយាយថា លោកនៅពុំទាន់ដឹងថា ការប្រើជីគីមីអាចប៉ះពាល់
ដល់សុខភាពមនុស្ស និងជីវៈចម្រុះយ៉ាងណានោះទេ។

“អាជីគីមីវាលូតលាស់ជាងអាជីធម្មតា។ វាល្អជាងអាជីនោះ។ វាល្អលឿន
ជាង។ វាអត់សូវមានជីធម្មជាតិ អស់គោ ក្របីទៅ គេប្រើតែអាគោយន្តទៅ
ដល់អញ្ចឹងទៅ គេប្រើតែអាជីគីមីហ្នឹងទៅ”។

កសិករក្នុងខេត្តបន្ទាយមានជ័យម្នាក់ទៀតឈ្មោះ ផ្លែង ផានីនិយាយថា អ្នក
ស្រីទទួលស្គាល់ថា ការប្រើជីគីមីពិតអាចធ្វើឱ្យដីបាត់បង់ជីជាតិ និងប៉ះពាល់
ដល់សុខភាពមែន ប៉ុន្តែកសិករភាគច្រើនត្រូវការតែជីណាដែលផ្តល់ផលស្រូវ
បានច្រើនសំរាប់ជីវភាពបច្ចុប្បន្នរបស់ពួកគេតែប៉ុណ្ណោះ។អ្នកស្រីផានី និយាយ
ថា ក្នុងចំណោមកសិករ១០នាក់ សូម្បីតែម្នាក់ក៏មិនប្រើជីធម្មជាតិដែរ។

“ជីគីមីមិនល្អទេ។ ប្រជាជនដឹងថា ប្រើជីគីមីប៉ះពាល់ដល់សុខភាព។ប៉ុន្តែ
មិនដឹងធ្វើម៉ិច ពីព្រោះកាលណាយើងមិនប្រើជីគីមី គឺផលស្រូវ វាចាញ់គេ
ហើយព្រោះអី គេបានមួយហិចតា ៣០ទៅ ៤០បាវ ហើយបើយើងមិនបាន
ប្រើជីគីមីទេ មួយហិចតាបានតែ១០ឬ១៥ បាវប៉ុណ្ណោះទេ។ ដូច្នេះប្រជាជន
ត្រូវការប្រាក់ចំណូល ត្រូវតែប្រើជីគីមីអញ្ចឹង ទោះជាចំណាយលុយច្រើន
ក៏ដោយ”។

កសិករភាគច្រើន ដែលប្រើជីគីមីគឺ គេប្រើចំនួន១៥០គីឡូក្រាមក្នុងដីមួយ
ហិចតាដើម្បីឱ្យបានទិន្នផលស្រូវ។ កសិករប្រើជីគីមីចំនួន៥០គីឡូក្រាមនៅ
ពេលគេចាប់ផ្តើមភ្ជួររាស់ដកស្ទូងដីក្នុងមួយហិចតា។ បន្ទាប់ពីដើមស្រូវនោះ
លូតលាស់បានល្មមហើយ គេត្រូវបាចជីគីមីចំនួន៥០គីឡូក្រាមទៀតដើម្បី
បំប៉នដើម។ ហើយបន្ទាប់មក នៅពេលដើមស្រូវទាំងនោះចេញផ្លែផ្កាហើយ កសិករត្រូវបាចជីគីមីចំនួន៥០គីឡូកា្រមទៀតដើម្បីអោយស្រូវទាំងនោះ
ចេញផ្លែបានច្រើននិងបានផលល្អ។ ដូច្នេះក្នុងមួយឆ្នាំ គេប្រើពី២ដង ទៅ
៣ដង តាមធនធានដែលកសិករមាន។

ព្រឹទ្ធបុរសនៃមហាវិទ្យាល័យកសិកម្មក្នុងសកលវិទ្យាល័យចំការដូងលោក
ចុង សុផល មានប្រសាសន៍ថា កសិករគួរព្យាយាមបែរមកប្រើជីធម្មជាតិ
ឬជីកំប៉ុសវិញ ហើយប្រើឱ្យបានជារៀងរាល់ឆ្នាំ វានឹងអាចជួយឱ្យគុណភាព
ដីនោះវិលមកភាពដើមវិញគឺធ្វើឱ្យដីកាន់តែល្អ កាន់តែមានជីជាតិកាន់តែ
ផុសនិងមានសត្វល្អិតក្នុងដីកាន់តែច្រើន។

“ប៉ុន្តែអ្វីដែលល្អ កាលណាយើងព្យាយាមដាក់រៀងរាល់ឆ្នាំទៅគឺដីយើងកាន់
តែល្អទៅៗ ហើយជីដែលនៅក្នុងដីយើងហ្នឹងគឺវាអាចសន្សំទុកពីព្រោះក្នុងមួយ
ឆ្នាំៗហ្នឹង អាជីហ្នឹងវាកាន់តែកើនឡើង បាទ។ វាកាន់តែល្អទៅៗ។ នៅពេល
ដែលថ្ងៃក្រោយ ៤ទៅ ៥ឆ្នាំ នៅពេលក្រោយយើងព្យាយាមដាក់វាទៅ”។

លោក សុផល មានប្រសាសន៍ថា លក្ខណៈនៃការប្រើជីគីមីនិងជីធម្មជាតិ
ឬកំប៉ុសនោះមានលក្ខណៈផ្ទុយគ្នា។

“ជីគីមី បើឆ្នាំនេះយើងដាក់មួយបាវ ឆ្នាំក្រោយត្រូវបន្ថែមឱ្យបានលើសពីមួយ
បាវហ្នឹង ដើម្បីឱ្យយើងរក្សាទិន្នផលរបស់យើងឱ្យនៅដដែល ហើយចេះតែ
បង្កើនរៀងរាល់ឆ្នាំ។ វាផ្ទុយពីអាជីសរីរាង្គ ហើយវាធ្វើឱ្យដីយើងកាន់តែអន់
ទៅៗ ។ មហាវិទ្យាល័យកសិកម្មសព្វថ្ងៃនេះក៏កំពុងពិសោធន៍ និង ព្យាយាម
បង្កើតជីធម្មជាតិដោយខ្លួនឯងផងដែរ តែគេនៅពុំទាន់ដឹងថា ជីនោះនឹង
បញ្ចេញប្រើប្រាស់ក្នុងស្រុកនៅពេលណាមួយជាក់លាក់នៅឡើយទេ។

រដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងខ្លាំងដល់ការប្រើប្រាស់ជីធម្មជាតិឬ ជី កំប៉ុស
សំរាប់ដាក់បង្កើនជីវជាតិដល់ស្រែឬចំការរបស់ប្រជាកសិករក្នុងប្រទេស
កម្ពុជា។

ក៏ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា រដ្ឋាភិបាលគួរហាមឃាត់ដល់ការនាំចូល
ជីគីមីទាំងឡាយណា ដែលមិនចំរើនឬបំផ្លាញដល់វិស័យកសិកម្មរបស់កម្ពុជា
ជាពិសេសបំផ្លាញដល់គុណភាពដីនិងសុខភាពពលរដ្ឋ។ ពួកគេនិយាយ
ថា រដ្ឋាភិបាលគួរបង្កើតប្រព័ន្ធធារាសាស្រ្តឱ្យបានច្រើនដើម្បីនាំដីល្បាប់ដ៏
មានជីជាតិសំរាប់ស្រោចស្រពឱ្យបានគ្រប់គ្រាន់ដល់ភោគផលដំណាំរបស់
ប្រជាកសិករនិងលុបបំបាត់ការកាប់បំផ្លាញព្រៃខុសច្បាប់ ដែលធ្វើឱ្យហិន
ហោចដល់ជំរកសត្វព្រៃនិងការនាំយកទឹកភ្លៀងមកស្រោចលើដំណាំរបស់
ពួកគេ។

លោក ហេង រតនា ដែលជាមន្រ្តីលេខាធិការដ្ឋានប្រព័ន្ធប្រពលវប្បកម្មដំណាំ
ស្រូវតាមគោលការណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម
មានប្រសាសន៍ថា កសិករដែលប្រើជីគីមីភាគច្រើនមាននៅតាមខេត្តក្បែរព្រំ
ប្រទល់នៃបណ្តាប្រទេសជិតខាង ដោយសារអ្នកទាំងនោះទិញជីដែលនាំ
ចូលលួចលាក់តាមច្រកល្បៀងដែលរដ្ឋាភិបាលមិនតម្រូវឱ្យប្រើ។

លោកនិយាយថា ជារឿយៗក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអប់រំ
ដល់កសិករទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់ដោយការប្រើជីគីមី និង
ឱ្យពួកគេចេះសន្សំជី ដូចជាលាមកសត្វ និង ប្រមែប្រមូលកាកសំណល់រុក្ខ
ជាតិជាដើម។

“ដូច្នេះក្រសួងកសិកម្មហ្នឹង ថា្នក់ដឹកនាំហ្នឹង គាត់យកចិត្តទុកដាក់ណាស់។
គាត់ណែនាំកសិករឱ្យធ្វើជារោងជីកំប៉ុស បាទនិងរបៀបធ្វើជីកំប៉ុស។ រហូត
ដល់ក្នុង នាយកដ្នានមួយដូចមានថវិកាសំរាប់ជួយផ្សព្វផ្សាយដល់កសិករ
ហ្នឹង ឱ្យគាត់ចេះរបៀបសន្សំជីបាទ ដូចជាធ្វើរោងទុកដាក់អីហ្នឹង គាត់មាន
បាទ។ នៅក្រសួងកសិកម្ម គាត់ណែនាំ បាទ”។

លោក រតនា និយាយថា សព្វថ្ងៃនេះកសិករកាន់តែចេះសន្សំសំចៃជីធម្មជាតិ
ដែលសូម្បីលាមកគោក៏កាន់តែមានហាងឆេងថែមទៀត។

“កសិករខ្លះគាត់មានគោមានអីហ៎ អាហ្នុងហើយដែលធ្វើអោយកសិករយើង
ពីមុនមក គាត់អារាត់អារាយ ដល់ឥឡូវហ្នឹង កសិករយើងគាត់យល់ច្រើន ព្រមទាំងគាត់ចេះប្រមែប្រមូលកាកសំណល់ដូចឈើ អាចម៍គោ អាចម៍អី
ហ្នឹងគាត់ចេះប្រមូល បាទ។ រហូតដល់ឥឡូវហ្នឹង អាចម៍គោវាដូចជាមាន
ហាងឆេងទៀតបាទ”។

ក្រុមអ្នកឯកទេសខាងកសិកម្មនៅកម្ពុជាបានផ្តល់អនុសាសន៍បីចំណុចដល់
រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យមានវឌ្ឍនភាពខាងការដាំដុះ ការរក្សាសុខ
ភាពពលរដ្ឋ និងបរិស្ថានក្នុងប្រទេស។ ទីមួយរដ្ឋាភិបាលត្រូវបង្កើនសេវា
កម្មផ្សព្វផ្សាយដល់កសិករដើម្បីឱ្យពួកគេចេះធ្វើជីធម្មជាតិដោយខ្លួនឯង។
ទីពីរ បង្កើនការគាំទ្រដល់សហគ្រាសរោងចក្រណាដែលផលិតជីធម្មជាតិ
ក្នុងស្រុកនិងការបែងចែកលក់ក្នុងស្រុក។ទីបី បង្កើនការភ្ញាក់រលឹកដើម្បី
ធ្វើឱ្យអតិថិជនអ្នកបរិភោគទាំងអស់យល់ដឹងហើយងាកមករកផលិតផល
ប្រើប្រាស់ជីធម្មជាតិអោយបានច្រើនដើម្បីលើកទឹកចិត្តកសិករដែលគិតគូរ
ពីបញ្ហាជីធម្មជាតិ។

កម្ពុជានៅខ្វះប្រព័ន្ធធារាសាស្រ្ត និងទីផ្សារសំរាប់វិស័យកសិកម្មរបស់ខ្លួន។
ក្រុមអ្នកវិភាគខ្លះនិយាយថា ប្រសិនបើប្រជាពលរដ្ឋចង់ប្រកបរបរកសិកម្ម
នោះ គេត្រូវគិតគូរដល់បញ្ហាទីផ្សារជាអទិភាពមុនគេ។

អភិបាលខេត្តកំពង់ធំ លោក ណាំទុំ ថ្លែងប្រាប់ VOA តាមទូរស័ព្ទថា បន្ថែម
ទៅលើការប្រើប្រាស់ជីឱ្យបានត្រូវនោះ លោកបង្ហាញអំពីយុទ្ធសាស្រ្តក្នុងការ
ធ្វើឱ្យមានការរីកចំរើនខាងប្រព័ន្ធធារាសាស្រ្តដើម្បីឱ្យកសិកម្មឈានមុខនិង
លូតលាស់ទៅមុខ។

អាជ្ញាធរខេត្តកំពង់ធំនិយាយថា គោលការណ៍សំខាន់ៗដើម្បីអភិវឌ្ឍវិស័យ
កសិកម្មក្នុងខេត្តរបស់លោកឱ្យមាននិរន្តរភាព គឺត្រូវពឹងផ្អែកទៅលើរូបមន្ត
៥ចំណុចក្នុងការកែប្រែពីកសិកម្មអន់ថយទៅជាកសិកម្មទំនើប។

លោក ណាំទុំ មានប្រសាសន៍បង្ហាញអំពីរូបមន្តទាំង៥ចំណុចនោះថា៖

“ជាគោលការណ៍យើងមានរូបមន្ត៥ ដើម្បីកែប្រែពីកសិកម្មអន់ថយទៅជា
កសិកម្មទំនើប គឺថា យើងមានរូបមន្តប្រាំ គឺទីមួយដីត្រូវរាបស្មើ ទីពីរទឹក
ត្រូវធានា ទីបីតំបន់ណាសមស្របប្រើពូជអី គឺប្រើពូជហ្នឹងតែមួយ ប្រើបច្ចេក
ទេសតែមួយ និងប្រើពេលវេលាតែមួយ”។

ស្រូវមួយចំនួនដែលកសិករក្នុងខេត្តកំពង់ធំធ្វើបានផលនោះ គេច្រើនប្រើពូជ
ស្រូវឈ្មោះផ្ការំដួល ឬ សែនពិដោរ ជាដើម ដែលកសិករនៅទីនោះជ្រើសរើស
ពូជសំរាប់ដាំដុះឱ្យស្របទៅនិងស្ថានភាពភូមិសាស្រ្ត ដែលអំណោយផល
ពីធម្មជាតិ។

ទីផ្សារអង្ករដែលប្រជាកសិករកម្ពុជាលក់ចេញនោះគឺទៅទីផ្សារក្នុងស្រុក
និងក្រៅប្រទេសដូចជាវៀតណាមនិងថៃ។ សូមបញ្ជាក់ថា រយៈពេលកន្លង
មកប្រទេស Qatar នៅមជ្ឈឹមបូព៌ា និង បណ្តាប្រទេសមួយចំនួន ក្នុងទ្វីប
អាហ្រ្វិកក៏ចង់ទិញអង្ករពីកម្ពុជាដែរ។

គេសង្កេតឃើញប្រជាកសិករខ្មែរភាគច្រើននៅខ្វះការយល់ដឹងអំពីវិបត្តិនៃ
ជីគីមី ដោយសារពួកគេខ្លះរស់នៅក្នុងតំបន់ដាច់ស្រយាលមិនអាចទទួល
បានព័ត៌មានហើយខ្លះទៀតខ្វះខាតការទទួលបានការបណ្តុះបណ្តាលពី
បច្ចេកទេសក្នុងការបង្កើតជីធម្មជាតិនិងជីកំប៉ុស។ ហើយបញ្ហាមួយទៀត
គឺ កសិករមួយចំនួនមិនសូវយល់និងមិនចេះវិធីប្រើជីគីមី ដោយសារ
ផលិតផលជីគីមីមួយចំនួនសរសេររបៀបប្រើជាភាសាបរទេស។

កសិករខ្លះនិយាយថា ការធ្វើជីកំប៉ុសឬជីធម្មជាតិត្រូវការចំណាយពេល
ធ្វើយូរជាងការប្រើជីគីមី។ ជីគីមីភាគច្រើនមានលក្ខណៈជាជីគ្រាប់ឬម្សៅ
ដែលកសិករងាយស្រួលយកទៅបាចព្រោះក្នុងដីស្រែរបស់គេ ។

រីឯកសិករខ្លះទៀតនិយាយថា ដោយសារពួកគេត្រូវការផលស្រូវច្រើន
ដើម្បីផ្គត់ផ្គង់គ្រួសារ ហើយម្យ៉ាងទៀតវាមានភាពងាយស្រួលក្នុងការប្រើ
ប្រាស់ផងនោះ ដូចច្នេះគេត្រូវសំរេចចិត្តប្រើជីគីមី។

ក៏ប៉ុន្តែកសិករមួយចំនួនដែលទើបចាប់ផ្តើមប្រើផលិតផលជីថ្មីម្យ៉ាងដែល
ទើបនាំចូលក្នុងប្រទេសកម្ពុជា ហើយដែលអ្នកលក់ជីនោះអះអាងថា វា
មានលក្ខណៈធម្មជាតិ ដែលផ្សំឡើងពីរូបមន្តជីវចម្រុះសុទ្ធសាធ។

អ្នកស្រីព្រាប ស៊ី កសិករក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងមានប្រសាសន៍
ថា សព្វថ្ងៃនេះអ្នកស្រីកំពុងប្រើជីថ្មីម្យ៉ាងនោះឈ្មោះ ជី Bio1 ជាជីនាំចូល
ពីសហរដ្ឋអាមេរិកដើម្បីដាក់ស្រែរបស់គាត់។ អ្នកស្រីនិយាយថា អ្នកស្រី
បានប្រើជីនោះជាងមួយរដូវហើយ ហើយឃើញថា ដីស្រែរបស់អ្នកស្រីធូរ
ជាងមុន និងមិនសូវមានសត្វល្អិតស៊ីស្រូវថែមទៀត។

“ជីហ្នឹងប្រើទៅមានគុណភាពល្អតើលោកគ្រូ។ បើសិនគេជាវប្រើហ្នឹងល្អ
មែនទែន ដីវាធូរ ហើយស្រូវក៏មិនសូវមានសត្វល្អិតស៊ីទេ។ ជីហ្នឹងហ្អឹ ទើប
នឹងប្រើបានពីររដូវហ្នឹងលោកគ្រូ”។

ជី Bio1នេះផលិតនៅរដ្ឋ Texas ដែលទើបយកទៅលក់ក្នុងប្រទេសកម្ពុជា
ជាលើកដំបូង ក្រោយពីមានក្រុមចុះសិក្សាស្រាវជា្រវអំពីវិស័យកសិកម្មក្នុង
ប្រទេសកម្ពុជារយៈពេលពីរឆ្នាំរួចមក។

ភ្នាក់ងារលក់ជី Bio1 លោក យ៉ុង សូដារ៉ូ បានបង្ហាញអំពីផលប្រយោជន៍
នៃការប្រើជីនោះយ៉ាងដូច្នេះថា៖

“ជីហ្នឹងគឺជាជីជីវចម្រុះមួយពួក ដែលធ្វើឱ្យដីយើងដែលមានមេរោគច្រើន
ហ្នឹង គឺវាអាចទប់ទល់បានទាំងអស់។ វាកំចាត់បានទាំងអស់បាទ ដូចជា
កា្រដូចជាអីហ្នឹង ពិសេស ដូចជាសត្វមមាចត្នោតនៅប្រទេសកម្ពុជាយើង
ហ្នឹងមានច្រើនជាងគេ។ ហើយជី Bio1 ហ្នឹងវាទប់ទល់បានទាំងអស់”។

ជីនោះជាប្រភេទជីទឹក ក្នុងមួយលីត្រតម្លៃ១២០.៣០០រៀល ស្មើនិង៣០
ដុល្លារអាមេរិកាំង ដោយប្រើលាយជាមួយទឹកនិងស្ករត្នោត។

លោក យុងដារ៉ូ បានពន្យល់អំពីវិធីប្រើជីនោះថា៖

“គឺយើងយកជី Bio1មួយលីត្រហ្នឹង គឺយើងយកទៅលាយទឹកមួយរយលីត្រ
ហើយបន្ទាប់ពីលាយទឹកមួយរយលីត្រហ្នឹង យើងយកស្ករត្នោតពីរគីឡូក្រាម
កូរវាឱ្យសព្វ ហើយចាំយើងយកជី Bio1ហ្នឹងទៅចាក់ចូលក្នុងទឹក១០០លីត្រ
ហ្នឹងតែម្តង ហើយទុក៤៨ម៉ោង ហើយក្រោយពី៤៨ម៉ោង គេអាចយកទៅ
បាញ់លើផ្ទៃដីមួយ ហិចតាបាន”។

ជីនេះគេឃើញលក់ដាច់ខ្លាំងនៅតាមបណ្តាខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ
តាកែវ និងនៅតាមចំការកៅស៊ូក្នុងខេត្តកំពង់ចាមមួយចំនួនផងដែរ។ ហើយ
ផលដំណាំបានមកពីការប្រើជី Bio1មានលក្ខណៈខុសគ្នាខ្លាំងពីការប្រើជីគីមី ។

ប៉ុន្តែអ្នកស្រី ព្រាប ស៊ី និយាយថា អ្នកភូមិខ្លះត្អូញត្អែរថា ជីនោះពិបាកប្រើដោយ
សារជីនោះជាជីទឹក ដែលគេពិបាកបាញ់ទៅក្នុងស្រែជាងការប្រើជីគ្រាប់ៗ។

“សាកប្រើទៅវាដូចមានគុណភាពល្អដែរលោកគ្រូ ប៉ុន្តែប្រជាជនច្រើនថា ជី
ទឹកហ្នឹងខ្ជិលដើរបាញ់ ភាគច្រើនវាអញ្ចឹងហ្ន។ ចង់បានដូចថា ធ្វើជាគ្រាប់ឬ
មួយជាម្សៅ លាយជាមួយជីគីមីអីទៅហ្ន លោកគ្រូ។ ប្រជាជនច្រើនថា ដើរ
បាញ់ គេថា គេខ្ជិលស្ពាយធុងដើរបាញ់ ដោយសារមួយហិចតាត្រូវប្រើច្រើន
ធុង”។

ចំណែកឯលោក សិន កុសល ជាគណៈគ្រប់គ្រងអាជីវកម្មចំការកៅស៊ូរតាប៉ាវ
ក្នុងភូមិពុកថ្មី ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាមមានប្រសាសន៍ថា
កន្លងមកលោកបានប្រើជីគីមីNPKនិងជីធម្មជាតិដែរ តែលោកពុំសូវបានទទួល
ទិន្នផលល្អនោះឡើយ។

សព្វថ្ងៃនេះ លោកបានសាកល្បងប្រើជី Bio1លើដំណាំចំការកៅស៊ូចំនួនបី
ហិចតាក្នុងចំណោមចំការកៅស៊ូរបស់លោកចំនួនជាង២៥០០ហិចតា។ លោក
បានពណ៌នាអំពីភាពវិវឌ្ឍន៍នៃការប្រើជីនោះយ៉ាងដូច្នេះថា៖

“ដល់ពេលអញ្ចឹង ខ្ញុំដាក់នៅលើកៅស៊ូ ទីមួយកៅស៊ូថែទាំ ឃើញថា ក្នុងមួយ
ខែ រីកដើមទំហំ 0,2mm បាទ បានន័យថា ក្នុងមួយខែ វារីកមាឌ ហើយនិង
ស្លឹក។ នៅស្លឹកហ្នឹងប្រែពណ៌ខុសពីជីធម្មតាដែលយើងដាក់កន្លងៗមកហ្នឹង
ឃើញថា បានល្អ”។

ការប្រើជីធម្មជាតិនិងជីគីមីសំរាប់ដំណាំកសិឧស្សាហកម្មហាក់ដូចជាមិន
សូវផ្តល់ផលគ្រប់គ្រាន់ទៅលើភោគផលដំណាំរបស់កសិករ ដូចការប្រើជី
ថ្មីនេះឡើយ។

លោក កុសល និយាយថា ការប្រើជី Bio 1 នេះអាចធ្វើអោយបង្កើនទឹកជ័រ
កៅស៊ូរបស់លោកបានច្រើននិងមានគុណភាពល្អ។

“អញ្ចឹងខ្ញុំចង់បានទិន្នផល ទីមួយទិន្នផលលើជ័រទឹកបាទ។ អញ្ចឹងជ័រទឹកហ្នឹង
វាមានសារធាតុច្រើនយ៉ាងរួមផ្សំ មានច្រើនមុខណាស់ មានទាំងជាតិស្ករ មាន
ជាតិ ម៉ាញេស្យូម កាល់ស្យូមអី អញ្ចឹងបាទ។ គ្រប់ប្រភេទនៅក្នុងទឹកជ័រហ្នឹង
បាទ ។ អញ្ចឹង យើងចាំបាច់ត្រូវជ្រើសរើសដើម្បីរួមផ្សំបាទ ដើម្បីបង្កើនការ
ផលិតទឹកជ័រចេញពីដើមកៅស៊ូហ្នឹង។វាធ្វើឱ្យយើងដល់ការកែច្នៃបាទ។អញ្ចឹង
ហើយអាការដែលដាក់ជី Bio1យកមកពិសោធន៍ទឹកជ័រឃើញថា គុណភាព
ទឹកជ័របានល្អជាងជីធម្មជាតិផ្សេងៗដែលខ្ញុំដាក់កន្លងមក”។

លោក អ៊ុង ស៊ីនណារ៉ា ដែលជាអ្នកនាំជី Bio1នេះពីសហរដ្ឋអាមេរិកយកទៅ
លក់នៅកម្ពុជាមានប្រសាសន៍ថា កសិករកម្ពុជាភាគច្រើនប្រើជីគីមីដែលធ្វើ
ឱ្យដីឡើងរឹង ខ្លោចស្រូវ ពិបាកទប់ទល់និងភាពរាំងស្ងួត សម្បូរសត្វល្អិតចង្រៃ
កម្រៃជីគីមីថ្លៃ និងបញ្ហាផ្សេងៗមួយចំនួនទៀត។

លោកនិយាយថា កាលណាកសិករប្រើជី Bio1នោះវាអាចកាត់បន្ថយការប្រើ
ជីគីមី ពី៧៥% ទៅ ១០០% និងកាត់បន្ថយថ្នាំបាញ់សម្លាប់សត្វល្អិត។

“នៅកន្លែងដែលយើងដាក់ហ្នឹងឃើញថា ឡើងតោន ហើយកន្លែងខ្លះឡើង
តោនដល់ទៅ១០០%ផង ពីមួយតោនកន្លះទៅបីតោន។ ហើយទប់ទល់និង
រាំងស្ងួតដល់ទៅ៦អាទិត្យ ហើយធ្វើឱ្យគុណភាពអង្ករហ្នុង វាល្អ វាតាន់ហើយ
ធ្ងន់ជាងធម្មតា”។

ជីនោះកំពុងត្រូវបានគេប្រើក្នុងសហរដ្ឋអាមេរិក ទ្វីបអាមេរិកខាងត្បូង ទ្វីប
អឺរ៉ុប រីឯកម្ពុជាវិញ គឺជាលើកដំបូងហើយដែលជីនេះបាននាំចូលមកលក់។

លោកស៊ីន ណារ៉ាបានមានប្រសាសន៍ថា ជីនោះបង្កើតឡើងដោយការរួមផ្សំ
ដោយវត្ថុធាតុដើមពីជីវចម្រុះសុទ្ធសាធដែលបង្កើតឡើងក្នុងមន្ទីរពិសោធន៍។

“ជីវចម្រុះគ្រប់យ៉ាង មានជីវចម្រុះ ដែលទាញជាតិអាស៊ូតចូលទៅក្នុងដី។
មានជីវចម្រុះ ដែលធ្វើការជាមួយឫសដើម្បីឱ្យឫសហ្នឹងទទួលជីវជាតិបាន
ល្អ មានជីវចម្រុះដែលបង្កើតសំណើមក្នុងដី កុំឱ្យដំណាំហ្នឹងឆាប់ងាប់ ដើម្បី
មានសំណើមបន្តិចៗហ្នឹង។ ដូច្នេះដោយសារគេសិក្សាពីជីវចម្រុះហ្នឹងហើយ
ទើបបានគេបង្កើតបានទៅជាជី អត់មានជាតិគីមីអីបន្តិចទេ។ អាហ្នឹង អញ្ចឹង
ឯង វាជារបៀបគិតថ្មីទាំងអស់”។

ផ្ទៃដីស្រុកខែ្មរសំរាប់កសិកម្មមានចំនួន៥លានគីឡូមែត្រការ៉េ ។ ផ្ទៃដីចំនួន
២,៥លានគីឡូមែត្រការ៉េសំរាប់ធ្វើស្រែ និង២,៥លានគីឡូមែត្រការ៉េទៀត
សំរាប់ធ្វើចំការ។

ប្រសិនបើប្រជាពលរដ្ឋធ្វើកសិកម្មដោយប្រើជីធម្មជាតិ និងជីកំប៉ុសទាំងអស់
គ្នា នោះគេនឹងមិនអាចមានលាមកគោ រុក្ខជាតិ និងធនធានផ្សេងៗឯទៀត
ឱ្យបានគ្រប់គា្រន់យកមកប្រើសំរាប់ដំណាំរបស់គេបានឡើយ។

ម្យ៉ាងទៀតគេឃើញមានក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជាសព្វថ្ងៃកំពុងប្រមូល
ទិញលាមកគោយកមកដាក់ដំណាំរបស់គេជាច្រើនពាន់ហិចតាផងដែរ ហេតុ
ដូច្នេះវាបានធ្វើឱ្យខ្វះលាមកគោ និងលាមកសត្វផ្សេងៗ។

លោក ស៊ីណារ៉ា មានប្រសាសន៍ថា កម្ពុជាអាចខ្វះកំប៉ុសឬជីធម្មជាតិ ប្រសិន
បើគេប្រើជីបែបនេះទាំងអស់គ្នានោះ ៖

“ម៉្លោះហើយបើយើងដាក់ជីទាំងអស់គ្នា យើងអត់មានធនធានមកប្រើទេ។ ដីស្រែដាក់បួនតោនអាចម៍គោលាយអាចម៍មាន់អី ម៉្លោះហើយនៅពេលដែល
យើងប្រាប់គ្នាឱ្យប្រើទាំងអស់គ្នាទៅ គេចាប់ផ្តើមទិញអាចម៍គោ ហ៎ ប្រមូល
អាចម៍គោ ហ៎ ម្លោះហើយចាប់ផ្តើមខ្វះ ហើយកាប់កន្ត្រាំងខែតធ្វើកំប៉ុសអី ក៏
ខ្វះដែរ”។

ទិន្នផលស្រូវក្នុងប្រទេសកម្ពុជាមានកំរិតទាប បើប្រៀបធៀបទៅនឹងបណ្តា
ប្រទេសជិតខាង ដូចជាថៃ និង វៀតណាម ឬចិនជាដើម។

ប្រទេសចិនផលិតស្រូវបាន៦តោនកន្លះក្នុងមួយហិចតា។ វៀតណាមផលិត
បាន៤,៨តោនក្នុងមួយហិចតា។ ថៃផលិតបាន៤,៧តោនក្នុងមួយហិចតា
រីឯកម្ពុជាផលិត២,៦តោនក្នុងមួយហិចតា។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្មក្នុងឆ្នាំ២០០៧ដល់២០០៨។ ចំណែក
ឯសហរដ្ឋអាមេរិកវិញទិន្នផលស្រូវបាន៧,៧តោនក្នុងមួយហិចតា។

ក្រុមអ្នកជំនាញនិយាយថា ក្រៅពីការប្រើផលិតផលជីផ្សេងៗសំរាប់ដាំដំណាំ
នោះ ពួកគេក៏បានស្នើឱ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធគ្រប់គ្រងទឹកឱ្យបានច្បាស់
លាស់។ បង្កើតប្រព័ន្ធធារាសាស្រ្តឱ្យបានច្រើន ចុះត្រួតពិនិត្យនិងពិសោធន៍
ដំណាំស្រូវ ឬគុណភាពដីស្រែរបស់ប្រជាកសិករឱ្យបានញឹកញាប់ បង្កើត
ស្ថាប័នសង្គ្រោះបន្ទាន់ដ៏មានប្រសិទ្ធិភាពសំរាប់គ្រាដែលកសិករជួបប្រទះ
គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងធានាឱ្យមានទីផ្សារច្បាស់លាស់។

គេនិយាយថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈធ្វើដូច្នោះបាន នោះប្រជាពលរដ្ឋ
និងអាចបង្កើនការធ្វើស្រែ ដើម្បីឱ្យបានទិន្នផលខ្ពស់សំរាប់ផ្គត់ផ្គង់ជីវភាព
ប្រជាពលរដ្ឋក្នុងប្រទេស ហើយថែមទាំងអាចនាំចេញទៅលក់នៅបរទេស
បានច្រើនទៀតផង។ កត្តាទាំងអស់នេះជាជំនួយសំរាប់រដ្ឋាភិបាលកម្ពុជា
ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសរបស់ខ្លួន៕ ចប់