៣៦៥ថ្ងៃក្រោយពីមានឃាតកម្មសម្លាប់លោកឃឹម សំបូរមកនោះ សារព័ត៌មានមនសិកាខ្មែរ ដែលលោកបានសរសេរអត្ថបទអំពីអំពើពុករលួយ អយុត្តិធម៌សង្គមជាដើម កាលពីលោកនៅរស់នោះ បានបាត់មុខពីតូបលក់កាសែតនៅកម្ពុជា តាំងពីថ្ងៃសុក្រមក។
មកដល់ថ្ងៃនេះគឺ៣៦៧ថ្ងៃបានកន្លងផុតទៅយ៉ាងយឺតៗសម្រាប់អ្នករង់ចាំយុត្តិធម៌ ក៏ប៉ុន្តែអាជ្ញាធរមិនទាន់រកឃើញឃាតករនៅឡើយផ្ទុយទៅវិញអនាគតសារព័ត៌មាននេះប្រហែលជាត្រូវអស់ជីវិតទៅវិញ។
កាលពីថ្ងៃសៅរ៍នេះ គឺ៣៦៥ថ្ងៃក្រោយពីមានឃាតកម្មសម្លាប់លោកឃឹម សំបូរមក លោកដាំ សិទ្ធិ ចាងហ្វាងនិងជានិពន្ធនាយកសារព័ត៌មានមនសិកាខ្មែរបានសុំមិនធ្វើអត្ថាធិប្បាយអំពីខួបមួយឆ្នាំនៃឃាតកម្មសម្លាប់លោកឃឹម សំបូរនិងអំពីអនាគតសារព័ត៌មានរបស់លោកទេ។ សូម្បីសម្លេងរបស់លោកដែលសុំមិនធ្វើអត្ថាធិប្បាយនោះ ក៏លោកសុំមិនឲ្យចាក់ផ្សាយដែរ។ លោកនិយាយថា"ពីព្រោះខ្ញុំកំពុងជួបការលំបាក"។
ក្រោយពីបានបោះពុម្ពផ្សាយជាង១០ឆ្នាំ និងប្រឈមមុខការវាយប្រហារក្រៅច្បាប់ផង និងក្នុងប្រព័ន្ធតុលាការផងនោះ លោកដាំ សិទ្ធិបានសរសេរលិខិតអរគុណលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានធានាឲ្យលោកនៅក្រៅឃុំ ហើយលោកបានសន្យាឈប់ចេញផ្សាយសារព័ត៌មាននេះទៀត។ អ្នកយកព័ត៌មានដែលធ្លាប់ធ្វើការឲ្យកាសែតរបស់លោក១០ឆ្នាំកន្លងមកនេះធ្លាប់បានរងរបួស ស្លាប់ ជាប់ឃុំឃាំងជាដើម។
បច្ចុប្បន្ននេះបុគ្គលិកខ្លះរបស់សារព័ត៌មាននេះបានបាត់បង់ការងារ ហើយខ្លះទៀតត្រូវបង្ខំចិត្តទៅធ្វើការនៅសារព័ត៌មានផ្សេង។
លោកវង្ស សុភ័ក្ស អតីតអ្នកយកព័ត៌មាននៃសារព័ត៌មានមនសិកាខ្មែរ បាននិយាយថា លោកមានការភិតភ័យ តក់ស្លុតយ៉ាងខ្លាំង ក្រោយពីមានឃាតកម្មសម្លាប់លោកឃឹម សំបូរ។ លោកនិយាយថា "មានអារម្មណ៍ភ័យគ្រប់ពេលវេលា។ បើយើងភ័យខ្លាំងពេក យើងធ្វើការអត់កើត ចេះតែទុកការភ័យព្រួយមួយឡែកសិនទៅ។ មានអារម្មណ៍តក់ស្លុតពីសន្តិសុខ សុវត្ថិភាពខ្លួនឯងដែរហ្នឹងណា ដូចជាខ្លាចជួបរឿងអាក្រក់ ដូចបងសំបូរ និងកូនគាត់ដែរ ពីព្រោះសន្តិសុខសម្រាប់អ្នកកាសែត វាផុយស្រួយពេក"។
លោកបន្ថែមថា នៅពេលជួបគ្នា អតីតអ្នកយកព័ត៌មានសម្រាប់សារព័ត៌មានមនសិកាខ្មែរ តែងតែសួរអ្នករួមវិជ្ជាវរកការងារនៅអង្គការព័ត៌មានផ្សេងទៀត។ លោកនិយាយថា ការបិទសារព័ត៌មាននេះនាំឲ្យប្រជាជនបាត់ព័ត៌មានមួយផ្នែកធំ។
លោកនិយាយថា "ហឺ ចេះតែខំស្វែងរកការងារធ្វើរៀងខ្លួនទៅ ពួកហ្នឹង ពេលជួបគ្នា។ សោកស្តាយដែលប្រជាពលរដ្ឋបាត់ព័ត៌មានមួយផ្នែកធំទៅណា៎។ ធម្មតាសង្គមប្រជាធិបតេយ្យត្រូវមានការរិះគន់ស្ថាបនា។ បើមិនមានអ្នករិះគន់ស្ថាបនាទេ មិនអាចធ្វើឲ្យសង្គមដើរទៅមុខរលូនទេ"។
ពីរសប្តាហ៍មុនលោក និងកូនប្រុសរបស់លោកអាយុ២១ឆ្នាំត្រូវឃាតករបាញ់សម្លាប់នោះ លោកឃឹម សំបូរ ដែលប្រើរហសនាមថា ស្រីកាបានសរសេរអត្ថបទព័ត៌មានដែលថា នៅថ្ងៃទី២៥ ខែមិថុនា មន្ត្រីប៉ូលិសកំពូលម្នាក់បានចាញ់ល្បែងនៅកាស៊ីណូ Le Macau Casino and Hotel ក្នុងស្រុកបាវិត ក្បែរ
ព្រំដែនវៀតណាម ចាញ់អស់ខោអស់អាវ។ ក្រោយពីចាញ់អស់១០ម៉ឺនដុល្លារកាស៊ីណូបានសងវិញ៥ម៉ឺនដុល្លារ។ មេប៉ូលិសនេះបានលេងអស់៥ម៉ឺននេះទៀត ព្រមទាំងបង្ខំខ្ចីលុយកាស៊ីណូថែមទៀត។ នៅពេលបុគ្គលិកកាស៊ីណូមិនព្រមឲ្យខ្ចី មេប៉ូលិសនេះបានគំរាមឲ្យកូនចៅរបស់លោកចាប់ខ្លួន។
ក្រោយពីមានឃាតកម្មសម្លាប់លោកឃឹម សំបូរ និងកូនប្រុសកាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០០៨មកនោះ Reporters Without Borders បានជំរុញឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតឃាតកម្មបាញ់សម្លាប់លោកឃឹម សំបូរ ពីព្រោះមានរបាយការណ៍ព័ត៌មាន
សង្ស័យថា អតីតអគ្គស្នងការប៉ូលិសជាតិ លោកហុក ឡងឌី ប្រហែលនៅពីក្រោយឃាតកម្មនោះ ហើយថា ប៉ូលិសបិទបាំងករណីនេះ។ អ្នកសារព័ត៌មានខ្លះនិងសកម្មជនសិទ្ធិមនុស្សបានទទួលព័ត៌មានដែលគួរទុកចិត្តបានថា លោកហុក ឡងឌី ប្រហែលជាប់ទាក់ទងនឹងឃាតកម្មនេះ។
ភ្នាក់ងារ FBI បានចុះទៅធ្វើការជាមួយមន្ត្រីកម្ពុជា ស៊ើបអង្កេតរឿងនេះជាងពីរសប្តាហ៍ ប៉ុន្តែមិនទាន់បង្ហាញលទ្ធផលទេ។ កាលណោះមានការអំពាវនាវឲ្យFBIបង្ហាញលទ្ធផលស៊ើបអង្កេតនោះ។ ភរិយារបស់លោកឃឹម សំបូរ និងកូនៗត្រូវបានអង្គការសិទ្ធិមនុស្សជួយនាំចេញពីប្រទេសកម្ពុជា ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកដែលនៅរស់។
ប្រហែល៥ខែក្រោយមកលោកហុក ឡងឌី អតីតអគ្គស្នងការប៉ូលិសជាតិ បានស្លាប់ក្នុងឧបត្តិហេតុធ្លាក់យន្តហោះបណ្តាលមកពីអាកាសធាតុ។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័ក្ស អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា រដ្ឋាភិបាលបានខិតខំស៊ើបអង្កេតឃាតកម្មនេះ ហើយថែមទាំងសហប្រតិបត្តិការជាមួយ FBI ទៀតផង។ ក៏ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយអំពីលទ្ធផលស៊ើបអង្កេតទេ។ លោកបានបដិសេធការសង្ស័យដែលថា ប៉ូលិលបិទបាំងសំណុំរឿងឃាតកម្មនេះ។
"មិនមែនអញ្ចឹងទេ មិនមែនអញ្ចឹងទេ ទោះជាពាក់ព័ន្ធអ្នកណាក៏ដោយ គឺយើងដំណើរការទៅទៀត។ បាទ ការស៊ើបអង្កេតកំពុងដំណើរការសុំអនុញ្ញាតមិនទាន់អាចជម្រាបជូនបានទេ បាទ"។
លោកបានបន្ថែមថា ការស៊ើបអង្កេតមានការលំបាក ដោយសារខ្វះកិច្ចសហប្រតិបត្តិការពីសាច់ញាតិ ដែលបានចាកចេញពីកម្ពុជាទៅហើយនោះ។
"ដោយសារអវត្តមានពីគ្រួសារ យើងគ្មានការសហការពីគ្រួសារជនរងគ្រោះធ្វើឲ្យការស៊ើបអង្កតរបស់យើងជួបការលំបាក។ សំណុំរឿងហ្នឹងមិនបិទទេ។ យើងដំណើរការទៅទៀត។ ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចយើងនៅតែដំណើរការការស៊ើបអង្កេត"។
លោកចាន់ សូវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស អាដហុកដែលបានចុះទៅស៊ើបអង្កេតផ្ទាល់នៅកន្លែងតំកល់សព និងកន្លែងឃាតកម្មបានសម្តែងការខកចិត្តជាខ្លាំងអំពីនិទណ្ឌភាពនៅកម្ពុជាដែលកំពុងកើនឡើងនេះ។
"វាធ្វើឲ្យស្ថានការណ៍ហ្នឹងឆ្លុះបញ្ចាំងពីនិទណ្ឌភាពនៅក្នុងស្រុកយើង ជុំវិញបញ្ហាបាញ់សម្លាប់អ្នកកាសែត អ្នកសារព័ត៌មានផ្សេងៗ។ ហើយនិទណ្ឌភាពៅក្នុងស្រុកខ្មែរយើងហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃចេះតែគរទៅៗ។ យើងមានការព្រួយបារម្ភដែរចំពោះបញ្ហាហ្នឹង ក្រោយពីស្លាប់ហើយស្ងាត់ៗ"។
លោករំឭកថា អ្វីដែលគួរឲ្យតក់ស្លុតនោះគឺឃាតករមិនបានញញើតអាជ្ញាធរទេ។ គេហ៊ានវិលត្រឡប់ទៅផ្តាច់ជីវិតកូនប្រុសរបស់លោកឃឹម សំបូរដែលរងរបួសក្នុងការបាញ់ប្រហារលើកទីមួយនោះ។
លោកចាន់ សូវ៉េតបន្តថា លោកមិនអស់ចិត្តទេ ដែលប៉ូលិសមិនទាន់រកឃើញឃាតករសម្លាប់លោកឃឹម សំបូរផង បែរជាសារព័ត៌មានមនសិកាខ្មែររបស់លោកបាត់មុខពីតូបលក់សារព័ត៌មានទៅវិញ។ និទណ្ឌភាពធ្ងន់ធ្ងរបែបនេះមានឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងចំពោះសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាននិងលទ្ធិប្រជាធិបតេយ្យ៕ ចប់