ភ្នំពេញ — ជម្លោះនយោបាយរ៉ាំរ៉ៃក្នុងប្រទេសកម្ពុជាបានធ្វើឲ្យប្រជាពលរដ្ឋមានការធុញទ្រាន់។ ប្រជាពលរដ្ឋមួយចំនួនយល់ថា ទំនាស់នយោបាយដែលកំពុងកើតឡើងក្នុងពេលនេះ មិនបានផ្តល់ផលចំណេញដល់ប្រជាជននោះទេ។
អ្នកវិភាគវាយតម្លៃថា ការអូសបន្លាយនៃការខ្វែងគំនិតផ្នែកនយោបាយនឹងនាំឲ្យមានវិបត្តិកើតឡើងក្នុងពេលខាងមុខ។ ហើយព្រះរាជអន្តរាគមពីព្រះមហាក្សត្រនិងការរកដំណោះស្រាយរវាងអ្នកនយោបាយខ្មែរខ្លួនឯងគឺជាកត្តាចាំបាច់ដើម្បីរកច្រកចេញពីវិបត្តិ។
តើមានពេលណាខ្លះដែលអ្នកនយោបាយកម្ពុជាមិនបានឈ្លោះប្រកែកគ្នា ចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣មក?
ចម្លើយ៖ ប្រហែលជាមានពេលតិចតួចណាស់ដែលអ្នកនយោបាយខ្មែរមុខរីកដាក់គ្នា ចេះឱបរឹតគ្នា ចេះចាប់ដៃគ្នារលាក់ និងចេះអង្គុយផឹកតែជាមួយគ្នា ដោយមិនប្រកាន់និន្នាការបក្ស ឬនិន្នាការនយោបាយ។
ក្នុងរយៈពេល២៦ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៣មក មានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួនប្រាំមួយលើក។ ប៉ុន្តែរាល់ពេលបោះឆ្នោតម្តងៗ អំពើហិង្សានិងជម្លោះតែងតែកើតមានមិនចេះដាច់ និងអូសបន្លាយទៀតផង។
ជាក់ស្តែង ផលវិបាកនៃជម្លោះនយោបាយមុននិងក្រោយការបោះឆ្នោតឆ្នាំ២០១៨ បានអូសបន្លាយរហូតដល់ជិតដំណាច់ឆ្នាំ២០១៩ នេះ នៅតែមិនទាន់មានពន្លឺអំពីការធូរស្រាលបែបណានៅឡើយ។
ពលរដ្ឋធុញទ្រាន់
ក្រុមប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលវីអូអេបានជួបសម្ភាសន៍នៅក្នុងសប្តាហ៍នេះ សុទ្ធតែបង្ហាញពីភាពនឿយហត់ចំពោះជម្លោះនយោបាយដែលនៅវិលវល់។
លោកប៊ុន ហេង កំពុងឈប់សំចតរ៉ឺម៉កកង់បីរបស់គាត់ ដើម្បីរង់ចាំអតិថិជន លើកំណាត់ផ្លូវមួយក្នុងខណ្ឌទួលគោក។
«គិតទៅនយោបាយនៅក្នុងប្រទេសយើង ដូចជាអត់មានប្រយោជន៍អីឲ្យប្រជាជន»។
មានដើមកំណើតនៅខេត្តកំពង់ចាម ប៊ុន ហេង ឆ្លៀតតាមដានជម្លោះនយោបាយម្តងម្កាល បើទោះជាគាត់មានអារម្មណ៍ធុញក៏ដោយ។
«យើងធុញហើយ តែយើងជាប្រជាពលរដ្ឋមិនដឹងធ្វើអ្វីចេញ។ សំខាន់គ្រាន់តែស្តាប់ៗទៅ ទោះជាដឹងថាអត់ប្រយោជន៍»។
ជម្លោះនយោបាយក្នុងប្រទេសកម្ពុជាជាចុងក្រោយបានចាប់ផ្តើមក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ និងមានសក្តានុពលជាងគេក្នុងចំណោមបក្សប្រឆាំងដទៃទៀត ត្រូវតុលាការកំពូលរំលាយចោល។ ហើយអ្នកនយោបាយចំនួន១០៨នាក់របស់គណបក្សនេះត្រូវហាមប្រាមមិនឲ្យធ្វើនយោបាយ ប៉ុន្តែក្រោយមកពួកគេត្រូវអនុញ្ញាតឲ្យធ្វើនយោបាយវិញ ក្រោមលក្ខខណ្ឌឲ្យធ្វើលិខិតស្នើសុំជាក្រុមទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាគូប្រជែង។
លោកសម រង្ស៊ី អតីតប្រធានគណបក្សនេះបានភៀសខ្លួនចេញទៅក្រៅប្រទេសដើម្បីគេចខ្លួនពីការតាមចាប់ខ្លួនពីតុលាការ។ ដោយឡែកលោកកឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិបន្ទាប់ពីលោកសម រង្ស៊ី បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះក្រោមការឃ្លាំមើលរបស់តុលាការ ក្រោមការចោទប្រកាន់ទាក់ទងនឹងបទ«ក្បត់ជាតិ»។
លោកប៊ុន ហេង លើកឡើងថា ប្រជាពលរដ្ឋមិនត្រូវការជម្លោះនយោបាយបែបនេះឡើយ។
«សំខាន់ប្រជាជនត្រូវការសេដ្ឋកិច្ចរីកចម្រើន ត្រូវការប្រាក់ចំណូលប្រជាជនមានការកើនឡើង ឲ្យប្រទេសជាតិរីកចម្រើន។ និយាយរួមឲ្យ (រដ្ឋាភិបាល) គិតគូរឿងសេដ្ឋកិច្ចឲ្យខ្លាំង»។
ផលប៉ះពាល់ដល់សេដ្ឋកិច្ច
ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើវិស័យវាយនភន្ត ដូចជាវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង វិស័យអចលនទ្រព្យនិងសំណង់ កសិកម្ម និងទេសចរណ៍។
ហើយយ៉ាងហោចណាស់ វិស័យពីរក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចទាំងនេះទទួលរងការគំរាមកំហែង។ នោះគឺវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយនៅខេត្តសៀមរាប ក្នុងរយៈពេលប្រាំបួនខែនៃឆ្នាំ២០១៩។ ខេត្តសៀមរាបដែលជាជង្រុកស្រូបយកទេសចរច្រើនបំផុតរបស់ប្រទេសកម្ពុជា។ ដំណាលគ្នានេះកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP។ ការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធទាំងពីរខាងលើអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា នេះបើយោងតាមអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស។ ក៏ប៉ុន្តែសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP។
ទោះជាយ៉ាងណា លក្ខខណ្ឌពីសហគមន៍អន្តរជាតិ ហាក់មិនទទួលបានផ្លែផ្កាទេ។ រដ្ឋាភិបាលបានអះអាងថា ខ្លួននឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ បន្ថែមពីនោះ សង្គ្រាមពាក្យសម្តីរវាងលោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ ជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តមិនឈប់ឈរ។ ហើយសង្គ្រាមនេះបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ដំណាលគ្នានោះរដ្ឋាភិបាលបានបង្កើនការចាប់ខ្លួននិងចោទប្រកាន់សកម្មជននិងអ្នកគាំទ្រអតីតគណបក្សប្រឆាំងនេះទ្រង់ទ្រាយធំ ជាពិសេសនៅពេលដែលថ្ងៃនៃមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា កាន់តែខិតជិតមកដល់។
លោក ប៊ុន ធឿន ជាជាងប៉ះកង់រថយន្ត និងម៉ូតូ ក្បែរលូទឹកស្អុយ ខណ្ឌចំការមន។ អ្នកខេត្តព្រៃវែងនេះ សង្កេតឃើញថា ការឈ្លោះគ្នារបស់អ្នកនយោបាយមិនត្រឹមតែមិនបាននាំផលចំណេញដល់ប្រជាជន ប៉ុន្តែថែមទាំងធ្វើឲ្យប្រជាជនមានកង្វល់ជាប់ជានិច្ច។
«យើងជាប្រជាពលរដ្ឋមិនចង់ឲ្យអ្នកនយោបាយឈ្លោះគ្នាទេ។ យើងចង់ឲ្យតែត្រូវគ្នាទេដើម្បីមានការរីកចម្រើន។ អ្នកនយោបាយឈ្លោះគ្នា យើងក៏មិនសូវសប្បាយចិត្ត ការងាររកស៊ីក៏មិនបានស្រួល»។
អ្នកស្រី សេង សុផាន់នី ជាអ្នកមានដើមកំណើតក្នុងក្រុងភ្នំពេញ។ ស្ត្រីជាម្តាយកូនពីររូបនេះ ប្រកបមុខរបរលក់ដូរតូចល្មមនៅផ្ទះផ្ទាល់ខ្លួន។
«បើ (អ្នកនយោបាយ) អត់ឈ្លោះគ្នា ប្រទេសជាតិរីកចម្រើន។ បានផលប្រយោជន៍ រកស៊ីក៏ស្រួល»។
«គ្មានគោលការណ៍សម្របសម្រួល»
ជម្លោះនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ត្រូវគេមើលឃើញថាកើតចេញពីការតវ៉ាលទ្ធផលបោះឆ្នោតភាគច្រើន។ ដោយឡែកជម្លោះលើកនេះ គឺជាបច្ច័យដែលកើតចេញពីការរំលាយគណបក្សសង្គ្រោះជាតិដើម្បីជម្រុះគណបក្សប្រឆាំងនេះចេញពីរង្វង់ការប្រជែងនយោបាយ។
សហគមន៍អន្តរជាតិបានទទួចឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់និតិសម្បទាគណបក្សនេះឡើងវិញ ក៏ប៉ុន្តែគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទំនងជាអាចផ្តល់ជម្រើសឲ្យមានការបង្កើតបក្សថ្មី ឬប្រើប្រាស់គណបក្សពីរដែលធ្លាប់មានស្រាប់ គឺគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី មុនពេលដែលគណបក្សទាំងពីរច្របាច់បញ្ចូលគ្នា។
ម្យ៉ាងវិញទៀត ក្នុងដំណើរនយោបាយបច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាទំនងជាជ្រើសរើសការបង្កើតឲ្យមានគណបក្សប្រឆាំងផ្សេងទៀតដែលអាចរិះគន់រដ្ឋាភិបាល និងផ្តល់គំនិតស្ថាបនា ប៉ុន្តែមិនមែនជាគណបក្សដែលគួរឲ្យគ្រោះថ្នាក់ក្នុងការប្រជែងអំណាច។
ដូច្នេះគោលជំហរបែបនេះទំនងជាបង្កើតឲ្យមានទស្សនវិស័យមិនស្របជាគ្នាជាមួយការគាំទ្រនិងការតស៊ូដើម្បីស្រោចស្រង់គណបក្សសង្គ្រោះជាតិឡើងវិញ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគមួយរូបក្នុងប្រទេសកម្ពុជា ប្រមើលមើលថាវិបត្តិអូសបន្លាយនៃនយោបាយកម្ពុជាបង្កឲ្យមានហានិភ័យដល់វិស័យសេដ្ឋកិច្ចនិងទេសចរណ៍។
«បង្កឲ្យមានភាពមិនទៀតទាត់ មិនទុកចិត្ត លើដំណើរការប្រព័ន្ធសេដ្ឋកិច្ច គឺវាប៉ះពាល់ដល់ជីវភាពរស់នៅ របររកស៊ីរបស់ប្រជាពលរដ្ឋ។ ហើយបើអាចនិយាយបាន គឺថាវិបត្តិនយោបាយប្រទេសកម្ពុជាសព្វថ្ងៃជាកត្តាមួយដែលប៉ះពាល់ដល់វិស័យទេសចរណ៍ គឺភ្ញៀវទេសចរបរទេស»។
ទោះជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកបកស្រាយថា មិនមានជម្លោះនយោបាយបែបណាមួយនៅប្រទេសកម្ពុជានោះទេ។
«ខ្ញុំយល់ថា នៅកម្ពុជាអត់មានជម្លោះនយោបាយទេ។ រឿងវិបត្តិនយោបាយក៏អត់មានដែរ ពីព្រោះប្រជាពលរដ្ឋទូទាំងប្រទេសនៅសុខសប្បាយរីករាយនៅក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលមានប្រជាជនជាង៨៣ភាគរយទៅបោះឆ្នោត»។
លោក សុខ ឥសាន បញ្ជាក់ថា រដ្ឋាភិបាលមានវិធានការណ៍ចំពោះក្រុមជនដែលមិនគោរពច្បាប់។
យ៉ាងក៏ដោយ លោកបណ្ឌិតឡៅ ម៉ុងហៃ បានបង្ហាញដំណោះស្រាយនយោបាយសព្វថ្ងៃដែលអាចប្រើប្រាស់បាននោះគឺតាមរយៈព្រះមហាក្សត្រដែលព្រះអង្គធ្លាប់បានធ្វើព្រះរាជអន្តរាគមក្នុងជម្លោះនយោបាយឆ្នាំ ២០១៣ និងការសម្របសម្រួលតាមរយៈការដោះលែងលោកកឹម សុខា។
ប៉ុន្តែ លោកសុខ ឥសាន បញ្ជាក់ថា គ្មានគោលការណ៍សម្របសម្រួល ឬចរចាបែបណាពីគណបក្សប្រជាជនទេ៕