អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជាសម្ដែងការខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលផ្ដល់ជ័យជម្នះដល់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ។
លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកានេះ បានបង្ហាញថាលោក ដូណាល់ ត្រាំ មហាសេដ្ឋីអចលនទ្រព្យ និងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានឈ្នះគូប្រជែងរបស់លោកគឺលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។
លោក ត្រាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនដែលមានលក្ខណ:ខុសប្លែកពីបេក្ខជនប្រធានាធិបតីដទៃៗទៀតដោយសារការនិយាយកុហក ការនិយាយស្ដីមិនសមរម្យ ការរើសអើងពូជសាសន៍និងស្ត្រី ការសង់ជញ្ជាំងព្រំប្រទល់ជាប់ប្រទេសម៉ិចស៊ិក និងបញ្ហាជាច្រើនទៀត។
គូប្រជែងរបស់លោក ដូណាល់ ត្រាំ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ខាងគណបក្សប្រជាធិបតេយ្យដែលជាអតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតស្ត្រីទី១ នៅពេលស្វាមីលោកស្រីគឺលោក Bill Clinton កាន់មុខតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះ ត្រូវបានគេទាយថា នឹងមានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងអាណត្តិនេះ។
ប៉ុន្តែ លោក ត្រាំ បែរជាទទួលបានប្រតិភូ២៨៨ ខណៈ:ដែលលោក ស្រី ហ៊ីលឡារី គ្លីនតុន ដែលជំពាក់ជំពិននឹងអំពើពុករលួយនិងការលុបចោលសារអេឡិចត្រូនិកផ្ទាល់ខ្លួន ទទួលបានប្រតិភូតែ២១៥។
នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនេះ បេក្ខជនដែលទទួលបានចំនួនប្រតិភូច្រើនជាងពាក់កណ្ដាលនៃចំនួនប្រតិភូសរុប៥៣៨ ពោលគឺចំនួន២៧០ឡើងទៅ គឺជាអ្នកឈ្នះ។
កាលពីថ្ងៃពុធ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានអញ្ជើញសមាជិកអង្គការក្រៅរដ្ឋាភិបាល សិស្សនិស្សិត និងអ្នកសារព័ត៌មានដើម្បីចូលរួមក្នុងការប្រារព្ធពិធីជួបជុំមួយដើម្បីរង់ចាំមើលលទ្ធផលនៃការបោះឆ្នោត។
នៅក្នុងកម្មវិធីជួបជុំនោះ អ្នកតាមដានការបោះឆ្នោតនេះតាមកញ្ចក់ទូរទស្សន៍ និងផ្ទាំងសំពត់សនៅស្ថានទូតអាមេរិកបានបង្ហាញពីការសប្បាយចិត្ត និងហ៊ោកញ្ជ្រៀវ នៅពេលដែលសំឡេងឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន មានការកើនឡើង។
ប៉ុន្តែ ពួកគេសម្ដែងការខកចិត្ត នៅពេលដែលសំឡេងឆ្នោតរបស់លោកស្រី មានការធ្លាក់ចុះ។
លោក អ៊ូ វីរ: ប្រធានវេទិកាអនាគត ដែលបានចូលរួមនៅក្នុងកម្មវិធីនៅស្ថានទូតអាមេរិកនោះ បានមានប្រសាសន៍ថា លោកមានការខកចិត្ត និងមានការព្រួយបារម្ភពីការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ។
«វាជាការខកចិត្តមួយ។ ជាទូទៅខ្ញុំមិនប្រកាន់គណបក្សមួយណាទេ។ វាមិនខុសគ្នាណាស់ណាទេគណបក្សទាំងពីរនេះ។ ប៉ុន្តែលោក ដូណាល់ ត្រាំ គាត់មានភាពឆេវឆាវ។ គាត់មានការមើលងាយស្ត្រី ហើយអ្វីដែលគាត់និយាយមកគឺកុហកកណ្តាលៗវាល»។
លោកបន្ថែមថា៖«ប្រសិនបើពិភពលោក គាត់បាត់បង់ការទុកចិត្តទៅលើសហរដ្ឋអាមេរិក វាអាចធ្វើឲ្យប្រទេសនិមួយៗហ្នឹង ទិញនូវសព្វាវុធ បញ្ចេញនូវសាច់ដុំទិញនុយក្លេអ៊ែរដើម្បីការពារខ្លួនរៀងៗខ្លួន»។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បាននិយាយថា លោកចង់ឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះជាប្រធានាធិបតី ដោយសារលោកស្រីយល់ពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ហើយលោកថា លោកស្រីអាចនឹងបន្តការងាររបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
លោកបន្តថា លោក ត្រាំ អាចនឹងព្រងើយកន្តើយនឹងបញ្ហាសិទ្ធិមនុស្សដែលជាបញ្ហាចម្បងនៅកម្ពុជា។
«ខ្លាចត្រាំ គាត់អត់បានយកចិត្តទុកដាក់ពេញលេញទៅលើបញ្ហាសិទ្ធិមនុស្សក្នុងពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលក្រីក្រ។ គាត់អាចនឹងកាត់ជំនួយមួយជំនួយ ព្រោះថាគាត់ត្រូវស្តាប្រទេសអាមេរិក»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺលោកស្រី ចក់ សុភាព ដែលបានចូលរួមក្នុងកម្មវិធីនៅស្ថានទូតដែរ បាននិយាយថា លោកស្រីចង់ឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះនៅក្នុងការបោះឆ្នោតនេះដោយសារលោកស្រី គ្លីនតុន ជាស្ត្រី។
លោកស្រី ក៏បានបន្តផងដែរថា ប្រសិនបើឈ្នះឆ្នោតនោះលោកស្រី គ្លីនតុន នឹងបន្តធ្វើការងារបន្តពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលមកពីគណបក្សប្រជាធិបតេយ្យ។
បន្ទាប់ពីការចេញលទ្ធផលបោះឆ្នោត លោកស្រីបានសរសេរនៅលើគេហទំព័រសង្គមរបស់លោកស្រីថា៖
«លទ្ធផលនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកថ្ងៃនេះ បានធ្វើឱ្យពលរដ្ឋជាច្រើនមានការភ្ញាក់ផ្អើល និងខកចិត្តផងដែរ ជាពិសេសសម្រាប់អ្នកទាំងឡាយដែលចង់ឃើញស្ត្រីនឹងក្លាយជាប្រធានាធិបតីដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក»។
លោកស្រីបានបន្ថែមថា ថ្វីបើឋិតក្នុងស្ថានការណ៍ ដែលពោរពេញដោយការភ្ញាក់ផ្អើល ភាពតានតឹង និងខកចិត្តយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាអាចរៀន និងដកពិសោធន៍ពីប្រព័ន្ធបោះឆ្នោតនៅសហរដ្ឋអាមេរិកដែលបេក្ខជនគ្រប់រូបអាចប្រកួតប្រជែងដោយស្មើភាពគ្នាដោយសេរី និងយុត្តិធម៌។
លោកស្រីចក់សុភាពបន្ថែមថា លោកស្រីចង់ឃើញប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកគោរពនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការគោរពសិទ្ធមនុស្ស ហើយសហរដ្ឋអាមេរិកនឹងបន្តតួនាទីជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការដើរតួជាអ្នកលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងពិភពលោក៕