អតីត​អ្នក​សារព័ត៌មាន​​និង​គ្រួសារ៖ សម្ពាធ​ផ្លូវ​ចិត្ត ជីវភាព​កាន់​តែ​លំបាក ខណៈ​សេរីភាព​នៅ​តែ​រឹតត្បិត

លោកយាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី និងក្រុមគ្រួសាររបស់លោក នៅខាងក្រៅតុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

អ្នកស្រី​ ឡាំ ចន្ថា​ ដែល​ជា​ភរិយា​របស់​សុធារិន្ទ​ បាន​និយាយ​ថា អ្នកស្រី​មាន​ការ​បារម្ភ​ពី​ស្ថានភាព​គ្រួសារ នៅ​ពេល​ដែល​សាលក្រម​ត្រូវ​លើក​ពេល​ជា​លើក​ទី​ពីរ។ អ្នក​ស្រី​បាន​និយាយ​ថា៖ «អាហ្នឹង​ កាន់​តែ​អូស​[បន្លាយ​] កាន់​តែ​ពិបាក​ជីវភាព​ក្នុង​គ្រួសារ​យើង​ណា»។

ភ្នំពេញ — សេចក្តី​សម្រេច​របស់​ចៅក្រម​ ​បង្គាប់​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​របស់​អ្នកកាសែត​ អាស៊ីសេរី​ លោក​ យាង​ សុធារិន្ទ និង​លោក ​អ៊ួន ​ឈិន​ ឡើង​វិញ​ បាន​ទទួល​ការរិះគន់​ជាទូទៅ​លើ​សេរីភាព​សារព័ត៌មាន ពី​ក្រុម​អង្គការ​ការពារសិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល។ ហើយ​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ​បារម្ភ​អំពី​សុខទុក្ខ​ផ្នែក​ផ្លូវចិត្ត​របស់​អ្នក​ទាំងពីរ​ ដែល​មិន​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ជា​ឪពុក​ និង​ជា​ស្វាមី។

នៅមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក្រុម​អ្នក​សារព័ត៌មាន​ ​ដែល​គ្រប់ដៃ​មាន​ឧបករណ៍​ចម្រុះ​ ​ម៉ាស៊ីន​ថត​សំឡេង ​ម៉ាស៊ីន​ថតរូប ​ថត​វីដេអូ ​ទូរស័ព្ទ​អេក្រង់ធំ កូន​សៀវភៅ​ និង​ប៊ិច ចាប់ផ្តើម​ចោម​រោម​សួរ​សំណួរ​ទៅ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ នៅ​ពេល​អ្នក​កាសែត​ និង​ក្រុមគ្រួសារ​បង្ហាញ​ខ្លួន​ពី​ជ្រុង​ម្ខាង​នៃ​របង​តុលាការ។

លោកយាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី កាន់ដៃកូនស្រីរបស់លោក នៅមុខតុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ទោះក្នុង​ហេតុការណ៍​នេះ ​កុមារី​យាង​ ​សុជាតា ​អាយុ ៨ ឆ្នាំ ដែល​ជានិច្ចកាល​ ​គេ​ឃើញ​ដើរ​គៀក​ជាប់​ឪពុក​របស់​នាង​មក​កាន់​តុលាការ បង្ហាញ​ទឹក​មុខមាំ​និង​ស្រស់​ស្រាយ។ ដៃ​របស់​កុមារី​យាង សុជាតា និង​ដៃ​ឱពុក​របស់​នាង​គឺ​លោក យាង​ សុធារិន្ទ​ កាន់​ជាប់​គ្នា​គ្រប់​ពេល​ដែល​ពួកគេ​ទៅដល់​តុលាការ។​ នាង​មិន​បង្ហាញ​ក្តី​បារម្ភ​ បើ​ទោះ​ម្តង​ម្កាល​សមត្ថកិច្ច​មាន​ឯកសណ្ឋាន​ដើរ​ល្បាត​ក្បែរៗ​ក្រុម​អ្នក​កាសែត។

លោក​ យាង សុធារិន្ទ​ វ័យ​ ៣៦ ឆ្នាំ​ និង​អ្នក​សហការី​របស់​លោក​ គឺ​លោក​ អួន ឈិន​ វ័យ​ ៥០ ឆ្នាំ ជា​អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី។ ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម ​និង​ផលិត​វីដេអូ​អាសអាភាស។

ប៉ុន្តែ​ពួក​គេ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ ហើយ​មេធាវី​របស់​ពួកគេ​បាន​និយាយ​ថា ​ពួកគេ​បាន​បំពេញ​ការងារ​របស់​ពួកគេ​ក្នុង​នាម​ជាអ្នក​សារព័ត៌មាន។

អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​បាន​ចំណាយ​ពេល​ ជិត១០ខែ​នៅ​ពន្ធនាគារ ​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន។ ក្រោយ​ពី​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ពួក​គេ​តម្រូវ​ឱ្យ​រាយការណ៍​ទៅ​ប៉ូលិស​រៀងរាល់​ខែ​ ហើយ​រដ្ឋាភិបាល​បាន​រឹបអូស​លិខិត​ឆ្លងដែន​របស់​ពួកគេ។​ ​វិទ្យុ​អាស៊ី​សេរី ​ប្រតិបត្តិការ​ក្រោម​ជំនួយពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

សវនាការ​របស់​ពួកគេ​ត្រូវបាន​បញ្ចប់​នៅថ្ងៃទី ៩​ ខែ​សីហា​ ហើយ​ការ​ប្រកាស​សាលក្រម​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ធ្វើឡើង​នៅថ្ងៃទី ៣០ ​ខែសីហា ប៉ុន្តែ​ត្រូវបាន​ពន្យារ​រហូត​ដល់ថ្ងៃទី​៣​ ខែតុលា។ ក៏ប៉ុន្តែ​ដល់​ថ្ងៃ​ប្រកាស​សាល​ក្រម​ដែល​ត្រូវ​កំណត់​ជា​លើក​ទី​២​នេះ ចៅក្រម អ៊ឹម វណ្ណៈ បាន​ប្រកាស​ថា ​សាលក្រម​ត្រូវ​លើកទៅ​ពេល​ក្រោយ​វិញ ហើយ​ថា​ព័ត៌មាន​ក្នុង​រឿង​ក្តី​នេះ​មិនទាន់​មាន​គ្រប់​គ្រាន់​ ​និង​ត្រូវ​ការ​ពេល​វេលា​សម្រាប់​បន្ត​ការ​ស៊ើប​អង្កេត។

ហេតុ​ដូចនេះ​ហើយ​ក្រោម​កំដៅ​ថ្ងៃ​នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ យាង​ សុជាតា​ និង​បងប្រុស​របស់​នាង​ឈ្មោះ យាង​ សុមេត្តា​ មាន​អាយុ១០ ឆ្នាំ​ ត្រូវ​សុំច្បាប់​អនុញ្ញាត​អវត្តមាន​ពី​សាលារៀន​ម្តង​ទៀត​ ដើម្បី​មក​កំដរ​ឪពុក​របស់​ខ្លួន​ ដែល​ឈរ​ឆ្លើយ​សំណួរ​អ្នកកាសែត​រួម​អាជីព។

​ខណៈ​ដែល​ឪពុក​របស់​ខ្លួន​ និងលោក​អ៊ួន​ ឈិន ​ឈរ​នៅ​ចំពោះ​មុខ​ចៅក្រម​នៅក្នុង​បន្ទប់​សវនាការ សុជាតា ​កំពុង​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​ទល់មុខ​នោះ។ នាង​និយាយ​ថា នាង​គ្រាន់​តែ​ដឹង​ថា​ ឪពុក​របស់​នាង​ជា​អ្នកកាសែត។ ហើយ​នាង​និយាយ​ថា​ នាង​«មិន​សប្បាយ​ចិត្ត» ពេល​រំលឹក​ដល់​ពេលឪពុក​ត្រូ​វបាន​ឃុំ​ខ្លួន​អស់​៩ខែ។

«ប៉ា​ចូល​ចិត្តស្តាប់​វិទ្យុ​ ស្តាប់​ព័ត៌មាន។ រាល់ព្រឹក រាល់ល្ងាច»។

បងប្រុស​របស់​នាង យាង​ សុមេត្តា​ អាយុ១០ឆ្នាំ បាន​និយាយ​ថា គេ​ចង់​ធ្វើ​ជា​អ្នក​កាសែត បើ​ទោះជា​ដឹង​ថា​ឪពុករបស់​ខ្លួន​កំពុង​តែ​រង​គ្រោះ​ដោយសារ​អាជីព​នេះ​ក្តី។

​មេត្តា​និយាយ​ដោយ​ខ្លីៗ​ថា៖ «បើខ្ញុំ​ស្រឡាញ់​ខាង​ហ្នឹង»។

មេត្តា​ បាន​រៀបរាប់​ទៀត​ថា​ សុជាតា​ មិន​ចង់​ធ្វើ​អ្នកកាសែត​ទេ ហើយ​ចង់​បើក​ហាង​លក់​នំខេក​ ដែល​អ្នក​កាសែត​ចូល​ទិញ ហើយ​ពួកគេ​និង​ម្តាយ​របស់​គេ ក៏​នាំ​គ្នា​សើច។

ពេល​លោក យាង សុធារិន្ទ​ និងអ៊ួន​ ឈិន​ ចេញ​សាល​មកក្រៅ​ពី​បន្ទប់​សវនការ សុជាតា ទៅក្បែរ​ឪពុក​នាង​ ដើម្បី​កាន់​ដៃម្តង​ទៀត។​ អ្នកស្រី​ ឡាំ ចន្ថា​ ដែល​ជា​ភរិយា​របស់​ សុធារិន្ទ​ បាន​និយាយ​ថា អ្នកស្រី​មាន​ការ​បារម្ភ​ពី​ស្ថានភាព​គ្រួសារ នៅ​ពេល​ដែល​សាលក្រម​ត្រូវ​លើក​ពេល​ជា​លើក​ទី​ពីរ។

អ្នក​ស្រី​បាន​និយាយ​ថា៖ «អាហ្នឹង​ កាន់​តែ​អូស​[បន្លាយ​] កាន់​តែ​ពិបាក​ជីវភាព​ក្នុង​គ្រួសារ​យើង​ណា»។

អ្នកស្រី​ ឡាំ ចន្ថា​ បន្ថែម​ថា៖ «វា​ពិបាក​ដែរ ដូច​ថា​អារម្មណ៍​គាត់​អត់​មូល​ វា​អត់​ជ្រះស្រឡះ​រឿង​អីហ្នឹង​ គាត់​ធ្វើការ​អត់​ស្រួល​ទេ។ គាត់​មាន​អារម្មណ៍​ដូច​ថា​ពិបាក​ណាស់​ ដូច​មាន​សម្ពាធ​អី​មួយ»។

អ្នកស្រី​បន្តថា សេរីភាព​របស់​ប្តី​អ្នក​ស្រី​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ។

«ហើយ​រស់​នៅ​ដូច​ពិបាក​ណាស់​ មិនមែន​លែង​ទេ​ណា។​ ហើយ​ដើរ​ទៅ​ណា​ក៏​ [ពិបាក​] ដូចថា​ យើង​អត់​មាន​កំហុស​អី ចេះ​តែ​ទុក​អញ្ចឹង ​យើង​ដូច​អត់​មាន​សេរីភាព»។

លោកយាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ឱបកូនរបស់លោក បន្ទាប់ពីលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

លោក​ ហឿ​ សេធុល​ គឺជា​អ្នក​ចិត្តវិទ្យា​មួយ​រូប​ ​មាន​ជំនាញ​ខាង​ប្រឹក្សា​លើ​បញ្ហា​គ្រួសារ​ និង​ជា​អ្នក​និយម​តាមដាន​ព័ត៌មាន​សង្គម និង​តាមដានលើ​ករណី​អតីត​អ្នក​កាសែត​ទាំង​ពីរ​នេះ​ជា​រឿយៗ​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​សារព័ត៌មាន។ លោក​បាន​សម្តែង​ក្តី​បារម្ភ​ថា ​ការ​អូស​បន្លាយ​រឿង​ក្តី​ក្តាំ​លើ​ប្រព័ន្ធ​តុលាការមាន​ការ​ប៉ះពាល់​ដល់​សុខមាលភាព​គ្រួសារ​ ជាទូទៅ​ហើយ​ពិសេស​សុខភាព​ផ្លូវចិត្ត​ក្មេងៗ​ដែល​ជា​កូន។

«អញ្ចឹ​ង​ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ដែរ​ ឃើញ​គាត់​ទៅ​ណា​ កូន​គាត់ទៅតាម​ជាប់​រហូត។ អញ្ចឹង​អាហ្នឹង​ជាផ្នែក​មួយ​នៅ​ពេល​ដែល​គេ​បាន​នៅជិត​ឪពុក​គេ​ គេ​ចាប់​ផ្តើម​មាន​អារម្មណ៍​មាន​សុវត្ថិភាព​ឡើយ​វិញ។ ហ្នឹង​ជា​ផ្នែក​មួយ​ដែល​ក្មេងៗ​ត្រូវការ​ ដើម្បី​ឲ្យ​ផ្នែក​ផ្លូវចិត្ត​របស់​គេ​មាន​ភាព​រឹងមាំ ដើម្បី​ឲ្យគេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​ថា​គេ​ទទួល​បាន​ការ​ការពារ»។

នៅយប់​ថ្ងៃក្រោយ​សេចក្តី​សម្រេច​របស់​តុលាការ​លើក​ពេល​ប្រកាស​សាល​ក្រម​ជា​លើក​ទី​ពីរ លោក ​អ៊ួន ឈិន បាន​ថត​បទចម្រៀង​ខារ៉ាអូខេ​មួយ​បទ​ដែលលោក​បាន​ច្រៀង​លេង និង​បង្ហោះ​លើ​គណនី​ហ្វេ​សប៊ុ​ក​របស់​លោក។​ ​លោក​បាន​ផ្ញើ​ទៅអ្នក​សារព័ត៌មាន​មួយ​ក្រុម​នៅតាម​សារ​អេឡិច​ត្រូនិច​រួម។ ក្រុម​អ្នក​សារព័ត៌មានទាំង​នេះ​តែង​ផ្ញើរ​សារ​ការ​គាំទ្រ​ផ្នែក​អារម្មណ៍​ទៅដល់​អ្នក​សារព័ត៌មាន​ទាំងពីរ។​

រូបឯកសារ៖ លោក អ៊ួន ឈិន (ឆ្វេង) និងលោក យាង សុធារិន្ទ ពេលត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

​អ្នកស្រី​ ខេង​ ស៊ីណា​ វ័យ​៤៩​ គឺជា​ភរិយា​របស់លោក​អ៊ួន ឈិន ហើយ​អ្នក​ទាំង​ពីរ​មាន​កូន​ពីរ​នាក់។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា លោក​អ៊ួន ឈិន ​តែង​តែ​ច្រៀង​លេង​ដើម្បី​បន្លប់​អារម្មណ៍​តានតឹង។​

«គាត់​រាល់ថ្ងៃ​ ជួនណា​គាត់​ពិបាក​ចិត្ត​អញ្ចឹង​ទៅ គាត់​ច្រៀង​នៅ​ផ្ទះ​ ដាក់​ខារ៉ាអូខេ។ ចំ​ថ្ងៃ​ណា​គាត់​ពិបាក​ចិត្តខ្លាំង​ពេក​ គាត់ស្មុគ្រ​គាត់​ខ្លាំងពេក​ ពិបាក​ចិត្ត​នឹងគាត់​ដែរ​ ឃើញ​គាត់​អញ្ចឹង។ ខ្ញុំ​ខ្លាច​គាត់មាន​បញ្ហា​សុខភាព​អញ្ចឹង​ទៅ»។

​កាល​ពីថ្ងៃ​សុក្រ​ មួយថ្ងៃ​បន្ទាប់​ពី​សេចក្តីសម្រេច​លើក​ពេល​ប្រកាស​សាល​ក្រម​ជាថ្មី​ម្តង​ទៀត​របស់​តុលការ ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ចំនួន ៣៧ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយរួមគ្នា​ ថ្កោលទោស​ចំពោះ​សេចក្តីសម្រេចរបស់​តុលាការ​ថា ការ​សម្រេច​នេះ «ជា​ការ​រំលោភ​សិទ្ធិ​មាន​សេរីភាព»​ ​និងសិទ្ធិ​ទទួល​បាន​ការ​ជនុំជំម្រះដោយ​យុត្តិធម៌​របស់​ពួកគេ​ដែល​ត្រូវ​បាន​ធានា​ស្រប​តាមច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ»។

ជាមួយ​គ្នា​នេះ ​លោក Shawn Crispin អ្នក​តំណាង​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់គណៈ​កម្មាធិការ​ដើម្បី​ការពារ​អ្នកកាសែត (Committee to Protect Journalists) បាន​និយាយក្នុងន័យ​ដើមយ៉ាង​ដូច្នេះ​ថា

«ការស៊ើប​អង្កេត​ថ្មី​លើអ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​មិន​មាន​អំណះ​អំណាង​ច្បាស់​គឺ​មិន​អាច​ទទួល​យក​បានទេ​ ហើយ​វា​នឹង​បន្ត​ជះ​ស្រមោល​ទៅលើ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​ដែល​មាន​ស្ថានភាព​កំពុង​ងងឹត»។

ការ​ចាប់​ខ្លួន​របស់​លោក​យាង សុធារិន្ទ និង​លោក​អ៊ួន ឈិន បាន​កើតឡើង នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ​បង្ក្រាប​លើ​សារព័ត៌មាន​មុន​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ ឆ្នាំ​២០១៨។​ ស្ថានីយ៍​វិទ្យុ​ត្រូវ​បាន​បិទ ​ហើយ​កាសែត​ជា​ភាសា​អង់គ្លេស​ខេមបូឌាដេលី​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ បន្ទាប់ពី​ទទួល​បាន​វិក្កយបត្រ​ពន្ធ​ចំនួន​ជាង​៦​លាន​ដុល្លារ។

ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ បាន​ធ្លាក់​ចុះពី ១៤២ ទៅ ១៤៣ ក្នុង​ចំណោម​ ១៨០​ប្រទេស​ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ដោយ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF)៕