អាជ្ញាធរ​កម្ពុជា​ថា​ ស្ត្រី​ទេសចរ​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​ បាន​ស្លាប់​ដោយ​សារ​លង់ទឹក

រូបភាព​ឯកសារ៖ នាង Amelia Bambridge អ្នក​ទេសចរ​ជនជាតិ​អង់គ្លេស​ស្ថិត​នៅ​លើ​រថភ្លើង​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់​ ក្នុង​ខែមីនា ឆ្នាំ២០១៩។ (Amelia Bambridge/Hannah Clark via REUTERS)

មួយ​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​ប្រទះឃើញ​សាកសព​​របស់​នាង​ Amelia Bambridge ភ្ញៀវ​ទេសចរ​ជនជាតិ​អង់គ្លេស ​អណ្តែត​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​ក្នុង​ប្រទេស​កម្ពុជា​មក លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​របស់​ក្រុម​សមត្ថកិច្ច​និង​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ ស្ត្រី​ជា​ភ្ញៀវ​ទេសចរ​រូប​នេះ បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក។

ការ​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​របស់​នារី​ជនជាតិ​អង់គ្លេស​ Amelia Bambridge ដែល​ត្រូវ​បាន​សមត្ថកិច្ចរកឃើញ​នៅ​លើ​ឈូង​សមុទ្រ​ថៃ​ក្នុង​ប្រទេស​កម្ពុជា មួយ​សប្តាហ៍​ក្រោយ​ពី​នាង​បាត់ខ្លួន ​បាន​បញ្ចប់​កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​អ្នក​ជំនាញ​បានរកឃើញ​ថា ​នាង​បាន​បាត់បង់​ជីវិត​ដោយសារ​ការ​លង់ទឹក។ នេះ​បើ​យោង​តាម​អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ។

លោក ឆាយ​ គឹមឃឿន អគ្គស្នងការ​រង​នគរបាល​ជាតិ​កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ​បាន​ប្រាប់​វីអូអេ​ថា ​ការ​ធ្វើ​កោសល្យវិច័យ​ស្វែង​រក​មូល​ហេតុ​នៃ​ការ​បាត់បង់​ជីវិត​របស់​នាង Amelia Bambridge នេះ​ គឺ​មាន​ការ​ចូល​រួម​ពី​ភាគីពាក់ព័ន្ធ​ ដូចជា​ក្រុម​គ្រួសារ អ្នក​តំណាង​ស្ថានទូត និង​ព្រះរាជ​អាជ្ញា និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ។

«លទ្ធផល​កោសល្យវិច័យ​បាន​រកឃើញថា គាត់​ស្លាប់​ដោយសារ​លង់ទឹក បាទ»។

VOA ​មិន​អាច​ធ្វើ​ការទាក់ទង​ប្រធាន​នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ លោក មួង សុធា ដើម្បី​សុំ​ព័ត៌មាន​ក្បោះក្បាយ​បាន​នោះទេ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃសុក្រ​នេះ​ ​ហើយ​លោក ជួន ណារិន ស្នង​ការនគរបាល​ខេត្ត​ព្រះសីហនុ​ បដិសេធ​ផ្តល់​ការ​អធិប្បាយ។

យោងតាម​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី​២៤ តុលា ឆ្នាំ២០១៩ នាង Amelia Bambridge អាយុ​២១​ឆ្នាំ​ បាន​បាត់​ខ្លួន​ពី​កោះរ៉ុង​ប្រហែល​ម៉ោង​បី​ភ្លឺ ពេល​ចេញ​ពី​ពិធី​ជប់លៀង​លើ​ឆ្នេរ​ប៉ូលិស។ ក្រុម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​និង​ក្រុមគ្រួសារ​របស់​នាង​បាន​ព្យាយាម​ស្វែង​រក​ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​រូប​នេះ​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍ រហូត​បាន​រកឃើញ​សាកសព​មួយ​ដែល​អណ្តែត​នៅ​លើ​ឈូង​សមុទ្រ​ថៃ ជាង​៥០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ប៉ូលិស​លើ​កោះ​រ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ។

យោង​តាម​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក Harry Bambridge ដែល​ត្រូវ​ជា​បងប្រុស ​បាន​បញ្ជាក់​ថា​ សាកសព​ដែល​ត្រូវ​បាន​គេ​ឃើញ​នោះ​ គឺ​ពិត​ប្អូន​ស្រី​របស់​ខ្លួន​មែន ហើយ​លោក​ក៏​បាន​បង្ហាញការ​សោកស្តាយ​យ៉ាង​ខ្លាំង។

ទោះ​យ៉ាង​ណា ​លោក​ ឆាយ គឹមឃឿន អគ្គស្នងការរង​នគរបាល​ជាតិ​បាន​បន្ត​ថា ​នីតិ​វិធី​បន្ទាប់​ គឺ​នឹង​ស្ថិត​លើ​ចំណាត់ការ​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​និង​ក្រុម​គ្រួសារ​របស់​នាង។​

​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​បដិសេធ​ផ្តល់​ការ​អធិប្បាយ ហើយ​បាន​ឲ្យ​វីអូអេ​ទាក់ទង​នាយកដ្ឋាន​ការ​បរទេស​អង់គ្លេស ឬ Foreign and Common Wealth Office ដែល​មាន​ទីតាំង​នៅ​ចក្រភព​អង់គ្លេស​ជំនួស​វិញ។

នាយកដ្ឋាន​ការបរទេស​អង់គ្លេស ឬ Foreign and Common Wealth Office បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ឧប្បត្តិហេតុមួយ​នេះ ហើយ​ថា​ខ្លួន​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​គ្រប់បែប​យ៉ាង​ចំពោះ​គ្រួសារ​នាង​ Amelia Bambridge។

តាម​រយៈសារ​អេឡិចត្រូនិក​មួយ​មកកាន់​វីអូអេខ្មែរ នាយកដ្ឋាន​ការបរទេស​អង់គ្លេស បាន​សរសេរ​ថា៖

«បុគ្គលិក​របស់​យើង​ទាំង​នៅ​កម្ពុជា​និង​ចក្រភព​អង់គ្លេស​ កំពុង​ផ្តល់​ជាការ​ណែនាំ​ ការ​គាំទ្រ​ផ្នែក​អារម្មណ៍ និង​បន្ត​ធ្វើការ​ជិតស្និត​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា»។

ទោះយ៉ាង​ណា លោក ឃាង ភារម្យ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ​បាន​និយាយ​ប្រាប់វីអូអេ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រុម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ នឹង​រឹត​បន្តឹង​សន្តិសុខ​បន្ថែម​ទៀត ខណៈ​ដែល​លោក​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ​មាន​ការ​ប្រុងប្រយ័ត្ន។

«ព្រោះ​ធម្មតា​ការ​ពង្រឹង​សន្តិសុខ​របស់​សមត្ថកិច្ច​គឺ​យើង​បាន​ពង្រឹង​ហើយ ប៉ុន្តែ​បើសិន​ជា​សាម៉ីខ្លួន បុគ្គល​ទេសចរ ប្រជាពលរដ្ឋ​យើង​អត់​មាន​ការ​ថែរក្សា​សុវត្ថិភាព​ប្រុងប្រយ័ត្ន​ដោយខ្លួន​ឯង​បន្ថែម​ទេ ក៏​វា​មិនបាន​ល្អដែរ»។

ករណី​ភ្ញៀវ​ទេសចរ​បរទេស​បាត់ខ្លួន​រហូត​ដល់​បាត់បង់​ជីវិត​នេះ​ ជា​ករណី​កម្រ​ណាស់ យោងតាម​អ្នកនាំ​ពាក្យ​ដដែល​រូប​នេះ។ ទោះ​យ៉ាង​ណា ​កាល​ពី​ខែ​តុលា​នេះ​ នារី​ទេសចរ​ជន​ជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​បុរស​ជនជាតិ​ខ្មែរ​បីនាក់ចាប់រំលោភ នៅ​ក្នុង​ខេត្ត​កែប​ ដែល​ជា​ខេត្ត​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​ដូចគ្នា​នឹង​ខេត្ត​ព្រះសីហនុ៕