កម្ពុជាត្រៀមបណ្តេញជនជាតិចិនជាង១០០នាក់ ដែលបានប្រព្រឹត្តបទល្មើសជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ទៅប្រទេសចិនវិញ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញនិងខេត្តកំពត។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីក្រសួងមហាផ្ទៃប្រាប់ VOA នាថ្ងៃច័ន្ទនេះថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន១០៣នាក់ កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងបទល្មើសជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។ លោកថា ជនជាតិចិនចំនួន១២នាក់ ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ និងចំនួន៩១នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនក្នុងខេត្តកំពត កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
លោកបន្ថែមថា ជនជាតិចិនចំនួន១២នាក់ដែលឃាត់ខ្លួនបានក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តបទល្មើសនៅប្រទេសចិន និងត្រូវបានរដ្ឋាភិបាលចិនស្នើឲ្យតាមចាប់ខ្លួនដើម្បីបញ្ជូនចេញ។ ចំណែកជាង៩០នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនដោយសារពួកគេយកកម្ពុជាធ្វើជាទីតាំងដើម្បីជម្រិតទារប្រាក់ពីជនជាតិចិនដូចគ្នា ដែលកំពុងរស់នៅប្រទេសចិន។
លោកបញ្ជាក់ថា៖
«អា១២នាក់ហ្នឹង វាប្រព្រឹត្តនៅចិន វារត់គចខ្លួនមក។ សមត្ថកិច្ចប៉ូលិស ឲ្យយើងតាមរក និងចាប់ខ្លួន ប៉ុន្តែអា៩១នាក់នោះ វាប្រព្រឹត្តឆបោកហ្នឹង វាយកទីតាំងនៅប្រទេសកម្ពុជា។ ការពិតទៅមិនមែនតែកម្ពុជាទេ គ្រប់ប្រទេសដែលវាយកធ្វើ មានទាំងនៅហ្វីលីពីន នៅថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ីហ្នឹង ក៏គេមានចាប់អីដូចគ្នាដែរ»។
លោក អ៊ុក ហៃសីឡា បន្ថែមថា ជនជាតិចិនទាំង១០៣នាក់នោះ នឹងត្រូវបណ្តេញចេញពីកម្ពុជា ដោយបញ្ជូនចេញពីរាជធានីភ្នំពេញ តាមរយៈយន្តហោះដែលរដ្ឋាភិបាលចិនបញ្ជូនដើម្បីដឹកចេញ នៅយប់ថ្ងៃទី៤ និងថ្ងៃទី១០ ខែតុលានេះ។
លោកបញ្ជាក់ថា៖
«ប្រហែលជាថ្ងៃ១០។ គេមកយក។ យន្តហោះមកយកពីខេត្តឆុងឈីង។ ១០៣នាក់ដែលយើងឃាត់បាន ហើយ១២នាក់ហ្នឹង វាទៅខេត្តផ្សេង អញ្ចឹងថ្ងៃទី៤ នឹងបញ្ជូនចេញ។ យើងបណ្តេញចេញតាមប្រកាសក្រសួង»។
បើតាមគេហទំព័រនគរបាលជាតិ កាលពីល្ងាចថ្ងៃសៅរ៍ ផ្សាយថា ជនជាតិចិន១១នាក់ ក្នុងនោះស្រី២នាក់ ត្រូវបាននគរបាលអន្តោរប្រវេសន៍ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅភោជនីយដ្ឋានកាលីហ្វ័រញ៉ា ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដែលការចាប់ខ្លួនជនជាតិចិនទាំង១១នាក់ គឺធ្វើឡើងទៅតាមការស្នើរបស់សមត្ថកិច្ចចិន។
បើតាមលោក អ៊ុក ហៃសីឡា បញ្ជាក់ថា រហូតមកដល់ពេលនេះមានជនជាតិចិនជិត ២.០០០នាក់ដែលបានប្រព្រឹត្តបទល្មើសចាប់ជម្រិតតាមបណ្តាញអ៊ីនធឺណិត ហើយត្រូវបានចាប់បញ្ជូនទៅប្រទេសចិនវិញ។
ជនជាតិចិនដែលជាចំណូលថ្មីមួយចំនួនលើទឹកដីកម្ពុជា ត្រូវបានគេរាយការណ៍ថា បាននិងកំពុងបង្កបទល្មើសជាច្រើន ដែលមួយចំនួនធំនៃបទល្មើសធ្ងន់ គឺពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិនគ្នាឯងការធ្វើទារុណកម្ម និងបទល្មើសជម្រិតទារប្រាក់តាមអ៊ីនធឺណិតជាដើម។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងជាអ្នកវិភាគឯករាជ្យ ដូចជាលោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោកបណ្ឌិត មាស នី ជាដើម បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងការគ្រប់គ្រងលើជនបរទេស ពិសេសជនជាតិចិនដែលជាចំណូលថ្មី ធ្វើយ៉ាងណាត្រួតពិនិត្យឲ្យបានតឹងតែងជៀសវាងជនជាតិចិនទាំងនោះប្រព្រឹត្តបទល្មើសតាមទំនើងចិត្ត ដែលអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា និងអាចធ្វើឲ្យមានការរើសអើងជាតិសាសន៍កើតឡើងផងដែរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ពោលគឺមុនមួយថ្ងៃនៃការចាប់ខ្លួនជនជាតិចិនទាំងជាង១០០នាក់ ឯកអគ្គរដ្ឋទូតចិនលោក Xiong Bo (ស្យុង ប៉) ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា បានបង្ហាញពីការពេញចិត្តរបស់លោក ទាក់ទងនឹងការបង្ក្រាបជនជាតិចិនខិលខូចនៅចំពោះមុខលោក ស ខេង រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
ក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិដដែលនោះ បានបញ្ជាក់ក្នុងសេចក្តីរាយការណ៍របស់ខ្លួនថា លោក ស្យុង ប៉ បានលើកឡើងថា អាជ្ញាធរកម្ពុជាបានជួយលើការងារសន្តិសុខដូចជាការបង្រ្កាបបទល្មើសផ្សេងៗរួមមានបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន និងការប្រព្រឹត្តអំពើពេស្យាចារផ្សេងៗនៅក្នុងទឹកដីប្រទេសកម្ពុជា ហើយរាល់ទង្វើរបស់ជនជាតិចិនទាំងនោះ បានធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ពលរដ្ឋកម្ពុជាទាំងមូល៕