អង្គការ Freedom House ថា​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង

ចំណាត់ថ្នាក់នៃសេរីភាពនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៨ ដោយអង្គការ Freedom House។

ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ចំណោម​ប្រទេស​ចំនួន​១០​ ដែល​ស្ថានភាព​សិទ្ធិ​សេរីភាព​​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ នេះបើ​តាម​របាយការណ៍​របស់​អង្គការ​ Freedom House ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

អង្គការ​ Freedom House បាន​ដាក់​ប្រទេស​កម្ពុជា​នៅក្នុង​ចំណោម​ប្រទេស​ដែល​មាន​លក្ខណៈ​គួរ​ឱ្យ​កត់​សម្គាល់ ​ដោយ​សារតែការវិវត្តន៍​ថយក្រោយ​នៃ​សិទ្ធិ​សេរីភាព​ដូច​ប្រទេស​ចិន អ៊ីរ៉ាក់​និង​ស្រីលង្កា​ជាដើម។ ​ជាពិសេស​ការវិវត្តន៍​នយោបាយ​ក្នុង​រយៈពេល​ជិត​២ឆ្នាំ​កន្លង​មកនេះ ​ដែលរដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​និង​ចាប់​ប្រធាន​គណបក្ស​ដាក់​ឃុំឃាំង​ ហើយ​គណបក្ស​កាន់អំណាច​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ ដោយ​គ្មាន​គូប្រកួតប្រជែង​ដែល​មាន​សក្តានុពល។

អង្គការ​សិទ្ធិ​មនុស្ស​របស់​អាមេរិកាំង​នេះបាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា៖

«លោក​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​បាន​ពង្រឹង​ការ​ក្តោប​អំណាច​ស្ទើរតែ​ទាំងស្រុង​ ក្រោម​ការ​បោះឆ្នោត​ជាតិ​ដែល​លោក​មាន​កម្លាំង​ខ្លាំង​តែ​ម្នាក់ឯង ដោយ​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​ និង​បំបិទ​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ‍»។​

ពិន្ទុ​នៃ​សេរីភាព​នៅ​កម្ពុជា​បានធ្លាក់​ចុះ​ទាប​ជាង​មុន ដោយមានកម្រិត​លើស​ពី​២៥ បន្តិច​គឺ​ថយ​ចំនួន​៤ពិន្ទុ​ ហើយ​នៅក្រោម​ប្រទេស​ថៃ​ ប៉ុន្តែ​នៅលើ​ប្រទេស​វៀតណាម និង​ឡាវ។

សកម្មជន​កម្ពុជា​មើល​ឃើញ​ថា ​រូបភាព​សិទ្ធិ​មនុស្ស​ក្នុង​ពេល​កន្លង​មកហាក់​មាន​ភាព​អវិជ្ជមាន ​ជាពិសេស​ក្នុង​សិទ្ធិ​នយោបាយ។

លោក​សួន ប៊ុនស័ក្តិ អ្នក​ឯកទេស​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា៖

«ជា​ទស្សនទាន​របស់​ខ្ញុំ​ផ្ទាល់​ ទីមួយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ​ ខ្ញុំ​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ខ្មែរ​ ខ្ញុំ​មាន​ការ​សោក​ស្តាយ​បន្តិច។ សោកស្តាយ​ត្រង់ថា​ សកម្មជន​នយោបាយ​ជាពិសេស​គណបក្ស​នយោបាយ​ដែល​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា​ជា​គូ​ប្រជែង​នយោបាយ​ដ៏​សំខាន់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ គឺថា​ទទួល​រង​វិធានការ​តាម​ផ្លូវ​ច្បាប់​រហូត​ដល់​មានជាប់គុក។ នេះ​ជា​បញ្ហា​ផ្លូវ​ច្បាប់​កម្ពុជា​ដែល​គេ​យល់​ថា​ មាន​បញ្ហា​ប៉ុន្តែ​....អ្នកនយោបាយ​គួរ​តែ​មាន​ការ​អត់ឱន​ខ្ពស់​ក្នុងចំណោម​អ្នកនយោបាយ​ដូច​គ្នា‍»។

លោក​ប៊ុនស័ក្តិ បន្ថែម​ថា​ ឥទ្ធិពល​នេះ​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​ធម្មតា​ផង​ដែរ៖

«ខ្ញុំ​សង្កេតឃើញ​នៅស្រុក​យើង​បច្ចុប្បន្ន​តាំងពី​មុន​បោះឆ្នោត​ក៏ដូចជា​ក្រោយ​បោះឆ្នោត​មក​ដល់​បច្ចុប្បន្ន​ ការ​បញ្ចេញ​មតិផ្សេងៗ​ហាក់ដូច​ជា​មាន​ការ​រំជើប​រំជួល​ បើ​និយាយ​ឱ្យ​ចំទៅ​ដូច​ជា​មិនសូវ​មាន​ការបញ្ចេញ​មតិ ជាពិសេស​ពី​រឿង​នយោបាយ​ឱ្យ​ពេញមាត់​ប៉ុន្មាន​ទេ‍»។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ក៏​មើលឃើញ​ពីនិន្នាការ​ដើរថយ​ក្រោយ​នៃលទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​បាន​ដាក់​កំហុស​លើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ថា​ជា​តួអង្គ​សំខាន់​ក្នុងការ​ទាញ​ប្រទេស​កម្ពុជា​ឱ្យ​ដើរ​ថយ​ក្រោយ។

រូបឯលសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

អង្គការ ​Human Rights Watch​ យល់​ថា​ដល់​ពេលវេលា​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ប្រកាន់​ជំហរ​តឹង​រឹង​ចំពោះ​កម្ពុជា​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ឡើងវិញ។​

លោក​ហ្វីល រ៉ូប៊ឺតសុន ​អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖​

«គ្មាន​អ្នកណា​មាន​កំហុស​ទេ​គឺ​មាន​តែ​លោកហ៊ុន សែន​ និង​រដ្ឋាភិបាល​របស់​គាត់។ ពួកគេ​គឺ​ជា​អ្នក​ដែល​រំលោភ​ជាប្រព័ន្ធ​លើ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​នានា​ដែល​រដ្ឋាភិបាល​បាន​ផ្តល់សច្ចាប័ន​ ហើយ​ឥឡូវនេះ​បែរ​ជាមក​បន្ទោស​សហភាព​អឺរ៉ុប។ សហភាព​អឺរ៉ុប​ត្រូវ​តែ​ប្រកាន់​ជំហរ​ឱ្យ​រឹងមាំ។ ពួកគេ​ត្រូវ​ទទួលស្គាល់​ថា​លោក​ហ៊ុន សែន ​គឺជា​ជើងកាង​ ហើយ​ពួក​ជើង​កាង​នឹង​ចុះញ៉ម​ពេល​ដែល​អ្នក​ងើប​ឡើង​ប្រឆាំង​វិញ‍»។

លោក​ហ្វីល រ៉ូប៊ឺតសុន ​បាន​បញ្ជាក់​ថា​ អង្គការ​បាន​បញ្ជូន​លិខិត​មួយ​ទៅ​សហភាព​អឺរ៉ុប​ដើម្បី​ឱ្យ​ដាក់​ទណ្ឌកម្ម​ដក​ឋានៈអនុគ្រោះពន្ធ «រាល់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ពីប្រទេស​កម្ពុជា។

លោក​រ៉ូប៊ឺតសុន ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមភាសា​ថា៖

«យើង​ជឿថា​ ការពិត​ទៅ​គឺ​រដ្ឋាភិបាល​កម្ពុជា​មិនធ្វើតាម​ការ​ទាមទាររបស់​សហភាព​អឺរ៉ុប​ទេ។ រដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​លេងល្បិច​ ដោយ​ព្យាយាម​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប​មិន​ឱ្យ​ចាត់​ការ​តាម​ដំណាក់កាល​បន្ទាប់​បើ​ទោះបី​ជា​ខ្លួន​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​របស់ ​EBA ​ជាពិសេស​លើ​ផ្នែក​គោរព​សិទ្ធិមនុស្ស​ជាអន្តរជាតិ​និង​កតិការ​សញ្ញា​ស្តីពី​ពលកម្ម‍»។​

សហភាព​អឺរ៉ុប​បាន​កំណត់​ថ្ងៃទី​២៩ ខែ​មករា​ជា​ថ្ងៃចុងក្រោយ​សម្រាប់​ប្រទេស​សមាជិក​ផ្តល់​ភ្លើង​ខៀវ​ឱ្យ​ដក​ឋានៈអនុគ្រោះពន្ធ​ដែល​កម្ពុជា​នាំ​ទំនិញ​ដោយ​រួចពន្ធ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ហើយ​ចំណេញ​ប្រាក់​ពន្ធ​ជិត​៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោកស្រី​ឃីងហ្កា ម៉ាលីណូវស្កា មន្ត្រី​ព័ត៌មាន​ទទួល​បន្ទុក​ខាង​ផ្នែក​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារអេឡិកត្រូនិក​ថា ​កិច្ច​ប្រជុំ​ផ្ទៃក្នុងជាមួយ​នឹង​ប្រទេស​សមាជិក​នៅ​តែ​ធ្វើ​ឡើង​នៅ​ឡើយ​ ពាក់ព័ន្ធ​នឹង​ករណី​ប្រទេស​កម្ពុជា​ដោយ​ឈរ​លើ​ក្របខណ្ឌ​ការងារ​និងច្បាប់ពាក់ព័ន្ធ។

លោក​ស្រី​បាន​បញ្ជាក់​ជាថ្មី​ពី​ជំហរ​របស់​សហភាព​អឺរ៉ុប​ថា៖

«សហភាព​អឺរ៉ុប​នៅតែ​បើក​ចំហរ​ការ​ចរចា​ជាមួយ​នឹង​ប្រទេស​កម្ពុជា។ ការ​បើក​ច្រក​ចរចា​នេះ​ត្រូវបាន​បញ្ជាក់ជាថ្មី​ក្នុង​កិច្ច​ប្រជុំ​រវាង​លោកស្រី​ស្នងការ​ម៉ាល់ស្ត្រូម ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា»។​

លោកស្រី​ស៊ីស៊ីល​លៀ ម៉ាល់ស្ត្រូម ​បាន​ជួប​ជាមួយ​នឹង​លោក​ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​ទីក្រុង​ប្រ៊ុចសែល ​កាលពី​ថ្ងៃទី​២១​ ខែ​មករា។ ​

អតីត​អ្នកការទូត​បស្ចិម​ប្រទេស​ដែល​បាន​ធ្វើ​កិច្ច​ការ​ជួយ​ប្រទេស​កម្ពុជា​ក្នុង​អតីត​កាល​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការវិវត្ត​នយោបាយ​កម្ពុជា​ក្ នុង​រយៈពេល​ចុងក្រោយ​នេះ។​

​លោក​ហ្ការ៉េត អេវ៉ាន ​អតីត​រដ្ឋមន្ត្រី​ការបរទស​អូស្រ្តាលី​និង​ជា​ស្ថាបនិក​ម្នាក់​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ បាន​លើកឡើង​ក្នុង​សុន្ទរកថាស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៨ ដោយ​ចាត់​ទុក​ថា​លទ្ធផល​ដែល​ទទួល​បាន​ពី​កិច្ច​ព្រមព្រៀង​ដែល​មាន​ចំណាស់​ជាង​២៦ឆ្នាំ​នេះ គឺជា​«ការបរាជ័យ‍»​របស់​ខ្លួន​លោក​ផ្ទាល់​និង​សហគមន៍​អន្តរជាតិ។

រូបឯកសារ៖ អ្នកគាំទ្រម្នាក់កាន់ផ្ទាំងរូបភាពប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

លោកហ្ការ៉េត អេវ៉ាន​ បាន​លើកឡើង​ពី​ករណី​រំលោភ​សិទ្ធិមនុស្ស​នានា​ ដូច​ជា​ការបាញ់សម្លាប់​លោកកែម ឡី​ ការបិទ​កាសែត​ The Cambodia Daily ​ការ​ធ្វើ​ទុក្ខទោស​អង្គការ​សង្គម​ស៊ីវិល ការចាប់​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដាក់​ឃុំឃាំង ​និង​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​នេះ​ផង​ដែរ។

លោក​បាន​បន្ថែម​ថា​ ដោយ​លោក​ហ៊ុន សែន​ ឡើងកូដ​យ៉ាង​ខ្ពស់​ក្រោយ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅឆ្នាំ​២០១៨​ គឺ​លោក​បាន​កសាង​ត្រកូល​គ្រួសារ​ដើម្បី​ទ្រទ្រង់​គាត់​ ហើយ​រស់​បាន​ដោយ​សារ​តែ​ការចង​ប្រទាក់​ក្រឡា​នៃ​អំពើ​ពុក​រលួយ​នៅជុំវិញ​ខ្លួនគាត់​ និង​ជំនួយ​ហិរញ្ញវត្ថុ​ដែល​កម្ពុជា​ទទួល​បាន​មក​ពី​ចិន​ហើយ​អាស៊ាន ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ មិន​មាន​ចេតនា​ក្នុងការ​ព្យាយាម​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​អ្វី​ទេ។

លោក​បន្ថែម​ថា៖

«មិនមាន​ហេតុផល​ច្រើន​ដើម្បី​សម្តែង​សុទ្ទិដ្ឋិនិយម​ថា ​ស្ថានភាព​ដ៏ក្រៀមក្រំ​ខ្លាំង​នេះ​នឹង​អាច​វិល​ត្រឡប់​មកល្អ​វិញ​បាន​ក្នុង​ពេល​ណាមួយ​នោះ​ឡើយ‍»។​

ប៉ុន្តែ​លោក​ក៏​មានក្តី​សង្ឃឹម​លើ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​សេចក្តី​ក្លាហាន​និង​ស៊ូទ្រាំ​ចំពោះ​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ចំពោះ​ពួកគេ។​

រីឯ​លោកសួន ប៊ុនស័ក្តិ​ ក៏មើលឃើញ​សញ្ញា​វិជ្ជមាន​ខ្លះ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ៖

«ជាវិ​ជ្ជមាន ​ខ្ញុំ​ឃើញ​ថា​ក្រោយ​ការ​បោះឆ្នោត​ ឃើញ​ថា​ចេតនា​នយោបាយ​ល្អ​ រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​ឃើញ​ថា​ចេតនា​នយោបាយ​ល្អ​ដែល​មាន​សេចក្តី​ប្រកាស​ជា​លាយលក្ខ​អក្សរ។ ខ្ញុំ​ឃើញ​អីចឹង​ ក៏ប៉ុន្តែ​ថា​ការ​អនុវត្ត​ជាក់​ស្តែង​យើង​ចាំ​មើល​ការ​អនុវត្ត​ទាំងអស់​គ្នា​ទៀត‍»។​

លោក​សួន ប៊ុនស័ក្តិ​ ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​បង្ហាញ​ការ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ជាក់​ស្តែងឱ្យ​ស្រប​គ្នា​ជាមួយ​នឹង​គោល​នយោបាយ​ និង​ការ​ប្តេជ្ញាចិត្តនៅថ្នាក់​ជាតិ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។

​រដ្ឋាភិបាល​កម្ពុជា​តែងតែ​លើកឡើង​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ផ្តល់​តម្លៃ​ដល់​សុខសន្តិភាព។ ជាពិសេស​ក្រោយ​ការ​កម្ចាត់​អតីត​គណបក្ស​ប្រឆាំង​ដែល​រដ្ឋាភិបាល​ចោទ​ថា​មានបំណង​ធ្វើ​បដិវត្តន៍​ពណ៍​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​និង​បង្ក​អស្ថិរភាព។

​លោក​ផៃ ស៊ីផាន ​រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយក​រដ្ឋមន្ត្រី​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ក្នុងពេល​កន្លង​មក ​យើង​ឃើញ​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​កិច្ចការ​ថែ​រក្សា​សន្តិភាព ​និង​ស្ថិរភាព​នយោបាយ​ដែល​ជាមូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ភាព​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​ ក៏ដូច​គ្នា​នេះ​ដែរ​យើង​ឃើញ​សក្តានុពល​នៃ​សន្តិភាព​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ឱ្យ​តម្លៃ​នៃ​ជីវិត​រៀងៗខ្លួន​ដែល​ធ្វើ​ឱ្យ​កំណើន​នៃ​ការ​គោរព​សេរីភាព​ស៊ីវិល ដែល​ធ្វើ​ឱ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ប្រព័ន្ធ​ច្បាប់​ក៏​ដូច​ជា​អំណាច​រដ្ឋ​ដែល​យើង​វាយ​តម្លៃ​ខ្ពស់​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​របស់​កម្ពុជា‍»។​

លោក​ផៃ ស៊ីផាន​ បន្ថែម​ថា ប្រតិកម្ម​របស់​បស្ចិមប្រទេស​គឺ​ដោយសារតែ​ប្រទេស​ចិន​មានការ​រីកចម្រើន​ខ្លាំង​ខាង​ផ្នែក​សេដ្ឋកិច្ច​ ហើយ​បាន​ជះ​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​នេះ​ដល់​ប្រទេស​ដទៃ​ទៀត ដូច​ជា​កម្ពុជា​ជាដើម៖​

«ចិន​មាន​ប្រៀប​ច្រើន​ក្នុងការ​ទម្លាក់​លុយ​ដែល​ធ្លាក់មក​ក្នុង​តំបន់​ ក៏ដូចជា​ស្ថានភាព​នៅក្នុង​តំបន់​អាហ្វ្រិក​ក៏ដូចជា​តំបន់​ដទៃ​ទៀត​ដែលធ្វើ​ឱ្យ​មាន​ភាព​ប្រឈម​និង​ការ​តិះតៀន​ជាច្រើន ​ដែល​បង្កើត​ឱ្យ​មានការ​ភ័យ​ព្រួយ​បារម្ភ​នៃ​ពួក​ខាងលិច។ ដូច្នេះ​កម្ពុជា​ក៏​ទទួល​ផល​នៃ​ការ​រីក​ចម្រើន​ដូច​ប្រទេស​ថៃ​ក្នុង​ជំនាន់​ ដែល​ការ​គៀងគរ​កម្លាំង​ប្រតិបត្តិការ​កម្លាំង​សេអាតូ​ក្នុង​ទសវត្សរ៍ទី​៦០‍»។​

នៅក្នុង​របាយការណ៍ដាក់​ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​កាលចុង​ខែ​មករា​ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ពី​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​អង្គការ​សង្គមស៊ីវិល​ និង​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស៕