មន្រ្តី​បេឡា​ជាតិ​សន្តិ​សុខ​សង្គម អំពាវ​នាវ​​ឱ្យ​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចុះ​ឈ្មោះ​សម្រាប់​គម្រោង​ថែ​ទាំ​សុខភាព

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៅក្នុងបទសម្ភាសន៍របស់ស្ថានីយ៍រទស្សន៍ CNC ស្តីអំពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍។ (Facebook / National Social Security Fund)

មន្រ្តី​ជាន់​ខ្ពស់​នៃ​បេឡា​ជាតិ​សន្តិ​សុខ​សង្គម ហៅ​កាត់​ថា​ប.ស.ស បាន​អំពាវ​នាវឱ្យ​ប្រជា​ពលរដ្ឋ​ចុះ​ឈ្មោះ​ក្នុង​គម្រោង​ថ្មី​ដែលដាក់​ដំណើរ​ការសាក​ល្បង​សម្រាប់​បុគ្គល​ដែល​ធ្វើ​ការ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ។

លោក ហេង សុផាន់​ណារិទ្ធ អគ្គនាយក​រង​នៃ​ប.ស.ស និង​ជា​អ្នក​នាំពាក្យ ប្រាប់​វីអូអេ​ថា​ប.ស.ស បាន​ចេញ​សេចក្តី​សម្រេច​ស្តី​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​គម្រោង​សាក​ល្បង​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខភាព​សម្រាប់បុគ្គល​ទាំង​ឡាយ​ណា​ដែល​ប្រកប​ការងារ ឬមុខ​របរ​រក​ចំណូល​ផ្ទាល់​ខ្លួន ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬ​ប្រាក់​បៀវត្សរ៍​ដែល​ផ្ដល់​ដោយ​និយោ​ជក ឬរដ្ឋ​ តាម​កិច្ច​សន្យា​ការងារ។ បុគ្គល​ទាំង​នោះ​មាន​ដូចជា​កសិករ អាជីវ​ករ អ្នក​លក់​ដូរ​តាម​ផ្លូវ អ្នក​លក់​អីវ៉ាន់​ចាប់​ហួយ អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​ម៉ូតូកង់​បី តុតុ និង​ម៉ូតូ​ឥណ្ឌា​ជាដើម​ ដែល​មាន​អាយុ​មិន​លើស​ពី​ ៦០​ឆ្នាំ។ នេះ​បើ​តាម​មន្រ្តី​ប.ស.ស។

លោក ហេង សុផាន់​ណារិទ្ធ បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់ទៅ​ស្នើ​សុំ​ចុះ​បញ្ជី​ជា​មួយ​ ប.ស.ស ក្នុង​ការ​សាក​ល្បង​អនុវត្ត​គម្រោង​នេះ​ ដើម្បី​ទទួល​បាន​សេវាព្យាបាល ថែទាំ​វេជ្ជ​សាស្រ្ត និង​ប្រាក់​បំណាច់​មាតុភាព។

លោក​ប្រាប់​វីអូអេ​ថា៖ «ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា​ការ​ដាក់​ឱ្យ​អនុវត្ត​គម្រោង​សាក​ល្បង​នៃ​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​និយោ​ជន៍​នេះ ខ្ញុំ​រំពឹង​ថា​បង​ប្អូន​អាជីវករ​អ្នក​រកស៊ី​ផ្ទាល់​ខ្លួន​ទាំង​ឡាយ​អ្នក​បើក​តុក​តុក​ឬមួយ​ក៏​ម៉ូតូឌុប​ និយាយ​ជារួម​គឺ​បងប្អូន​ដែល​មិន​មាន​ប្រាក់​ខែ​ មាន​ន័យ​ថា​ជា​បង​ប្អូន​កម្មករ​និយោជក​ និង​សមាជិត​មួយ​ចំនួន​ដែល​គាត់​រកស៊ី​ដោយ​ខ្លួន​ និង​គាត់​ចូលរួម​ជាមួយ​នឹង​scheme [គម្រោង]​ស្ម័គ្រ​ចិត្ត​នេះ ដើម្បី​ឱ្យ​scheme​នេះ​ដំណើរ​ការ​ទៅ​មុខ​បាន​ល្អ​ប្រសើរ​ ហើយ​យើង​អាច​ឈាន​ទៅ​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​របប​សន្តិ​សុខ​សង្គម​ស្វ័យ​និយោជន៍​ពេញ​លេញ​បាន​នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ថ្ងៃ​អនាគត»។

ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​បង់​ភាគ​ទាន​គឺ​១៥៦០០​រៀល​ក្នុង​មួយ​ខែ។ បើ​គិត​ជា​ឆ្នាំ ស្មើ​នឹង​១៨៧២០០​រៀល ឬ​ស្មើ​ប្រមាណ​៤៦​ដុល្លារ​អាមេរិក។

អ្នកនាំ​ពាក្យស្ថាប័ន​ប.ស.ស បញ្ជាក់​ថា​ការ​ដាក់​ឱ្យ​ដំណើរ​ការ​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ស្ថិរ​ភាព​សង្គម ដោយ​ការ​ធានា​រ៉ាប់រង​សុខភាព​របស់​ប្រជាពលរដ្ឋ។ គិត​ចាប់​តាំង​ពី​ថ្ងៃ​ដាក់​ដំណើរ​ការ​គឺ​ពី​ដើម​ខែកក្កដា រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​ប្រមាណ​៧៦០០​នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​គម្រោង​មួយ​នេះ។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​គម្រោង​មួយ​នេះ។

អ្នកស្រី សុវណ្ណ វ៉ារី វ័យ​៤២​ឆ្នាំ ជា​អ្នករត់​កង់បី លើក​ឡើង​ថា​អ្នកស្រី​សាទរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិ​បាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​បាន​គិត​គូរពី​ចំណុច​ទាំង​នេះ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ករណី​មាន​ជំងឺ​ធ្ងន់​ធ្ងរ ឬ​គ្រោះ​ថ្នាក់​ភ្លាមៗ។

អ្នក​ស្រីប្រាប់​វីអូអេថា៖«អ្នក​ធ្វើ​ការ​ជា​អ្នក​រត់​កង់បី​ដូច​ជា​ពួក​ខ្ញុំ ក៏​ដូច​ជា​សមាជិក​មួយ​ចំនួន​ទៀត​ផ្នែក​អាជីវ​ករ គឺ​គាត់​សប្បាយ​ចិត្ត​មែន​ទែន ដោយ​សារយើង​អត់​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​ទៅ​ពេទ្យ​ ព្រោះ​ដោយ​សារ​សេដ្ឋកិច្ច​មុខ​របរ​បស់​ពួក​យើង​វារក​លុយ​អត់​បាន។ អញ្ចឹង​នៅ​ពេល​យើង​ទទួល​បាន​ប្រើ​ប្រាស់​ប​.ស.ស ផ្នែក​ថែទាំ​សុខភាព​ គឺ​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ទី​មួយ។ ទីពីរ​នៅ​ពេល​ដែល​យើង​ឈឺ​ យើងបាន​ទៅ​ពេទ្យ​ដែល​ល្អៗ»។

អ្នកស្រីបន្ដ​ថា ​អ្នកស្រី​នឹង​ទៅ​ចុះ​ឈ្មោះ​ទទួល​យក​បណ្ណ​ប.ស.ស​សម្រាប់​ស្វ័យ​និយោជន៍​នៅ​ពេល​ខាងមុខ។

ស្រដៀ​ង​គ្នានេះ លោក ស្បោង សូភី ​អាយុ​៥២ឆ្នាំ អ្នករត់​ Passapp​ លើក​ឡើងថាវា​ជា​រឿងល្អ​ក្នុង​ការ​មាន​បណ្ណ ប.ស.ស ព្រោះ​វា​អា​ច​ជួយ​សម្រួល​លើការ​ចំណាយ​ពេល​មានបញ្ហា​សុខភាព​ម្ដងៗ។

លោក​ថ្លែងថា៖ «មាន​ប្រយោជន៍​ត្រង់​ថា​យើ​ងអត់​មា​នអ្នក​ណា​មើល​ដឹង​ថា​យើង​អត់​ឈឺ​ខែ​ក្រោយ​ យើង​អត់​ឈឺ​ចុះ។ ថ្ងៃណាមួយ​យើ​ងឈឺ យើង​មាន​ប្រយោជ​ន៍ត្រង់​ហ្នឹង ។ យើង​បង់​លុយប្រចាំខែ​មែន ប៉ុន្ដែ​យើង​មាន​បញ្ហា​ទៅ​យើង​ចូល​ទៅ​ពិនិត្យសុខភាព ឬព្យាបាល​អីវាធូរថ្លៃ»។

លោក​បន្ថែម​ថា​ លោក​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ចំណាយ​បង់​ប្រាក់​ចំនួន​១៥.៦០០​រៀល​ក្នុង​១ខែ។

ចំណែក​លោក កែវ សុធា ជា​អ្នក​រត់​រ៉ឺម៉ក​កង់បី អាយុ​៦៥​ឆ្នាំ ថ្លែង​ថា​បណ្ណ​គាំពារ​សុខ​ភាព​សម្រាប់​អ្នក​ធ្វើ​ការ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពិត​ជា​មាន​សារ​ប្រយោជន៍។ ប៉ុន្តែ​លោក​សោក​ស្តាយ​ដែល​មិន​អាច​ទទួល​បាន ព្រោះ​លោក​មាន​អាយុ​លើស​៦០​ឆ្នាំ។ លោក​ក៏​ស្នើ​ឱ្យ​ស្ថាប័ន​ប.ស.ស គួរ​តែបញ្ចូល​អ្នក​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ។

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​គិត​មើល​បណ្តា​ប្រទេស​សេរី ប្រទេស​ខាង​កើត ប្រទេស​គេ​ជឿន​លឿន​គេ​មិន​ដែល​គិត​រឿង​តាម​អាយុ​ទេ ចឹង​បាន​ប.ស.ស គេ​ថា​យើង​ចាស់​ហ្នឹង​បង់​លុយ​តិច​ពេក គេ​ថា​បាន​តិច​ឆ្នាំ​ពេក​បាន​អស់​សុពល​ភាព ខ្ញុំ​គិត​ថា​មិន​ល្អ​ទេ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ឱ្យ​មាន​ប្រាក់​សោធន​គ្រប់​គ្នា ព្រោះ​គ្នា​បង់​លុយ​រហូត​ដល់​ទៅ​១០ឆ្នាំ​២០​ឆ្នាំ ដល់​ពេល​គេ​ចូល​និវត្តន៍​សម្រាក​ដូច​ជា​ពិការ​អីៗ អ៊ីចឹង​ដល់​ហើយ​អត់​មាន​លុយ​ជួយ​ឧបត្ថម្ភ ដូចថា​មួយ​ខែត្រឹម​១៥០​[ដុល្លារ​អាមេរិក] ឬ​ក៏​មួយ​១០០​[ដុល្លារ​អាមេរិក]។ អ៊ីចឹង​ដល់​ពេល​គាត់​អស់​សុពល​ភាព​អស់​ពលកម្ម ហើយ​ដល់​ពេល​អស់​ពលកម្ម​យើង​អស់​ដែរ»។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វន់ ពៅ សាទរ​ចំពោះ​សមិទ្ធ​ផល​នៃ​ការ​វិវត្ត​ថ្មី​របស់​រដ្ឋាភិបាល​ដែល​ផ្ដល់​នូវ​កិច្ច​គាំពារ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ លោក​បន្ដ​ថា​ខណៈ​ប្រាក់​ចំណូល​ប្រ​ជាពល​រដ្ឋ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហាក់​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ដែល​លោក​ស្នើ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ចំនួន​នៃ​ការ​បង់​ថ្លៃ​មក​ត្រឹម​តម្លៃ​សមរម្យ​មួយ។

លោក​ថ្លែង​ថា៖ «ដោយ​សារ​ប្រាក់​ចំណូល​ពលរដ្ឋ​ធ្វើ​ការ​ក្រៅ​ប្រព័ន្ធ​ឬ​បុគ្គល​ស្វ័យ​និយោ​ជន៍​ហ្នឹង ប្រាក់​ចំណូល​ធ្លាក់​ចុះ​ខ្លាំង​មែន​ទែន​ ខ្ញុំ​គិត​ថា​យក​ត្រឹម​ក្នុង​ខែ​២ដុល្លារ​ ស្មើ​៨.០០០​រៀល​បាន​ហើយ​ គឺ​ជា​ចំណុច​មួយ​ដែល​អាច​ទទួល​យក​បាន។ ប៉ុន្ដែ​ការ​ដែល​យក​តម្លៃ​ ១៥.៦​០០​រៀល វាថ្លៃ​បន្ដិច​ ហើយ​យើង​បាន​តែ​របប​ថែទាំ​សុខភាព​បាន​តែ​មួយ​មុខ​គត់។ យើង​អត់​ទទួល​បាន​របប​គ្រោះ​ថ្នាក់​ការ​ងារ ប្រាក់​សោធន ដូច​អ្នក​ក្នុង​ប្រព័ន្ធ​ទេ​ អ៊ីចឹង​យើង​បង់​រៀង​ថ្លៃ ហើយ​យើង​បាន​តែ​មួយ​របប វា​ហាក់​ដូច​តិច​»។

ប្រធាន​សមាគម​ឯករាជ្យ​រូប​នេះ​សំណូម​ពរ​ឱ្យ​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យនៅ​តាម​មន្ទី​រ​ពេទ្យ​រដ្ឋ ក៏​ដូច​ជា​វិស័យ​ឯកជន​ដែល​សហការ​ជាមួយ​ប.ស.ស ដើម្បី​ធានា​គុណភាព​នៃ​ការ​ផ្តល់​សេវា៕