ចិន​បដិសេធ​ក្ដី​សង្ស័យ​ថា​ ខ្លួន​រាយ​ «អន្ទាក់​បំណុល» ដាក់​កម្ពុជា

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ភ្នំពេញ — ស្ថានទូត​ចិន​នៅ​ភ្នំពេញ​បាន​បញ្ជាក់​ធានា​ថា​ខ្លួន​មិន​បាន​រាយ​អន្ទាក់​បំណុល​ដើម្បី​ទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ចូល ហើយ​ក៏​មិន​បាន​ស្វែងរក​ការ​ដាក់​វត្តមាន​យោធា​នៅ​កម្ពុជា​ដែរ។ ប៉ុន្តែ​អ្នក​វិភាគ​នៅ​បន្ត​ក្រើន​រំឭក​ថ្នាក់​ដឹកនាំ​កម្ពុជា​ឱ្យ​ដើរ​នយោបាយ​ចិន​ដោយ​ប្រយ័ត្នប្រយែង។

ស្ថានទូត​ចិន​លើក​ឡើង​ថា ​ខ្លួន​ចង់​ឆ្លើយ​តប​ទៅ​នឹង​បទ​វិភាគ​មួយ​ចេញ​ផ្សាយ​ដោយ​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរ​ភាសា កាល​ពី​ថ្ងៃ​ទី​៨​ខែ​មេសា ដែល​ថា​ «ទង្វើរបស់ចិន​ហាក់​ងប់​ងុលនូវ​អន្ទាក់​ ដើម្បីធ្វើអាណានិគមលើកម្ពុជា ជាប្រយោលតាម​រយៈការ​ផ្តល់កម្ចីដ៏ច្រើនលើសលប់»។

នៅ​ក្នុង​សារលើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា កាល​ពីថ្ងៃ​អាទិត្យ ស្ថានទូត​ចិនបាន​លើកឡើង​ថា ​សេចក្ដី​រាយការណ៍​ខាង​លើ​ «និយាយ​បង្កាច់​បង្ខូចមក​លើ​ចិន» ហើយ​ខ្លួន​ «សម្ដែង​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង​និង​ប្រឆាំង​យ៉ាង​មុត​មាំ» ​ទៅ​នឹង​ការ​លើក​ឡើង​ខាង​លើ។

សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​ថ្ងៃ​អាទិត្យ​ជា​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​ មាន​ន័យ​ដើម​ថា៖ «ប្រទេស​ចិន​តែង​តែ​គោរព​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​កម្ចី ក៏​មិន​ដែល​យក​បំណុលជា​ល្បិចកល​ដើម្បី​បង្ខំ​ឱ្យ​កម្ពុជា​ធ្វើ​កិច្ចការ​អ្វី​នោះ​ដែរ»។

ទាក់ទិន​នឹង​ការ​សង្ស័យ​អំពី​ចេតនា​របស់​ចិន​ប្រាថ្នាចង់​ដាក់​វត្តមាន​យោធា​របស់​ខ្លួន​នៅ​កម្ពុជា ស្ថាន​ទូត​ប្រទេស​មហា​អំណាច​មួយ​នេះ​ ក៏​បាន​បដិសេធ​ដែរ។

«អំណះ​អំណាង​លើក​ឡើង​ក្នុង​អត្ថបទ​ដែល​ថា​ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​ចិន​ជាមួយ​កងទ័ព​កម្ពុជា ក្នុង​គោល​បំណង​ស្វែង​រក​វត្តមាន​យោធា​នៅ​ប្រទេស​កម្ពុជា សម្ដី​នេះ​គឺជាការ​ប្រើប្រាស់​គំនិត​ថោកទាប​បំផុត​មក​ប៉ាន់ស្មាន​លើ​ចិត្ត​គំនិត​ល្អ​របស់​អ្នក​ស្អាត​ស្អំ»។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​នា​ពេល​កន្លង​មក​បាន​ដាក់​ការ​សង្ស័យ​ថា ចិន​ស្វះស្វែង​រក​មូលដ្ឋាន​យោធា​នៅ​កម្ពុជា នៅ​តំបន់​តារាសាគរ​នៅ​ខេត្ត​កោះកុង និង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ។ ទាំង​ភ្នំពេញ​ទាំង​ប៉េកាំង​បាន​បដិសេធ​ការ​លើក​ឡើង​នេះ។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ «ព្រមាន» ​លើ​ «បណ្ដាជន​ដែល​វាយ​ប្រហារ​លើ​ចំណង​ទាក់ទង​ចិន​កម្ពុជា»​ ថា ​ពួកគេ​មិន​អាច​បំបែក​បំបាក់​មិត្ត​ភាព​ប៉េកាំង​និង​ភ្នំពេញ​បាន​នោះ​ឡើយ។

នៅ​ត្រឹម​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ​ ២០២០ ​កន្លង​ទៅ កម្ពុជា​មាន​ទំហំ​បំណុល​ជំពាក់​បរទេស​សរុប ៨.៨០០​ លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​ ៣.៩០១ ​លាន​ដុល្លារ ឬ​ស្មើ​នឹង ៤៤,២៨% ជំពាក់​ចិន។ នេះបើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា។

ចិន​ជា​ប្រភព​វិនិយោគ​ឯកជន​និង​សាធារណៈ​ដ៏ធំ​ចម្បង​របស់​ប្រទេស​កម្ពុជា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ​និងដឹកជញ្ជូន​របស់​កម្ពុជា ធ្លាប់​លើក​ឡើង​ថា ចិន​ជា​ប្រភព​កម្ចី​សម្បទាន​ខ្ទង់​ ៣ ​ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ផ្លូវ​ប្រវែង​ជាង ​៣ ​ពាន់​គីឡូម៉ែត្រ​ស្ពាន​នានា​ ចំនួន​ ៨ ​ប្រវែង​សរុប​ជាង​ ៨ ​គីឡូម៉ែត្រ​នៅ​កម្ពុជា គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២០។

រូបឯកសារ៖ ការដ្ឋាន​សំណង់​«មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ត្បូងឃ្មុំ» ក្នុង​ខេត្ត​ត្បូងឃ្មុំ។ (ស៊ុន ណារិន/VOA Khmer)

បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​រង​ជំនាញ​ការ​ទូត​និង​កិច្ចការ​សកល នៅ​មហា​វិទ្យាល័យ Occidental សហរដ្ឋ​អាមេរិក លើក​ឡើង​ថា កម្ពុជា​គួរ​ព្រួយបារម្ភ​និង​ប្រយ័ត្នប្រយែង​អំពី​ការ​ពឹងពាក់​ខ្លាំង​លើ​ជំនួយ​របស់​ចិន ទាំង​មូល​ហេតុ​សេដ្ឋកិច្ច​និង​មនោគម​វិជ្ជា។

អ្នកជំនាញ​រូប​នេះ​បាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិក​ថា៖ «សុភាសិត​អាហ្វ្រិក​គួរ​ត្រូវ​បាន​ចងចាំ​នៅ​ទី​នេះ​ថា៖ នៅ​ពេល​យើង​ដាក់​ដៃ​ចូល​ហោ​ប៉ៅ​បុរស​ម្នាក់​ទៀត បុរស​ម្ចាស់​ហោប៉ៅ​នោះ​ទៅ​ណា​យើង​ក៏​ត្រូវ​ដើរ​តាម​គាត់​ដែរ»។​

បណ្ឌិត អៀ សុផល ក៏​បាន​លើក​ឡើង​អំពី​តឹកតាង​នៃ​ការវិនិយោគ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ប្រហាក់​ប្រហែល​ ២០% ​កំពុង​ស្ថិត​ក្រោម​គម្រោងវិនិយោគ​របស់​ចិន។

អ្នកជំនាញ​រូបនេះ​លើក​ឡើង​ថា «អន្ទាក់​បំណុល»​ មាន​ពិត ហើយភ្នំពេញ​គួរ​មើល​គំរូ​ប្រទេស​ឡាវ​ដែល​ទើប​បង់​ភាគ​ហ៊ុន​មួយ​ផ្នែក​ធំ​នៃ​ក្រុមហ៊ុន​អគ្គីសនី​រដ្ឋ​ EDL​ របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន។

ប្រទេស​ឡាវ​ត្រូវ​បាន​ទីភ្នាក់ងារ​វាយ​តម្លៃ​ពិន្ទុ​ឥណ​ទាន​អន្តរជាតិ Fitch Ratings ទម្លាក់​ចំណាត់​ថ្នាក់​ពី B- ទៅ​CCC កាល​ពី​ខែ​កញ្ញា ​ឆ្នាំ ២០២០ ដែលមាន​លក្ខណៈងាយ​រង​គ្រោះ។

បំណុល​ជំពាក់​បរទេស​សរុប​របស់​ប្រទេស​ឡាវ​មាន​បរិមាណ ​១២.៦០០​ លាន​ដុល្លារ ឬ​ប្រហាក់​ប្រហែល​ជាង​ ៦០% ​នៃ​ផលទុន​ផលិត​ក្នុង​ស្រុក​សរុប (GDP)​ របស់​ប្រទេស​មួយ​នេះ។ ក្នុង​នោះ មាន​រាប់​បញ្ចូល​ផង​ដែរ​នូវ​កម្ចី ៥.៩០០​ លាន​ដុល្លារ ជំពាក់​ប្រទេស​ចិន។

ការ​ជជែក​ពី​ «អន្ទាក់បំណុល» ​ដែល​ប៉េកាំង​តែង​បដិសេធ​នេះ មាន​ឡើង​នៅ​ពេល​ចិន​បើក ​«គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ» ក្នុង​អាណត្តិ​លោក​ប្រធាន​រដ្ឋ​ចិន Xi Jinping ដែល​រុញ​នូវទុនវិនិ​យោគនិង​ក្រុមហ៊ុន​សំណង់​រដ្ឋ​ចិន សម្រុក​ចេញ​ទៅកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្រៅ​ប្រទេស។

សហរដ្ឋ​អាមេរិក​ក្នុង​ជំនាន់​រដ្ឋការ​លោក​ប្រធានាធិបតី Donald Trump បាន​គូស​បង្ហាញ​នូវសេណារីយោ​ «អន្ទាក់​បំណុល» ​នេះ​លើ​ករណី​កំពង់ផែ​ Hambantota នៅ​ស្រីលង្កា ដែល​ចិន​បាន​សិទ្ធិ​គ្រប់​គ្រង នៅ​ពេល​បំណុល​ស្រីលង្កា​ជំពាក់​ចិន​កើន​ហួស​កម្រិត​សង។

ចំពោះ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​របស់​ស្ថានទូត​ចិន បណ្ឌិត អៀ សុផល លើក​ឡើង​ថា៖

«វា​ស្ដាប់​មើល​ទៅ​ហាក់​ដូចជា​ប៉េកាំង​បារម្ភ​អំពី​ការ​ផ្ទុះ​ចេញ​មក​នូវ​ការ​ពិត​ ដែល​ជា​អាវុធ​ដ៏​មាន​អានុភាព​បំផុត»។

លោក ឯម សុវណ្ណារ៉ា អ្នក​អត្ថាធិប្បាយ​នយោ​បាយ បាន​លើក​ឡើង​ថា ​ជំនួយ​ចិន​មាន​បរិមាណ​ច្រើន​ពិត តែ​ទទួល​បាន​ការ​ជឿជាក់​មាន​កម្រិត​ពី​ប្រជាជន​កម្ពុជា ដោយ​មូលហេតុ​ខ្វះ​តម្លាភាព​គុណភាព និង​គណនេយ្យ​ភាព​សាធារណៈ។

លោក​បញ្ជាក់​ថា៖ «ជំនួយ​របស់​ចិន​មាន​លក្ខណៈ​ខ្វះ​តម្លាភាព​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​យើង​មិន​សូវ​ជឿ​ជាក់ ព្រោះ​គាត់​ផ្ដល់​ឱ្យ​នេះ​មាន​លក្ខណៈ​ត្រូវរ៉ូវ​ ឬ​យក​ចិត្ត​ទៅ​លើ​ជួរ​ថ្នាក់​មន្ត្រី​ដែល​កាន់​កិច្ច​ការ​ហ្នឹង​ច្រើន​ជាង​អ៊ីចឹង​ប្រជាពលរដ្ឋ​កម្ពុជា​បាត់​អត្ថប្រយោជន៍​ច្រើន​ដែរ»។

អ្នកវិភាគ​រូបនេះលើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​មាន​ភាព​ប្រយ័ត្ន​ប្រយែង​ជាង​មុន និង​មាន​លទ្ធភាព​ខាង​ធនធាន​ច្រើន​ជាង​មុន ដើម្បី​ជ្រើស​យក​កម្ចី​ដែល​អត្រា​ការ​ប្រាក់​មាន​លក្ខណៈប្រកួត​ប្រជែង នា​រយៈពេល ​ ៤​ឆ្នាំ​ចុងក្រោយ នៅ​ក្នុង​បរិបទដែល​កម្ចី​ចិន​ងាយ​ផ្ដល់​ឱ្យ និង​មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​សិទ្ធិមនុស្ស​និង​អភិបាល​កិច្ច​ស្មុគ​ស្មាញ​ដូច​កម្ចី​លោក​ខាង​លិច។

លោក​បន្ថែម​ថា៖ «បើសិន​ជា​កម្ពុជា​ពុំ​មាន​លទ្ធភាព​សង កម្ពុជា​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​បំណុល​ដូច​ឡាវ​ឬ​ស្រីលង្កា​ដែរ»។

លោក ឯម សុវណ្ណារ៉ា បន្ថែម​ថា ​ជំនួយ​ចិន​មក​កាន់​កម្ពុជា​គួរ​បង្កើន​ប្រសិទ្ធភាព​តាម​រយៈ​ការ​ប្រើប្រាស់​ពលកម្ម​ជំនាញ​ក្នុង​ស្រុក ក្នុង​ការ​អនុវត្ត​គម្រោង​នានា​ដែល​ចិន​ផ្ដល់​ទុន ហើយ​គម្រោងទាំង​នោះគួរ​បើក​ចំហ​ជាមួយសាធារណ​ជន​កម្ពុជា ដើម្បី​បង្កើន​ទំនុក​ចិត្ត​និង​ការ​ចូល​រួម។

កម្ពុជា​និង​ចិន​ដែល​ហៅ​គ្នា​ថា​ជា ​«មិត្ត​ដែក​ថែប»​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកាល​ពីចុង​ឆ្នាំ​ ២០​២០ ដែល​ចិន​មាន​បំណង​បើក​ទីផ្សារ​សម្រាប់​ទំនិញ​កសិកម្ម​កម្ពុជា ចំពេល​កម្ពុជា​រង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដោយ​ផ្នែក​ពី​សហភាព​អឺរ៉ុប រឿង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និងការ​ធ្លាក់​ចុះលទ្ធិ​ប្រជាធិបតេយ្យ។

តាម​រយៈ​ជំនួយ​និង​ការ​សម្រួល​របស់​ចិន កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ផលិត​នៅ​ចិន​ទាំង​ជា​ជំនួយនិង​ជា​ការបញ្ជាទិញ​សរុប​យ៉ាង​តិច​ ២ ​លាន ​៨ ​សែន​ដូស បង្កើន​ល្បឿន​នៃ​ការ​ចាក់វ៉ាក់សាំង​បាន​មនុស្ស​ប្រមាណ ១ ​លាន​នាក់​ហើយ ​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ៕