ការ​ចាប់​ខ្លួន​ចាងហ្វាង​សារ​ព័ត៌មាន​ TVFB ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​លើ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា

លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB បង់កក្រមា ត្រូវបានសួរចម្លើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃពុធ និងត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ (រូបថតពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ភ្នំពេញ — រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ចាប់​ផ្តើម​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ​ទាក់ទង​នឹង​វិធានការ​ប្រឆាំង​នឹង​ការ​រាតត្បាត​វីរុស​កូរ៉ូណា ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​TVFB​ គឺ​លោក​ សុវណ្ណ រិទ្ធី​កាល​ពី​ថ្ងៃ​ពុធ​ ដែល​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​

លោក​សុវណ្ណ រិទ្ធី​ដែល​តែង​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង​មាន​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដែល​មាន​អ្នក​ចុច​ Likes​ ដល់​ទៅ​ជាង​ ៦៦​ម៉ឺន​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ដក​ស្រង់​សម្តី​មួយ​ផ្នែក​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ។​

លោក​ សុវណ្ណ រិទ្ធី​ បាន​ដក​ស្រង់​ពាក្យ​សម្តី​របស់​នាយក​រដ្ឋមន្រ្តី​ថា៖ «បើ​អ្នក​រត់ម៉ូតូឌុប​ក្ស័យ​ធន​លក់​ម៉ូតូ​ចាយ​សិន​ទៅ!​ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»។​

នគរបាល​ដែល​ចាប់​ខ្លួន​លោក​ សុវណ្ណ រិទ្ធី​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា «នេះ​ជា​ការ​បំប៉ោង​និង​បំពុល​សង្គម»​ហើយធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​លើ​នាយក​រដ្ឋមន្រ្តី។​

អ្នកនាំ​ពាក្យ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ​គុជ គីមឡុង ​បាន​បញ្ជាក់​ថា​ លោក ​សុវណ្ណ រិទ្ធី​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ ទៅ​២​ឆ្នាំ។ ​បទ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា​ប្រើប្រាស់​ដើម្បី​ចោទ​ប្រកាន់​ក្រុម​មតិ​ប្រឆាំង។​ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ប៉ូលិស​យុត្តិធម៌​(PJ)​នៅ​រាជធានី​ភ្នំពេញ។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អង្គារ លោក​ ហ៊ុន សែន ​ត្រូវ​បាន​អ្នក​សារ​ព័ត៌មាន​សួរ​អំពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​អ្នក​រង​គ្រោះ​ដែល​ធ្វើ​ការ​ក្រៅ​ប្រព័ន្ធ​ក្នុង​នោះ​មាន​អ្នក​រត់​ម៉ូតូ​ឌុប​ផង​ដែរ។​

លោក​ ហ៊ុន សែន ​បាន​ថ្លែង​ថា៖ ​«រដ្ឋាភិបាល​ទៅ​មិន​រួច​ទេ​ និយាយ​ដោយ​ត្រង់។ ​គ្រាន់​តែ​អ្នក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នេះ ​រដ្ឋាភិបាល​ស្ទើរ​តែ​រក​លុយ​មិន​បាន​ទៅ​ហើយ។​ បន្ថែម​ទៅ​ដោយ​ទាំង​ពី​អ្នក​រត់​ម៉ូតូឌុប​ទាំង​ពី​អ្នក​ឡាន​ឈ្នួល​អី​ទៀត​ ងាប់រដ្ឋាភិបាល​ហើយ»។​

លោក ​ហ៊ុន សែន​ ក៏​បាន​ថ្លែង​ជា​មួយ​សំណើច​បន្តិច​ថា៖ «ហើយ​បើ​ក្ស័យ​ធន់​លក់​ម៉ូតូ​សិន​ទៅ ​និយាយ​គ្នា​ចឹង​ម្មង​ទុក​ម៉ូតូ​សង្សារ​ធ្វើ​អី!»​

បន្ទាប់​មកលោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ពន្យល់​រឿង​រ៉ាវ​ទាក់ទង​ផ្សេង​ទៀត​ហើយ​លោក​ក៏​ថ្លែង​បន្ត​ថា៖ «ដូច​ដែល​ក្មួយ​សួរ​មក​ពូ​ថា​អ្នក​រត់​ម៉ូតូឌុប ​គាត់​ត្អូញត្អែរ ​តើ​មាន​រដ្ឋ​ប៉ះប៉ូវ​ទេ ?​ លក់​ម៉ូត​ចាយ​សិន​ទៅទិញ​អង្ករ​ស៊ី​សិន​ព្រោះ​បើ​មក​ឲ្យ​រដ្ឋ​ប៉ះប៉ូវ​ទាំង​អស់​ ងាប់​បាត់។ ​រដ្ឋ​ឯណា​មាន​លុយ»។​

ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ចាងហ្វាង​សារ​ព័ត៌មាន​ TVFB​ នោះ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ​ បាន​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ​ដែល​ផ្តល់​ឲ្យ​លោក​សុវណ្ណ សុខា​បើកដំណើរការ​ផ្សាយគេហ ទំព័រ​ www.tvfb.com.kh ​និង​គេហទំព័រ​ www.tvfb.new ក្រោម​ហេតុ​ផល​ថា​«ម្ចាស់​អាជ្ញា​ប័ណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះញង់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​និង​សុវត្ថិភាព​សង្គម»។​

លោក​ ផុស​ សុវណ្ណ​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន​និង​សោត​ទស្សន៍ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បាន​ការពារ​ចំណាត់​ការ​របស់​ក្រសួង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដែល​មាន​ការ​ចោទ​សួរ​ដោយ​អ្នក​សារ​ព័ត៌មាន។​

លោក​បាន​ការ​ពារ​ការ​ដក​អាជ្ញាប័ណ្ណ​ដោយ​មិន​ទាន់​រក​ឃើញ​កំហុស​ពី​តុលាការ។​

លោក​បាន​ថ្លែង​ថា៖ «មិន​មែន​លឿន​ពេក​ទេ។​ច្បាប់​របប​សារព័ត៌មាន​ឲ្យ​តែ​យើង​ធ្វើ​ទៅប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់ ​ដែល​ថា​ធ្វើ​ម៉េច​ធ្វើ​ឲ្យ​វា​ព្យសនកម្ម​ទៅ​ដល់​សង្គម​មួយ​ទាំង​មូល​គឺ​គេ​ឲ្យ​សិទ្ធិ​មក​រដ្ឋាភិបាល»។​លោក​សុវណ្ណ សុខា ​ឪពុក​របស់​សុវណ្ណ រិទ្ធី ​បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក​និង​សុំ​ការ​អធ្យាស្រ័យ​ឲ្យ​មាន​ការ​ដោះលែង​កូន​ប្រុស​របស់​លោក។​

លោក​មាន​ប្រសាសន៍​ថា៖ «កូន​ប្រុស​ខ្ញុំ​សុវណ្ណ រិទ្ធី​មាន​កំហុស​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​ដែល​ខ្ញុំ​ជា​ឪពុក​អត់​បាន​ប្រៀន​ប្រដៅ​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​បែរ​ជា​កូន​ទៅ​ធ្វើ​បែប​នេះ ។ ​ខ្ញុំ​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់។​មាន​តែ​លើក​ម្រាម​ដៃ​១០​សុំ​ទោស​ថ្នាក់​ដឹកនាំ​មេត្តា​សន្តោស​ប្រណី​កូន​ប្រុស​ខ្ញុំ»។​

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters without Borders)​ បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​កាសែត​រូប​នោះ​និង​ផ្តល់​អាជ្ញា​ប័ណ្ណ​ឲ្យ​ស្ថាប័ន​នេះ​វិញ។​

កាល​ពី​ថ្ងៃ​ទី​២៤​ខែ​មីនា ​អង្គការ​ Human Rights Watch​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​បង្រ្កាប​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ចំពេល​មាន​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។​ អង្គការ​បាន​លើក​ឡើង​ថា​ចាប់​តាំង​ពី​ចុង​ខែ​មករា​មក​យ៉ាង​តិច​មនុស្ស​ ១៧​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ចែក​រំលែក​ព័ត៌មាន​ក្លែង​ក្លាយ​អំពី​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​ក្នុង​នោះ​ក៏​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ផង​ដែរ។​

លោក​ Phil​ Robertson​ នាយក​រង​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human​ Rights ​Watch​ បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ប្រើប្រាស់​ខុស​នូវ​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩​ដើម្បី​ដាក់​ពន្ធនាគារ​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ផ្សេង​ទៀត​ដែល​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​និង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល»។​

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​(CCIM)​ លោក​ណុប វី​ មាន​ប្រសាសន៍​ថា៖ «វា​គឺ​ជា​ការ​អនុវត្ត​មួយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​រឹត​បន្តឹង​ការ​គំរាម​កំហែង​ចំពោះ​ការ​អនុវត្ត​តួនាទី​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មើល​ទៅ​អាច​ថា​ ​រដ្ឋាភិបាល​គាត់​មាន​ការ​ព្រួយ​បារម្ភ​ជ្រុល​ពេក​ ជ្រុល​ហួស​ហេតុ ។ ​ហើយ​អ្វី​ដែល​ជា​ការ​ចាត់​វិធាន​ការ​ចំពោះ​បុគ្គល​តែ​ម្នាក់​អី​ហ្នឹង​ វា​ជាការ​គំរាម​កំហែង​មួយ​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន​ផ្សេងៗ​ទៀត»។​

លោក​បន្ថែម​ថា ​អាជ្ញាធរ​គួរ​តែ​ដោះ​លែង​លោក​ សុវណ្ណ រិទ្ធី​ ហើយ​ការ​អប់រំ​ប្រសើរ​ជាង​ចំណាត់​ការ​ផ្លូវ​ច្បាប់។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ លោក ​ហ៊ុន សែន​ បាន​ព្រមាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ទាក់ទង​នឹង​វីរុសកូរ៉ូណា​ដោយ​លោក​ថា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។​

កាល​ពី​ថ្ងៃ​អង្គារ​លោក ហ៊ុន សែន​ បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​រិះគន់​លោក​ពី​ខាង​ក្រៅ​ប្រទេស​ទៅ​លើ​ការ​រៀបចំ​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​

លោក​បាន​ថ្លែង​ថា៖ «តែ​វា​អត់​យល់!​ វា​និយាយ​ឲ្យ​ខាន​តែ​ឮ!​ ប៉ុន្តែ​អា​នេះ​អាង​តែ​នៅ​ក្រៅ​ប្រទេស​ បើ​នៅ​ក្នុង​ប្រទេស​ជាប់​ខ្នោះ​ព្រោះ​អ្ហែង​និយាយ​ខុស​រឿង​...​ឲ្យ​វា​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ មិន​មែន​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​ទេ»។​

គួរ​បញ្ជាក់​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក ​Mike Pompeo​ បាន​ទូរស័ព្ទ​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​ពុធ ​ដោយ​មាន​ការ​ «ពិភាក្សា​អំពី​សារៈ​សំខាន់​នៃ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​ក៏ដូច​ជា​មធ្យោបាយ​ដើម្បី​ពង្រឹង​អភិបាល​កិច្ច​តាម​បែប​ប្រជា​ធិបតេយ្យ​ដោយ​បញ្ចូល​ទាំង​សារៈ​សំខាន់​នៃ​សេរីភាព​បញ្ចេញ​មតិ​ជាពិសេស​អំឡុង​ពេល​នេះ​នៅ​ពេល​ដែល​ត្រូវ​ការ​សំឡេង​ទាំង​អស់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នេះ»៕