រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួនប្រាំមួយថ្ងៃសម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករ ក្នុងឆ្នាំ២០២០ខាងមុខ។ គោលដៅគឺដើម្បីបង្កើនការទាក់ទាញការវិនិយោគពីក្រៅប្រទេសបន្ថែមទៀត។
ការឈប់សម្រាកប្រចាំឆ្នាំជាផ្លូវការក្នុងប្រទេសកម្ពុជានាពេលកន្លងមកមានចំនួន២៨ថ្ងៃ ដែលក្រុមអ្នកវិនិយោគបរទេសតែងតែត្អូញត្អែរថា ថ្ងៃឈប់សម្រាកនេះមានចំនួនច្រើន បើធៀបនឹងប្រទេសដទៃទៀត។ ហើយការឈប់សម្រាកប្រចាំឆ្នាំច្រើនបែបនេះធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់ពួកគេ។
អនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២ ខែសីហា បានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំនេះពីចំនួន២៨ថ្ងៃក្នុងមួយឆ្នាំមកត្រឹម២២ថ្ងៃវិញ។ នៅក្នុងនោះរដ្ឋាភិបាលបានកាត់បន្ថយព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរពីបីថ្ងៃឲ្យមកនៅសល់ត្រឹមមួយថ្ងៃវិញ។
អនុក្រឹត្យដដែលបានសម្រេចលុបចោលថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ២០ឧសភា ទិវាកុមារអន្តរជាតិ១មិថុនា ទិវារំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា និងទិវាសិទ្ធិមនុស្ស១០ធ្នូ។ ប៉ុន្តែរដ្ឋាភិបាលបានដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីបីថ្ងៃ មកបួនថ្ងៃវិញ។
ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី២៩ខែមិនាឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានប្រកាសថា ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះគឺដើម្បីផ្តល់ការទាក់ទាញដល់អ្នកវិនិយោគពីបរទេស។
«មួយចំនួនគេថា នឹងជាការចំណេញទៅដល់ថៅកែ។ ក៏ប៉ុន្តែខ្ញុំគួរតែបញ្ជាក់ប្រាប់ថា តើគួរឲ្យថៅកែដកចេញពីកម្ពុជា ឬក៏យើងគួរទុកថៅកែរកស៊ីជាមួយយើងដើម្បីយើងទទួលនូវប្រាក់ចំណេញជាបន្ត?»
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានទេ។ ចំណែកអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC សាទរចំពោះការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ ដោយលោករំពឹងថា ការសម្រេចនេះនឹងធ្វើឲ្យនិយោជកបង្កើនផលិតកម្មរបស់ពួកគេ។
«ពេលដែលឈប់សម្រាកច្រើន យើងថ្ងៃធ្វើការតិច តិចជាងប្រទេសផ្សេងៗដែលយើងប្រកួតប្រជែង។ អ៊ីចឹងយើងពិបាកប្រកួតប្រជែងជាមួយប្រទេសឈប់សម្រាកតិចជាងយើង។ ឥឡូវមានកាត់បន្ថយប៉ុន្មាន៧-៨ថ្ងៃ យើងអបអរសាទរ»។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់តំណាងឲ្យការនាំចេញដ៏ធំបំផុតរបស់កម្ពុជា។ កាលពីឆ្នាំ២០១៨ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាមានទំហំ១០ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែជារឿយៗ ក្រុមថៅកែរោងចក្រត្អួញត្អែរថា ការឈប់សម្រាកផ្លូវការរបស់ប្រទេសកម្ពុជាមានចំនួនរហូតដល់ប្រមាណមួយខែក្នុងមួយឆ្នាំ។ បន្ថែមពីនោះទៀត ការធ្វើបាតុកម្ម និងកូដកម្មផ្សេងៗរបស់ក្រុមកម្មករក៏ជាផ្នែកមួយនៃការកាត់បន្ថយផលិតកម្មក្នុងឧស្សាហកម្មរបស់ពួកគេផងដែរ។
លោកហ៊ុន សែនបញ្ជាក់ក្នុងកិច្ចប្រជុំជាមួយក្រុមធុរកិច្ចកាលពីដើមឆ្នាំថា ការកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំនឹងជួយជំរុញកំណើនសេដ្ឋកិច្ចបាន០,៥ភាគរយ។
ដូចគ្នានេះដែរ លោកតាន់ អេលែន ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លើកឡើងថា សហគមន៍អ្នកវិនិយោគអាមេរិកគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា។ លោកលើកឡើងថា ការដែលកម្ពុជាអនុញ្ញាតឲ្យមានការឈប់សម្រាកផ្លូវការប្រចាំឆ្នាំរហូតដល់២៨ថ្ងៃបូក ដោយមានប្រាក់កម្រៃផងនោះគឺខុសពីទម្លាប់ជាអន្តរជាតិ និងប៉ះពាល់ដល់ផលិតភាពរបស់ជាតិ។
ឆ្លើយតបនឹងសំណួររបស់ VOA នៅល្ងាចនេះ លោកប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាយល់ថា៖
«តាមរយៈការកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើឲ្យមានភាពប្រកួតប្រជែងជាងមុន ដែលនៅទីបំផុតនឹងផ្តល់អត្ថប្រយោជន៍ដល់គ្រប់ភាគី»។
ទោះជាយ៉ាងណា លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះគឺជាការបន្ថែមអត្ថប្រយោជន៍សម្រាប់និយោជក ប៉ុន្តែនឹងធ្វើឲ្យខាតបង់ដល់កម្មករនិយោជិត។ លោកបន្តថា កម្មករនៅកម្ពុជាធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ស្របពេលដែលប្រាក់ឈ្នួលទាបខ្លាំង បើធៀបនឹងតម្លៃទំនិញលើទីផ្សារ។
«កម្មករម្នាក់ៗ បើយើងគិតមើល៧ថ្ងៃ ឬក៏៦ថ្ងៃ បើយើងគិតមើលទៅគឺបើសិនជាមួយថ្ងៃ៥ដុល្លារ ក្នុងមួយឆ្នាំគាត់អាចបាត់បង់រហូតទៅ២០-៣០ដុល្លារ។ អ៊ីចឹងខ្ញុំគិតថា ជាចំនួនមួយខាតដែរ។ បើកម្មករមួយលាននាក់ យើងគុណមើលទៅគឺជាចំនួនមួយច្រើន»។
ដោយឡែក លោក អំ សំអាត ប្រធានផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ការកាត់បន្ថយថ្ងៃឈប់សម្រាកដែលមានទិវារំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា និងទិវាសិទ្ធិមនុស្ស១០ធ្នូ ហាក់កំពុងបង្ហាញថា កម្ពុជាកាន់តែឃ្លាតឆ្ងាយពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕