Hello VOA៖ លោកអ៊ូ វីរៈ ថាសម្ពាធអន្តរជាតិមានទម្ងន់ខ្លាំងដើម្បីបន្ធូរស្ថានការណ៍នយោបាយ
Your browser doesn’t support HTML5
សហគមន៍អន្តរជាតិមានកាត្វកិច្ចក្នុងការធ្វើអន្តរាគមន៍លើបញ្ហាកម្ពុជា បើទោះបីជាពួកគេមិនចង់បង្កការល្អក់កករ និងចង់តែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជាក៏ដោយ។ នេះគឺដោយសារប្រទេសទាំងនោះធ្លាប់ចូលរួមក្នុងដំណើរការបញ្ចប់សង្គ្រាម និងនាំសន្តិភាពមកកម្ពុជាក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩១។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។ លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកនៃវេទិកាអនាគតបានលើកឡើងផងដែរថា ការបង្កអរិយភាពជាមួយនឹងសហរដ្ឋអាមេរិកដោយសារតែថ្នាក់ដឹកនាំកម្ពុជាចង់រំលាយគណបក្សសង្គ្រោះជាតិ អាចនាំឱ្យកម្ពុជាខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច ដែលជាចំណងពាណិជ្ជកម្មដោយផ្ទាល់ជាមួយនឹងប្រទេសមហាអំណាចនេះផង និងការដកខ្លួនចេញរបស់ប្រទេសមួយចំនួនដែលពឹងពាក់លើសហរដ្ឋអាមេរិកជាខ្នងបង្អែកផងដែរ។ ប្រទេសទាំងនោះមានជប៉ុន កូរ៉េខាងត្បូងនិងស៊ុយអែតជាដើម។ យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ មើលឃើញថា រដ្ឋាភិបាលកម្ពុជានឹងមិនជំរុញសភាពការណ៍ឱ្យអាក្រក់ជ្រុលហួសហេតុទេ ដោយសារតែថ្នាក់ដឹកនាំមានភាពឈ្លាសវៃគឺគ្រាន់តែបន្តឹងសភាពការណ៍ ដែលអាចធ្វើទុកបុក្ខម្នេញដល់គណបក្សប្រឆាំងឱ្យខ្សោយ ប៉ុន្តែមិនហ៊ានរហូតដល់ថ្នាក់ឱ្យអន្តរជាតិដាក់ទណ្ឌកម្មទេ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៦ វិច្ឆិកា ២០១៧)