Hello VOA៖ អន្តរសភាអាស៊ានផ្តោតលើសុខភាពពលការិនីចំណាកស្រុក
Your browser doesn’t support HTML5
បញ្ហាសុខភាពរបស់ស្រ្តីជាពលករចំណាកស្រុកត្រូវបានក្រុមអ្នកតំណាងរាស្រ្តក្នុងបណ្តាប្រទេសអាស៊ានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង។ នៅក្នុងសម័យប្រជុំលើកទី៣៨របស់សមាគមអន្តរសភាអាស៊ាន នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន ក្រុមអ្នកតំណាងរាស្ត្រជាស្ត្រី បានអនុម័តសេចក្តីសម្រេចមួយ ដែលផ្តោតខ្លាំងលើការលើកកម្ពស់សុខភាពស្រ្តីជាពលការីនីចំណាកស្រុក។ អ្នកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ក្រុមអ្នកតំណាងរាស្ត្រនឹងខិតខំជំរុញរដ្ឋាភិបាលឱ្យបង្កើតគណៈកម្មការមួយ ដើម្បីតាមដានលើផ្នែកសុខភាព ហើយអ្នកស្រីបានប្តេជ្ញាថា នឹងជំរុញកម្ពុជាឱ្យរដ្ឋាភិបាលបង្កើនថវិកាជាតិលើផ្នែកសុខាភិបាលផងដែរ។ អ្នកស្រី មូរ សុខហួរ បញ្ជាក់បន្ថែមថា ការចំណាយលើផ្នែកសុខាភិបាលនៅកម្ពុជាមានការកើនឡើង ក៏ប៉ុន្តែនៅមិនទាន់មានតុល្យភាពគ្នាជាមួយនឹងតម្រូវការនៅឡើយទេ ជាពិសេសលើសុខភាពស្ត្រី។ ក្នុងពេលជាមួយគ្នានេះដែរ ពលការិនីចំណាកស្រុកខ្លះដែលកំពុងធ្វើការងារនៅប្រទេសថៃលើកឡើងថា ពួកគេទទួលបានសេវាសុខភាពនៅទីនោះល្អ ជាងក្នុងប្រទេសកម្ពុជា។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ/ប្រទេសថៃ, ២៨ កញ្ញា ២០១៧)