Hello VOA៖ វេទិកាអនាគតព្យាករណ៍ពីសេដ្ឋកិច្ចប្រសើរសម្រាប់កម្ពុជា
Your browser doesn’t support HTML5
ប្រាក់ចំណូលពលរដ្ឋកម្ពុជានឹងកើនឡើង៤ដង ក្នុងរយៈពេល២០ឆ្នាំខាងមុខ បើសិនជាកំណើនសេដ្ឋកិច្ចនៅថេរក្នុងកម្រិត៧ភាគរយ ហើយមានការបែងចែកស្មើគ្នា ប៉ុន្តែក៏នៅមិនទាន់ដល់កម្រិតចំណូលរបស់ពលរដ្ឋថៃក្នុងពេលបច្ចុប្បន្ននៅឡើយទេ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA ថា បើសិនជាកត្តាជីវភាពពលរដ្ឋមានការរីកចម្រើនគឺបញ្ហាកង្វះជីវជាតិដែលកំពុងតែមានផលប៉ះពាល់លើពលរដ្ឋកម្ពុជាផ្នែករាងកាយ និងបញ្ញាស្មារតី នឹងអាចកាត់បន្ថយបាន។ លោក អ៊ូ វីរៈ បន្ថែមថា កង្វះជីវជាតិនាពេលបច្ចុប្បន្នជាការនាំឱ្យខាតបង់ធនធានបញ្ញាមនុស្សពី៣០ ទៅ៤០ឆ្នាំទៅមុខទៀត។ លោកបន្ថែមថា នៅពេលពលរដ្ឋមានជីវភាពធូរធារ ពួកគាត់ក៏នឹងចាប់អារម្មណ៍លើបញ្ហានយោបាយកាន់តែច្រើន ហើយទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវជាងមុន។ លោក អ៊ូ វីរៈ សម្តែងនូវក្តីសង្ឃឹមថា ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខទៀត ធនធានមនុស្សរបស់ប្រទេសកម្ពុជាក៏នឹងរីកចម្រើនគ្រាន់បើដែរនៅក្នុងវិស័យឯកជន ដែលអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់បានខ្លះ។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, សីហា ៧ ២០១៧)