Hello VOA៖ កម្ពុជានឹងបញ្ជូនពលករទៅប្រទេសកាតា ទោះបីពលរដ្ឋមិនទាន់ស្គាល់ប្រទេសនេះ
Your browser doesn’t support HTML5
ទោះបីជាពលរដ្ឋមិនទាន់បានស្គាល់ច្បាស់ពីស្ថានភាពប្រទេសកាតានិងទីតាំងថាប្រទេសនោះស្ថិតនៅទីណា ប៉ុន្តែមានអ្នកដាក់ពាក្យសុំទៅធ្វើការនៅទីនោះចំនួន១០០០នាក់ ហើយនិងមានអ្នកត្រៀមទៅធ្វើការចំនួន២០០នាក់។ នេះបើតាមការបញ្ជាក់របស់សកម្មជនការពារសិទ្ធិពលករ។ អ្នកការពារសិទ្ធិពលករព្រួយបារម្ភចំពោះស្ថានភាពអាក្រក់ដែលពលករខ្មែរអាចនឹងជួបប្រទះ ដោយសារតែប្រទេសនេះជាប្រទេសអ្នកមាន ហើយមិនយកចិត្តទុកដាក់នឹងសិទ្ធិមនុស្ស និងមិនអនុញ្ញាតឱ្យមានអង្គការក្រៅរដ្ឋាភិបាលណាតាមដានកិច្ចការរបស់ខ្លួនទេ។ លោកឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) លើកឡើងថារដ្ឋាភិបាលកម្ពុជាគួរតែរៀបចំឱ្យមានយន្តការការពារត្រឹមត្រូវ ដូចជាមានតំណាងស្ថានទូត និងគណៈកម្មការតាមដានការអនុវត្តការងារជាដើម មុននឹងបញ្ជូនពលករខ្មែរទៅធ្វើការនៅទីនោះ។ លោកក៏ស្នើសុំឱ្យរដ្ឋាភិបាលសហការជាមួយនឹងអង្គការការពារសិទ្ធិពលករ ដោយផ្តល់លេខទំនាក់ទំនងនានាដល់ពួកគេមុនពេលចេញដំណើរដើម្បីងាយស្រួលស្វែងរកអន្តរាគមន៍ក្នុងករណីមានការរំលោភបំពានណាមួយកើតឡើង។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៣ មីនា ២០១៧)