Hello VOA៖ ១៥ឆ្នាំក្រោយពីការបោះឆ្នោតឃុំសង្កាត់ពលរដ្ឋយល់ដឹងជាងមុន តែសេវាកម្មនៅមានកម្រិត
Your browser doesn’t support HTML5
រយៈពេល១៥ឆ្នាំចាប់តាំងពីអ្នកបោះឆ្នោតបានជ្រើសរើសមេឃុំ និងចៅសង្កាត់មក អ្នកជំនាញសង្កេតឃើញថា ការអនុវត្តការងារនៅថ្នាក់មូលដ្ឋានមានតម្លាភាពច្រើនជាងមុន ពលរដ្ឋទទួលបានលិខិតបទដ្ឋាននានាបានប្រសើរជាងមុន និងហ៊ានតវ៉ាសម្តែងការមិនពេញចិត្តនឹងសេវាដែលពួកគាត់ទទួល។ នេះបើតាមការសង្កេតរបស់អ្នកវិភាគ។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានបន្ថែមដែរថា ការផ្តល់ថវិកាជូនថ្នាក់មូលដ្ឋានដែលនៅមានកម្រិតទាបធ្វើឱ្យសេវាចាំបាច់មួយចំនួន ដូចជាសាលារៀន និងមន្ទីរពេទ្យ នៅមិនទាន់បម្រើបានតាមតម្រូវការរបស់ពលរដ្ឋនៅឡើយទេ។ ថ្នាក់ដឹកនាំមូលដ្ឋានទទួលបានប្រាក់ខែតិចតួចដែលពិបាកក្នុងការទាក់ទាញយុវជនជំនាន់ក្រោយ ដែលមានចំណេះខ្ពង់ខ្ពស់មកចាប់អារម្មណ៍ធ្វើការបម្រើមូលដ្ឋានរបស់ពួកគេ។ ការបោះឆ្នោតឃុំសង្កាត់បានរៀបចំជាលើកដំបូងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០២។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៣ មករា ២០១៧)