Hello VOA៖ អ្នកវិភាគថា អំពើពុករលួយនិងភាពមិនប្រក្រតីនៃពន្ធគយជាឧបសគ្គដល់កម្ពុជាក្នុងអាស៊ាន
Your browser doesn’t support HTML5
មួយឆ្នាំកន្លងមកនៃការអនុវត្តកម្មវិធីសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាបានខិតខំជំរុញកំណែទម្រង់ជាច្រើនដើម្បីទាញយកផលប្រយោជន៍ពីឱកាសសេដ្ឋកិច្ចថ្មីនេះក្នុងនោះមានដូចជា ការជំរុញកំណែទម្រង់ខាងផ្នែកច្រកព្រំដែននិងគយនិងច្រកចេញចូលតែមួយជាដើម។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ លោកឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្ត្របានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ប៉ុន្តែបានបន្ថែមថា របាំងមិនមែនពន្ធគយនៅតែមានក្នុងបណ្តាប្រទេសអាស៊ានមួយចំនួនដូចជា ក្នុងករណីប្រទេសកម្ពុជាមានករណីអំពើពុករលួយ និងភាពមិនប្រក្រតីនៃពន្ធគយ ជាពិសេសនៅតាមច្រកព្រំដែនផ្សេងៗបានធ្វើឱ្យរាំងស្ទះដល់ការនាំចេញនិងនាំចូល។ លោកបន្តថា ដើម្បីទាញយកផលប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាដាច់ខាតត្រូវតែធ្វើការកែទម្រង់ផ្នែកអភិបាលកិច្ច។ សហគមន៍សេដ្ឋកិច្ចអាស៊ានបានចាប់ដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៦ ដែលទើបតែកន្លងផុតទៅនេះ ហើយនឹងបន្តរហូតដល់ឆ្នាំ២០២៥មុននឹងក្លាយជាសហគមន៍អាស៊ានមួយ។ បច្ចុប្បន្ននេះ អាស៊ានបានក្លាយជាមហាសេដ្ឋកិច្ចទីបីនៅអាស៊ី និងទី៧នៅលើពិភពលោក។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៥ មករា ២០១៧)