Hello VOA៖ របាយការណ៍បង្ហាញថា អំពើពុករលួយតាមច្រកព្រំដែនកម្ពុជានៅតែខ្ពស់ជាងគេ
Your browser doesn’t support HTML5
គោលនយោបាយពន្ធរបស់កម្ពុជាដែលទម្លាក់មកទាបបំផុតបាននាំឱ្យមានលក្ខណៈទាក់ទាញប៉ុន្តែអំពើពុករលួយនៅតាមច្រកព្រំដែន ការិយាធិបតេយ្យ និងកង្វះតម្លាភាពជាកត្តាចម្បងមិនធ្វើឱ្យកម្ពុជាសម្រេចបានការរីកចម្រើនតាមសក្តានុពលនៃទីផ្សារដែលខ្លួនមាន។ នេះបើតាមការលើកឡើងរបស់អ្នកឯកទេសនិងរបាយការណ៍របស់វេទិការសេដ្ឋកិច្ចពិភពលោក។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានស្នើឡើងថា ការប្រើប្រាស់តាមអនឡាញឬអ៊ីនធឺណិតសម្រាប់បំពេញបទគឺអាចជួយកាត់បន្ថយអំពើពុករលួយបាន។ លោកទទួលស្គាល់ពីឆន្ទៈនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញប្រព័ន្ធអនឡាញនេះ ប៉ុន្តែវាមានគម្លាតគ្នារវាងឆន្ទៈនយោបាយនិងការអនុវត្តជាក់ស្តែងដោយសារតែប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាមានល្បឿនយឺតខ្លាំងដែលធ្វើឱ្យអ្នកជំនួញធុញទ្រាន់និងបន្តប្រើប្រាស់ប្រព័ន្ធធម្មតាដែលជាប្រភពឈានទៅដល់ការប្រព្រឹត្តអំពើពុករលួយដដែល។
លោកក៏បានបន្ថែមថាកម្ពុជាត្រូវមានតុលាការពាណិជ្ជកម្មមួយដោយឡែកដើម្បីជួយដល់ពាណិជ្ជករផងដែរនិងដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានលក្ខណៈទាក់ទាញព្រោះអវត្តមាននៃតុលាការនេះនាំឱ្យការដោះស្រាយវិវាទពាណិជ្ជកម្មត្រូវធ្វើឡើងដោយតុលាការធម្មតាដែលគេដឹងថាមានភាពអយុត្តិធម៌និងពុករលួយ។
របាយការណ៍ថ្មីរបស់វេទិការសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៦ចេញផ្សាយកាលពីពេលថ្មីៗនេះ បានវាយតម្លៃថា ប្រទេសកម្ពុជាបានឈានឡើងល្អជាងមុន៤លេខមកដល់លេខ៩៨ក្នុងចំណោម១៣៦ប្រទេស។ ប៉ុន្តែអំពើពុករលួយនៅតាមច្រកព្រំដែននៅតែខ្ពស់ជាងប្រទេសថៃ ឡាវ និងវៀតណាម។(ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៦ ធ្នូ ២០១៦)