ក្នុងព្រះរាជពិធីខួប១០ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះរមនាថនរោត្តមសីហមុនីនៅថ្ងៃពុធម្សិលមិញ មានឧបទ្ទវហេតុគ្រោះថ្នាក់ក្នុងការបាញ់កាំជ្រួចអបអរពិធីនេះ ដែលក្នុងនោះមាននិស្សិតម្នាក់បានស្លាប់ និងយ៉ាងតិចមនុស្ស៧នាក់ទៀតរងរបួស។

មន្ត្រីសាលាក្រុងភ្នំពេញបានឲ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលមកពីគ្រាប់កាំជ្រួចដែលគេបាញ់នោះ បានផ្ទុះនៅនឹងកន្លែង គឺមិនហោះទៅផ្ទុះនៅលើអាកាសទេ។ ការផ្ទុះនៅនឹងកន្លែងបាញ់នោះបានជ្រះកម្ទេចដែក និងកម្ទេចផ្សេងទៀតទៅលើអ្នកដើរលេងក្បែរនោះដែលជាជនរងគ្រោះ។ គ្រោះថ្នាក់នេះកើតមាននៅសង្កាត់ជ្រោយចង្វានៅត្រើយម្ខាងទល់មុខព្រះបរមរាជវាំង។

មន្ត្រីអាជ្ញាធរសង្កាត់ជ្រោយចង្វាប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ឧបទ្ទវហេតុដែលបានកើតមាននៅជិតសណ្ឋាគារសុខានោះ បណ្តាលមកពីបញ្ហាបច្ចេកទេស ហើយវាបានសម្លាប់និស្សិតសាកលវិទ្យាល័យ Setec ម្នាក់ឈ្មោះណាគ្រី ដារ៉ូ អាយុ២២ឆ្នាំ មកពីខេត្តកណ្តាល។ ក្នុងចំណោមអ្នករបួស៧នាក់នោះ មានពីរនាក់របួសធ្ងន់ តែមិនអាចប៉ះពាល់ដល់អាយុជីវិតទេ។

អ្នករបួសម្នាក់ជាក្មេងប្រុសអាយុ១២ឆ្នាំ ដែលរបួសជង្គង់។

ឧបទ្ទវហេតុនេះបានបញ្ចប់ព្រះរាជពិធីខួប១០ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិនេះមុនគ្រោងទុកនៅពេលយប់ ក្រោយពីមានការអបអរពេញមួយថ្ងៃ ដោយមានអ្នកចូលរួមជាងមួយម៉ឺននាក់។

នៅពេលព្រឹក មុនពេលឧបទ្ទវហេតុនេះកើតឡើង ព្រះមហាក្សត្របរមនាថនរោត្តមសីហមុនីបានមានព្រះរាជបន្ទូលសរសើរលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា ជាមនុស្សឆ្លាត ដែលរៀបចំនយោបាយសមស្រប កសាងសន្តិភាព និងស្ថិរភាព។ ព្រះអង្គមានបន្ទូលទៅកាន់មហាជនថា៖

«សមិទ្ធផលដ៏ធំធេងទាំងឡាយដែលយើងសម្រេចបាននេះពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូរបស់មនុស្ស»។

លោកឃាង មុន្នីរដ្ឋា គ្រូបង្រៀនមកពីសាលាបាក់ទូកមានប្រសាសន៍ថា៖

«គុណសម្បត្តិរបស់ព្រះអង្គគឺមានគុណសម្បត្តិច្រើនអនេក ត្រង់ដែលថា ព្រះអង្គមានគោលការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ នាំមកនូវសន្តិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ»។

ចំណែកអ្នកស្រីចាន់ បុប្ផាគ្រូបង្រៀនមកពីសាលាប៊ុនរ៉ានី ហ៊ុន សែនបន្ទរថា៖

«ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រជំនាន់នេះ ធ្វើឲ្យប្រទេសជាតិយើងមានភាពរុងរឿង ថ្កំថ្កើងសម្បូរសប្បាយ ហើយមានសុខសន្តិភាព»៕

និស្សិតម្នាក់ស្លាប់ក្នុងឧបទ្ទវហេតុនៃពិធីខួប១០ឆ្នាំការឡើងគ្រងរាជ្យសម្បត្តិមហាក្សត្រ
Your browser doesn’t support HTML5
វ៉ាស៊ីនតោន —