ភ្នំពេញ៖ ប្រជាពលរដ្ឋនៃតំបន់បឹងកក់ក្រុងភ្នំពេញ បានបន្ដការតវ៉ារបស់ខ្លួនចូលដល់ថ្ងៃទី២ហើយនៅថ្ងៃអង្គារ៍នេះ ដែលបង្ហាញអំពីការប្រឹងប្រែងរបស់ពួកគេក្នុងការតស៊ូចំពោះអ្វីដែលពួកគេអះអាងថា ពុំទទួលបានការយកចិត្តទុកដាក់ដោះស្រាយឲ្យបានសមរម្យក្នុងការបណ្ដេញពួកគេចេញពីលំនៅដ្ឋាន។
ស្ថិតនៅក្នុងបរិវេណដែលព័ទ្ធដោយខ្សែនីឡុងទំហំប៉ុនម្រាមដៃលើទីលានប្រជាធិបតេយ្យឬទីលានបញ្ចេញ មតិក្រុមអ្នកភូមិជជែកគ្នាជាក្រុមៗ បន្ទាប់ពីស្រែកដាក់ឧគ្ឃោសនស័ព្ទលាតត្រដាងអំពីបញ្ហារបស់ពួកគេនិងដង្ហោយរកជំនួយសម្រាប់ពួកគេ។ ប៉ុន្ដែអ្នកស្រីលី មុំ អ្នកតំណាងមួយរូបរបស់ប្រជាពលរដ្ឋក្នុងតំបន់ដែលប្រឈមនឹងការបណ្ដេញចេញនេះ ពោលថាការឈរតវ៉ារបស់ពួកគាត់មិនត្រូវបានមន្ដ្រីទទួលខុសត្រូវ របស់រដ្ឋាភិបាលឬ មន្ដ្រីក្រុងភ្នំពេញស្តាប់ឮនោះទេ។
«តាំងពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ នេះគឺអត់មានខាងអាជ្ញាធរពាក់ព័ន្ធទាំងអស់ តំណាងរាស្ដ្រក៏អត់មានបានចុះមកត្រួតពិនិត្យ ឬក៏សួរពីបញ្ហាពួកខ្ញុំធ្វើកូដកម្មទាមទារចង់បានអ្វីទេ»។
នៅខាងមុខក្រុមអ្នកតវ៉ាគឺជាអាគារធនាគារដ៏ខ្ពស់ជាងគេក្នុងចំណោមបណ្ដាធនាគារនៅក្នុងប្រទេសកម្ពុជា។ការសាងសង់អាគារទំនើបថ្មីៗទៀតកំពុងបន្ដនៅលើសួនច្បារមិនឆ្ងាយប៉ុន្មានពីទីលានបញ្ចេញមតិនោះទេ។ អ្នកភូមិបឹងកក់អង្គុយមើលអ្នកដំណើរឆ្លងកាត់ទៅមកមិនចេះដាច់នៅលើផ្លូវតូចចង្អៀតដែលរាយប៉ាយដោយរថយន្ដសម្រាប់លក់តាមចិញ្ចើមផ្លូវ។ យូរៗម្ដងពួកគេអំពាវនាវឲ្យមានការគាំទ្រពីក្រុមប្រជាពលរដ្ឋដទៃទៀត។
ក្រុមហ៊ុនស៊ូកាគូ អ៊ីន ទទួលសិទ្ធិវិនិយោគនៅតំបន់បឹងកក់ ដែលមានទំហំសរុប១៣៣ហិកតាដើម្បីអភិវឌ្ឍតំបន់នេះឲ្យទៅជាមណ្ឌលពាណិជ្ជកម្មនិងសំណង់ទំនើប។
ប្រជាពលរដ្ឋចំនួនជាង៤.០០០គ្រួសារតម្រូវឲ្យចាកចេញពីតំបន់ដែលពួកគេកំពុងរស់នៅដោយផ្តល់សំណង ដែលពួកគេអះអាងថាមិនបានធ្វើឲ្យសមស្របទៅតាមទីផ្សារនោះទេ។
ការតវ៉ានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីស្វែងរកដំណោះស្រាយមួយសមរម្យដែលក្រុមប្រជាពលរដ្ឋចង់ឲ្យក្រុមហ៊ុនទិញដីរបស់ពួកគេនៅក្នុងតម្លៃ១.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េឬក៏ត្រូវផ្តល់ ឲ្យពួកគេនូវដីទំហំ១៥ហិកតាសម្រាប់ចែកគ្នារស់នៅដើម្បីជៀសវាងការចាកចេញពីតំបន់ជម្លោះនេះ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថាខ្លួនបានដាក់សំណើដើម្បីជួបចរចាជាមួយអភិបាលក្រុងចំនួនប្រាំដងតែ សំណើទាំងនោះត្រូវបានបដិសេធ។ សំណើចំនួនបួនបានដាក់ទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដើម្បីស្នើសុំអន្ដរាគមន៍ ប៉ុន្ដែនៅតែមិនមានឥទ្ធិពលសម្រាប់ការដោះស្រាយណាមួយនោះទេ។
អ្នកស្រី លី មុំបានបញ្ជាក់បន្ថែមថា៖
«ពួកខ្ញុំនៅតែមានការទាមទារហើយសុំយ៉ាងទទូច ដើម្បីឲ្យឯកឧត្តម កែប ជុតិមា បើកការចរចាជាមួយប្រជា ពលរដ្ឋដើម្បីរកដំណោះស្រាយវិជ្ជមានសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់»។
ទោះជាយ៉ាងនេះក្ដី ការអស់សង្ឃឹម និងការប្ដេជ្ញាចិត្តនៃអ្នកភូមិទាំងនេះនៅតែបន្ដដក់ជាប់ជាមួយពួកគាត់។ អ្នកស្រី វ៉ាន់ នី ដែលផ្ទះរបស់អ្នកស្រីត្រូវពន្លិចដោយល្បាប់ខ្សាច់ ដែលក្រុមហ៊ុនស៊ូកាគូអ៊ីន បូមដាក់នោះ នៅតែរំពឹងថា ការចរចាឡើងវិញមួយនឹងអាចចាប់ផ្ដើម។
«ពួកខ្ញុំនៅតែតវ៉ាស្រែកទាមទារទាល់តែមានសមត្ថកិច្ច ឬក៏ខាងរាជរដ្ឋាភិបាលមកចរចា ផ្ដល់ដំណោះស្រាយដល់ពួកខ្ញុំទើបពួកខ្ញុំឈប់»។
ដំណាលគ្នានោះអ្នកស្រីតុល ស្រីពៅ បានព្រលយពាក្យថាក្រុមអ្នកភូមិនឹងធ្វើការក្រាញននៀលក្នុងការតស៊ូរបស់ខ្លួន។
«ពួកខ្ញុំមិនចាកចេញពីតំបន់បឹងកក់ជាដាច់ខាត បើគ្មានសំណងសមរម្យ បើរាជរដ្ឋាភិបាល ជាពិសេស សាលារាជធានីភ្នំពេញមិនដោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់បឹងកក់ទេ ពួកខ្ញុំសុខចិត្តស្លាប់នៅក្នុងផ្ទះ»។
លោកប៉ា សុជាតិវង្ស អភិបាលរងសាលារាជធានីភ្នំពេញមិនធ្វើអត្ថាធិប្បាយលើជម្លោះដីបឹងកក់នេះទេ។
ដោយឡែក លោក កើត ឆែ នាយរងខុទ្ទកាល័យសាលារាជធានីភ្នំពេញមិនអាចបំភ្លឺថាតើសាលារាជធានី នឹងធ្វើការចរចាជាមួយក្រុមប្រជាពលរដ្ឋឬយ៉ាងណាទេ។
«ខ្ញុំមិនអាចឆ្លើយបានទេ ខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវរឿងនេះ»។
តំបន់បឹងកក់មានភូមិចំនួនប្រាំពីរប្រជាពលរដ្ឋប្រមាណជា២.០០០គ្រួសារនៅក្នុងចំណោមជាង៤.០០០គ្រួសារ បានយល់ព្រមចាកចេញថ្វីបើពួកគេអះអាងថាសំណងសម្រាប់ពួកគេមិនបានត្រឹមត្រូវគឺពួកគេទទួលបានផ្ទះល្វែងទំហំបួនគុណនឹងដប់ពីរម៉ែត្រឬក៏ទទួលបានជាប្រាក់សំណងចំនួន៨.០០០ដុល្លារនិង២.០០០.០០០រៀល។
ក្រុមអ្នកភូមិបឹងកក់បានលើកឡើងថា ពួកគេចង់បន្តរស់នៅទីនេះដោយសារតែទីតាំងថ្មីរបស់ពួកគេមានចម្ងាយរហូតទៅដល់២០គីឡូម៉ែត្រពីទីតាំងសព្វថ្ងៃ។
អ្នកភូមិលើកឡើងថាទីតាំងថ្មីពុំមានសាលារៀន គ្មានមន្ទីរពេទ្យ និងធ្វើឲ្យពួកគេពិបាកនិងស្វែងរកមុខរបរសម្រាប់ចិញ្ចឹមជីវិត។
ក្រៅពីស្វែងរកជំនួយពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្រុមអ្នកភូមិបឹងកក់ដែលកំពុងតែតវ៉ាបានអំពាវនាវរកជំនួយពីអតីតព្រះមហាក្សត្រនរោត្តម សីហនុ និងមេដឹកនាំពីបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ជប៉ុន វៀតណាម ចិន និងប្រទេសមួយចំនួនទៀតដើម្បីជួយដល់ពួកគេ តាមរយៈការលើកត្រដាងទង់ជាតិនៃប្រទេសទាំងនោះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ដ្រីមានប្រសាសន៍ថាប្រជាពលរដ្ឋបឹងកក់អាចប្ដឹងទៅកាន់តុលាការបានប្រសិនបើគ្មានដំណោះស្រាយណាមួយនោះ។
«ការនិយាយពីប្តឹងប្តល់ មានតែស្ថាប័នតុលាការទេ អ្នកទទួលពាក្យបណ្តឹង និងផ្តល់យុត្តិធម៌ឲ្យ »។
ក៏ប៉ុន្ដែលោក យឹម សុវណ្ណ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សជំទាស់សម រង្ស៊ី មានប្រសាសន៍ថា សំណុំរឿងបឹងកក់ដ៏រ៉ាំរ៉ៃនេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការដោះស្រាយ។
«គឺ រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនត្រូវតែទទួលខុសត្រូវ និងបញ្ហានេះដោយផ្ទាល់តែម្តង»។
មន្ដ្រីឃ្លាំមើលការរំលោភដីធ្លីរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក លោក អ៊ូច ឡេង យល់ឃើញថា ការតស៊ូក្នុងការធ្វើការតវ៉ានៅលើសួនប្រជាធិបតេយ្យរបស់អ្នកភូមិបឹងកក់ទំនងជាមិនទទួលបានជោគជ័យនោះទេ ខណៈដែលពួកគាត់មិនមានការសាមគ្គីរួបរួមកម្លាំងគ្នាបានច្រើននោះ៕