រដ្ឋាករ​ទឹក​កម្ពុជា​ទទួល​បាន​រង្វាន់​ឧស្សាហ​កម្ម​ទឹក​ពី​ស៊ុយអែត

រដ្ឋាករ​ទឹក​កម្ពុជា​ទទួល​បាន​រង្វាន់​ឧស្សាហ​កម្ម​ទឹក​ពី​ស៊ុយអែត

វិទ្យាស្ថាន ​ទឹក​អន្តរជាតិក្រុង​ស្តុកហូម​ របស់​ប្រទេស​ស៊ុយអែត ​បាន​សម្រេច​ប្រគល់​រង្វាន់​ឧស្សាហ​កម្ម​ទឹក​ក្រុង​ស្តុកហូម​សម្រាប់​ឆ្នាំ​ ២០១០​ដល់​រដ្ឋាករ​ទឹក​កម្ពុជា​ដើម្បី​ជា​ការ​ទទួល​ស្គាល់ចំពោះ​ ការផ្គត់ផ្គង់​ទឹក​និង​ការ​ដំណើរការ​គ្រប់គ្រង​ដោយ​ខ្លួនឯង​បាន។

រង្វាន់ ​នេះ​នឹង​ប្រគល់​ជូន​ជាផ្លូវការនៅ​ទីក្រុង​ស្តុកហូម​ ប្រទេស​ស៊ុយ​អែត​ ក្នុង​ឱកាស​ប្រារព្ធ​សប្តាហ៍​ទឹក​ពិភព​លោក​ដែល​នឹង​រៀបចំ​ពីថ្ងៃ​ ទី៥ដល់​១១ ​ខែកញ្ញា​ ឆ្នាំ​២០១០​ខាង​មុខ​នេះ។

នៅ ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយថ្ងៃ​ទី០២ខែ​មិថុនា​ ​វិទ្យាស្ថាន​អន្តរជាតិ​ក្រុង​ស្តុកហូម​ បាន​លើក​សរសើរ​ដល់​របៀប​គ្រប់គ្រង​ល្អ​និង​ការ​ទទួល​ខុសត្រូវ​ខាង​ផ្នែក​ បរិស្ថាន​របស់រដ្ឋាករ​ទឹក​កម្ពុជា។

លោក ​ ឯក ស៊ុនចាន់​ អគ្គ​នាយកនៃ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​មាន​ប្រសាសន៍ថា​៖

“ក្រុម​របស់​ខ្ញុំ​ទទួល​បាន​ការ​លើ​ក​ទឹក​ចិត្ត​ដោយ​សារ​ទទួល​បាន​ រង្វាន់នេះ​ដើម្បី​ឱ្យ​យើង​អាច​បន្ត​អនុវត្ត​បេសក​កម្ម​របស់​យើង​ក្នុង​ការ​ បង្កើន​ប្រសិទ្ធិភាព​រូមគ្នា​ ធ្វើ​ឱ្យ​ប្រសើរ​រ​ឡើង​នូវ​និយ័តកម្ម​ទឹក​ និង​ផ្គត់ផ្គង់​ទឹក​ដែល​ប្រជា​ពលរដ្ឋ​ក្រីក្រ​អាច​ប្រើប្រាស់​បាន។​ យើង​នឹង​បន្ត​ធ្វើការ​ផ្គត់ផ្គង់​ទឹក​ដោយ​មិន​ឈប់ឈរ​ក្នុង​តម្លៃ​មួយ​ដែល សង្គម​យើង​ទាំងមូល​អាច​បង់ថ្លៃ​ប្រើប្រាស់​បាន​តាម​រយៈការ​គ្រប់គ្រង​ល្អ​ និង​ការ​អនុវត្ត​ប្រមូល​ថ្លៃ​ផលិត​មក​វិញ​ ​បើទោះបី​ជា​តម្លៃ​អគ្គិសនី​និង​ថ្លៃ​ផលិត​ផ្សេងៗ​ទៀត​មាន​ការ​កើន​ឡើង​ក៏​ដោយ"។

រដ្ឋាករ ​ទឹក​បាន​ធ្វើការ​រៀបចំ​ដាក់​បំពង់​ប្រព័ន្ធ​ទឹក​ថ្មី​ទាំងស្រុង​ដាក់​ឱ្យ មាន​វិធី​ប្រមូលប្រាក់​ថ្លៃ​ប្រើ​ប្រាស់ទឹក​និង​ចេញវិក្ក័យប័ត្រ​ដែល​ មាន​លក្ខណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​ក៏​ដូចជា​ការ​គ្រប់គ្រងដែល​មានកម្រិត​ពិភពលោក​ក្នុង​ការ​ផ្តល់​ទឹក​ ទៅឱ្យស្ទើរតែ​គ្រប់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ក្នុង​ទីក្រុង ​ហើយ​បានចាប់​ផ្តើមផ្តល់​ទឹកស្អាត​ដល់​អ្នក​ទីក្រុង​ភ្នំពេញ​ប្រើប្រាស់​ នៅឆ្នាំ​១៩៩៨។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ដក​ស្រង់​តាម​សេចក្តី​បញ្ជាក់​របស់​ក្រុម​គណៈ​កម្មការ​វាយ​តម្លៃ​ថា "រដ្ឋាករ ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​មាន​ការប្តេជ្ញា​ខ្ពស់​ដើម្បី​ធានាឱ្យ​បាន​ការ​ ទទួល​ខុសត្រូវ​ខាង​ផ្នែក​សង្គម​កិច្ច​និងបរិស្ថាន។​ រដ្ឋាករ​ទឹក​នេះ​បាន​បង្ហាញ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងមូល​ថា​ ទីក្រុង​ធំៗ​អាច​រំពឹង​ថា​ ​នឹង​ទទួល​បាន​ទឹក​ស្អាត​ជាប្រចាំ ​ហើយ​ឈរជា​គម្រូ​សម្រាប់​ដល់​បណ្តា​ស្ថាប័នផ្សេងៗ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ ​ការ​ធ្វើ​ជំនួញ​និង​បង្កើន​កម្រិត​សេវាកម្ម​ដល់​អតិថិជន”។

បរិមាណ ​ទឹក​បាត់​បង់​ដោយសារ​ការ​បែកធ្លាយ​បំពង់​បង្ហូរ​ និង​ម៉ាស៊ីន​បូមទឹក​មាន​ចំនួន​៧២​ភាគ​រយ​ក្នុង​ឆ្នាំ​១៩៩៣​ ​ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​មក​នៅ​ត្រឹម​៦​ភាគរយ​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៨​ ដែល​ជា​ចំនួន​មួយ​ទាប​ខ្លាំងណាស់​ ​បើ​ប្រៀបធៀប​នឹង​កម្រិត​អន្តរជាតិ។​ ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ​សមាមាត្រ​នៃ​ការ​ប្រមូល​វិក្ក័យប័ត្រ​បាន​លើស​ពី​ចំនួន​៩៨​ភាគ​រយ​ដែល​ជា​ ការ​ជួយ​ឱ្យ​រដ្ឋាករ​ទឹក​ប្រមូល​ថ្លៃ​ផលិត​មក​វិញ​បាន។

លោក ​ ឯក ស៊ុនចាន់​ បាន​ប្តេជ្ញាថា​ ​នឹង​កាត់​បន្ថយ​ចំនួន​ទឹក​ដែល​បាត់​បង់​ដោយ​សារ​ការ​បែក​ធ្លាយឱ្យ​ធ្លាក់ ​មកនៅ​កម្រិត​៤​ភាគរយ​នៅ​ឆ្នាំ​២០២០​ ​ហើយ​បន្ត​ធ្វើឱ្យ​ប្រសិទ្ធិ​ភាព​នៃ​ការ​បម្រើ​សេវា​កាន់​តែ​ប្រសើរ​ជាង​មុន ​ ​ហើយ​ហ្នឹង​ផ្គត់ផ្គង់​ទឹក​ក្នុង​តម្លៃ​ថោក​ជាង​ពេល​បច្ចុប្បន្ន។

ពានរង្វាន់ ​ឧស្សាហ​កម្មទឹក​ក្រុង​ស្តុកហូម​ទទួល​ស្គាល់​ការ​ចូលរួម​ចំណែក​របស់​វិស័យ​ ជំនួញ​ដល់​ការ​គ្រប់គ្រង​ទឹក​ប្រកប​ដោយ​ចិរភាព​ ដោយ​ការ​បន្ថយ​ការ​ប្រើប្រាស់​បរិមាណ​ទឹក​និង​ផល​ប៉ះពាល់​ដល់​បរិស្ថាន។​ រង្វាន់នេះ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០០៕