ប្រជាជនខ្មែរអ៊ិស្លាមនៅក្នុងភូមិមួយក្នុងខេត្តកំពតបានពុះខណ្ឌវិហាររបស់ខ្លួនជាពីរ ដើម្បីថ្វាយបង្គំដោយឡែកពីគ្នា បន្ទាប់ពីមានជម្លោះអំពីការផ្លាស់ប្តូរមេដឹកនាំសាសនាអ៊ិស្លាមក្នុងភូមិរបស់ពួកគេ។ ក្រុមអ្នកភូមិនោះព្រួយបារម្ភថា ជម្លោះនោះនឹងអាចឈានទៅដល់ការផ្ទុះឡើងនូវអំពើហិង្សាក្នុងពេលខាងមុខ។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីខេត្តកំពតជូនដូចតទៅ៖
នៅចំពាក់កណ្តាលវិហារអ៊ិស្លាម"អាល់យឡាលាស់"ក្នុងភូមិត្រពាំងល្ពៅ ឃុំព្រែកត្នោតនៃស្រុកទឹកឈូរ ខេត្តកំពត គឺជាស្នាមគំនូសទឹកថ្នាំពណ៌សមួយខ្សែដែលគេបានបាញ់អូសតាមបណ្តោយផ្លូវចូលតែម្តង។
ស្នាមគំនូសនេះគឺជាខណ្ឌសីមាពុះជ្រៀកវិហារថ្មដែលមានទទឹង១៨ម៉ែត្រនិងបណ្តោយជាង២០ម៉ែត្រនេះជាពីរ សម្រាប់ឱ្យអ្នកកាន់សាសនាអ៊ិស្លាមក្នុងភូមិនេះ ដែលបានបែកខ្ញែកគ្នាជាពីរក្រុម មកថ្វាយបង្គំដាច់ដោយឡែកពីគ្នាក្រោមការដឹកនាំរបស់អ៊ីមាំពីរនាក់ផ្សេងគ្នា។
តាមច្បាប់នៃសាសនាអ៊ិស្លាម ការថ្វាយបង្គំនៅក្នុងវិហារអ៊ិស្លាមត្រូវធ្វើឡើងរួមគ្នាដោយអ្នកកាន់សាសនានេះទាំងអស់ក្នុងភូមិ ក្រោមការដឹកនាំរបស់មេដឹកនាំសាសនាតែម្នាក់គត់ដែលគេហៅថា អ៊ីមាំម៉ាស្សិត។ ប៉ុន្តែលោកម៉ាត់ ហាក់ អាយុ៨៤ឆ្នាំមានប្រសាសន៍នៅក្នុងវិហារនេះថា ការពុះជ្រៀកវិហារនេះជាពីរហើយថ្វាយបង្គំដោយមានអ៊ីមាំពីរនាក់ផ្សេងគ្នានេះគឺដោយសារតែក្រុមរបស់លោកអស់ជំនឿទៅលើអ៊ីមាំ ឬមេដឹកនាំសាសនាអ៊ិស្លាមចាស់ ហើយមិនចង់ឱ្យក្រុមដែលគាំទ្រអ៊ីមាំចាស់នោះថ្វាយបង្គំលាយឡំជាមួយក្រុមរបស់លោកដែលបានជ្រើសរើសអ៊ីមាំថ្មីមកឱ្យដឹកនាំជំនួសវិញនោះ។
លោក ម៉ាត់ ហាក់លែងគោរពតាមហាកឹមចាស់នោះដោយសារលោកពន្យល់ថា ហាកឹមនោះបានប្រកាសលាឈប់ធ្វើជាហាកឹមរួចទៅហើយ ហើយបែរជាវិលត្រឡប់មកកាន់តំណែងនេះវិញដោយមិនបានប្រាប់ ឬសួរយោបល់ពីតុៗឬចាស់ទុំក្នុងភូមិជាមុនឡើយ។
“អ៊ិស្លាម កាលណាលែងប្រការណាមួយ ឧទាហរណ៍ថា លែងប្រពន្ធ គេឮដឹងអស់ ហើយថ្ងៃចំអាត់ស្រែកតាមមេក្រូទៀត ហើយមកវិញ”។
ជម្លោះរវាងអ្នកកាន់សាសនាអ៊ិស្លាម ដូចគ្នាក្នុងភូមិតែមួយនេះ បានកើតឡើងជាផ្លូវការនៅខែមីនា ឆ្នាំ២០០៩ នៅពេលដែលប្រជាជនខ្មែរអ៊ិស្លាមចំនួន១៣៤គ្រួសារក្នុងចំណោមប្រជាជនដែលកាន់ សាសនាអ៊ិស្លាមចំនួន៣០៧គ្រួសារនៅក្នុងភូមិនេះ បានដាក់ពាក្យប្តឹងដល់អាជ្ញាធរមូលដ្ឋានដើម្បី ស្នើសុំផ្លាស់ប្តូរហាកឹមចាស់របស់ពួកគេឈ្មោះ អាន់ យូណុះ ក្រោមបទចោទថា មេដឹកនាំសាសនាអ៊ិស្លាមដែលបានដឹកនាំពួកគេអស់រយៈពេលជាង១០ឆ្នាំមកហើយនេះនិយមបក្ខពួកនិងមិនបានធ្វើឱ្យមានការរីកចម្រើនដល់សហគមន៍អ៊ិស្លាមក្នុងភូមិនោះទេ ហើយថែមទាំងបានប្រកាសលាឈប់ពី តំណែងជាហាកឹមទៅហើយ នេះបើយោងតាមពាក្យបណ្តឹងរបស់អ្នកភូមិចុះថ្ងៃទី២១ខែមីនាឆ្នាំ២០០៩។
លោក អាន់ យូណុះ ជាហាកឹម ឬមេដឹកនាំសាសនាអ៊ិស្លាមក្នុងភូមិដែលរងការចោទប្រកាន់មានប្រសាសន៍នៅលើគ្រែក្រោមផ្ទះរបស់លោកថា លោកពុំបានប្រកាសលាលែងតំណែងជាហាកឹមនោះ ទេ ប៉ុន្តែគឺកូនប្រុសរបស់លោកទេដែលបានប្រកាសនោះ ដោយសារកូនរបស់លោកមិនចង់ឱ្យលោកធ្វើជាហាកឹមតទៅទៀត។
“ខ្ញុំអត់មានប្រកាសទេ ហើយប្រសិនបើខ្ញុំលាលែងពីហាកឹម តើមានលិខិត ឬក៏មានឯកសារអីសម្អាងទេ អត់មានទេ ហើយខ្ញុំនៅថ្នាក់លើគេនៅទទួលស្គាល់ ហើយប្រជាជនក៏នៅទទួល ស្គាល់មួយចំនួនដែរ”។
លោក អាន់ យូណុះ មានប្រសាសន៍បន្ថែមថា ក្រុមអ្នកភូមិខ្មែរអ៊ិស្លាមជាង១០០គ្រួសារដែលចង់ ផ្លាស់ប្តូរហាកឹមថ្មីនោះគឺដោយសារតែពួកគេខឹងសម្បារនឹងរូបលោកចំពោះការហាមប្រាមពួកគេមិនឱ្យប្រើធុងប៉ាសនិងការរាំរែកក្នុងពិធីរៀបមង្គលការកូនចៅរបស់ពួកគេ។ ការរាំរែកនិងការចាក់ចម្រៀងតាមធុងប៉ាស ត្រូវបានលោកពន្យល់ថា ជាការដែលសាសនាអ៊ិស្លាមបានហាមឃាត់។
លោក សេន រ៉េត អនុប្រធានភូមិត្រពាំងល្ពៅ មានប្រសាសន៍ថា ស្ថានភាពនៃជម្លោះរវាងអ្នកភូមិខ្មែរ អ៊ិស្លាមនេះកាន់តែមានភាពតានតឹងឡើងៗហើយ ដោយសារពួកគេតែងឌឺដងដាក់គ្នានៅរាល់ពេលចូលថ្វាយបង្គំរួមគ្នាក្នុងវិហារនោះ។
លោក សេន រ៉េត មានប្រសាសន៍ថា អាជ្ញាធរភូមិរបស់លោកពុំមានលទ្ធភាពដោះស្រាយជម្លោះនេះ ទេ ដោយសារភាគីម្ខាងៗ ទាមទារឱ្យខាងតែបានទៅតាមការចង់បានរបស់ខ្លួន ពោលគឺខាងក្រុម ហាកឹមចាស់ចង់ឱ្យស្ថានភាពវិលទៅរកភាពដើមវិញដោយឱ្យហាកឹមចាស់ធ្វើជាហាកឹមដដែល ខណៈដែលក្រុមម្ខាងទៀតចង់បានហាកឹមថ្មីឡើងដឹកនាំជំនួសវិញ។
“ខ្ញុំមិនអាចធ្វើការសម្រុះសម្រួលនិងគ្មានលទ្ធភាពដោះទេ ដោយសារដំបូងគេដាក់ពាក្យប៉ឹប(ប្តឹងភ្លាមៗ)ទៅសាលាឃុំ។ ក្រោយពីធ្វើការសម្រុះសម្រួលខាងសាលាឃុំមិនបានដាច់ស្រេចទេក៏ស្ទុះទៅគណៈអ៊ីមាំខេត្តក៏បានចូលរួមដែរ ប៉ុន្តែដោះមិនចេញ”។
លោក លី សារី អ៊ីមាំ ខេត្តកំពត មិនអាចទាក់ទងដើម្បីសុំការបំភ្លឺណាមួយបានទេ។ តែទោះជាយ៉ាងនេះក្តី លោកស៊ឹម សាឡៃមែន អ៊ីមាំស្រុកទឹកឈូ បានមានប្រសាសន៍ថា រូបលោក និងអ៊ីមាំខេត្តបានចុះមកធ្វើការសម្រុះសម្រួលជាមួយភាគីទាំងពីរដើម្បីដោះស្រាយបញ្ហានេះដែរ ប៉ុន្តែនៅតែមិនអាចដោះស្រាយបាន ដោយសារតែគូរបក្ខដិបក្ខទាំងពីរនៅតែប្រកាន់ជំហរដាច់ខាតរៀងខ្លួន។
លោក ស៊ឹម សាឡៃមែន មានប្រសាសន៍ថា ដូច្នេះមានតែទុកបញ្ហានេះឱ្យចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមជាអ្នកសម្រេចវិញ។
“ហាកឹមចាស់នេះ គាត់មានលិខិតតែងតែងពីឧកញ៉ា សុះ កំរ៉ី ត្រឹមត្រូវ ដូច្នេះយើងអត់ហ៊ានទេ ព្រោះមានលិខិតតែងតាំងគ្រប់គ្រាន់ហើយ។ ប៉ុន្តែចំពោះអ្នកបែកថ្មីនេះគេមិនព្រមទទួលស្គាល់ក្រោយ ពីមានរឿងជាមួយគ្នារួច។ អញ្ចឹងការផ្សះផ្សាក្រោយមកក៏មិនមានផលប្រយោជន៍ស្អីទេដោយសារគាត់មិនព្រម”។
លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមនៅកម្ពុជាពុំបានផ្តល់ អត្ថាធិប្បាយអ្វីឡើយជុំវិញបញ្ហាជម្លោះរវាងអ៊ិស្លាមសាសនិកគ្នាឯងនៅក្នុងភូមិនេះទេ ដោយលោកមានប្រសាសន៍យ៉ាងខ្លីថា លោកពុំទាន់ទទួលបានព័ត៌មាន ឬរបាយការណ៍អំពីជម្លោះនោះនៅឡើយទេ។
សូមបញ្ជាក់ថា សាសនាអ៊ិស្លាមក៏ដូចជាសាសនាដទៃទៀតដែរ តែងកើតមានជម្លោះផ្ទៃក្នុងមួយចំនួន ដោយសារតែការខ្វែងគំនិតគ្នាខាងជំនឿ និងទំនៀមទម្លាប់នៃការប្រតិបត្តិសាសនាក្នុងចំណោមសាសនិកដូចគ្នានេះ។ តួយ៉ាងជម្លោះរវាងនិកាយផ្សេងគ្នានិងរវាងការប្រតិបត្តិសាសនាតាមបែបប្រពៃណីនិងបែបទំនើបបានកើតឡើងក្នុងចំណោមអ៊ិស្លាមសាសនិកក្នុងប្រទេសកម្ពុជា បើទោះជាគ្មានការកើតឡើងនូវអំពើហិង្សារវាងគ្នានិងគ្នាក៏ដោយ។
ទោះជាយ៉ាងនេះក្តី លោក សេន រ៉េត អនុប្រធានភូមិត្រពាំងល្ពៅ មានប្រសាសន៍ថា អ្វីដែលលោក អាចធ្វើបានដើម្បីកាត់បន្ថយស្ថានភាពតានតឹងនៃជម្លោះរវាងគូរបក្ខដិបក្ខខ្មែរអ៊ិស្លាមទាំងពីរក្រុមក្នុងភូមិរបស់លោកនេះគឺមានតែការបំបែកក្រុមទាំងពីរឱ្យថ្វាយបង្គំនៅក្នុងវិហារក្នុងពេលខុសគ្នាប៉ុណ្ណោះដើម្បីបញ្ជៀសការប្រឈមមុខដាក់គ្នាជាយថាហេតុណាមួយ។
ប៉ុន្តែលោក សេន រ៉េត មានប្រសាសន៍បន្ថែមថា វិធីសាស្រ្តនេះបានត្រឹមតែជួយបញ្ជៀសការប៉ះទង្គិច គ្នាម្តងម្តាលប៉ុណ្ណោះ ដោយសារតែភាគីទាំងពីរនៅតែត្រូវមកថ្វាយបង្គំជុំគ្នាក្នុងវិហារតែមួយដដែលនៅរៀងរាល់ថ្ងៃសុក្រដែលជាការតម្រូវរបស់សាសនា។ ដូច្នេះលោកមានប្រសាសន៍ថា ការផ្ទុះឡើងនូវអំពើហិង្សារវាងគូទំនាស់ទាំងពីរនឹងអាចកើតឡើងនៅពេលណាមួយជាក់ជាមិនខាន ប្រសិនបើគ្មានដំណោះស្រាយឱ្យបានសមស្របនិងទាន់ពេលវេលាទេនោះ។
ពីខេត្តកំពត ខ្ញុំ ពេជ្រ សំណាង VOAសំឡេងសហរដ្ឋអាមេរិក៕