ក្រុម​ប្រដាប់​អាវុធ​អម្បូរ​ភាគ​តិច​នៅ​ភូមា​ត្រូវ​ចូល​ជា​មួយ​រដ្ឋា​ភិបាល​ឬ​នៅ​ជា​ក្រុម​ខុស​ច្បាប់

លោក ​Than Shwe ឧត្តម​សេនីយ​ជាន់​ខ្ពស់​ភូមា​​ចូលរួមពិធីព្យុះហយាត្រ។

ក្រុម​ប្រដាប់​អាវុធ​ អម្បូរ​ភាគ​តិច​ រស់​នៅ​តំបន់​ជន​បទ​នៃ​ប្រទេស​ភូមា​ ប្រឈម​មុខ​ (នៅ​ថ្ងៃ​ពុធ​ទី​២៨​នេះ)​ - ​តើ​ចូល​រួម​ជា​មួយ​កង​ជីវពល​របស់​រដ្ឋា​ភិបាល​ ឬ​មួយ​ នឹង​បាន​ត្រូវ​ចាត់​ទុក​ជា​ក្រុម​ខុស​ច្បាប់​ ហើយ​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​។

អ្នក​យក​ព័ត៌មាន​ វីអូអេ​ អ្នក​ស្រីKate​ Woodsome រាយ​ការណ៍​ពិស្ដា​ពី​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ថា ​ការ​ត​ទល់​គ្នា​រវាង​ភាគី​ទាំង​ពីរ​ នឹង​នាំ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ថា​ នឹង​មាន​អំពើ​ឃោរ​ឃៅ​នៅ​តាម​ព្រំដែន​ចិន-ភូមា។

លោក​ អ៊ូ ​ធូក ​សូម​ជូន​សេចក្ដី​ប្រែ​សម្រួល៖

រដ្ឋា​ភិបាល​យោធា​ភូមា​បាន​រឹត​បន្ដឹង​ត្រួត​ត្រា​តំបន់​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស។​ តែ​ នៅ​តាម​ព្រំ​ដែន​ជា​មួយ​ប្រទេស​ថៃ​និង​ចិន​ក្រុម​ប្រដាប់​អាវុធ​នៃ​អម្បូរ​ភាគ​តិច​ជា​អ្នក​ត្រួត​ត្រា​នៅ​ទី​នោះ​ដែរ។​ ក្រុម​ឧទ្ទាម​ដ៏​ខ្លាំង​ពូកែ​ មិន​ព្រម​លំឱន​ខ្លួន​ទៅ​តាម​ការ​កៀប​សង្កត់

របស់​រដ្ឋា​ភិបាល​ទេ​ ដែល​បង្ខំ​ខ្លួន​ឲ្យ​ចូល​រួម​ជា​មួយ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ដែល​រដ្ឋា​ភិបាល​គ្រប់​គ្រង​នោះ​ នៅ​ពេល​មុន​ការ​បោះ​ឆ្នោត​ជាតិ ​ដែល​នឹង​ប្រព្រឹត្ដ​ធ្វើ​នៅ​ចុង​ឆ្នាំ​នេះ។

Aung​ Kyaw​ Zaw​ អតីត​ឧទ្ទាម ​មាន​មូល​ដ្ឋាន​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ក្នុង​ដី​ចិន និយាយ​ថា​ ក្រុម​បះ​បោរ​ធំ​ជាង​គេ​គឺ​ក្រុម​យោធា​រួម​របស់​រដ្ឋ​វ៉ា​ ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ ធ្វើ​សង្គ្រាម​រយៈ​ពេល​យូរ។

គាត់​និយាយ​ថា​ មេ​ដឹក​នាំ​ក្រុម ​វ៉ា​ មិន​ចង់​ប្រយុទ្ធ​ទេ តែ​គេ​យល់​ថា​ រដ្ឋា​ភិបាល​ភូមា​មិន​ទុក​ឲ្យ​គេ​មាន​ជម្រើស​ទេ។

ក្រុម​វ៉ា​និង​ក្រុម​អម្បូរ​ភាគ​តិច​ដទៃ​បាន​ចុះ​ហត្ថ​លេខា​លើ​បទ​ឈប់​បាញ់​គ្នាជា​មួយ​រដ្ឋា​ភិបាល​ កាល​ពី​ពីរ​ទស​វត្សរ៍​មក​ហើយ។​ ​ ជន​ទាំង​នោះ​រីករាយ​នឹង​សេរី​ភាព​ធំ​ធេង​ និង​ សេរី​ភាព​ក្នុង​ការ​គោរព​សាសនា​របស់​គេ ​លើស​ច្រើន​ពី​ជន​ជាតិ​ភូមា​ធម្មតា​ ដែល​ឋិត​នៅ​ក្រោម​ការ​រិត​ត្បិត​របស់​រដ្ឋា​ភិបាល។ រួច​ប្រាក់​ចំណូល​បាន​មក​ពី​ការ​កាប់​ព្រៃ​ឈើ ​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ខុស​ច្បាប់​ និង​ពាណិជ្ជ​កម្ម​ឆ្លង​ព្រំ​ដែន គេ​ចំណាយ​មក​លើ​ភ្លើង​អគ្គិសនី មិន​ដូច​ប្រជា​ពល​រដ្ឋ​ភូមា​ ដទៃ​ដែល​ភ្លើង​អគ្គិ​សនី​របស់​ខ្លួន​បាន​ត្រូវ​ដាច់​ជា​ញឹក​ញាប់។

ក្រុម​វ៉ា​និយាយ​ថា​ ការ​ចូល​រួម​ជា​មួយ​ឆ្មាំ​យាម​ល្បាត​របស់​រដ្ឋា​ភិបាល​ នៅ​តាម​ព្រំ​ដែន​ អាច​ជា​ជំហាន​ទី​មួយ បោះ​បង់​ចោល​សិទ្ធិ​របស់​ខ្លួន។

ក្រុម​នោះ​និយាយ​ទៀត​ថា ខ្លួន​មាន​ទាហាន​យ៉ាង​តិច​២​ម៉ឺន​នាក់​នៅ​ក្នុង​រដ្ឋ​សាន​ ភាគ​ខាង​ជើង​ប្រទេស​ ដែល​ប្រុង​ជា​និច្ច​ដើម្បី​ប្រយុទ្ធ។​ សេចក្ដី​រាយ​ការណ៍​ពី​តំបន់​បង្ហាញ​ថា​ ​ទាហាន​ភូមា​យាង​តិច​៥​ពាន់​នាក់ ​បាន​ប្រមូល​ផ្ដុំ​នៅ​តំបន់​នោះ។

អូង ​គិយ៉ស ​និយាយ​ថា ​រដ្ឋា​ភិបាល​បាន​ដាក់​បង្ហាញ​យន្ដ​ហោះ​ប្រយុទ្ធ​និង​រថក្រោះ​ ដើម្បី​បង្ហាញ​សាច់​ដុំ។​ តែ​គាត់​និយាយ​ថា នៅ​រដូវ​ភ្លៀង​ធ្លាក់ ​មូសុង​ដែល​នឹង​មក​ដល់​ក្នុង​ខែ​មិថុនា រដ្ឋា​ភិបាល​មិន​មាន​ពេល​គ្រប់​គ្រាន់​នឹង​ធ្វើ​សង្រ្គាម​ពេញ​ទំហឹង​បាន​ទេ។

ការ​តម្លើង​កម្លាំង​យោធា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ចិត្ដ​ព្រួយ​បារម្ភ។

អូងគិយ៉ស ​និយាយ​ថា ​អ្នក​ខ្លះ​បាន​យក​រថយន្ដ​និង​ទ្រព្យ​សម្បតិ្ដ​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​ ជិត​ខាង ហើយ​មនុស្ស​ចាស់​ជរា​ និង​ក្មេង​ក៏​បាន​រត់​ចេញ​ពី​ទី​នោះ​ដែរ។

Jennifer​ Quigley​ នាយិកា​គាំ​ពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​ US​ Campaign​ for​ Burma​ ដែល​មាន​ការិយា​ល័យ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​និយាយ​ថា​ ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ដុន​ដាប​ របស់​រដ្ឋា​ភិបាល​យោធា​ភូមា​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​ពល​រដ្ឋ​ស៊ីវិល​ មាន​ការ​ព្រួយ​បារម្ភ។

នេះ​នឹង​នាំ​ឲ្យ​មាន​មហន្ដ​រាយ​ជា​មិន​ខាន។ ​ក្នុង​ករណី​មួយ​នៃ​របប​គ្រប់​គ្រង​ភូមា​។ គេ​មាន​ទម្លាប់​ ប្រពៃណី ​បើក​ការ​វាយ​ប្រហារ​មក​លើ​ជន​ស៊ីវិល ​មិន​គិត​ថា ​យោធា​ ឬ​មិន​យោធា​ទេ។​ ហេតុ​ដូច្នេះ​ហើយ​វា​មាន​លទ្ធ​ភាព​ច្រើន​ ដែល​យោធា​ភូមា​នឹង​ដណ្ដើម​យក​ដី​ធ្លី​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​និង​ចាប់​ក្មេង​ឲ្យ​ធ្វើ​ទាហាន។

ជន​ភៀស​ខ្លួន​ប្រមាណ​៣​ម៉ឺន​នាក់​បាន​រត់​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​យោធា​ភូមា​បាន​វាយ​ប្រហារ​មក​លើ​ក្រុម​កូកាង​ ដែល​ជា​ក្រុម​អម្បូរ​ភាគ​តិច​ ដើម​កំណើត​ចិន​រស់​នៅ​ក្នុង​រដ្ឋ ​សាន ដែរ។​ ក្រុម​វ៉ា​ និង​ពល​រដ្ឋ​ស៊ីវិល​របស់​ខ្លួន​មាន​ទំហំ​ធំ​ជាង​ក្រុម​កូកង។

នាង​Quigley ​និយាយ​ទៀត​ថា ​សង្គ្រាម​ជា​មួយ​ក្រុម​នោះ​អាច​បង្ដើត​បញ្ហា​ជា​ច្រើន​ដល់​ប្រទេស​ចិន។

គេ​ឃើញ​មាន​សក្ដា​នុពល​ធំ​ធេង​ដែល​លោក​អ្នក​អាច​មើល​ឃើញ​ថា​ មាន​ជន​ភៀស​ខ្លួន​ជាង​១​ សែន​នាក់​រត់​ចូល​ទៅ​ក្នុង​ប្រទេស​ចិន។

ទាហាន​ចិន​រាប់​ពាន់​នាក់​ដាក់​តាំង​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ដ យូណន់​តាម​បណ្ដោយ​ព្រំដែន​ជា​មួយ​ភូមា​ដែល​ទី​នោះ​ការ​លក់​ដូរ​តាម​ព្រំដែន​បាន​នាំ​ឲ្យ​មាន​ប្រាក់​ចំណូល​ច្រើន​សន្ធឹក។​ នៅ​ក្នង​ឆ្នាំ​២០០៨​ ចិន​រាយ​ការណ៍​ថា​ ទំនិញ​លក់​ទៅ​ឲ្យ​ភូមា​មាន​ទឹក​ប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ។

មន្ដ្រី​ផ្លូវ​ការ​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ភូមា​ ជា​ទៀង​ទាត់​ដើម្បី​ខិត​ខំ​រម្ងាប់​ភាព​រំជើប​រំជួល​ រវាង​ក្រុម​អម្បូរ​ភាគ​តិច​នៅ​តាម​ព្រំដែន។

មន្ដ្រី​ចិន​ទាំង​នោះ ​នៅ​ពេល​ថ្មីៗ​នេះ​ក៏​បាន​ជូន​ដំណើរក្រុម​ឧទ្ទាម​ វ៉ា ​ទៅ​កាន់​ទី​កន្លែង​ជំនុំ​ ជា​មួយ​មន្ដ្រី​ភូមា​ដើម្បី​ធានា​សុវត្ថិ​ភាព។

អ្នក​វិភាគ​នយោ​បាយ​និយាយ​ថា ​ប្រទេស​ក្រីក្រ​ណា​មួយ​ក៏​ដោយ​ក៏ ផ្តោត​ការ​យក​ចិត្ដ​ទុក​ដាក់​មក​លើ​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​អ្នក​មាន​និង​មហា​អំណាច​នៅ​ជិត​ខាង។​ តែ​ភូមា​ អាច​ជា​ប្រទេស​ចម្លែក​ ដោយ​សារ​តែ​មេ​ដឹក​នាំ​ប្រទេស​នោះ​ គឺ​ឧត្ដម​សេនីយ៍​ ថាន​ ស្វេ។​ គេ​មាន​ចម្ងល់​ខ្លាំង ដោយ​សារ​តែ​ឧត្ដម​សេនីយ៍​ថានស្វេ​ មិន​មែន​ជា​បុគ្គល​ម្នាក់​ គេ​យល់​ដឹង​ច្រើន។

Jennifer​ Quigley​នៃ​អង្គការ​ Campaign ​for​ Burma​និយាយ​ថា ​មេ​បញ្ជា​ការ​យោធា​តំបន់​ ហាក់​ដូច​ជា​មិន​ចង់​ធ្វើ​សង្រ្គាម​ជា​មួយ​ក្រុម​អម្បូរ​ភាគ​តិច។​ តែ​អ្នក​ស្រី​និយាយ​ថា ​ថាន​ស្វេ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​អំណាច។

យោធា​តែ​មួយ​ប្រទេស​ភូមា​តែ​មួយ។ ​ឈប់​ឲ្យ​មាន​បញ្ហា​ផ្ទៃ​ក្នុង​ស្មុគ​ស្មាញ​រវាង​ក្រុម​អម្បូរ​ភាគ​តិច។ ​ហេតុ​ដូច្នេះ​ហើយ ​តើ​ថាន​ស្វេ​ចង់​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ទំនាក់​ទំនង​ជា​មួយ​ចិន​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បំណង​របស់​ខ្លួន​ ឬ​គេ​ធ្វើ​ដូច្នោះ​នៅ​ពេល​មុន​ការ​បោះ​ឆ្នោត?”

នៅ​តាម​ព្រំ​ដែន​ចិន​ភូមា​ ​ អតីត​ឧទ្ទាម​ អូង​គិយ៉​ស ​និយាយ​ថា​ ក្រុម​ប្រយុទ្ធ​វ៉ា​រៀប​ចំ​ខ្លួន​ហើយ ទោះ​ជា​រដ្ឋា​ភិបាល​យោធា​ភូមា​សម្រេច​ដូច​ម្ចេច​ក៏​ដោយ៕