កង​កម្លាំង​ខ្មែរ​ប្រុង​ប្រៀប​ការ​ពារ​បង្គោល​ព្រំ​ដែន

កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​បាន​ប្រុង​ប្រៀប​ ដើម្បី​ការ​ពារ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​ កម្ពុជា​ និង​ប្រទេស​ថៃ​ពី​ការ​បំផ្លិច​បំផ្លាញ​របស់​ក្រុម​សកម្ម​ជន​ថៃ។

កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​បាន​ប្រុង​ប្រៀប​ ដើម្បី​ការ​ពារ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​ កម្ពុជា​ និង​ប្រទេស​ថៃ​ពី​ការ​បំផ្លិច​បំផ្លាញ​របស់​ក្រុម​សកម្ម​ជន​ថៃ។

លោក​ពេជ្រ​ សុខិន​ អភិ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ ដែល​ឈរ​ជើង​នៅ​ប្រាសាទ​តាមាន់ ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ការ​ពារ​ បង្គោល​ព្រំ​ដែន​ បន្ទាប់​ពី​មាន​ការ​គំរាម​ថា​ក្រុម​សកម្ម​ជន​ថៃ​អាច​ព្យាយាម​ដក​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ។

ប្រាសាទ​តាមាន់​នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ គឺ​ជា​ចំណុច​ដ៏​សំខាន់​ក្នុង​ការ​ប្រឈម​មុខ​ខាង​ យោធា​ជា​បន្ត​នៅ​តាម​បណ្តោយ​ព្រំដែន។

លោក​ វីរៈ​ សុម​ខ្វាម​ឃិត​ ប្រធាន​គណៈ​កម្មការ​បណ្តាញ​ប្រជា​ជន​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ ប្រទេស​ថៃ​បាន​ថ្លែង​តាម​បណ្តាញ​ព័ត៌មាន​ថៃ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​ មេសា​ថា​ លោក​នឹង​ធ្វើ​ដំ ណើរ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ប្រាសាទ​តាមាន់​តូច​នៅ​ថ្ងៃ​ទី​១ ​ខែ​ឧសភា​ ក្នុង​គោល​បំណង​ដក​ បង្គោល​ព្រំដែន​កម្ពុជា-ថៃ​នៅ​ថ្ងៃ​ទី​២ ​និង​ទី​៣ ​ខែ​ឧសភា​ខាង​មុខ​នេះ។

ក្រុម​មន្ត្រី​ថៃ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ ពួក​គេ​ព្យាយាម​រារាំង​ក្រុម​សកម្ម​ជន​ថៃ ​មិន​ឱ្យ​បំផ្លិច​បំផ្លាញ​បង្គោល​ព្រំដែន​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​នេះ​ទេ។

លោក​ពេជ្រ​ សុខិន​ បាន​ព្រមាន​ថា​ បើ​ពួកជ្រុល​និយម​ថៃ​ហ៊ាន​ចូល​មក​ដក​បង្គោល​ព្រំ ដែន​កម្ពុជា-ថៃ​ កង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​នឹង​បាញ់។

«យើង​មាន​ត្រៀម​កង​កម្លាំង​កង​ទ័ព​ និង​ប៉ូលិស​របស់​យើង​យ៉ាង​លើស​លប់​ ដើម្បី​ទប់​ទល់​ នឹង​ការ​ប៉ុន​ប៉ង​ដក​បង្គោល​ព្រំដែន​នេះ។​ យើង​អនុវត្ត​បញ្ជា​របស់​សម្តេច​មិន​វ៉ាយ​លុក​គេ​១ ​មីលីម៉ែត្រ​ ហើយ​មិន​ដក​ថយ​ក្រោយ​១​មីលីម៉ែត្រ​ចំពោះ​ព្រំ​ដែន»។

សមាជិក​រដ្ឋ​សភា​គណ​បក្ស​គ្រប់​គ្រង​អំណាច​ និង​គណ​បក្ស​ប្រឆាំង​ បាន​រួម​គ្នា​ធ្វើ​ការ​ថ្កោល​ ទោស​ ចំពោះ​ផែន​ការ​ដក​បង្គោល​ព្រំដែន​របស់​ជន​ជាតិ​ថៃ​មួយ​ក្រុម​តូច​នេះ​ ខណៈ​ដែល​រដ្ឋ​ សភា​អនុ​ម័ត​ច្បាប់​ស្តី​ពី​នីតិ​វិធី​បណ្តឹង​ទាក់​ទង​នឹង​ឋានៈ​បុគ្គល​សំដៅ​ដោះ​ស្រាយ​បណ្តឹង​ទាក់​ ទង​នឹង​ការ​លុប​ចោល​អាពាហ៍​ពិពាហ៍ ​ការ​លែង​លះ ​និង​ការ​កាត់​កាល​ជា​ដើម។

លោក​ជាម​ យៀប​ ប្រធាន​គណៈ​កម្មការ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា​ខាង​គណ​បក្ស​ ប្រជា​ជន​កម្ពុជា​ បាន​ហៅ​ទង្វើ​នេះ​ថា​ ជា​គំនិត​អនុតរ​ភាព​ និង​ឈ្លាន​ពាន​ ដោយ​ខុស​ច្បាប់​ អន្តរ​ជាតិ។

«បុគ្គល​ទាំង​នេះ (ថៃ​មួយ​ក្តាប​តូច) ដែល​មាន​បំណង​ចង់​បំផ្លិច​បំផ្លាញ​បង្គោល​ខ័ណ្ឌ​សីម៉ា​ ស្រប​តាម​ច្បាប់​អន្តរ​ជាតិ​ សូម​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ និង​សូម​ព្រមាន​ដល់​បុគ្គល​ទាំង​នេះ​ដែល​ មាន​បំណង​ចង់​ធ្វើ​អនុតរ​ភាព​ ឬ​ឈ្លាន​ពាន​កម្ពុជា​របស់​យើង​ដោយ​ខុស​ច្បាប់»។

លោក​យឹម​ សុវណ្ណ​ តំណាង​រាស្ត្រ​គណ​បក្ស​សម ​រង្ស៊ី​ បាន​ថ្លែង​ថា ​យើង​ត្រូវ​សាមគ្គី​គ្នា​ និង​ ឯក​ភាព​គ្នា​ ដើម្បី​ការ​ពារ​ទឹក​ដី​របស់​យើង​ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ជិត​ខាង។

លោក​យឹម ​សុវណ្ណ​ បាន​បន្ថែម​ថា ​យើង​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ការ​ឈ្លាន​ពាន​ពី​បរ ទេស​ ហើយ​យើង​សូម​កោត​សរសើរ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​ ដែល​កំពុង​តែ​ធ្វើ​ពលីកម្ម​គ្រប់​បែប​យ៉ាង ​ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​យើង។

«យើង​ជា​រដ្ឋ​សភា​ត្រូវ​ឯក​ភាព​គ្នា​ ដើម្បី​ការ​ពារ​ទឹក​ដី​របស់​យើង​ ហើយ​យើង​ត្រូវ​ទុក​រឿង​ផ្ទៃ​ ក្នុង​របស់​យើង​មួយ​កន្លែង​សិន។​ ប៉ុន្តែ​រឿង​ជម្លោះ​ពី​ខាង​ក្រោយ​យើង​ត្រូវ​តែ​ឯក​ភាព​គ្នា​និង​ ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក»។

ប្រទេស​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម​ ប្រទេស​ឡាវ​ និង​ប្រទេស​ថៃ៕