ការ​តស៊ូ​រស់​ដោយ​ក្រ​ខ្សត់​ក្រោម​ឥទ្ធិ​ពល​អំពើ​ពុក​រលួយ

បុរស​ម្នាក់​មាន​មាឌ​ស្តើង​ទាប​និង​សក់​រួញ​អង្គា​ដី​ដែល​កំពុង​តែ​អង្គុយ​សម្រាក​ពី​ការ​ងារ​កសិកម្ម​ដ៏​ ហត់​នឿយ​នៅ​លើ​កៅអី​ជ័រ​ក្រោម​ផ្ទះ​តូច​ល្មម​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​កណ្តាល ​ដែល​មាន​ចម្ងាយ​ប្រមាណ​១០​គីឡូ​ម៉ែត្រ​ ពី​គេហ​ដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ គឺ​លោកហីង​ ចន្ថា​ អាយុ​៤៥​ឆ្នាំ​ បាន​និយាយ​ដោយ​ទឹក​មុខ​រាក់​ទាក់​ថា​ លោក​បាន​រស់​នៅ​ជា​មួយ​នឹង​អំពើ​ពុក​រលួយ​ដ៏​សាមញ្ញ​តាម​គ្រប់​រូប​ភាព​នៅ​ក្នុង​ឆាក​ជីវិត​ផ្ទាល់​របស់​លោក​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​ដែល​បាន​ជាន់​ពន្លិច​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក​ឱ្យ​កាន់​តែ​ក្រី​ក្រ​បន្ថែម​ទៀត។

កសិករ​រូប​នេះ​ដែល​មាន​កូន​៥​នាក់​បាន​ប្រកប​មុខ​របរ​ដាំ​បន្ថែ​បង្កា​ផ្សេងៗ​នៅ​ភូមិ​ក្របៅ​អាចម៍​កុក​ សង្កាត់​កំពង់​សំណាញ់​ ទី​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ និង​ដឹក​យក​មក​លក់​នៅ​ផ្សារ​តាខ្មៅ​ ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។​ ផ្ទះ​របស់​គាត់​មាន​ដំបូល​ប្រក់​ស័ង្ក​សី​ និង​ជញ្ជាំង​ឈើ​មាន​លក្ខណៈ​ចាស់​ទ្រុឌ​ទ្រោម ​ហើយ​នៅ​ពី​ក្រោយ​ផ្ទះ​មាន​ចម្ការ​បន្លែ​ដែល​ទើប​តែ​ភ្ជួរ​ហើយ​ថ្មី ​ដើម្បី​ដាំ​បន្ថែ​បង្កា​ ផ្សេងៗ​សម្រាប់​យក​ទៅ​លក់​នៅ​ទី​ផ្សារ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​លោក​ហីង​ ចន្ថា​បាន​រំឭក​ឡើង​វិញ​ កាល​ពី​ថ្ងៃ​ពុធ​ថា​ គ្រួសារ​របស់​លោក​បាន​ចំណាយ​ប្រាក់​ប្រមាណ​៣០០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​ លើ​តម្លៃ​ក្រៅ​ផ្លូវ​ការ​ទៅ​ឱ្យ​ក្រុម​អាជ្ញា​ធរ​ មូលដ្ឋាន​ ដើម្បី​ការ​ពារ​ដី​ចម្ការ​របស់​លោក​ពី​ការ​លួច​រំលោភ​យក​ឱ្យ​ទទួល​បាន​សំបុត្រ​កំណើត​ សម្រាប់​កូន​៥​នាក់​របស់​លោក ​សំបុត្រ​អាពាណ៍ពិពាហ៍​ និង​ដឹក​បន្លែ​បង្កា​របស់​លោក​យក​ទៅ​លក់​នៅ​ផ្សារ។​ លោក​នៅ​តែ​ចំណាយ​តម្លៃ​ក្រៅ​ផ្លូវ​ការ​ប្រចាំ​ថ្ងៃ​ឱ្យ​ទៅ​គ្រូ​បង្រៀន​សម្រាប់​កូន​៥​នាក់​របស់​លោក។

កសិករ​រូប​នេះ​បាន​ថ្លែង​ប្រាប់​VOA​ថា​ លោក​បាន​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ចំពោះ​អំពើ​ពុក​រលួយ​ និង​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​នៃ​ការ​ចំណាយ​ទៅ​លើ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ឆាក​ជីវិត​ផ្ទាល់​របស់​លោក​ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ទាំង​អស់​នេះ។

«ខ្ញុំ​បាន​ចំណាយ​ក្រៅ​ផ្លូវ​ការ​ទៅ​លើ​កូន​រៀន​និង​ការ​លក់​បន្លែ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​៣០០​ដុល្លារ​អាមេរិក​ក្នុង​១ឆ្នាំៗ»។

អំពើ​ពុក​រលួយ​ទាំង​នេះ​ រួម​មាន​ការ​ចំណាយ​ប្រាក់​ជាង​៤០ដុល្លារ​អាមេរិក​ ក្នុង​១​គ្រួសារ​ (ជា​មួយ​អ្នក​ភូមិ​៥៧​គ្រួសារ​ទៀត)​ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ការ​ពារ​ដី​ចម្ការ​របស់​ខ្ញុំ​ចំនួន​៥.០០០​ម៉ែត្រ​ការ៉េ​ ពី​ការ​រំលោភ​យក​របស់​ក្រុម​ហ៊ុន។​ ការ​ចំណាយ​ប្រាក់​ចំនួន​៣.០០០០​រៀល​ស្មើ​នឹង​៧,៥​ដុល្លារ​អាមេរិក​ឱ្យ​អាជ្ញាធរ​ធ្វើ​សំបុត្រ​កំណើត​របស់​កូន​ម្នាក់ៗ​ដែល​មាន​តម្លៃ​សរុប​១៥០.០០០​រៀល ​ស្មើ​នឹង​៣៧,៥ដុល្លារ​អាមេរិក​ និង​ ចំណាយ​ប្រាក់​ចំនួន​៣០.០០០រៀល​សម្រាប់​សំបុត្រ​អាពាហ៍​ពិពារហ៍។​ ការ​ ចំណាយ​ប្រាក់​ក្រៅ​ផ្លូវ​ការ​ប្រចាំ​ថ្ងៃ​ចំនួន​៥០០០​រៀល​ ស្មើ​នឹង​១,២​ដុល្លារ​អាមេរិក​សម្រាប់​កូន​ចំនួន​៥​នាក់​ឱ្យ​ទៅ​លោក​គ្រូ​អ្នក​គ្រូ​និង​ការ​ចំណាយ​ប្រាក់​ចំនួន​២.៥០០​រៀល​ ស្មើ​នឹង​០,៦​ដុល្លារ​អាមេរិក​ ដោយ​គ្មាន​បង្កាន់​ដៃ​នៅ​ពេល​ដែល​លោក​បាន​ដឹក​បន្លែ​បង្កា​យក​ទៅ​លក់​នៅ​ផ្សារ​តាខ្មៅ។

កសិករ​រូប​នេះ​បាន​បញ្ជាក់​ថា ​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​នេះ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ដល់​គ្រួសារ​របស់​លោក​ទេ ​ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក​ខណៈ​ដែល​លោក​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​តស៊ូ​នឹង​ភាព​ក្រី​ក្រ។

«បញ្ហា​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ក្នុង​ជីវិត​ទាំង​បួន​យ៉ាង​នេះ​ ខំ​ប្រឹង​ធ្វើ​ការ​អត់​ធ្មត់​តស៊ូ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ជំនះ​ឧបសគ្គ​ទាំង​ឡាយ​នៃ​អំពើ​ពុក​រលួយ​ដែល​ជាប់​ទាក់​ទិន​នៅ​ ក្នុង​សង្គម​គ្រួសារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ។ ​ខ្ញុំ​សុំ​សំណូម​ពរ​ទៅ​រាជ​រដ្ឋា​ភិបាល​ ឱ្យ​ជួយ​ក្នុង​បំណង​លុប​បំបាត់​អំពើ​ពុក​រលួយ​ដើម្បី​ឱ្យ​រូប​ខ្ញុំ​មាន​ជីវិត​រស់​នៅ​បាន​ត​ទៅ​ទៀត»។

លោក​ហីង​ ចន្ថា​ បាន​បន្ត​ថា​ បើ​លោក​មិន​ចំណាយ​ក្រៅ​ផ្លូវ​ការ​ទាំង​នេះ​ ទៅ​ឱ្យ​ក្រុម​អាជ្ញាធរ​ និង​លោក​គ្រូ​អ្នក​គ្រូ​ទេ ​លោក​ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ចម្ការ​ គ្មាន​សំបុត្រ​កំណើត​របស់​កូន​ គ្មាន​សំបុត្រ​អាពាហ៍​ពិពាហ៍​សម្រាប់​ពិធី​មង្គល​ការ​ ការ​រើស​អើង​សម្រាប់​ការ​សិក្សា​របស់​កូន​ និង​ការ​បាត់​បង់​មុខ​របរ​លក់​បន្លែ​បង្កា។

កសិករ​រូប​នេះ​បាន​បន្ថែម​ថា ​ចំនួន​ប្រាក់​នេះ​មាន​ចំនួន​តិច​តួច​ណាស់​សម្រាប់​អ្នក​មាន​ ប៉ុន្តែ​វា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​រូប​លោក​ ដែល​បាន​កើត​ចេញ​ពី​ការ​ខំ​ប្រឹង​ប្រែង​ធ្វើ​ចម្ការ​ ដោយ​កម្លាំង​ញើស​ឈាម​ផ្ទាល់​ខ្លួន​របស់​លោក​ទាំង​ស្រុង។

លោក​ហីង​ ចន្ថា​ បាន​បន្ត​ថា ​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ទាំង​នេះ​មិន​ត្រឹម​តែ​មិន​អាច​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​គ្រួសារ​របស់​លោក​ រួច​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជាន់​ពន្លិច​ជីវភាព​រស់​នៅ​គ្រួសារ​របស់​លោក​ឱ្យ​កាន់​តែ​ក្រីក្រ​ថែម​ទៀត។

ការ​ស្ទង់មតិ​ដែល​បាន​ឧបត្ថម្ភ​ដោយ​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ ​USAID​ឆ្នាំ​២០០៧ ​បាន​បង្ហាញ​ថា ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើត​ ឡើង​តាម​ទម្រង់​ផ្សេងៗ​ជា​ច្រើន​ ដូច​ជា​ការ​ស៊ី​សំណូក​ ការ​លួច​ទ្រព្យ​ សម្បត្តិ​ជាតិ​ និង​ការ​គេច​ពន្ធ​ ព្រម​ទាំង​អំពើ​ពុក​រលួយ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​គ្រូ​បង្រៀន​៤៤%​ មន្ត្រី​ឃុំ-សង្កាត់​៣៧%​ ប៉ូលិស​ចរាចរណ៍​៣៣%​ ប៉ូលិស​មូល​ដ្ឋាន​២១%​ និង​មន្ត្រី​រដ្ឋា​ភិបាល​៨%។ ​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ប្រាក់​ចំណូល​រហូត​ដល់​៥០០​លាន​ដុល្លារ​អាមេរិក​ ក្នុង​១​ឆ្នាំ​ដោយ​សារ​តែ​អំពើ​ពុក​រលួយ។

ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហ​មុនី​ ស្តេច​បាន​ឡាយ​ព្រះ​ហស្ត​លេខា​ លើ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ចុង​ខែ​មីនា​ បន្ទាប់​ពី​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​បាន​អនុម័ត។

លោក​ ហីង​ ចន្ថ​ា ដែល​បាន​រង​គ្រោះ​នៃ​អំពើ​ពុក​រលួយ​ក្នុង​ឆាក​ជីវិត​របស់​លោក​តាំង​ពី​ឆ្នាំ​១៩៩៦​ មិន​មាន​ជំនឿ​ទៅ​លើ​ប្រសិទ្ធិ​ភាព​នៃ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ថ្មី​នេះ​ទេ។

កសិករ​រូប​នេះ​ បាន​បញ្ជាក់​ថា ​លោក​អាច​អត់​ធ្មត់​ជា​មួយ​នឹង​ភាព​ក្រីក្រ​នៅ​ក្នុង​គ្រួសារ​របស់​លោក​ ប៉ុន្តែ​លោក​ មិន​អាច​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ពី​អំពើ​ពុក​រលួយ​ដែល​ប៉ះ​ពាល់​ជា​អវិជ្ជ​មាន​ដល់​ជីវភាព​រស់​នៅ​ផ្ទាល់ ​ ការ​ទទួល​បាន​សេវា​កម្ម​ផ្សេងៗ​នៅ​មូល​ដ្ឋាន​ ការ​ទទួល​បាន​ការ​អប់រំ​ និង​ការ​ប្រកប​របរ​ទទួល​ទាន៕