វិបត្តិ​សុខ​ភាព​ផ្លូវ​ចិត្ត​ដ៏​អាក្រក់​បំផុត​មួយ​នៅ​អាស៊ី

2013年2月3日,伊拉克平民和安全部队在巴格达以北290公里远的城市基尔库克检查地面上一个被汽车炸弹爆炸炸开的弹坑。

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​អតីត​កាល​ពោរ​ពេញ​ដោយ​សោក​នាដ​កម្មជាង​ប្រទេស​ភាគ​ច្រើន។ ​ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ​ប្រទេស​នេះ​ ត្រូវ​បាន​ជួប​ប្រទះ​នឹង​សង្រ្គាម​ស៊ីវិល​ ក្រោយ​មក​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ និង​សង្គ្រាម​ស៊ីវិល​ថែម​ទៀត។

ឥឡូវ​នេះ​ ប្រទេស​កម្ពុជា​មាន​សន្តិភាព​និង​មាន​សេដ្ឋ​កិច្ច​កំពុង​រីក​លូត​លាស់។​ ក៏​ប៉ុន្តែក្រុម​អ្នក​ធ្វើ​ការ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ត​និយាយ​ថា របួស​ផ្លូវ​ចិត្ត​នៅ​មិន​ទាន់​ជា​សះ​នៅ​ឡើយ​ទេ។

លោក​ឈីម សុធារ៉ា​ជា​គ្រូពេទ្យ​វិកលចរិត ដែលដឹកនាំ​ការិយាល័យកម្ពុជានៃក្រុម​ជំនួយហូឡង់ នៃ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ ឬ​ហៅ​កាត់ជា​ភាសាអង់​គ្លេស​ថា​ ​TPO និយាយ​ថា អតីត​កាល​ដ៏​ខ្មៅ​ងងឹត​របស់​ប្រទេស​នេះ​ បាន​បង្ករ​ឲ្យ​មាន​អត្រា​ជំងឺផ្លូវ​ចិត្ត​យ៉ាង​ខ្ពស់​បំផុត។

«តាម​ទស្សនៈ​របស់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ អតីត​កាល​ដើរ​តួ​សំខាន់​ណាស់​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​បញ្ហា​នេះ។​ ខ្ញុំ​គិត​ថា​ ជន​ជាតិ​ខ្មែរ​គ្រប់​រូប​ ដូច​ជា​កែវ​ដែល​មាន​ទឹក​ ហើយ​ទឹក​នោះ​ គឺ​ ជា​ជំងឺ​បាក់​ស្បាត។​ បើ​សិន​ណា​ គេ​ចាក់​ទឹក​ចូល​បន្ថែមទៀត​ កែវ​នោះ​នឹង​ឆាប់​ពេញ​ជាង​កែវ​ដែល​ទទេ»។

ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​TPO​ បាន​រក​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​ខ្មែរ​៣៥​ភាគ​រយ​រង​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ផ្លូវ​ចិត្ត​ណា​មួយ​ ដោយ​ចាប់​ពី​ការ​ប៉ះ​ពាល់​កម្រិត​ស្រាល​ដល់​កម្រិត​ធ្ងន់​បំផុត។

កេរ្តិ៍​តំណែល​ពី​ជំលោះ​អតីត​កាល​មាន​ន័យ​ថា​ ប្រជា​ពល​រដ្ឋ​ខ្មែរជាង​មួយ​ភាគ​បួន​ បង្ហាញ​សញ្ញា​ថា មាន​ជំងឺ​បាក់​ស្បាត​ និងជាង​១០​ភាគ​រយរង​ប៉ះ​ពាល់​ដោយ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ទោះ​បី​ជា​មនុស្ស​ភាគ​ច្រើន​មាន​អាយុ​ក្មេង​ពេក​មិន​អាច​ចាំ​បាន​នូវ​រយៈ​ពេល​ដ៏​ខ្មៅ​ងងឹត​នោះ​ក៏​ដោយ​។

ក៏​ប៉ុន្តែ​ការ​ព្យាបាល​ជំងឺ​នេះ​មាន​តិច​តួច​ណាស់។​ ថវិកា​ផ្នែក​សុខ​ភាព​របស់​រដ្ឋា​ភិបាល​សម្រាប់​សុខ​ភាព​ផ្លូវ​ចិត្ត​នេះ​មាន​តែ​១%​ប៉ុណ្ណោះ។​ សម្រាប់​ប្រជា​ពល​រដ្ឋចំនួន​១៤​លាន​នាក់​មាន​គ្រូ​ពេទ្យ​វិកល​ចរិត​តែ​៤០​នាក់​ប៉ុណ្ណោះ​ ហើយ​មាន​តែ​គ្រូ​ពេទ្យ​ប្រមាណ​ជា​១០​នាក់​ប៉ុណ្ណោះ​ ដែល​ធ្វើ​ការ​នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​នេះ។

នៅ​ផ្នែក​ព្យាបាល​សុខ​ភាព​ផ្លូវ​ចិត្ត​នៃ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ក្រុង​កំពត​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ វេជ្ជ​បណ្ឌិត​ គីម​ វុត្ថា ត្អូញ​ត្អែរ​អំពី​ការ​ខ្វះ​ខាត​ប្រាក់​ឧបត្ថម្ភ​ និង​ថ្នាំ​ពេទ្យ។

លោក​និយាយ​បន្ថែម​ទៀត​ថា​ ប្រជា​ពល​រដ្ឋ​ខ្មែរ​ ជា​ពិសេសពល​រដ្ឋ​តាម​តំបន់​ជន​បទ ជា​ធម្មតា​ស្វែង​រក​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជា​ជម្រើស​ចុង​ក្រោយ ​ ក្រោយ​ពី​ព្យាយាម​រក​ការ​ព្យាបាល​នៅ​តាម​វត្ត​អារ៉ាម​និង​គ្រូ​ខ្មែរ​បូរាណ។ ​នៅ​តាម​ភូមិ ការ​ដាក់​ច្រវ៉ាក់​មនុស្សវិកល​ចរិត​ខ្លាំង​ជាប់នឹងបង្គោល​ ឬ​ទុក​នៅ​ក្នុង​ទ្រុង​បណ្តោះ​អាសន្ន​នោះ​ គឺ​ជា​ការ​ធម្មតា​មួយ។

ផល្លី ​សត្យា​ ជា​អ្នក​ពិគ្រោះ​យោបល់​មួយ​រូប ​នៅ​ទី​ក្រុង​ភ្នំពេញ​ និយាយ​ថា​ ថ្វី​បើ​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​មាន​ចំនួន​ខ្ពស់​ដូច​នេះក៏​ដោយ​ ក៏​ជា​ធម្មតា​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើនមិន​ចង់​ទទួល​ស្គាល់​ថា ខ្លួន​មាន​បញ្ហាផ្លូវ​ចិត្ត​នោះ​ទេ។

«នៅ​ក្នុង​សង្គម​ខ្មែរ​ បើ​សិន​មនុស្ស​ណា​ម្នាក់​ពិភាក្សា​ជា​មួយ​អ្នក​ពិគ្រោះ​យោបល់ ​អ្នក​ចិត្ត​វិជ្ជា​ ឬ​ទៅ​ជួប​គ្រូពេទ្យ​វិកល​ចរិត​ នោះ​ពួក​គេ​នឹង​សង្ស័យ​ថា​ ‘អូ!គា​ត់​នោះ​ឆ្កួត​ ឬ​សួរ​ថា​គាត់​នោះ​មាន​បញ្ហា​អ្វី?’»។

លោក​សត្យា​ និយាយ​ថា​ វប្បធម៌​ប្រពៃណី ​ជា​ញឹក​ញាប់​មាន​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​របៀប​ដែល​ជំងឺ​ផ្លូវ​ចិត្ត​ត្រូវ​បាន​ដោះ​ស្រាយ។

«បញ្ហានេះ​បា​ន​កើត​ឡើង​មាន​ឡើង​ដោយ​សារ​ការ​ជឿ​លើ​រុក្ខ​អារក្ស​ទេវតា​ ព្រះ​ពុទ្ធ​សាសនា​ និង​សាសនា​ហិណ្ឌូ ​ដែល​ជំងឺ​ភាគ​ច្រើន​កើត​ឡើង​ពី​ការគ្មាន​តុល្យ​ភាព​នៃ​ធាតុ​ខ្យល់ ​ធាតុ​ដី ​ធាតុ​ភ្លើង​ និង​ធាតុ​ទឹក។​ ហើយ​ក្នុង​នោះផង​ដែរ​ បើ​សិន​ជា​លោក​អ្នក​ធ្វើ​អ្វី​មួយ​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​អារក្ស​ អ្នកតា​ភ្នំ​ ឬ​ដើម​ឈើ​នោះ​លោក​អ្នក​ដឹង​ហើយ​ថា​ អារក្ស​អ្នកតា​នោះ​នឹង​ឆ្លើយ​តប​ទៅ​លោក​អ្នក​វិញ ​សង​សឹកនឹង​លោក​អ្នក​ ធ្វើ​ឲ្យ​លោក​អ្នក​ធ្លាក់​ខ្លួន​ឈឺ»។

អង្គការ​ជំនួយ​បរ​ទេស​មិន​អាច​ជួយ​បំពេញ​ចន្លោះ​នេះ​បាន​ទេ។​ លោក​ឈីម​ សុធារ៉ា​ និយាយ​ថា​ វិបត្តិ​សេដ្ឋ​កិច្ច​ មាន​ន័យ​ថា​ មាន​ប្រាក់​តិច​ជាង​មុន​សម្រាប់​អង្គការ​របស់​លោក​ដែល​ធ្វើ​ដំណើរ​ជុំ​វិញ​ប្រទេស​ ដើម្បី​ធ្វើ​ការ​ងារ​ផ្នែក​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​នេះ។

«ខ្ញុំ​គិត​ថា ​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​តិច​តួច​បំផុត​ ដែល​បញ្ហានេះ​បាន​បន្សល់​ទុក​ក្នុង​ប្រទេស​កម្ពុជា។​ ក្រសួង​សុខា​ភិបាល​ធ្លាប់​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ចាត់​ទុក​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​ជា​អទិភាព​មួយ​ តែ​ខ្ញុំ​គិត​ថា​ បញ្ហា​នេះ​មិន​មែន​ជា​កិច្ច​ការ​ចំបង​របស់​ក្រសួង​សុខា​ភិបាល​ទេ”។

លោក​សុធារ៉ា​និយាយ​ថា ​ការ​កាត់​បន្ថយ​ជំនួយ​ពី​ប្រទេស​ផ្តល់​អំណោយ​បាន​បង្ខំ​ឲ្យ​លោក​បញ្ឈប់​ការងារ​បុគ្គ​លិក​ចំនួន​៥០​នាក់​កាល​ពី​ចុង​ឆ្នាំ​មុន។

នៅ​ក្នុង​ចំណោម​កិច្ច​ប្រឹង​ប្រែង​ដ៏​តិច​តួច​របស់​រដ្ឋា​ភិបាល​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នេះ​ គ្រូ​ពេទ្យ​វិកល​ចរិត​ថ្មី​ចំនួន​១០​នាក់​ត្រូវ​បាន​បណ្តុះ​បណ្តាល​ជា​រៀង​រាល់​ឆ្នាំ។​ ក៏​ប៉ុន្តែ​ អ្នក​ដែល​ការ​ធ្វើ​ក្នុង​ការ​ងារ​ផ្នែក​នេះ​ដល់​មូល​ដ្ឋាន​ ដូច​ជា​លោក​សុធារ៉ា​ជា​ដើម​ និយាយ​ថា​ ចំនួន​នោះ​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ឡើយ​ទេ៕