អ្នក​ដោះ​ស្រាយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​ទទួល​​រង្វាន់​

សម្បុរ​ខ្មៅ​និង​មាន​សក់រួញ​ លោក ​ចាប​ លឿង​ គឺ​ជា​អ្នក​ភូមិ​ម្នាក់​នៅ​ក្នុង​ភូមិ​ជីផាត​ ឃុំ​ជីផាត​ ក្នុង​ស្រុក​ថ្ម​បាំង​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​កោះកុង។​ បច្ចុប្បន្ន​ កសិករ​វ័យ​៤៨​ឆ្នាំ​រូប​នេះ​នៅ​តែ​មាន​អាការៈ​ឈឺ​ចុក​ចាប់​នៅ​ឡើយ​ បន្ទាប់​ពី​លោក​ត្រូវ​ដំរី​ព្រៃ​មួយ​ក្បាល​រត់​បុក​និង​ជាន់​បាក់​ថ្គាម​និង​បាក់​ឆ្អឹង​ប្រអប់​ជើង​ស្តាំ​កាល​ពីរ​បី​ឆ្នាំ​មុន។

ជា​ឪពុក​នៃ​កូន​បួន​នាក់​ លោក​ចាប​ លឿង​បាន​រៀប​រាប់​រំឭក​ហេតុ​ការណ៍​ដែល​ត្រូវ​ដំរី​បុក​និង​ជាន់​នោះ​ នៅ​ខណៈ​ពេល​ដែល​លោក​កំពុង​ដើរ​រក​ជ័រ​ឈើ​នៅ​ក្នុង​ព្រៃ​ចម្ងាយ​ជាង​១០​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​លោក។

«ដំរី​ កាល​នោះ​ វា​ហ្វូង​មួយ​ ហើយ​អាហ្នឹង​តែ​វា​គត់​ អា​ដេញ​ខ្ញុំ​នឹង។​ វា​ដេញ​ឆ្កែ​ទេ​ មុន​ដំបូង​ ដល់​ក្រោយ​មក​ ក៏​រត់​រក​មនុស្ស​ទៅ​វិញ។​ វា​បុក​ប៉ាំង​ ម៉ាំង​ផ្ងារ​ជើង​គ្រេង​ ហើយ​វា​ទៅ​ពី​លើ​ខ្ញុំ​ជាន់​អា​ជើង​នេះ​កម្ពិត​អស់​ទៅ​ទៀត»។

ហេតុ​ការណ៍​ដ៏​ភ័យ​រន្ធត់​នេះ​បាន​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​លោក​ ចាប​ លឿង​ ហើយ​ធ្វើ​ឱ្យ​លោក​លែង​ហ៊ាន​ចូល​ព្រៃ​ដើម្បី​ស្វែង​រក​អនុផល​ព្រៃ​ឈើ​ត​ទៅ​ទៀត។​ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​អ្នក​ភូមិ​បាន​ជួប​ប្រទះ​ជា​មួយ​សត្វ​ដំរី​ព្រៃ។

បញ្ហា​នេះ​កើត​ឡើង​បន្ទាប់​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ការ​អភិវឌ្ឍ​គម្រោង​វារី​អគ្គិ​សនី​និង​ការ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម​និង​កសិ​ឧស្សាហ​កម្ម​នៅ​តាម​តំបន់​ជួរ​ភ្នំ​ក្រវាញ​ភាគ​នីរតី​នៃ​ប្រទេស​កម្ពុជា​នេះ​ បាន​ធ្វើ​ឱ្យ​បាត់​បង់​ដែន​ជម្រក​សត្វ​កាន់​ច្រើន​ឡើងៗ​ដោយ​រួម​ទាំង​ដែន​ជម្រក​សត្វ​ដំរី​ព្រៃ​ផង​ដែរ។

ដូច្នេះ​ សត្វ​ដំរី​ព្រៃ​តែង​ចេញ​មក​ស្វែង​រក​ចំណី​អាហារ​របស់​វា​ដូច​ជា​ចេក​អំពៅ​និង​ពោត​ជា​ដើម​ដែល​អ្នក​ភូមិ​បាន​ដាំ​នៅ​តាម​ស្រែ​ចម្ការ​របស់​ពួក​គេ​ជា​ហេតុ​ធ្វើ​ឱ្យ​ខូច​ខាត​ផល​ដំណាំ​និង​ផ្ទះ​សម្បែង​ឬ​រហូត​ដល់​របួស​អ្នក​ភូមិ​ទៀត​ផង។​ ការណ៍​នេះ​បាន​បណ្តាល​មាន​ទំនាស់​រវាង​អ្នក​ភូមិ​និង​សត្វ​ដំរី​ព្រៃ។

ហើយ​កន្លង​មក​សត្វ​ដំរី​ព្រៃ​ខ្លះ​ត្រូវ​បាន​បាញ់​សម្លាប់​ឬ​ធ្វើ​ឱ្យ​របួស​ដោយ​សារ​តែ​កំហឹង​សក​សឹក​របស់​អ្នក​ភូមិ​ដែល​រង​គ្រោះ​ដោយ​ការ​អុក​ឡុក​ផល​ដំណាំ​និង​ផ្ទះ​សម្បែង​របស់​ពួក​គេ​ពី​សំណាក់​សត្វ​ដំរី​ព្រៃទាំង​នោះ។

ដោយ​មើល​ឃើញ​បញ្ហា​នេះ​ នៅ​ឆ្នាំ​២០០៣​ ក្រុម​អភិរក្ស​ដំរី​កម្ពុជា​ដែល​រួម​សហ​ការ​គ្នា​ដោយ​អង្គ​ការ​អភិរក្ស​សត្វ​ព្រៃ​និង​រុក្ខ​ជាតិ​អន្តរ​ជាតិ​ហៅ​កាត់​ថា​ FFI​ និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ស្រាវ​ជ្រាវ​រក​វិធី​សាស្រ្ត​នានា​ដើម្បី​ការ​ពារ​សត្វ​ដំរី​ព្រៃ​ឱ្យ​នៅ​គង់​វង្ស​ផង​ និង​ការ​ពារ​ផល​ដំណាំ​និង​ទ្រព្យ​សម្បតិ្ត​របស់​ប្រជា​កសិករ​កុំ​ឱ្យ​ដំរី​ទាំង​នោះ​បំផ្លាញ​ផង។

អ្នក​ស្រាវ​ជ្រាវ​រក​វិធី​សាស្រ្ត​ទាំង​នេះ​ដោយ​ផ្ទាល់​គឺ​លោក​ ទុយ​ សេរី​វឌ្ឍនា​ ប្រធាន​ក្រុម​អភិ​រក្ស​ដំរី​កម្ពុជា​នៃ​អង្គការ​FFI​ ដែល​ទើប​នឹង​ទទួល​បាន​រង្វាន់​ផ្នែក​ការ​ពារ​បរិស្ថាន​Goldman​ Environmental​ Prize​ ឆ្នាំ​២០១០​ ប្រចាំ​ទ្វីប​អាស៊ី​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​១៥​ម៉ឺន​ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ទី​ក្រុង​San​ Francisco​ សហ​រដ្ឋ​អាមេរិក​ ដោយ​សារ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ដែល​មាន​ប្រសិទ្ធិ​ភាព​និង​ចំណាយ​ប្រាក់​តិច​របស់​លោក។

វិធី​សាស្រ្ត​ទាំង​នោះ​រួម​មាន​ការ​ដុត​កាំ​ជ្រួច​ឬ​ថ្ម​ស្អុយ​តាម​បំពង់​ឫស្សី ឬ​បង្កើត​ជា​សំឡេង​លាន់​ឮ​ខ្លាំងៗ​ ដូច​ជា​ផ្លុំ​ស្លែង​ជា​ដើម​ ដើម្បី​បង្អើល​សត្វ​ដំរី​ពេល​ពួក​វា​ចូល​មក​ជិត​ចម្ការ​ដំណាំ​ និង​ការ​លាប​ម្ទេស​លាយ​ជា​មួយ​ប្រេង​ម៉ាស៊ីន​នៅ​តាម​របង​ឬ​រាយ​ខ្សែ​អគ្គិសនី​ប្រើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ព័ទ្ធ​ជុំវិញ​របង​ចម្ការ​ដើម្បី​ការ​ពារ​កុំ​ឱ្យ​ដំរី​ចូល​ស៊ី​ផល​ដំណាំ​បាន​ជា​ដើម។

លោក​ទុយ​ សេរី​វឌ្ឍនា​ មាន​ប្រសាសន៍​ថា​ ក្រៅ​ពី​ការ​ណែនាំ​អំពី​វិធី​សាស្រ្ត​ទាំង​នេះ​ហើយ​ ក្រុម​អភិ​រក្ស​ដំរី​របស់​លោក​ក៏​បាន​ផ្តល់​វិធី​សាស្រ្ត​ដាំ​ដុះ​ដល់​អ្នក​ភូមិ​ផង​ដែរ​ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ដាំ​ដំណាំ​ប្រភេទ​ថ្មី​ដែល​មិន​ទាក់​ទាញ​សត្វ​ដំរី​ ដូច​ជា​ម្ទេស​ ត្រាវ​ ឬ​ត្រសក់​ជា​ដើម។

«ក្រុម​ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ​សហ​គមន៍​មូល​ដ្ឋាន​នៅ​ទី​នេះ​ ដើម្បី​សាក​ល្បង​នូវ​វិធី​សាស្រ្ត​ផ្សេងៗ​ ដើម្បី​កាត់​បន្ថយ​បញ្ហា​ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរី។​ យើង​ធ្វើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ពី​ការ​អភិរក្ស​សត្វ​ដំរី​ទៅ​ដល់​បង​ប្អូន​ប្រជា​ជន​មូល​ដ្ឋាន។​គោល​បំណង​ក្នុង​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​ពួក​គាត់​ដើម្បី​កុំ​ឱ្យ​គាត់​ខឹង​សម្បារ​ឬ​មាន​គំនិត​ជា​អវិជ្ជ​មាន​ចំពោះសត្វ​ដំរី​ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​សហ​គមន៍​មូល​ដ្ឋាន​ ផ្តល់​វិធី​សាស្រ្ត​ផ្សេងៗ​ក្នុង​ការ​ដាំ​ដុះ​បង្កើន​ផលិត​ផល​កសិកម្ម​របស់​គាត់​ឱ្យ​បាន​កម្រិត​ខ្ពស់»។

អ្នក​ស្រី​ ហង់​ យន​ វ័យ​៥៥​ឆ្នាំ​គឺ​ជា​កសិករ​ម្នាក់​នៅ​ក្នុង​ភូមិ​ព្រៃ​ប្រសិទ្ធិ​ ឃុំ​អូបាក់​រទេះ​ ស្រុក​កំពង់​សីលា​ជា​ទី​ដែល​សត្វ​ដំរី​ព្រៃ​ចូល​មក​អុក​ឡុក​ផល​ដំណាំ​និង​ផ្ទះ​សម្បែង​របស់​អ្នក​ស្រុក​ជា​ញឹក​ញាប់។

អ្នក​ស្រី ​ហង់ ​យន​ ដែល​ផ្ទះ​របស់​ស្រី​ត្រូវ​ដំរី​រុញ​បំផ្លាញ​អស់​ពីរ​លើក​នោះ​ មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​បាន​អនុវត្ត​វិធី​សាស្រ្ត​បង្អើល​ដំរី​តាម​ក្រុម​អភិរក្ស​ដំរី​បាន​ណែនាំ​នោះ​មក​ អ្នក​ស្រី​កត់​សម្គាល់​ឃើញ​ថា​ ការ​ចុះ​មក​យារ​យី​ផល​ដំណាំ​និង​ផ្ទះ​សំបែង​របស់​អ្នក​ភូមិ​ពី​សំណាក់​សត្វ​ដំរី​ព្រៃ​ ពុំ​សូវ​កើត​ឡើង​ញឹក​ញាប់​ដូច​មុន​ទៀត​ទេ។

«ខាង​បង​ប្អូន​អភិរក្ស​ហ្នឹង​គាត់​បាន​ប្រាប់​ពន្យល់​យើង​ខ្លះ​ឱ្យ​ជួយ​កំឡារ​វា​ខ្លះ​ទៅ​ ចេះ​តែ​តាម​គាត់​អញ្ចឹង​ម៉ោ​ វា​រាង​ស្ងប់​បន្តិច​ដែរ»។

លោក​ ពិត​ សេន​ មេ​ឃុំ​អូរ​បាក់​រទេះ​មាន​ប្រសាសន៍​ថា​ រដ្ឋា​ភិបាល​ពុំ​មាន​គោល​ការណ៍​ផ្តល់​សំណង​ចំពោះ​ការ​ខូច​ខាត​ផល​ដំណាំ​ឬ​ផ្ទះ​សម្បែង​របស់​អ្នក​ស្រុក​ដោយ​សារ​ការ​បំផ្លាញ​ពី​សត្វ​ដំរី​ព្រៃ​នេះ​ទេ។

ប៉ុន្តែ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ដោយ​សារ​ការ​ណែនាំ​វិធី​សាស្រ្ត​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​និង​កម្ម​វិធី​ផ្សព្វ​ផ្សាយ​អប់រំ​អំពី​សារៈ​សំខាន់​ក្នុង​ការ​ការ​ពារ​និង​អភិរក្ស​សត្វ​ព្រៃ​របស់​ក្រុម​អភិរក្ស​ដំរី​កម្ពុជា​ ប្រជា​ពល​រដ្ឋ​ជិត​១​ពាន់​គ្រួសារ​ក្នុង​ឃុំ​របស់​លោក​បាន​ប្តូរ​ឥរិយា​បថ​ពី​អវិជ្ជ​មាន​មក​វិជ្ជមាន​វិញ​ចំពោះ​សត្វ​ដំរី​ព្រៃ។

«អត់​មាន​សំណង​អ្វី​ទេ​ចំពោះ​ការ​ខូច​ខាត​ទៅ​លើ​របស់​របរ​សម្ភារៈ​ប្រជា​ពល​រដ្ឋ​ដែល​ដំរី​ជាន់​បាក់​បែក​ ខូច​ខាត​ ដោយ​កន្លង​មក​ធ្លាប់​រុញ​ផ្ទះ​ហ្នឹង​អស់​បី​បួន​ខ្នង​មក​ហើយ​ ប៉ុន្តែ​គ្រាន់​តែ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ ទុយ​ សេរី​វឌ្ឍនា​ហៅ​លោក​ពូ​ដំរី​នេះ​ គាត់​បាន​មក​ណែ​នាំ ​គាត់​ផ្តល់​ជា​សម្ភាៈ​ខ្លះ​ដូច​ជា​ពូជ​ដំណាំ​ជា​អី​អញ្ចឹង​ទៅ​គាត់​ក៏​រាង​ស្រាល​ចិត្ត​ដែល​គាត់​យល់​ថា​ សត្វ​ដំរី​នេះ​ជា​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​នៅ​ស្រុក​ខ្មែរ​ ហើយ​គាត់​ក៏​បាន​ផ្តល់​អនុសាសន៍​ល្អៗ​ធ្វើ​ឱ្យ​ពួក​គាត់​ត្រជាក់​ចិត្ត​ គាត់​មិន​ក្តៅ​ក្រហាយ​ គាត់​មិន​ស្អប់​ដំរី»។

មិន​ត្រឹម​តែ​ផ្តល់​វិធី​សាស្រ្ត​ជួយ​កាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរី​ប៉ុណ្ណោះ​ទេ​ លោក​ទុយ ​សេរី​វឌ្ឍនា​ក៏​បាន​ផ្តួច​ផ្តើម​បង្កើត​សាលា​រៀន​ចំនួន​បួន​កន្លែង​នៅ​តាម​សហគមន៍​ដាច់​ស្រយាល​នេះ​ ដើម្បី​អប់​រំ​ក្មេងៗ​និង​ប្រជា​សហ​គមន៍​ ឱ្យ​មាន​ចិត្ត​ស្រឡាញ់​និង​រួម​គ្នា​ការ​ពារ​បរិស្ថាន​និង​សត្វ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ផង​ដែរ៕