ជាង១០ឆ្នាំក្រោយពីសោកនាដកម្មនៃការវាយប្រហារដោយទឹកអាស៊ីតនិងការរស់នៅដោយភ័យខ្លាច ក្រុមគ្រួសាររបស់នាងតាត ម៉ារីណាអតីតតារាចម្រៀងខារ៉ាអូខេខ្មែរ ដែលទទួល រងការ វាយប្រហារដោយទឹកអាស៊ីត បានភៀសខ្លួនទៅរស់នៅជ្រកកោណប្រទេសហូឡង់ ហើយបានប្តេជ្ញាបន្តតស៊ូទាមទាររកយុត្តិធម៌សម្រាប់ក្រុមគ្រួសារនិងជនរងគ្រោះដទៃទៀត។
នាង តាត ស្រីពៅ បងស្រី របស់នាងតាត ម៉ារីណាបានបញ្ជាក់ប្រាប់វីអូអេ សំឡេង សហរដ្ឋអាមេរិកតាមទូរស័ព្ទពីប្រទេសហូឡង់កាលពីថ្ងៃព្រហស្បតិ៍ថា៖
“ដរាបណាមានអំពើអញ្ចឹងៗ ខ្ញុំនៅមិនសុខដេកមិនលក់ដែរ ព្រោះថាពួកគេបើមិនទទួលថ្នាំខ្លាំងម្តងពីអំពើរបស់ពួកគេ ពួកគេនៅតែធ្វើបាបអ្នកផ្សេងៗដែលគេចង់ធ្វើបាបដដែល។ បើថាត្រឹមប្អូនខ្ញុំ វាមិនចប់ត្រឹមប៉ុណ្ណឹងផង គេនៅធ្វើបាបអ្នកផ្សេងៗទៀត ។ អញ្ចឹងហើយខ្ញុំសម្រេចចិត្តថាធ្វើអ្វីមួយដើម្បី ឱ្យគេដាក់ទោសអ្នកដែល ធ្វើបាបគេអញ្ចឹងឱ្យជាឧក្រិដ្ឋជនហ្មង ហើយត្រូវចាប់ឧក្រិដ្ឋជនមកកាត់ទោសឱ្យបាន កុំឱ្យគេថាស្រុកខ្មែរយើងជាមនុស្សព្រៃ ទោះបីជាចង់កាប់សម្លាប់អ្នកណាក៏បានដែរឱ្យតែគេមានអំណាច"។
សមាជិកទាំង៨នាក់នៃក្រុមគ្រួសាររបស់នាងតាត ម៉ារីណាបានធ្វើដំណើរទៅដល់ប្រទេសហូឡង់កាលពីថ្ងៃទី ១ ខែមេសា ក្នុងឋានៈជាជនភៀសខ្លួន ហើយកំពុងរស់នៅក្នុងទីក្រុងAmersfoort ។ នេះបើតាមការបញ្ជាក់របស់នាង តាត ស្រីពៅ។
នាង តាត ម៉ារីណា បានទទួលរងការវាយប្រហារដោយទឹកអាស៊ីតពីភរិយាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូបក្នុងអំឡុងពេលចុងឆ្នាំ១៩៩៩។ រហូតមកដល់ពេលនេះអាជ្ញាធរនៅពុំទាន់ចាប់យកជនល្មើសណាម្នាក់មកផ្តន្ទាទោសនៅឡើយទេ។ ក្រុមគ្រួសាររបស់នាងបានភៀសខ្លួនចេញពីប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០០៩ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងការដាក់បញ្ចាំងខ្សែភាពយន្តឯកសារមានចំណងជើងថា “ស្វែងរកមុខពិត” ដែលជាការបកស្រាយពី ទំនាក់ទំនងស្នេហាត្រីកោណរបស់អតីតតារាខារ៉ាអូខេរូបនេះជាមួយនឹងមន្ត្រីរដ្ឋាភិបាលគឺលោកស្វាយ ស៊ីថា។
ស្របពេលជាមួយគ្នានេះដែរ នៅប្រទេសកម្ពុជា រដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងនឹងការវាយប្រហារដោយទឹកអាស៊ីតដោយមានការកម្រិតទៅលើការលក់ដូរទឹកអាស៊ីតនិងការដាក់ទោសទណ្ឌធ្ងន់ធ្ងរលើជនប្រព្រឹត្តិល្មើស។
នាងតាត ស្រីពៅបានសម្តែងក្តីរីករាយដែលច្បាប់នេះត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់បង្កើត។
“ខ្ញុំសប្បាយចិត្ត សប្បាយចិត្តខ្លាំងដែលឮសូគេមានច្បាប់ប្រឆាំងនឹងការលក់ដូរទឹកអាស៊ីត មានន័យថាអ្វីដែលខ្ញុំបានប្រឹងប្រែងគឺវាមិនមែនឥតប្រយោជន៍ ព្រោះថាទឹកអាស៊ីតវាធ្វើឱ្យមនុស្សយើងគ្រោះថ្នាក់ខ្លាំង។ មនុស្សដែលអត់មានឧត្តមគតិតែងតែយកទឹកអាស៊ីតមកប្រើប្រាស់ដាក់គ្នា ទៅវិញទៅមកធ្វើឱ្យមានគ្រោះថ្នាក់ធ្វើឱ្យមានវិប្បដិសារីអស់មួយជីវិត។ដូច្នេះបើសិនជាមានច្បាប់អញ្ចឹងចេញមកវាល្អណាស់”។
លោក តាត សេគុណដូ បងប្រុសរបស់នាងតាត ម៉ារីណាបានអំពាវនាវថាអ្នកដែលដាច់ចិត្តធ្វើការវាយប្រហារបែបនេះត្រូវគិតដល់អារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះថាតើគេត្រូវរស់នៅដោយរងការឈឺចាប់បែបណាដែលមានសមាជិកណាម្នាក់ទទួលរងពីការវាយប្រហារបែបនេះ។
យោងតាមសេចក្តីរាយការណ៍នានាឱ្យដឹងថាក្នុងឆ្នាំ២០០៨ មានករណីវាយប្រហារដោយទឹកអាស៊ីតចំនួន៧ត្រូវបានកត់ត្រាទុក ក្នុងឆ្នាំ២០០៩មានចំនួន២៨ករណីនិងនៅត្រឹមដើម ឆ្នាំ២០១០នេះមានការវាយប្រហារចំនួន១០លើកបានកើតមានឡើង។