ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជនចាប់​យក​ការងារ​ស្ម័គ្រចិត្ត​ដើម្បី ឈាន​ទៅ​រក​ការងារ​ល្អ


ក្រុម​សិស្សា​នុសិស្ស​ខ្មែរ​។
ក្រុម​សិស្សា​នុសិស្ស​ខ្មែរ​។

ភ្នំពេញៈ យុវជន​ខ្មែរ​កាន់​តែ​ច្រើនបានមើលឃើញ​ការ​ធ្វើការងារស្ម័គ្រចិត្ត ជា​វិធី​សាស្រ្ត​មួយ​ក្នុង​ការទទួល​បាន​ការងារធ្វើ ខណៈ​ពេល​ដែល​ទី​ផ្សារ​ការងារ​នៅ​កម្ពុជា​នៅ​តូច​ចង្អៀត​នៅឡើយ​សម្រាប់​ពួក​គេ។

កញ្ញា​ ឈុន ទីណា​ បានធ្វើការងារ​ស្ម័គ្រ​ចិត្តជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ឈ្មោះ​ថា​ ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម​ អស់​រយៈ​ពេល​៦​ខែ​មក​ហើយ​ ដោយចុះ​ទៅជួយ​បណ្តុះ​បណ្តាល​ជំនាញ​កសិកម្ម​ដល់ប្រជា​សហគមន៍​មួយ​ក្នុង​ឃុំ​ព្រែក​ហ្លួងនៃ​ស្រុក​ឯកភ្នំ ​ខេត្ត​បាត់​ដំបង។

ជា​និស្សិត​ឆ្នាំ​ទី​២ ​នៃ​សកលវិទ្យាល័យ​បៀលប្រាយ​ក្នុង​ខេត្ត​បាត់​ដំបង​ កញ្ញា​ ទី​ណា បាន​និយាយ​ថា​ ​កញ្ញា ​សម្រេច​ចិត្ត​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ​ គឺ​ដើម្បី​ជួយ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋានផង​ និង​ដើម្បី​ស្រូប​យក​បទ​ពិសោធន៍​សម្រាប់ស្វែង​រក​ការងារ​ធ្វើផង​ ក្រោយពេល​បញ្ចប់​ការ​សិក្សា។

កញ្ញា ឈុន ទីណា​ ​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​ ការ​រក​ការងារ​ធ្វើ​ពិត​ជា​មិន​មែន​ជា​រឿង​ងាយស្រួលសម្រាប់​យុវជន​ឡើយ។

«ពិបាក​រក​ណាស់​បង ទី​១​គេ​ត្រូវ​ការ​អ្នក​ចេះ និង​ទី២​ គេ​ត្រូវ​ការអ្នក​ដែល​មាន​បទ​ពិសោធន៍។ ហើយ​ណា​មួយ​បើ​យើង​អត់​មាន​បទ​ពិសោធន៍ ​ក៏​យើង​មិន​អាច​ធ្វើ​ការ​ឲ្យ​គេ​បាន​ដែរ ​ដោយ​សារ​តែ​យើង​អត់​មាន​បទ​ពិសោធន៍​ដែល​គេ​ត្រូវការ។ អញ្ចឹង​ដោយ​សារ​កន្លែង​អង្គការ​ខ្ញុំ​គេត្រូវ​ការ​ជ្រើសរើស​អ្នក​ដែល​នៅ​ផ្នែក​កសិកម្ម ​អញ្ចឹង​គេ​ក៏​ដាក់​យើង​នៅ​ផ្នែក​ហ្នឹង ​បើ​ទោះ​ជាយើង​អត់​ចេះ​ក៏​ដោយ​។ ប៉ុន្តែ​ ធម្មតា​ស្ម័គ្រ​ចិត្ត​គឺ​យើង​ធ្វើ​ការ​ងារ​អស់​ពីកម្លាំង​កាយ​ចិត្ត ទោះ​យើង​មិន​ចេះ​ ក៏​យើង​ខិតខំ​ប្រឹង​ប្រែងឬ​ព្យាយាម​ដែរ​បង»។

ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​ធ្វើ​ការ​ងារ​ជាមួយ​យុវជន​ស្ម័គ្រ​ចិត្ត បាន​កត់​សម្គាល់ឃើញថា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យុវជន​ខ្មែរ​កាន់តែ​ច្រើន​បាន​សម្លឹង​រកមើលឱកាសធ្វើ​ការ​ងារស្ម័គ្រ​ចិត្ត​មួយ​រយៈពេល ដើម្បី​ឈាន​ទៅ​រកឱកាសការងារ​ដ៏​សមរម្យ​មួយ​នៅ​ពេល​អនាគត។

លោក​ សុំ មនោរម្យ​ មន្រ្តី​កម្មវិធី​យុវជន​សម្រាប់​ការ​អភិវឌ្ឍសង្គម​នៃ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម បាន​មាន​ប្រសាសន៍​ថា ​យុវជន​កាន់​តែ​ច្រើន ជា​ពិសេស​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ បាន​សម្តែង​ការ​ចាប់​អារម្មណ៍​របស់​ពួកគេ​នៅក្នុង​ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ ​ដោយ​ពួកគេរំពឹង​ថា ​ពួកគេ​នឹង​អាច​ទទួល​បាន​ការងារធ្វើ ​បន្ទាប់​ពី​បាន​បំពេញ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ។

«អ្នក​ស្ម័គ្រ​ចិត្តនៅតាម​សកល​វិទ្យាល័យ​ផ្សេងៗ​ហ្នឹង ​គាត់​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ធ្វើ​យ៉ាង​ម៉េចដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​ផ្សេង​ៗ​ទាក់​ទង​ទៅ​នឹង​ជំនាញ ហើយ​ក៏​ដើម្បី​កសាងការ​ទំនាក់​ទំនង​ផ្សេងៗ​ដើម្បី​ឲ្យ​គាត់​ហ្នឹង​មាន​លទ្ធភាព​ទទួល​បាន​ឱកាសការងារ​ នៅ​ពេល​ដែល​គាត់​រៀន​ចប់​ឬ​កំពុង​តែ​រៀន​ហ្នឹង»។

អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម​ បាន​ទទួលយក​យុវជន​ស័្មគ្រ​ចិត្តខ្មែរចំនួន​១៦៩នាក់​ចាប់​ពី​ឆ្នាំ​២០០៥មក ​ដើម្បី​ឲ្យ​ពួកគេ​ចុះ​ទៅធ្វើ​សកម្មភាពជួយ​ដល់​សហគមន៍​មូលដ្ឋាន​មួយ​ចំនួន ​នៅក្នុង​ខេត្ត​ក្រុង​ចំនួន​១២ រួម​មាន​ខេត្ត​កំពត​ កំពង់ស្ពឺ ​បន្ទាយមានជ័យ​ សៀមរាប ​ក្រចេះ ​មណ្ឌលគីរី​ ស្ទឹង​ត្រែង​និង​រាជធានី​ភ្នំពេញ​ជាដើម។ ក្នុង​ចំណោម​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នេះ មាន​ជិត​១០០​នាក់​គឺជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​មហា​វិទ្យាល័យ​ ឬ​សកលវិទ្យាល័យ​នានា​នៅក្នុង​ប្រទេស​។ នេះ​បើ​យោង​តាម​អង្គការ​នេះ។

ការងារ​ស្ម័គ្រ​ចិត្ត​ គឺ​ជា​ប្រភេទ​ការងារ​ដែល​គ្មាន​ប្រាក់ខែ ប៉ុន្តែ​អាច​មាន​ប្រាក់​ឧបត្ថម្ភ​បន្តិច​បន្តួច សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ចំណាយ​ទៅលើ​ថ្លៃ​សាំង​ឬ​របស់​របរ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត​។

លោក សុំ មនោរម្យ​ មាន​ប្រសាសន៍​ថា ភាគច្រើន​នៃ​យុវជនដែល​ធ្វើ​ការ​ងារស្ម័គ្រ​ចិត្តទាំងនេះ គឺ​មាន​ប្រភព​ចេញ​មក​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​មធ្យម។

«ភាគតិច​ណាស់​ដែល​គាត់មាន​ជីវភាព​ធូរធារ​ហើយ​ចង់​មក​ធ្វើការងារ​ស្ម័គ្រចិត្ត ព្រោះ​ដោយ​សារ​ភាគច្រើន​ពេល​ដែល​គាត់​មាន​លុយ​ មាន​ថវិការ​គ្រប់​គ្រាន់​ គាត់​អត់​សូវ​ខ្វល់​ពី​ឱកាស​ដែល​ទទួល​បាន​ការងារ​អី​ទេ។ ​ដោយ​ឡែក​ អ្នក​ដែល​មាន​ជីវភាព​មធ្យម​ ឬ​ក្រី​ក្រ គឺ​គាត់​ព្យាយាម​ស្វែងរកឱកាសការងារ​ស្ម័គ្រ​ចិត្ត​ហ្នឹង ​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ ​ទៅ​មួយ​ឆ្នាំ ​ដោយ​សារ​គាត់​យល់​ឃើញ​ថា ​ប្រសិន​ជា​គាត់​អត់​ចូល​រួម​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្តជាមួយ​ស្ថាប័ន​ផ្សេងៗ​ក៏​ដូចជា​ជាមួយ​សហគមន៍ផ្សេងៗនោះ​ទេ ប្រហែល​ជា​គាត់​រៀន​ចប់​ គាត់​អត់​មាន​លទ្ធភាពទទួល​បាន​នូវឱកាសការងារ​»។

កញ្ញា បុណ្យ​ រចនា ​អតីត​អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​នៅក្នុង​សហគមន៍ម្នាក់​ហើយ​បច្ចុប្បន្ន​ កំពុង​បម្រើ​ការងារ​នៅក្នុង​ការិយាល័យ​សិទ្ធិមនុស្សរបស់​អង្គការ​សហ​ប្រជាជាតិបាន​ឱ្យ​ដឹង​ថា ​ការ​ធ្វើការងារ​ស្ម័គ្រ​ចិត្តនេះ​ បាន​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​និង​ស្មារតី​របស់​កញ្ញាផ្ទាល់​ហើយ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​កញ្ញា​ទទួល​បាន​ការងារ​បច្ចុប្បន្ននេះ​ដែរ។

«ថ្វីត្បិត​តែ​យើង​ចាប់​ផ្តើម​ពី​ការងារ​ជា​អ្នក​ស្ម័គ្រចិត្ត​ ក៏​ប៉ុន្តែ យើង​កុំ​ភ្លេច​ថា ការងារ​ស្ម័គ្រ​ចិត្ត​នេះ​ វា​ជា​ការងារ​ដែល​មាន​តម្លៃ​ណាស់។ យើង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភតិច ឬ​ក៏​ថា ការងារ​ខ្លះ​យើង​អត់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សោះ​តែ​ម្តង ប៉ុន្តែ យើង​កុំ​ភ្លេច​ថា យើង​ទទួល​បាន​ចំណេះ​ដឹង​និង​បទ​ពិសោធន៍ ហើយ​បទ​ពិសោធន៍​នេះ​ហើយ ​ដែល​ជួយ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មានជំនាញ​គ្រប់​គ្រាន់»។

កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន​ជាងគេ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ដោយ​ចំនួន​យុវវ័យ​ដែល​មាន​អាយុ​ពី​១០​ដល់​២៤ឆ្នាំ មាន​ប្រហែល​ជា​៣៥%​ នៃ​ចំនួន​ពលរដ្ឋ​សរុប​ក្នុង​ប្រទេស​ប្រមាណ​១៤លាននាក់។ នេះ​បើផ្អែក​តាម​វិទ្យាស្ថានជាតិ​ស្ថិតិ។ ប៉ុន្តែ ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ចំណោម​យុវវ័យ​ទាំងនេះ​ត្រូវ​គេ​មើល​ឃើញ​ថា ​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ដោយសារ​វិស័យសំខាន់​ៗ​របស់​ប្រទេស​ដូច​ជា​វិស័យ​កាត់​ដេរសម្លៀក​បំពាក់ ​ទេសចរណ៍​និង​វិស័យ​សំណង់​ជាដើម​មិន​ទាន់​រីក​ចម្រើន​ឲ្យ​បាន​ឆាប់​រហ័សល្មម អាច​ស្រូប​យកកម្លាំង​ពលកម្មថ្មីដែល​កំពុង​កើនឡើង​រហូត​ដល់​៣០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗបាន។ នេះ​បើ​យោង​តាមរបាយការណ៍​វិភាគ​ស្តី​ពី​ស្ថានភាព​យុវវ័យ​នៅ​កម្ពុជា​ឆ្នាំ​២០០៩​របស់​អង្គការ​សហ​ប្រជា​ជាតិ។

លោក ប៉ែន សុផល​ មន្រ្តី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយនិងយុវជន​នៃកម្មវិធី​ស្ម័គ្រ​ចិត្ត​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ឬ United Nations Volunteers មាន​ប្រសាសន៍​ថា ដោយ​សារតែការពិបាក​ក្នុង​ការជ្រៀតចូលក្នុង​ទី​ផ្សា​រ​កាងារបច្ចុប្បន្ន ទើប​យុវជន​ខ្មែរ​កាន់​តែ​ច្រើន​ បាន​ស្វែង​រក​ការងារ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ទទួល​បាន​បទពិសោធន៍​ការងារនិងមាន​សមត្ថភាព​គ្រប់គ្រាន់​ សម្រាប់ឆ្លើយតប​ទៅ​នឹងតម្រូវ​ការ​ទីផ្សារ​ដ៏តូច​ចង្អៀត​នេះ​។

«ការ​ទទួល​បាន​ការងារ​សព្វ​ថ្ងៃ​ ទាម​ទារ​ឲ្យ​មាន​បទ​ពិសោធន៍​។ ឧទាហរណ៍​ថា​យើង​រៀន​ចប់​ពី​មហា​វិទ្យាល័យតែ​អត់​បទពិសោធន៍​ យើង​ពិបាក​ក្នុង​ការ​ទទួល​បាន​ការងារ។ ត្រង់​ចំណុច​ហ្នឹង​ហើយ ក៏​ជា​កត្តាមួយ​ដែល​ធ្វើ​ឲ្យ​យុវជ​ន​សព្វ​ថ្ងៃ​ហ្នឹង​ដែល​ប្រឈម​មុខ​នឹង​ភាព​អត់​ការ​ងារធ្វើ​ខ្ពស់​កំពុង​សម្លឹង​ទៅ​រក​ការងារ​ស្ម័គ្រ​ចិត្ត​ ដើម្បី​ជា​មូលដ្ឋាន​មួយ​ ដើម្បី​ឲ្យ​គាត់​ទទួល​បាន​ការងារ​ប្រសើរ​នាពេល​ខាង​មុខ»។

លោក ប៉ែន សុផល មាន​ប្រសាសន៍​បន្ថែម​ទៀតថា ក្រៅ​ពី​សម្លឹង​ទៅ​រកឱកាសការងារនៅ​ពេល​អនាគតហើយ​នោះ ​យុវជនដែលធ្វើការងារ​ស្ម័គ្រ​ចិត្ត​ក៏​មាន​គោល​បំណង​ពង្រឹងជំនាញ​បទពិសោធន៍​និង​ចំណេះ​ដឹង​របស់​ខ្លួន​ផ្ទាល់​ក្នុង​ខណៈពេល​ដែលចូលរួម​ចំណែកអភិវឌ្ឍ​សហគមន៍​ជនបទក្រី​ក្រ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ។

សូម​បញ្ជាក់​ថា ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ ជា​ទូ​ទៅ​មិន​ត្រូវ​ការ​ជំនាញ​នោះ​ទេ ឬក៏​មិន​តម្រូវ​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ត្រូវ​តែ​ធ្វើ​ការទៅ​តាម​ជំនាញ​របស់​ខ្លួន​នោះដែរ ពោល​គឺ​គេ​អាច​ជ្រើស​រើស​ប្រភេទ​ការងារដែល​គេ​ចូល​ចិត្ត​និង​ចង់​ធ្វើបាន ដោយ​អាស្រ័យ​ទៅ​លើ​ការ​យល់ព្រម​ពី​ស្ថាប័ន​ដែល​ផ្តល់​ប្រភេទ​ការងារស្ម័គ្រ​ចិត្ត​នេះ។

លោក ឈួន បូរិទ្ធ នាយក​ប្រតិបត្តិ​អង្គការ​យុវជន​ខ្មែរ​និង​ការ​អភិវឌ្ឍ​សង្គម បាន​ប្រសាសន៍​ថា ថ្វីត្បិត​តែការធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ក្នុង​ចំណោមយុវជនបានកើនឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះក៏​ដោយ ក៏​ពួកគេ​ភាគ​ច្រើន​លើសលប់​សំឡឹង​រក​មើល​ឱកាសការងារស្ម័គ្រ​ចិត្ត​នេះ តែ​ជា​មួយ​អង្គការក្រៅ​រដ្ឋា​ភិបាល​ប៉ុណ្ណោះ ដោយ​សារ​តែ​កង្វះឱកាសការងារ​ស្ម័គ្រ​ចិត្ត​នៅក្នុង​ស្ថាប័ន​រដ្ឋ​និង​ឯកជន។

«ស្ថាប័ន​ពាក់​ព័ន្ធមិន​ថា​តែ វិស័យ​អង្គការ​ទេ វិស័យ​ឯក​ជន​ក៏​គួរ​តែ​ទទួល​អ្នក​ស្ម័គ្រ​ចិត្ត​ផងដែរ។​ ហើយ​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​តាម​ក្រសួង​ហ្នឹង បើ​អាចក៏​គួរ​តែ​ផ្តល់​ឱកាស កន្លែង​សម្រាប់​និស្សិត​យើងស្ម័គ្រ​ចិត្ត​ផងដែរ ដើម្បី​ឲ្យ​គាត់​មាន​ការងារ​ធ្វើ»។

លោក ជាង សុខា នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍ​ន៍​ធនធាន​យុវជន បាន​និយាយថា រដ្ឋាភិបាល​ក៏​គួរ​តែ​ជំរុញ​ការធ្វើការងារ​ស្ម័គ្រ​ចិត្តរ​បស់​យុវជន​នៅក្នុង​កម្មវិធី​សិក្សា​ផងដែរ ដើម្បី​បំពេញបង្រ្គប់​សមត្ថភាព​របស់​ពួកគេ​ទៅលើ​ចំណេះដឹង​ដែល​ពួកគេ​ទទួលបាន​នៅក្នុង​សាលារៀន។

«នៅក្នុង​បរិបទ​នៃ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា យើង​គិត​ថា​គុណភាព​នៃ​ជំនាញឬ​ចំណេះដឹងរបស់​យើង​នៅ​មាន​កម្រិត ដែល​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ការងារ​បាន​។ អញ្ចឹង​ហើយ​ ការ​ប​ន្ថែម​ទៅ​លើ​ចំណេះ​ដឹង​ដោយ​បទ​ពិសោធន៍​នោះ វា​អាច​ជួយ​ឲ្យ​គាត់​មាន​ការ​ប្រកួត​ប្រជែង​ មានន័យ​ថា​មាន​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ច្រើន​ ជាង​អ្នក​ដែល​អត់​មាន​បទ​ពិសោធន៍»។

លោក ម៉ក់ វ៉ាន់ រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​យុវជន និងកីឡា មាន​ប្រសាសន៍ថា ក្រសួង​អប់រំ​មិន​ត្រឹម​តែ​មាន​គោល​នយោបាយលើ​ក​ទឹក​ចិត្ដដល់​កម្មវិធី​ស្ម័គ្រ​ចិត្ត​របស់​យុវជន​នេះប៉ុណ្ណោះទេ គឺ​ថែម​ទាំង​ជំរុញ​ឲ្យ​មាន​មជ្ឈ​មណ្ឌល​សិក្សា​នៅ​តាម​សហគមន៍​ឬ​Community Learning Centers ថែម​ទៀតផង ដើម្បី​ជួយ​ឲ្យ​យុវជន​ទទួល​បាន​បទពិសោធន៍​ការងារ​ជាក់​ស្តែង​នៅក្នុង​សហគមន៍​ផ្ទាល់៕

XS
SM
MD
LG