ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​បង្ហាញ​ថា​យុវជន​ខ្មែរ​ខ្វះ​ចំណេះដឹង​ពី​លទ្ធិ​ប្រជាធិបតេយ្យ


យុវសិស្ស​​កម្ពុជា​គ្រវី​ទង់ជាតិ​នៅ​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យជាតិ​​​នៅ​​ឆ្នាំ​២០០៦។ ការសិក្សា​នៅ​ឆ្នាំ​២០១០​មួយ​បាន​​រក​ឃើញ​ថា​ ក្នុងចំណោម​ស្ថាប័ន​តំណាង​ពលរដ្ឋ​ ស្ថាប័ន​រដ្ឋសភា​ត្រូវ​បាន​យុវជន​ក​ម្ពុជា​​​​ស្គាល់​តិច​ជាងគេ​បំផុត។
យុវសិស្ស​​កម្ពុជា​គ្រវី​ទង់ជាតិ​នៅ​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យជាតិ​​​នៅ​​ឆ្នាំ​២០០៦។ ការសិក្សា​នៅ​ឆ្នាំ​២០១០​មួយ​បាន​​រក​ឃើញ​ថា​ ក្នុងចំណោម​ស្ថាប័ន​តំណាង​ពលរដ្ឋ​ ស្ថាប័ន​រដ្ឋសភា​ត្រូវ​បាន​យុវជន​ក​ម្ពុជា​​​​ស្គាល់​តិច​ជាងគេ​បំផុត។

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​បានឱ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​យុវជន​កម្ពុជា​មាន​ការយល់ដឹង​តិចតួច​ណាស់​អំពី​ស្ថាប័ន​ប្រជាធិបតេយ្យ​និង​តួនាទី​របស់​ស្ថាប័ន​នេះ​ដែល​បម្រើ​ឱ្យ​ផល​ប្រយោជន៍​របស់​ខ្លួន។

កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​បាន​សហការ​ជាមួយ​ BBC​ World ​Service​ Trust ​នៅ​ក្នុង​ខែ​វិច្ឆិកាឆ្នាំ​២០១០​ ដើម្បី​ធ្វើ​សម្ភាសន៍​ទល់​មុខគ្នា​ជាមួយ​យុវជន​ចំនួន​២.០០០​នាក់​ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ​ សម្រាប់​ការ​សិក្សា​លើ​ចំណេះដឹង​អំពី​ស្ថាប័ន​ប្រជាធិបតេយ្យ​ និង​ការ​ចូលរួម​បោះឆ្នោត។​ ការសិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ចំនួន​ប្រាំ​ រួមមាន​ទីក្រុង​ភ្នំពេញ​ តំបន់​ទំនាប​ តំបន់​សមុទ្រ​ តំបន់​ទន្លេសាប​និង​តំបន់​ភ្នំ។

យុវជន​កម្ពុជា​បច្ចុប្បន្ន​មាន​សុទិដ្ឋិនិយម​អំពី​មាគ៌ា​ជារួម​ដែល​ប្រទេស​របស់​ខ្លួន​កំពុង​ធ្វើ​ដំណើរ​ ប៉ុន្តែ​ពួកគេ​ក៏​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​នៅ​ឡើយ​ក្នុង​ការទទួល​បាន​ឱកាស​ចូល​ប្រឡូក​ក្នុង​ជីវិត​នយោបាយ​និង​សេដ្ឋកិច្ច-​សង្គមកិច្ច​របស់​កម្ពុជា។​ ចំណេះដឹង​ និង​ការ​យល់ដឹង​តិចតួច​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​ និង​ការ​លំបាក​ក្នុង​ការ​លើក​បញ្ហា​នានា​ដែល​ជា​ក្តីកង្វល់​របស់​ពួកគេ ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ឧបសគ្គ​ទាំងឡាយ​ចំពោះ​ការចូលរួម​ឱ្យ​បាន​ទូលំទូលាយ​របស់​យុវជន​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ក្នុង​សង្គម​ នេះ​បើ​តាម​ការសិក្សា​ថ្មី​មួយ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ។

ការសិក្សា​នេះ​បានបង្ហាញ​ថា​ការយល់ដឹង​របស់​អ្នកឆ្លើយ​សំណួរ​សម្ភាសន៍​អំពី​ស្ថាប័ន​ប្រជាធិបតេយ្យ​ និង​អំពី​តួនាទី​របស់​ខ្លួន​គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ ជាពិសេស​ការយល់ដឹង​អំពី​ស្ថាប័ន​ដែល​តំណាង​ឱ្យ​ខ្លួន​ ​ដូច​ជា​ រដ្ឋសភា​ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ដើម។

ការសិក្សា​នេះ បានរក​ឃើញ​ថា​ក្នុងចំណោម​ស្ថាប័ន​ទាំងបី​ ស្ថាប័ន​រដ្ឋសភា​ត្រូវ​បាន​គេ​ស្គាល់​តិច​ជាងគេ​បំផុត​ដែល​មាន​តែ​បី​ភាគ​បួន​ប៉ុណ្ណោះ​ធ្លាប់​ឮ​អំពី​រដ្ឋសភា​ ហើយ​ពីរ​ភាគ​បី​មិន​ដឹង​ថា​រដ្ឋសភា​ធ្វើ​អ្វី​ទេ។

ការ​សិក្សា​នេះ​បានបញ្ជាក់​ថា​យុវជន​ចំនួន​៩២​ភាគរយ​បាន​ឮ​អំពី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ប៉ុន្តែ​មួយ​ភាគ​បី​នៃ​អ្នកដឹង​ ឬ ​ស្គាល់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មិន​បាន​ដឹង​ថា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ធ្វើ​អ្វី​ឡើយ។

ការសិក្សា​នេះ​បានរកឃើញ​ថា​៥៤​ភាគ​រយ​នៃ​អ្នកឆ្លើយ​សំណួរ​សម្ភាសន៍​ដែល​ជា​អ្នក​មាន​សិទ្ធិ​អាច​បោះឆ្នោត​ជ្រើសតាំង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០០៧​ ពុំ​បាន​ទៅ​បោះឆ្នោត​ទេ​ និង​២១​ភាគ​រយ​នៃ​អ្នក​មាន​សិទ្ធិ​អាច​បោះឆ្នោត​បាន​ពុំ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឡើយ។

លោក​ស្រី​អេលីណា ទីសឆេនកូ (Elena ​Tischenko) ​នាយិកា​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​ បានថ្លែង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ថា៖

«យុវជន​ជាច្រើន​នាក់​ពិបាក​ស្វែងរក​ការពន្យល់​អំពី​តួនាទី​របស់​ស្ថាប័ន​ប្រជាធិបតេយ្យ​ដ៏​សំខាន់​ ដូច​ជា​ រដ្ឋ​សភា»។

ការ​សិក្សា​បានបង្ហាញ​ថា​យុវជន​នៅ​មាន​ការយល់​ដឹង​ខុស​ៗ​គ្នា​ចំពោះ​អត្ថន័យ​នៃ​ពាក្យ​ចំនួន​បី ​គឺ​ សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ។​ យុវជន​ជាច្រើន​ដែល​ធ្លាប់​ឮ​ពាក្យ​ទាំងអស់​នេះ​ មិន​ដឹង​ថា​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ទេ។

លោក​ស្រី​ ស៊ៀង​ លក្ខិណា​ អ្នកវិភាគ​កម្មវិធី​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ បានបញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​នេះ​ថា៖

«ពួកគេ​បាន​និយាយ​ថា​ពួកគេ​ធ្លាប់​បាន​ឮ​ពាក្យ​ទាំង​នេះ​ ប៉ុន្តែ​ពួកគេ​មិន​អាច​ឱ្យ​អត្ថន័យ​ជាក់លាក់​ថា​ពាក្យ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ទេ»។

ការសិក្សា​នេះ​បានរកឃើញ​ថា​សុវត្ថិភាព​ សន្តិសុខ​ និង​ជីវិត​នៅ​ក្នុង​សហគមន៍​ ជា​កង្វល់​ចម្បង​របស់​យុវជន​ជាមួយ​នឹង​កង្វល់​បន្ទាប់​មក​ទៀត​ មាន​ដូច​ជា​ភាពក្រីក្រ​ ធនធាន​ធម្មជាតិ​ វិវាទ​ដីធ្លី​ និង​គ្រោះថ្នាក់​ចរាចរណ៍។ បញ្ហា​ថ្នាក់​ជាតិ​វិញ​ វិវាទ​ព្រំដែន​ជា​កង្វល់​ទីមួយ​ ហើយ​ក្រៅ​ពី​នេះ​ កង្វល់​របស់​ពួកគេ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​កង្វល់​អ្នក​ឯ​ទៀត​ដែរ។

លោក​ស្រី​សួន​ សុវណ្ណ​ ប្រធាន​គម្រោង​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បានបញ្ជាក់​ថា​បើ​យុវជន​ខ្វះ​ការយល់ដឹង​ពី​ស្ថាប័ន​ ប្រជាធិបតេយ្យ​ វា​ជា​ឧបសគ្គ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ។

«ខ្ញុំ​យល់​ថា​បើ​យុវជន​យើង​ខ្វះ​ការយល់ដឹង​ពី​ស្ថាប័ន​ប្រជាធិបតេយ្យ​នេះ​ វា​អាច​ធ្វើ​ឱ្យ​យុវជន​យើង​មិន​សូវ​បាន​ចូលរួម​ច្រើន​ក្នុង​ការងារ​កសាង​ប្រទេស​ជាតិ​ ហើយ​បើ​សិន​ជា​គាត់​អត់​មាន​ការយល់​ដឹង​ទេ​ ដំណើរការ​ប្រជាធិបតេយ្យ​ដូច​ជា​មិន​សូវ​បាន​ជឿនលឿន​ល្អ​ប្រសើរ»។

លោក​ ទិត​ សុធា​ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បានថ្លែង​ថា​យុវជន​កម្ពុជា​មាន​ការយល់ដឹង​ច្រើន​អំពី​ប្រជាធិបតេយ្យ​ និង​ច្បាប់​ពី​ក្រុមអ្នក​ច្បាប់​ តំណាងរាស្ត្រ​ និង​តំណាង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អំពី​នីតិវិធី​ជាច្រើន​ដើម្បី​បង្កើន​នូវ​មូលធន​បញ្ញា​ និង​ការបណ្តុះ​បណ្តាល​អំពី​ច្បាប់​ និង​លទ្ធិប្រជាធិបតេយ្យ​តាម​ការផ្សព្វផ្សាយ​របស់​ទូរទស្សន៍​នានា។

«ការលើក​ឡើង​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ទស្សនៈ​របស់​អង្គការ​ម្ចាស់​ជំនួយ​មួយ ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​ខិតខំ​ពង្រីក​ការផ្សព្វផ្សាយ​ប្រជាធិបតេយ្យ​នេះ​ ហើយ​យើង​គិត​ថា​ទៅពេល​ខាងមុខ​ទៀត​នេះ​ យុវជន​នឹង​មាន​ការយល់ដឹង​អំពី​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​ច្បាប់​ទម្លាប់​ផ្សេង​ៗ​កាន់តែច្រើន​លើស​ពី​នេះ​ទៅ​ទៀត»។

ការសិក្សា​នេះ​បានបង្ហាញ​ថា​បច្ចេកវិជ្ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ដូចជា​ ទូរទស្សន៍​ វិទ្យុ​ អ៊ីនធឺណិត​ និង​បច្ចេកវិជ្ជា​ចល័ត​ផ្តល់​អត្ថប្រយោជន៍​ដល់​យុវជន៕

XS
SM
MD
LG