អង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃអង្គារនេះបានសម្តែងការព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលចុងក្រោយ ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ការបង្កើត និងការប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
អង្គការសង្គមស៊ីវិលឲ្យដឹងថាខ្លួនមានការព្រួយបារម្ភអំពីការច្បាប់ថ្មីនេះ ដែលជាបញ្ញត្តិរឹតបន្តឹងសេរីភាពរបស់អង្គការនិងសមាគមមិនមែនរដ្ឋាភិបាល ព្រមទាំងរារាំងដល់ការរីកចម្រើន និងអភិវឌ្ឍន៍ប្រទេស។
លោកសុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថាអនុសាសន៍សំខាន់ៗរបស់អង្គការក្រៅរដ្ឋាភិបាលមិនត្រូវបានដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលចុងក្រោយនេះទេ ហើយអនុសាសន៍ទាំងអស់របស់អង្គការក្រៅរដ្ឋាភិបាលស្ទើរតែមិនឃើញមាននៅក្នុងសេចក្តីព្រាងច្បាប់ចុងក្រោយបង្អស់នេះទេ។ លោកសុក សំអឿន បានបញ្ជាក់ថា អង្គការសង្គមស៊ីវិលមិនចង់បានការចុះបញ្ជីដោយបង្ខំ ការធ្វើរបាយការណ៍សកម្មភាព និងថវិការបស់ខ្លួនទេ។ លោកថ្លែងថា៖
«យើង អង្គការក្រៅរដ្ឋាភិបាលគិតថា ចំណុចបីនេះធ្វើឱ្យសេរីភាពនៃការបង្កើតអង្គការ សមគមមានការចង្អៀត។ ខ្ញុំនៅតែមិនទាន់ពេញចិត្តចំពោះសេចក្តីព្រាងច្បាប់នេះនៅឡើយ។ យោងតាមគោលការណ៍ប្រជាធិបតេយ្យសេរី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ យើង អង្គការក្រៅរដ្ឋាភិបាលចង់ឱ្យការចុះបញ្ជីមិនមែនជាកាតព្វកិច្ច (តែ) ដោយស្ម័គ្រចិត្ត ហើយអ្នកចុះបញ្ជីទទួលបានផលប្រយោជន៍ពីច្បាប់នេះ»។
លោក ហម ស៊ុនរិទ្ធ អនុប្រធានផ្នែកគ្រប់គ្រង និងការពារសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ចំណុចខ្លះមានការផ្លាស់ប្តូរ ហើយចំណុចមួយចំនួនទៀតនៅទុកដដែល បើប្រៀបធៀបទៅនឹងសេចក្តីព្រាងច្បាប់ទីពីរ។ លោកថ្លែងថា៖
«ខ្ញុំនៅតែពិនិត្យមើលជារួមឃើញថា វានៅតែជាការព្រួយបារម្ភសម្រាប់អង្គការសង្គមស៊ីវិល សមាគម និងក្រុមក្រៅប្រព័ន្ធផ្សេងៗទៀតក្នុងការធ្វើសកម្មភាពនានា ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួននៃក្រុមរបស់ខ្លួន ឬប្រយោជន៍សាធារណៈ។ ការព្រួយបារម្ភនេះដោយសារវានៅតែមានលក្ខខណ្ឌនៃការចុះបញ្ជីវែងច្រើនពេក ការធ្វើរបាយការណ៍សកម្មភាពការងារ និងការពិនិត្យមើលគណនេយ្យភាព»។
លោកឈិត សំអាត នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងថា មាត្រា៦មានការផ្លាស់ប្តូរពាក្យ ប៉ុន្តែអត្ថន័យរបស់ វាមិនមានការផ្លាស់ប្តូរទេ។ លោកប្រាប់វីអូអេខ្មែរថា៖
«(ក្នុង)មាត្រា៦ យើងឃើញថាមានការកែប្រែខ្លះដែរ ប៉ុន្តែជាទូទៅ អត្ថន័យរបស់វាមិនមានការកែប្រែទេ គឺនៅតែការចុះបញ្ជីត្រូវតែជាកាតព្វកិច្ចរបស់អង្គការ សមាគមក្រៅរដ្ឋាភិបាល។ អញ្ចឹង វាបានន័យថាទាល់តែគាត់ចុះបញ្ជីទើបគាត់ទទួលបានផលប្រយោជន៍ពីច្បាប់អង្គការ សមាគមនេះ។ អញ្ចឹងបានន័យថា បើគាត់អត់ចុះបញ្ជីទេ។ គាត់មិនអាច(ធ្វើ)ប្រតិបត្តិការក្នុងនាមអង្គការ សមាគមក្នុងព្រះរាជាណាចក្រកម្ពុជាទេ»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា លោកស្វាគមន៍ចំណុចមួយចំនួនដែលយើងឃើញមានការរីកចម្រើន ប៉ុន្តែលោកមានការព្រួយបារម្ភចំពោះចំណុចមួយចំនួនមិនច្បាស់។ លោកវីរៈថ្លែងថា៖
«ខ្ញុំមើលទៅអត្ថន័យ (ក្នុងមាត្រាខ្លះ) អត់ច្បាស់។ អញ្ចឹងក្នុងការបកស្រាយមួយមិនច្បាស់លាស់ វាធ្វើឱ្យការបកស្រាយមួយមិនល្អសម្រាប់សិទ្ធិក្នុងការចូលរួមសមាគម និងសិទ្ធិបុគ្គលពិសេស។ នេះជាចំណុចមួយដែលយើងមានការព្រួយបារម្ភធំជាងគេបង្អស់»។
ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលចុងក្រោយដល់អង្គការមិនមែនរដ្ឋាភិបាលកាលពីថ្ងៃសុក្រ។
លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថាបើអង្គការក្រៅរដ្ឋាភិបាលចង់ផ្តល់អនុសាសន៍ អាចផ្តល់ទៅកាន់គណៈរដ្ឋមន្ត្រី។ ក្រសួងកំពុងរៀបចំនីតិវិធីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈរដ្ឋមន្ត្រី៕