ភ្នំពេញ៖ នៅថ្ងៃពុធនេះ គណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ឋិមនុស្សកម្ពុជាដែលជាសម្ព័ន្ឋនៃសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន២៣ បានសំដែងការព្រួយបារម្ភរបស់ខ្លួនចំពោះនីតិវិធីរបស់សាលាឧទ្ឋរណ៍ ដែលបានប្រព្រឹត្តឡើងចំពោះបណ្តឹងឧទ្ឋរណ៍របស់ជនជាប់ចោទបីរូប ដែលរួមមានលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង លោកស្រីមាស ស្រី និងលោកព្រំ ជា ថា មានភាពមិនប្រក្រតី។
សាលាឧទ្ឋរណ៍ កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ បានសម្រេចលើកពេលសវនាការជំនុំជម្រះ ដោយគ្មានការកំណត់លើករណីបណ្តឹងឧទ្ឋរណ៍របស់លោកសម រង្ស៊ី និងប្រជាពលរដ្ឋចំនួនពីររូបផ្សេងទៀតពាក់ព័ន្ឋទៅនឹងរឿងដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងញុះញុងឲ្យមានការរើសអើងជាតិសាសន៍។
ការសម្រេចលើកពេលរបស់សាលាឧទ្ឋរណ៍នេះ បានកើតឡើងក្រោយពីមានការស្នើសុំពីមេធាវីការពារជនជាប់ចោទទាំងពីររូបដែលតម្រូវឲ្យលោកស្រីមាស ស្រី និងលោកព្រំ ជា ដែលកំពុងជាប់ពន្ឋនាគារខេត្តស្វាយរៀងនោះ មានវត្តមាននៅក្នុងបន្ទប់សវនាការ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការប្រព្រឹត្តកម្មបានលើកឡើងថា តុលាការត្រូវតែធានាថា សិទ្ឋិរបស់ជនជាប់ចោទត្រូវបានគោរពនៅគ្រប់ដំណាក់កាលនៃការជំនុំជម្រះ។ ដោយសារវាជាសវនាការព្រហ្មទណ្ឌ ដំណើរការជំនុំជម្រះត្រូវធ្វើឡើងនៅចំពោះមុខជនជាប់ចោទ និងមេធាវីរបស់ជនជាប់ចោទ ដើម្បីស្របទៅតាមនីតិវិធីនៃក្រមព្រហ្មទណ្ឌកម្ពុជាព្រមទាំងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ឋិរបស់ពលរដ្ឋ។
លោក ហង្ស ឆាយា ប្រធានសម្របសម្រួលរបស់គណៈកម្មាធិការប្រព្រឹត្តកម្មបាននិយាយថា អ្វីដែលជាការពន្យាពេលរបស់សាលាឧទ្ឋរណ៍នេះ គឺជារឿងល្អមួយ។ ក៏ប៉ុន្តែយើងចង់ឲ្យមានវត្តមាន លោកព្រំ ជា និងលោកស្រីមាស ស្រីនៅក្នុងបន្ទប់សវនាការ។ លោកហង្ស ឆាយា បានលើកឡើងទៀតថា នៅពេលដែលជនជាប់ចោទមិនមានវត្តមាន ពួកគេនឹងមានការភិតភ័យ និងគ្មានជំនឿទៅលើប្រព័ន្ឋច្បាប់។ លោកឆាយា បន្តទៀតថា៖
«គាត់ស្តាប់ឃើញថា យុត្តិធម៌យ៉ាងអញ្ចេះ សិទ្ឋិរបស់គាត់អញ្ចេះៗ ហើយគាត់លែងមានការចម្ងល់ ហើយជឿថាគាត់នឹងមិនខ្លាចអ្វីដែលបានកាត់ដោយច្បាប់ ថាគាត់ជាប់ទោសអញ្ចេះៗ ប៉ុន្តែគាត់ចង់ដឹងខ្លួនគាត់»។
លោក ជូន ស៊ុនឡេង អនុប្រធានសាលាឧទ្ឋរណ៍បានជំទាស់ការចោទប្រកាន់នេះ។ លោកបានមានប្រសាសន៍ថា សាលាឧទ្ឋរណ៍បានគោរពតាមនីតិវិធីរបស់ខ្លួនតាមផ្លូវច្បាប់រួចហើយ។ លោកនិយាយទៀតថា៖
«ខ្ញុំនិយាយតែនីតិវិធីសាលាឧទ្ឋរណ៍ យើងសុំលើក គេលើកឲ្យហើយតើ យើងយកលេសថា ជនជាប់ចោទអវត្តមាន គេលើកហើយម៉េចថា គេមិនត្រឹមត្រូវម៉េច»។
កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅនេះ លោកសម រង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀងកាត់ទោសកំបាំងមុខឲ្យជាប់ពន្ឋនាគារ រយៈពេលពីរឆ្នាំ។ ចំណែកឯលោកព្រំ ជា និងលោកស្រីមាស ស្រី ដែលជាម្ចាស់ដីនេះ ត្រូវបានតុលាការកាត់ឲ្យជាប់ពន្ឋនាគារក្នុងម្នាក់ៗរយៈពេលមួយ ឆ្នាំពីបទធ្វើឲ្យខូចដោយចេតនានូវតម្រុយបង្គោលព្រំដែនលេខ ១៨៥ រវាង ប្រទេសកម្ពុជា និងប្រទេសវៀតណាម និងញុះញុងឲ្យមានការរើសអើងជាតិសាសន៍។ តុលាការក៏បានបង្គាប់ឲ្យលោកសម រង្សី និងប្រជាពលរដ្ឋចំនួនពីររូបផ្សេងទៀតបង់សំណងរដ្ឋប្បវេណីរួមគ្នា ចំនួនជាង ៦៣ លានរៀល គឺស្មើនឹងជាង១៥.០០០ដុល្លារអាមេរិក។