ភ្នំពេញៈ ធនាគារពិភពលោក បានព្យាករណ៍ថា ការងើបឡើងវិញនៃកំណើនការនាំចេញសម្លៀកបំពាក់ ផលិតកម្មអង្ករ និង ភ្ញៀវទេសចរណ៍នឹងលើកកម្លាំងសេដ្ឋកិច្ចកម្ពុជាឱ្យឡើងដល់ជិត៥ភាគរយ នៅក្នុងឆ្នាំ២០១០ ប៉ុន្តែមានកង្វល់ពីការងើបឡើងវិញនៃវិនិយោគបរទេស និងសំណង់នៅតែមានលក្ខណៈយឺតយ៉ាវនៅឡើយ។ ការអនុម័តលើការសាងសង់និងអាជ្ញាប័ណ្ណលើវិនិយោគទុនផ្ទាល់ ពីបរទេសនៅតែមានកម្រិតទាបនៅឡើយ ហើយអត្រាអតិផរណាមាន៥ភាគរយនៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១។
នៅថ្ងៃអង្គារ៍នេះ ធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងរហូត ដល់ជិត៥ភាគរយនៅក្នុងឆ្នាំ២០១០ និង៦ភាគរយនៅក្នុងឆ្នាំ២០១១ ដោយផ្អែកទៅលើការងើប ឡើងវិញនៃកំណើនវិស័យកាត់ដេរ ទេសចរណ៍ និងផលិតកម្មកសិកម្ម។
ចំនួននេះបានកើនឡើង០,៥ភាគរយពីការព្យាករណ៍កាលពីខែមេសារបស់ខ្លួន។
កាលពីខែមុនធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានតែ៤,៥ភាគរយ សម្រាប់ឆ្នាំ២០១០ ដោយហានិភ័យនៅតែមានរបាំង ដែលបានផ្តល់ភាពមិនច្បាស់លាស់អំពីកម្លាំងនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
រីឯការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន៥ភាគរយ នៅក្នុងឆ្នាំ២០១០។
របាយការណ៍បច្ចុប្បន្នកម្មរបស់ធនាគារពិភពលោក បានបញ្ជាក់ថា ការនាំចេញផ្នែកសម្លៀកបំពាក់ បានកើនឡើង១៥ភាគរយក្នុងរយៈពេល៦ខែដើមឆ្នាំ២០១០ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីកំណើននៃ ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួននៅសហរដ្ឋអាមេរិក ដែលជាទីផ្សារសម្លៀកបំពាក់ដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជាដែលបានបង្កើតការងារថ្មីបានចំនួន១៦.០០០ចាប់តាំងពីខែមករា ឆ្នាំ២០១០ បន្ទាប់ពីមានការបាត់បង់ការងារចំនួន៤៣.០០០នៅក្នុងឆ្នាំ២០០៩។
ធនាគារពិភពលោក បានព្យាករណ៍ថា ការនាំចេញសម្លៀកបំពាក់នឹងកើនឡើង១៤ភាគរយនៅក្នុងឆ្នាំ២០១០។
វិស័យទេសចរណ៍ បានកើនឡើងត្រឹម១២ភាគរយនៅរយៈពេល៦ខែដើមឆ្នាំ២០១០ ហើយត្រូវបានរំពឹងថា នឹងកើនឡើង៩ភាគរយសម្រាប់ឆ្នាំ២០១០។
ការព្យាករណ៍លើកំណើនក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១ មានបញ្ចូលសមិទ្ធិផលកសិកម្ម ជាពិសេសស្រូវ ដែលបានទទួលផលប្រយោជន៍ពីការអនុម័តគោលនយោបាយផលិតស្រូវនិង ការនាំអង្ករចេញថ្មីៗនេះ។ ការនាំអង្ករចេញរហូតដល់៣,៥ ដងនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១០ លើសបរិមាណនាំចេញសរុបប្រចាំឆ្នាំ២០០៩។
របាយការណ៍នេះ បានបន្ថែមថា វិស័យកសិកម្មមានការរីកលូតលាស់ល្អក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែផលិតកម្មដំណាំអាចរីកលូតលាស់តិចជាងការរំពឹងទុក ដោយសារភាពរាំងស្ងួតកើតមិនទៀងទាត់នៅតាមតំបន់មួយចំនួនក្នុងប្រទេស។
របាយការណ៍នេះ បាននិយាយថាការងើបឡើងវិញនៃសេដ្ឋកិច្ចនេះក៏បណ្តាលមកពីវិស័យឯកជនផងដែរ ដែលបានកីនឡើងដល់១៧ភាគរយ និងការចុះបញ្ជីក្រុមហ៊ុនថ្មីបានកើនឡើង២១ភាគរយ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១០។
របាយការណ៍របស់ធនាគារពិភពលោក បានបន្ថែមថា ការងើបឡើងវិញនៃវិនិយោគបរទេស និងសំណង់នៅតែមានលក្ខណៈយឺតយ៉ាវនៅឡើយ។ ការអនុម័តលើការសាងសង់ និងអាជ្ញាប័ណ្ណលើវិនិយោគទុនផ្ទាល់ពីបរទេសនៅតែមានកម្រិតទាបនៅឡើយ ទោះបីជាមានការកើនឡើងបន្តិចបន្តួចលើការនាំចូលសម្ភារៈសំណង់ត្រឹម៥ភាគរយក៏ដោយ។
របាយការណ៍នេះ បានបញ្ជាក់ថា អតិផរណាថ្លៃអ្នកប្រើប្រាស់ប្រចាំឆ្នាំ២០១០ ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល៥ភាគរយ។
លោក Vikram Nehru ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងយ៉ាងដូច្នេះថា៖
«ប្រទេសកម្ពុជានៅតែត្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ដែលនឹងអនុញ្ញាតឱ្យប្រទេសកម្ពុជាតភ្ជាប់ជាមួយប្រទេសជិតខាងរបស់ខ្លួន និងបង្កើនការធ្វើ ពាណិជ្ជកម្ម»។
ធនាគារពិភពលោក បានប៉ាន់ប្រមាណថា ការវិនិយោគទុនផ្ទាល់ពីបរទេស នឹងកើនឡើងដល់៦៣៩លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១០ និង៧៩៩លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១១ ដែលកើនឡើងពី៥១៥ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០០៩៕