ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ចូល​ធ្វើការ​វិញ​ ​ប៉ុន្តែ​​មេ​ដឹកនាំ​មួយ​ចំនួន​អាច​បាត់បង់​ការងារ


កម្មករ​ប្រហែល​១.៥០០​នាក់​បាន​ធ្វើ​បាតុកម្ម​​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​ក្នុងខណ្ឌ​ដង្កោ​ ក្រុង​ភ្នំពេញ។ កម្មករ​ប្រហែល​១.០០០​ទៀត​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​នៅ​ក្បែរ​នោះ​ក៏​បាន​​ចូល​រួម​ដែរ។
កម្មករ​ប្រហែល​១.៥០០​នាក់​បាន​ធ្វើ​បាតុកម្ម​​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​ក្នុងខណ្ឌ​ដង្កោ​ ក្រុង​ភ្នំពេញ។ កម្មករ​ប្រហែល​១.០០០​ទៀត​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​នៅ​ក្បែរ​នោះ​ក៏​បាន​​ចូល​រួម​ដែរ។

ក្រុម​កម្មករ​បាន​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​ធ្វើ​កូដ​កម្ម​ចំនួន​៤​ថ្ងៃ​ ​ក៏​ប៉ុន្តែ​យ៉ាង​តិច​មាន​កម្មករ​ចំនួន​ជាង​១០០​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ។ ​លោក​អាត់​ ធន់ ​បាន​ព្រមាន​ថា​ ​ប្រសិន​បើ​កម្មករ​នៅ​តែ​ត្រូវ​រោងចក្រ​បណ្តេញ​ចេញ​ពី​ការងារ​ជា​បន្ត​បន្ទាប់​ ​នោះ​អាច​នឹង​មាន​ការ​ធ្វើ​កូដ​កម្ម​សារជាថ្មី​ម្តង​ទៀត។​ ​ការ​ធ្វើ​កូដ​កម្ម​រយៈ​ពេល​៤​ថ្ងៃ​នេះ​បាន​ខាត​បង់​ទឹក​ប្រាក់​ចំនួន​ជាង​៧​លាន​ដុល្លារ។

បន្ទាប់​ពី​បាន​បញ្ចប់​ការ​ធ្វើ​កូដ​កម្ម​អស់​រយៈ​ពេល​ចំនួន​បួន​ថ្ងៃ​ ​ក្រុម​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់​បាន​វិល​ត្រឡប់​ចូល​ទៅ​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​រៀងៗ​ខ្លួន​វិញ​ហើយ​ ​ក៏​ប៉ុន្តែ​យ៉ាង​តិច​មាន​កម្មករនិង​មេ​ដឹកនាំ​សហ​ជីព​ប្រមាណ​ជាង​១០០​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។

ក្រុម​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ធ្វើ​កូដ​កម្ម​កាល​ពី​ថ្ងៃចន្ទដើម្បី​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​រហូត​ដល់​៩៣​ដុល្លារ​និង​ប្រាក់​រង្វាន់​ផ្សេងៗ​មួយ​ចំនួន​ទៀត។​ ក៏​ប៉ុន្តែ​ការ​ធ្វើ​កូដ​កម្ម​នេះ​បាន​បញ្ចប់​ទៅ​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​បន្ទាប់​ពី​រដ្ឋា​ភិបាល​ និង​មេ​ដឹកនាំ​កូដ​កម្ម​បានយល់​ព្រម​ថា​ ​នឹង​មាន​ការ​ចរចា​គ្នា​មួយ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ខាង​មុខ​នេះ។

លោក​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ឥឡូវ​នេះ​ក្រុម​កម្មករ​បាន​វិលត្រឡប់​ទៅ​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​វិញ​ហើយ។ ​ក៏ប៉ុ​ន្តែ​មាន​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។

លោក​បាន​និយាយ​ថា​ ​ការ​បញ្ឈប់​កម្មករ​នេះ​គឺ​ជា​រឿង​ខុស​ច្បាប់​ ​ហើយ​ប្រសិន​ណា​បើ​ពុំ​មានដំណោះ​ស្រាយ​ឲ្យ​ពួក​គេ​ចូល​ធ្វើ​ការ​នៅ​កន្លែង​ដើម​វិញ​ទេនោះ​ ​អាច​នឹង​មាន​កូដ​កម្ម​សារ​ជាថ្មី​ម្តង​ទៀត។

«ក្រុមហ៊ុន​នៅ​តែ​បង្ក​ឲ្យ​មាន​បញ្ហា។ ​អាហ្នឹង​កម្មករ​យើង​វា​ពិបាក​នៅ​ក្នុង​ការទ្រាំ​ណាស់។​ អញ្ចឹង​វា​អាច​នឹង​មាន​កូដ​កម្ម​ឡើង​វិញ​យ៉ាង​ម៉េចៗ»។

លោក​ភិន សុភា ​អាយុ​៣១​ឆ្នាំ​ ​ប្រធាន​សហជីព​ស៊ីខៅ​ឌូ ​ប្រចាំ​រោងចក្រ​រីវើរិច ​ដែល​មាន​ទីតាំងនៅ​ក្នុង​ស្រុក​ស្អាង​ ​ខេត្ត​កណ្តាល​ ​បាន​មាន​ប្រសាសន៍​ថា​ ​យ៉ាង​តិច​មាន​កម្មករ​ចំនួន​២៥​នាក់​នៅ​ក្នុង​រោង​ចក្រ​នេះ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារក្រោយ​ពី​ពួក​គេ​ចូល​រួម​ធ្វើ​កូដ​កម្ម។

លោក​ភិន សុភា ​បាន​បញ្ជាក់​បន្ថែម៖

«សំណូមពរ​ឲ្យ​ក្រុមហ៊ុនក៏​ដូចជា​សមាគម​កាត់ដេរ​ GMAC ​ហ្នឹង​ ​ពិចារណា​ឡើង​វិញ​ ​នៅពេល​ឲ្យ​ពួក​ខ្ញុំ​នៅ​ក្រៅ​រោងចក្រ​ ឬ​ក៏​អាច​ដក​ពាក្យ​បណ្តឹង​ហ្នឹង​ ​ឲ្យ​ទទួល​ពួក​ខ្ញុំ​ចូល​ធ្វើការ​វិញ​ ​នៅ​ថ្ងៃ​ស្អែក​នេះ។​ ហើយ​បើ​មិន​អញ្ចឹង​ទេ​ ​តាម​កម្មករ​ដែល​គាត់​ចូល​ធ្វើការ​ ​គាត់​អត់​សុខ​ចិត្តទេ​ ​បើ​សិន​អត់​មាន​ពួក​ខ្ញុំ​ចូល​ធ្វើការ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ ​ក្រសួង​សង្គម​កិច្ច​និង​អតីត​យុទ្ធ​ជន​និង​យុវ​នីតិ​សម្បទា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ​ឲ្យ​ក្រុម​កម្មករ​បញ្ឈប់​ការ​ធ្វើ​កូដ​កម្ម​ ​ហើយ​បាន​អះអាង​ថា​ ​ក្រុមការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នឹង​កោះ​ប្រជុំនៅ​ថ្ងៃ​ទី២៧​ខាង​មុខ​នេះ​ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ។

ការ​ធ្វើ​កូដ​កម្ម​រយៈ​ពេល​បួន​ថ្ងៃ​កន្លង​មក​នេះ​ ​បើតាម​ការ​បញ្ជាក់​របស់​លោក​ជាតិ ខេមរា​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​កាត់ដេរកម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ ​យ៉ាង​តិច​មាន​រោងចក្រ​ចំនួន​២០​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់ ​និង​បាន​ខាត​បង់​ទឹកប្រាក់​ជាង​ប្រាំពីរ​លាន​ដុល្លារ​អាមេរិក។

លោក​ជាតិ ខេមរា​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​ប្រសិន​បើ​ជន​រងគ្រោះ​មិន​សុខ​ចិត្ត​ គេ​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​បាន​ ​ដើម្បី​ទាមទារ​សំណង​ខូច​ខាត​ទាំង​នេះ។

«វា​អាច​ ​ប្រសិន​បើ​រក​ឃើញ​ថា​ ​អ្នក​ទាំង​អស់​ហ្នឹង​មាន​ការ​ពាក់​ព័ន្ធ​ទៅ​លើ​នេះ​ ​នោះ​គេ​អាច​ទទួល​ខុស​ត្រូវ​រឿង​នេះ​ ​នៅ​ពេល​ដែល​យើង​រក​ឃើញ​ថា​ ​មាន​ភស្ថុតាង​ជាក់​ស្តែង​ថា​ ​បាន​ប្រព្រឹត្ត​ បាន​បង្ក​អញ្ចឹង​មែន»។

អ្នក​ស្រី​ម៉ម ញឹម​ ​ប្រធាន​សម្ព័ន្ធ​សហ​ព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា​ ​បាន​និយាយ​ថា​ ​កម្មករ​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខាតបង់​របស់​និយោជក​បាន​ទេ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​ការ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​ គឺ​ធ្វើ​ទៅ​តាម​នីតិ​វិធី​ត្រឹមត្រូវ​ដើម្បី ទាមទារ​ឲ្យ​មាន​ការ​ចរចា​ទ្វេភាគី​រវាង​សមាគម​កាត់ដេរ​និង​សម្ព័ន្ធ​សហជីព​ទាំងពីរ​របស់​កម្មករ។​ ក៏ប៉ុន្តែ​កន្លង​មក​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ជា​ផ្លូវការ​ទេ៕

XS
SM
MD
LG