ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​​បន្ត​ធ្វើ​កូដ​កម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​អ្នក​តំណាង​ខ្លួន​ចូល​ធ្វើ​ការ​វិញ


កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​បាន​ធ្វើ​កូដ​កម្ម​ក្នុង​ពេល​កន្លង​មក។
កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​បាន​ធ្វើ​កូដ​កម្ម​ក្នុង​ពេល​កន្លង​មក។

កម្មករ​រោងចក្រ​កាត់ដេរ​បាន​បន្ត​ធ្វើ​កូដ​កម្ម​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ទទួល​យក​អ្នក​តំណាង​របស់​ខ្លួន​ចូល​ធ្វើ​ការ​វិញ​ ​បន្ទាប់​ពី​ពួក​គេ​បាន​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​តាម​ការ​ស្នើ​សុំ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​ចរចា​អំពី​ការ​ទាមទារ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​កាល​ពី​សប្តាហ៍​មុន។​ ប៉ុន្តែ​អ្នក​តំណាង​កម្មករ​នៅ​ក្នុង​រោងចក្រ​ទាំងនេះ​ត្រូវ​បានព្យួរ​ការងារ​បណ្តោះ​អាសន្ន​ស្រប​តាម​ដីកា​រក្សា​ការពារ​របស់​តុលាការខេត្ត​កណ្តាល។​ ប្រធាន​សហជីព​បាន​និយាយ​ថា​ ​ការ​ចេញដីកា​នេះហាក់​បី​ដូច​ជា​ជំរុញ​ឱ្យ​មាន​ជម្លោះ​វិញ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​កម្មករ​រាប់​ពាន់​នាក់​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ចំនួន​បី​បាន​បន្ត​ធ្វើ​កូដ​កម្ម​ ​ខណៈ​ដែល​ តុលាការ​បាន​ចេញ​ដីកា​ហាមឃាត់​តំណាង​កម្មករ​មិន​ឱ្យ​ចូល​ធ្វើការទេ​ ​រហូត​ដល់​មាន​ការ​សម្រេច​របស់​តុលាការ។

ក្រុមហ៊ុន​កាត់ដេរ​ចំនួន​បី​បាន​ប្តឹង​តំណាង​កម្មករ​នៅ​ក្នុង​ការ​នាំ​កម្មករ​ធ្វើ​កូដកម្ម​ ​និង​ធ្វើ​ឲ្យ​ខូច​ខាត​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ស្អាង ​ខេត្ត​កណ្តាល។

តុលាការ​ខេត្ត​កណ្តាល​មិន​អនុញ្ញាត​ឱ្យ​តំណាង​កម្មករ​៥៤នាក់​ពី​រោងចក្រ​កាត់ដេរ​ River Rich Textile​ រោងចក្រ​កាត់ដេរ​ GOLDFAME Enterprise ​និង​រោងចក្រ​កាត់ដេរ​ Winner​ ចូល​ធ្វើការ​។

លោក​អ៊ុច សំអាត ​កម្មករ​រោងចក្រ​កាត់ដេរ​ Goldfame Enterprise ​បាន​និយាយ​ថា ​កម្មករ​ប្រមាណ​៥.០០០​នាក់ ​បាន​តវ៉ា​នៅមុខ​រោងចក្រ ​ដើម្បី​ទាមទារ​ឱ្យ​តំណាង​១៩នាក់ ​របស់​ខ្លួន​បាន​ចូល​ធ្វើការ​វិញ។

«ខ្ញុំ​ធ្វើ​កូដកម្មនេះ​ ក្នុង​គោលបំណង​ចង់​ឱ្យតំណាង​សហជីព​១៩នាក់ ដែល​ថៅកែ​មិន​ឱ្យ​ចូល​ធ្វើការ​ ឱ្យ​ចូល​ធ្វើការ​វិញធម្មតា»។

កញ្ញា​សុខ រ័ត្ន ​កម្មករ​រោងចក្រ​កាត់ដេរ ​Winner ​បាន​បញ្ជាក់ថា ​កម្មករ​ប្រមាណ​២.០០០នាក់ ​មិនព្រម​ចូល​ធ្វើ ​ដើម្បី​ឱ្យ​ថៅកែ​រោងចក្រ​ទទួល​យក​តំណាង​១០នាក់​របស់​ខ្លួន​ចូល​ធ្វើការ​វិញ។

«កម្មករ​ជិត​២.០០០នាក់​ធ្វើ​កូដកម្ម​ ដើម្បី​ទាមទារ​ឱ្យ​តំណាង​កម្មករ​១០នាក់​ ដែល​ថៅកែ​អត់​ឱ្យ​ចូល​ធ្វើ ការ​វិញ ពីព្រោះ​ពួកគាត់​បាន​ជួយ​ធ្វើ​កូដកម្ម​ជាមួយ​ពួកខ្ញុំ​រឿង​ទាមទារដំឡើង​ប្រាក់​ឈ្នួល»។

កញ្ញា​ផាន សុផា ​កម្មករ​រោងចក្រ​កាត់ដេរ​ River Rich Textile ​បាន​បញ្ជាក់ថា​ កម្មករ​ប្រមាណ​១.៧០០​នាក់ ធ្វើ​កូដកម្ម ​រហូតដល់​តំណាង ​កម្មករ​២៥នាក់​បាន​ចូល​ធ្វើការ​វិញ។

«ពួកខ្ញុំ​អត់​ចូល​ធ្វើការ​ ព្រោះ​ពួក​ខ្ញុំ​ចង់​ឱ្យ​តំណាង​របស់​ពួកខ្ញុំ​ទាំង​២៥នាក់​ ចូល​ធ្វើការ​ដែរ។​ ថ្ងៃនេះ​ ពួកខ្ញុំ​អត់ចូល​ធ្វើការ​ ដោយសារ​តែ​អត់ឃើញ​តំណាង​ពួកខ្ញុំ​ចូល​ធ្វើការ​។ ពួកខ្ញុំ​ ធ្វើ​កូដកម្ម​ ដើម្បី​ឱ្យ​ តំណាង​របស់​ខ្ញុំ​ចូល​ធ្វើការ​វិញ​ទាំងអស់»។

លោក​ស៊ិន វីរៈ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល ​បាន​បញ្ជាក់​ថា លោក​នឹង​អនុវត្ត​តាម​នីតិ​វិធី​តុលាការ​ ដូច​មាន​នៅក្នុង​ដីកា​រក្សា​ការពារ​ចុះ​ថ្ងៃទី១៦​ខែ​សីហាថា ​ជន​ទាំងអស់​ដែល​មាន​ឈ្មោះនៅក្នុង​ដីកា​មិន​អនុញ្ញាត​ឱ្យ​ចូល​ធ្វើការ​ឬ ​ចូល​ក្នុង​បរិវេណ​រោងចក្រ​ជា​បណ្តោះអាសន្ន ​រហូតដល់​រឿង អង្គ​សេចក្តី​ត្រូវ​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ។

លោក​ជា ជីឆាយ ​ប្រធា​នរដ្ឋបាល​រោងចក្រ​ Winner ​បាន​ថ្លែង​ថា ក្រុមហ៊ុន​បាន​អនុវត្ត​តាម​ដីកា​របស់ តុលាការ​ ដោយ​ហាមឃាត់​បុគ្គល​ទាំងនោះ​ចូល​ធ្វើ​ ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​។ ប៉ុន្តែ​ក្រុមហ៊ុន បាន​អនុញ្ញាត​ឱ្យកម្មករ​ចូល​ធ្វើការ​វិញ​។

«ក្រុមហ៊ុន​សំណូមពរ​ឱ្យ​បុគ្គល​ទាំងអស់​ធ្វើការ​តតាំង​គ្នា​ទៅ​តាម​ផ្លូវច្បាប់​ទៅ ​ហើយ​អ្នក​ដែល​មិនពាក់​ព័ន្ធ​ឱ្យ​ចូល​ធ្វើការ​តាមធម្មតា​ចុះ ដើម្បី​កុំ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្មករ​និង​ផលយោជន៍​ក្រុម​ហ៊ុន​»។

លោក​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ដីកា​រក្សា​ការពារ​នេះ​ជា​ការ​ដាក់​គំនាប​ ការ​គំរាម​កំហែង​ ​ការ​បំភិត​បំភ័យ​ ​ការបំបាក់​ស្មារតី​របស់​កម្មករ​ និង​ការ​រារាំង​ដល់​ការ​ចរចា​នៅ​ថ្ងៃ​មុខ​ មិន​ឱ្យ​មាន​លទ្ធផល​ខ្ពស់។

«ការ​ចេញ​ដីកា​នេះ​មក​ហាក់​បី​ដូចជាជំរុញ​ឱ្យ​មាន​ជម្លោះ​វិញ​ទេ​ ​ពីព្រោះ​ដីកា​រក្សា​ការពារ​ ​បើ​និយាយតាម​ច្បាប់​ថា​ ​កម្មវត្ថុ​នៃ​ដីកា​នេះ​គឺ​ដើម្បី​ផ្អាក​សកម្ម​ភាព។ ​ឥឡូវ​យើង​ផ្អាក​ការ​ធ្វើ​កូដ​កម្ម​ហើយ។ ​តុលាការ​ចេញ​ដីកា​ ​កម្មករ​បាន​ចេញ​មក​ធ្វើ​កូដ​កម្ម​វិញ​ដោយសារ​មិន​ឱ្យ​ថ្នាក់​ដឹក​នាំ​របស់​គេ​ចូល​ធ្វើការ»។

ការ​ចរចា​រវាង​តំណាង​កម្មករ​ ​តំណាង​រោងចក្រ​ ​និង​ក្រសួង​ការងារ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍ក្រោយដើម្បី​ពិភាក្សា​ពី​ប្រាក់​ឈ្នួល​កម្មករ៕

XS
SM
MD
LG