បន្ទាប់ពីធ្វើកូដកម្មអស់រយៈពេលចំនួន៤ថ្ងៃ សហភាពការងារកម្ពុជា និងសហព័ន្ធសមាគមចំនួន១៣ បានប្រកាសបញ្ឈប់ការទាមទាររបស់ខ្លួន។ តំណាងសហភាពបាននិយាយថា ការបញ្ឈប់នេះដោយសាររដ្ឋាភិបាលទទួលយកសំណើរបស់ក្រុមកម្មករទៅពិចារណា។ ការធ្វើកូដកម្មចំនួន៤ថ្ងៃនេះ យ៉ាងតិចមានកម្មករចំនួន៨នាក់ត្រូវបានចាប់ខ្លួន និង៧នាក់បានរងរបួស ព្រមទាំងរោងចក្រចំនួន២០ បានទទួលរងផលប៉ះពាល់។
សហភាពការងារកម្ពុជា សម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា រួមទាំងសហព័ន្ធសមាគមចំនួន១៣នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសបញ្ឈប់ការធ្វើកូដកម្មភ្លាមៗ បន្ទាប់ពីបានដឹកនាំធ្វើកូដកម្មចំនួនបួនថ្ងៃដើម្បីទាមទារដំឡើងប្រាក់បៀវត្សរ៍ឲ្យក្រុមកម្មកររហូតដល់៩៣ដុល្លារ។
ការធ្វើកូដកម្មរយៈពេលបួនថ្ងៃនេះ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំសហជីពនិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា យ៉ាងតិចមានកម្មករចំនួន៨នាក់ត្រូវបានចាប់ខ្លួន ក៏ប៉ុន្តែ ក្រោយមកបានដោះលែងមកវិញ។ មានប្រាំពីរនាក់ផ្សេងទៀតបានទទួលរងរបួស និងរោងចក្រចំនួន២០បានទទួលរងនូវផលប៉ះពាល់។
នៅក្នុងសេចក្តីជូនដំណឹងមួយច្បាប់ ដែលមានចុះហត្ថលេខារបស់លោកអាត់ ធន ប្រធានសហភាពការងារកម្ពុជា និងអ្នកស្រីម៉ម ញឹម ប្រធានសម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបានទទួលសេចក្តីជូនដំណឹងពីតំណាងរដ្ឋាភិបាលដែលថា «បានទទួលយកសំណើរបស់យើងទៅដោះស្រាយជាមួយនឹងនិយោជិត នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ យើងស្នើសុំឲ្យកម្មករទាំងអស់បញ្ឈប់ការធ្វើកូដកម្ម និងចូលធ្វើការងារដូចធម្មតានៅកន្លែងដើមរៀងៗខ្លួនឡើងវិញ»។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបាននិយាយថា ឥឡូវនេះកម្មករនៅតាមបណ្តារោងចក្រនានាបានបញ្ឈប់ការទាមទាររបស់ខ្លួនហើយ។
លោកបានមានប្រសាសន៍ទៀតថា មូលហេតុនៃការបញ្ឈប់កូដកម្មនេះ គឺដោយសាររដ្ឋាភិបាល បានទទួលយកសំណើរបស់ក្រុមកម្មករទៅដោះស្រាយ និងមូលហេតុទីពីរគឺដោយសារតែយុទ្ធនាការបង្រ្កាបរបស់អាជ្ញាធរ បានកើនឡើងទៅលើក្រុមកម្មករ។
«ខ្ញុំស្នើសុំទៅដល់ខាងកម្មកររបស់យើង គឺឥឡូវនេះ គឺយើងបានផ្អាកការធ្វើកូដកម្មហើយ អញ្ចឹងត្រូវចូលធ្វើការសិន ហើយយើងរង់ចាំការដោះស្រាយនៅថ្ងៃទី២៧ហ្នឹង ហើយលទ្ធផលយ៉ាងម៉េច យើងនឹងជម្រាបជូនជាក្រោយ»។
ការធ្វើកូដកម្មរបស់ក្រុមកម្មករ ដែលដឹកនាំដោយលោកអាត់ ធន់ គឺក្នុងគោលបំណងដើម្បីទាមទារដំឡើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករឲ្យមានជីវភាពសមរម្យរហូតដល់៩៣ដុល្លារ ប្រាក់អតីតភាពការងារមួយឆ្នាំពីរដុល្លារ ប្រាក់ម៉ោងបន្ថែមសម្រាប់ថ្លៃបាយមួយម៉ោង១.០០០រៀល និងប្រាក់រង្វាន់ទៀងទាត់មួយខែ១០ដុល្លារ។
អ្នកស្រីម៉ម ញឹម ប្រធានសម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា បានបញ្ជាក់ថា យើងមិនចង់ធ្វើកូដកម្មទេ ក៏ប៉ុន្តែលិខិតរបស់ពួកយើងជាច្រើនលើកច្រើនសារមិនត្រូវបានឆ្លើយតបពីរដ្ឋាភិបាលទេ។
អ្នកស្រីបាននិយាយថា ការផ្អាកនេះគឺដើម្បីទទួលយកនូវការចរចាតែប៉ុណ្ណោះ។
«ក្នុងករណីដែលយើងជួបជជែកចរចាបានលទ្ធផលប៉ុណ្ណាៗនោះ អាហ្នឹងយើងឆ្លើយតបទៅ សមាជិកយើងវិញ។ ហើយបើក្នុងករណីថា ក្នុងសមាជិកយើងថា ប៉ុណ្ណឹងមិនអាចទទួលយកបានទេ អាហ្នឹងយើងពិភាក្សាគ្នា ថាតើយើងត្រូវធ្វើយ៉ាងម៉េចទៀត»។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយទទូចដល់ក្រុមកម្មករឲ្យបញ្ឈប់ការធ្វើកូដកម្មរបស់ខ្លួន ហើយក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈនឹងកោះប្រជុំនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់ក្រុមកម្មករនិង និយោជិតកាត់ដេរសម្លៀកបំពាក់ទាំងអស់។
លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលមិនចង់ឃើញឲ្យមានការប្រឈមមុខគ្នារវាងក្រុមកម្មករទេ។
លោកអ៊ិត សំហេង បានសម្តែងការរីករាយ នៅពេលដែលក្រុមកម្មករបានសម្រេចបញ្ឈប់ការធ្វើកូដកម្មរបស់ខ្លួន។
«ខ្ញុំយល់ថា នេះជាសកម្មភាពល្អមួយរបស់អ្នកដឹកនាំសហជីព ដែលផ្អាកការធ្វើកូដកម្ម ដូចថា ការធ្វើកូដកម្ម វានាំឲ្យខូចប្រយោជន៍ទាំងសងខាង ជាពិសេស គឺប្រយោជន៍របស់រោងចក្រ ដែលក្នុងនោះមានបងប្អូនកម្មករនិយោជិករបស់យើងដែរ»។
ចំណែកលោកជា មុនី្ន ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់មន្ទិលសង្ស័យយ៉ាងច្រើនទៅលើការបញ្ឈប់ការធ្វើកូដកម្មភ្លាមៗនេះ។
លោកជា មុន្នី បាននិយាយថា កូដកម្មមិនទាន់ទទួលបានលទ្ធផលផង ហេតុអ្វីបានជាមេដឹកនាំកូដកម្មបញ្ឈប់ធ្វើការទាមទាររបស់ខ្លួន?
«បើសិនជាយើងធ្វើកូដកម្មគឺយើងមានគោលដៅ និងទិសដៅច្បាស់លាស់ថា យើងធ្វើទៅបាន។ បើយើងធ្វើទៅអត់បាន យើងគួរកុំនាំកម្មករ កម្មការិនី ធ្វើនាំឲ្យខាតប្រយោជន៍។ ដូច្នេះបើធ្វើមិនទាន់បានដល់ទិសដៅកំណត់ផង ហើយឈប់ពាក់កណ្តាលទី ខ្ញុំគិតថា ប្រហែលជាមានពាក់ព័ន្ធទៅ និងអ្វីមួយហើយ បាទ»។
លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា លោកពុំទាន់បានវាយតម្លៃនៃផលប៉ះពាល់ ក្រោយពីការធ្វើកូដកម្មនេះនៅឡើយទេ។
លោកបានមានប្រសាសន៍ថា យ៉ាងតិចមានរោងចក្រចំនួន២០បានទទួលរងផលប៉ះពាល់ ក្រោយពីការធ្វើកូដកម្មចំនួនបួនថ្ងៃនេះ៕