គុណភាពអប់រំនៅថ្នាក់ឧត្តមសិក្សា ដែលប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងនឹងត្រូវបានលើកកម្ពស់។ ហើយនឹងមានការផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ដែលបាត់បង់ឱកាសសិក្សា ខណៈដែលធនាគារពិភពលោកបានផ្តល់ជំនួយសម្រាប់គម្រោងបង្កើនឱ្យមានគំនិតផ្តួចផ្តើមថ្មីៗមួយចំនួននៅក្នុងប្រព័ន្ធគ្រប់គ្រងការចូលរៀនរបស់និស្សិត ការគ្រប់គ្រងស្ថាប័ន ការសិក្សានិងការបង្រៀន និងការសិក្សាស្រាវជ្រាវនៅក្នុងស្ថាប័នឧត្តមសិក្សា។
ធនាគារពិភពលោកបានផ្តល់ទឹកប្រាក់ចំនួន២៣លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាសម្រាប់ អនុវត្តគម្រោងថ្មីមួយសំដៅជួយពង្រឹងស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា។
ទឹកប្រាក់ចំនួន២៣លានដុល្លារអាមេរិកនេះមានគោលបំណងជួយលើកកម្ពស់គុណភាពបង្រៀន សមត្ថភាពគ្រប់គ្រងនិងការសិក្សាស្រាវជ្រាវ ហើយផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ដែលបាត់បង់ឱកាសសិក្សា។
សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកបានផ្តល់ជំនួយទឹកប្រាក់ចំនួន២៣លានដុល្លារអាមេរិកនេះ ដែលរួមមានហិរញ្ញប្បទានជំនួយឥតសំណង១១,៥លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥណទានពុំមានការប្រាក់១១,៥លានដុល្លារអាមេរិកសម្រាប់គម្រោងដែលមានរយៈពេល៥ឆ្នាំ។
លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងថា គោលដៅសំខាន់របស់យើងគឺបង្កើនគុណភាពដល់ហត្ថពលិកទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន រួមទាំងវិធានគ្រប់គ្រងអ្នកឯកទេសបច្ចេកទេស និងសាស្ត្រាចារ្យកម្រិតឧត្តមសិក្សាដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
លោកស្រី Annette Dixon នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា គុណភាពឧត្តមសិក្សាគឺជាគន្លឹះមួយដ៏សំខាន់ដើម្បីកសាងទុនមនុស្សដែលវាជាផ្នែកដ៏ពិសេសសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្រ។
លោកស្រីសង្ឃឹមថា គម្រោងថ្មីនឹងជួយប្រទេសកម្ពុជាដើម្បីពង្រឹងបទដ្ឋានគុណភាពរបស់ខ្លួនសម្រាប់វិស័យអប់រំ ក៏ដូចជាកសាងសមត្ថភាពជំនាញដែលជាតម្រូវការរបស់វិស័យសាធារណៈ និងវិស័យឯកជន។
លោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពអប់រំនិងសមត្ថភាពឧត្តមសិក្សាមានបំណងលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃប្រព័ន្ធអប់រំឧត្តមសិក្សានៅកម្ពុជា។ វានឹងបង្កើនឥទ្ធិពលដល់ប្រព័ន្ធអប់រំលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចតាមរយៈការបង្កើនជំនាញលើធនធានមនុស្ស។
លោកអ៊ឹម សិទ្ធីបានបន្តថា គម្រោងនេះនឹងបង្កើនឱ្យមានគំនិតផ្តួចផ្តើមថ្មីៗមួយចំនួននៅក្នុងប្រព័ន្ធគ្រប់គ្រងការចូលរៀនរបស់និស្សិត ការគ្រប់គ្រងស្ថាប័ន ការសិក្សា និងការបង្រៀន និងការសិក្សា ស្រាវជ្រាវនៅក្នុងស្ថាប័នឧត្តមសិក្សា។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ថា បើជំនួយនេះប្រើប្រាស់ចំគោលដៅ និងគ្មានអំពើពុករលួយ វានឹងផ្តល់ផលប្រយោជន៍ដល់វិស័យអប់រំនៅថ្នាក់ឧត្តមសិក្សា។
«យើងចង់ឱ្យធនាគារពិភពលោកត្រូវតែចូលរួមពិនិត្យឃ្លាំមើលនូវរាល់ការប្រើប្រាស់ថវិកានេះឱ្យចំគោលដៅដើម្បីជៀសវាងកុំឱ្យមានអំពើពុករលួយនៅក្នុងប្រាក់ជំនួយនេះ»។
លោកឈាង សុខា នាយកប្រតិបត្តិកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស បានថ្លែងថា ជំនួយនេះមិនប្រាកដជាធានាឱ្យមានគុណភាពអប់រំនៅថ្នាក់ឧត្តមសិក្សាទេ ប៉ុន្តែសំខាន់ប្រព័ន្ធនៃការប្រើប្រាស់ជំនួយនេះមានលក្ខណៈច្បាស់លាស់ក្នុងការផ្សព្វផ្សាយជាសាធារណៈការផ្តល់អាហារូបករណ៍ តម្លាភាព និងគ្មានអំពើពុករលួយ។
«មិនមែនឱ្យតែមានប្រាក់សុទ្ធតែធានាបានអំពីគុណភាពទេ។ បើការប្រើប្រាស់ជំនួយនេះមិនមានប្រព័ន្ធជាក់លាក់ ហើយប្រព័ន្ធនោះមិនធានាបានពីតម្លាភាពក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិត»។
ប្រទេសកម្ពុជាប្រឈមមុខយ៉ាងខ្លាំងនូវការធ្លាក់ចុះនៃគុណភាពអប់រំ ទោះជាសាកលវិទ្យាល័យបានកើតមានយ៉ាងច្រើនក៏ដោយ៕