ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ មន្ត្រី​នគរបាល​រួចខ្លួន


កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​មិន​ល្អ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ក្រសួង​ការបរទេស​​អាមេរិក​ចំពោះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។
កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​មិន​ល្អ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ក្រសួង​ការបរទេស​​អាមេរិក​ចំពោះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

តុលាការ​ខេត្ត​ឧត្តមានជ័យ​បាន​ចោទប្រកាន់​ស្ដ្រី​ម្នាក់​ពី​បទ​សញ្ចាកម្ម​ និង​បើក​គ្រឹះស្ថាន​បម្រើ​សេវា​ផ្លូវភេទ​នៅ​ថ្ងៃ​អង្គារ​នេះ ​ប៉ុន្ដែ​បាន​សម្រេច​មិន​តាម​ស៊ើប​អង្កេត​លើ​មន្ដ្រី​យោធា​មួយរូប​ដែល​ត្រូវ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ។

កាលពី​ថ្ងៃ​ច័ន្ទប៉ូលីស​ប្រឆាំង​ការ​ជួញដូរ​ស្ដ្រី និង​កុមារ​របស់​ខេត្ត​ឧត្តមានជ័យបាន​ចុះ​ឆ្មក់​ក្នុង​ផ្ទះ​បន​មួយ​ក្នុង​ស្រុក​អន្លង់វែង​ ភាគខាង​កើត​ទីរួម​ខេត្តនៅ​ពេល​ដែល​មន្ដ្រី​យោធាដែល​គេ​សង្ស័យ​ថា ស្ថិតនៅ​ពី​ក្រោយ​ខ្នង​ផ្ទះបន​នោះ​កំពុង​ស្ថិត​នៅ​ទីនោះ​ដែរ ​ហើយ​ស្ដ្រី​ម្ចាស់ផ្ទះត្រូវឃាត់​ខ្លួន។

មន្ដ្រី​ប៉ូលីស​ខេត្ត​បាន​អះអាង​ថា មាន​ភាពតានតឹង​ជាមួយ​កងកម្លាំង​យោធា​មួយ​សន្ទុះ​ ហើយ​ក្រោយមក​បាន​ធូរ​ស្រាល​មក​វិញបន្ទាប់​ពី​តុលាការ​សម្រេច​ភ្លាមៗ​ថា ​មន្ដ្រី​យោធា​រូបនោះ​មិន​បាន​ពាក់ព័ន្ធ​ក្នុង​ជំនួញ​ខុសច្បាប់​នេះ។

ជនរងគ្រោះ​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​សង្គ្រោះ​ ក្នុងនោះ​មាន​ស្ដ្រី​ជនជាតិ​វៀតណាម​ចំនួន​បី​នាក់​ និងកម្ពុជា​បី​នាក់។ ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ទាំង​បី​មាន​ជនជាតិ​វៀតណាម​ម្នាក់​អាយុ​ក្រោម​១៨​ ឆ្នាំ។

ព្រះ​រាជអជ្ញា​នៃ​តុលាការ​ខេត្ត​ឧត្តមានជ័យ ​លោក​ កូយ​ កាន់យ៉ា ​បញ្ជាក់​ថា ​លោក​បាន​ធ្វើការចោទ​ប្រកាន់​លើ​អ្នកស្រី​យឹម ​សូរីតា​ ដែលជា​ម្ចាស់​ផ្ទះបន​នៅ​ល្ងាច​នេះ។

«(ចោទ)​ពី​បទ​បើក​សញ្ចាកម្ម ​និង​បើក​គ្រឹះ​ស្ថាន​បម្រើ​សេវា​ផ្លូវ​ភេទ»។

យោងតាម​ច្បាប់​កម្ពុជា បទចោទ​នេះប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ដប់​ឆ្នាំ​ ក៏​ប៉ុន្ដែ​ប្រសិន​បើ​មាន​ការ​ជាប់ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​អនីតិជន ទោស​នេះ​នឹង​កើន​ឡើង​ទ្វេ​ដង។

លោក​វរៈសេនីយ៍ត្រី​ ឡាំ​ ប៉ូលី ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​ស្រ្ដី​និង​កុមារ​របស់​ខេត្ត​ឧត្ត​មានជ័យ​បញ្ជាក់​ថា​មន្ដ្រីយោធាដែល​ត្រូវ​សង្ស័យ​នោះ ​បាន​សារភាព​ថា​ គាត់​គ្រាន់​តែ​មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​បន​តែប៉ុណ្ណោះ។

«គាត់​ថា​ គាត់​ចេញ​ចូល​តាម​របៀប​ជាមួយ​ម្ចាស់ផ្ទះ​តាមរយៈ​ការ​ស្រឡាញ់ ​ការ​ទាក់ទង​គ្នា​ទេ ​តែគាត់មិន​បាន​ចូលរួម​ក្នុង​សញ្ចាកម្ម​នោះ​ទេ»។

ការចុះ​ទៅ​បង្ក្រាប​ផ្ទះបន​នេះ​ស្ថិត​ក្រោម​ការ​សហការ​រវាង​ប៉ូលីស​ប្រឆាំង​ការជួញដូរ​ស្ដ្រីនិង​កុមារនៃ​ខេត្តឧត្តមានជ័យ​ ជាមួយ​នឹង​អង្គការ​ អាហ្វ៊ីស៊ីប (Afesip)។

លោក​ សៅ ​ច័ន្ទធៀត ​អ្នកសម្របសម្រួល​របស់​អង្គការ​អាហ្វ៊ីស៊ីប​មាន​ប្រសាសន៍​ថា​ ការ​បង្រ្កាប​ផ្ទះបន​ នេះ​បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការប្រឆាំង​ការជួញដូរ​មនុស្ស។

«គឺជា​ការប្ដេជ្ញាចិត្ត​របស់​អង្គការ​យើង​ក៏ដូចជា​រដ្ឋាភិបាល​ក្នុង​ការលុបបំបាត់​ការជួញដូរ​ស្ដ្រីនិង​កុមារ»។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុនបានផ្តល់ជំនួយថវិកាចំនួន​៥,៤​លានដុល្លារអាមេរិកដល់អង្គការ​Winrock​ ​អន្តរជាតិ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជាដើម្បីជួយ​ជ្រោមជ្រែងដល់សកម្មភាពប្រឆាំងការ​ជួញដូរមនុស្ស។

កម្ពុជាទទួល​បាន​ចំណាត់​ថ្នាក់​មិន​ល្អ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ក្រសួង​ការបរទេសអាមេរិក​ចំពោះ​ការប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរមនុស្ស៕

XS
SM
MD
LG