អ្នកភូមិជនជាតិដើមភាគតិចចារាយចំនួនជាង៥០គ្រួសារដែលនៅក្នុងភូមិគងយុនៃស្រុកអូយ៉ាដាវចម្ងាយប្រមាណ៦៥គីឡូម៉ែត្រពីទីរួមខេត្តរតនៈគីរី កំពុងទន្ទឹងរង់ចាំចំណាត់ការរបស់តុលាការខេត្តលើពាក្យបណ្តឹងរបស់ពួកគេប្រឆាំងនឹងប្អូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រីម្នាក់ អំពីបញ្ហាដីធ្លីរបស់ពួកគេ។
ចាប់តាំងពីឆ្នាំ២០០៧មក តុលាការខេត្តរតនៈគីរីនៅតែមិនទាន់ចាត់ការឲ្យបានពេញលេញនៅឡើយទៅលើពាក្យបណ្តឹងរបស់ពួកគេប្រឆាំងនឹងលោកស្រី គាត កុលណីដែលជាប្អូនស្រីបង្កើតរបស់លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបញ្ហាដីធ្លីរបស់ពួកគេ។
តាំងពីពេលនោះ មានចៅក្រមចំនួនបួននាក់ហើយដែលពាក់ព័ន្ធនឹងសំណុំរឿងក្តីនេះ ត្រូវបានផ្ទេរចេញពីខេត្ត ឬមិនព្រមចាត់ការរឿងក្តីនេះ។ បច្ចុប្បន្នសំណុំរឿងមួយនេះនៅតែគ្មានចៅក្រមណាមួយកាន់ និងជំនុំជម្រះដដែល។
លោក ល្មាម ហ្វ៊ីល វ័យ៥៦ឆ្នាំ តំណាងអ្នកភូមិគងយុនេះ មានប្រសាសន៍នៅក្រោមផ្ទះឈើរបស់លោកថា អ្នកភូមិរបស់លោកនៅតែមិនអស់ចិត្តថាតើហេតុអ្វីបានជាតុលាការខេត្តមិនព្រមកាត់ក្តីលើសំណុំរឿងរបស់ពួកគេ។
«អ្នកយកដីហ្នឹងអ្នកធំ ប៉ុន្តែអ្នកកាត់នោះអ្នកតូច។ តាមខ្ញុំ និងប្រជាពលរដ្ឋខ្ញុំយល់សព្វថ្ងៃហ្នឹង។ គេថា គេអត់ហ៊ានទេ។ គេអ្នកធំ ម៉ិចគេហ៊ានកាត់ បើគេអ្នកតូច»។
អ្នកភូមិគងយុទាំងជាង៥០គ្រួសារ បានដាក់ពាក្យប្តឹងទៅតុលាការខេត្តរតនៈគីរីកាលពីចុងខែមករាឆ្នាំ២០០៧ ដោយចោទប្រកាន់លោកស្រីគាត កុលណី ថាបានក្លែងបន្លំឯកសារ ចាប់យកដីសហគមន៍របស់ពួកគេទំហំ៤៥០ហិកតា ដើម្បីយកទៅដាំដំណាំកៅស៊ូ។
ក្នុងបណ្តឹងនោះអ្នកភូមិចោទប្រកាន់ថា លោកស្រី គាត កុលណី បានប្រើល្បិចឲ្យពួកគេផ្តិតមេដៃលើលិខិតស្នាមទិញលក់ដីរបស់ពួកគេ នៅពេលដែលពួកគេស្ថិតក្នុងសភាពស្រវឹងស្រាក្នុងពិធីសែនព្រេនមួយក្នុងភូមិកាលពីជាង៤ឆ្នាំមុន។ អ្នកភូមិជនជាតិចារាយនេះភាគច្រើនមិនចេះអក្សរខ្មែរទេ។
ក្រុមអ្នកភូមិនេះអះអាងថា ពួកគេពឹងអាស្រ័យមួយផ្នែកធំលើដីសហគមន៍ទំហំ៤៥០ហិកតានោះ ដើម្បីបង្កបង្កើនផលនិងធ្វើពិធីសែនព្រេនអារុក្ខអារក្សតាមទំនៀមទម្លាប់ជនជាតិដើមភាគតិចរបស់ពួកគេជាដើម។ ប៉ុន្តែពេលនេះ អ្នកភូមិអះអាងថា នៅលើដីនោះ ដុះសុទ្ធតែដើមកៅស៊ូរបស់លោកស្រី គាត កុលណី ហើយដើមកៅស៊ូទាំងនោះមានអាយុជិតអាចជៀយកជ័របានទៅហើយ។
លោក ល្មាម ហ្វ៊ីល មានប្រសាសន៍ថា អ្នកភូមិរបស់លោកកំពុងរង់ចាំយ៉ាងអន្ទះសារចង់ឲ្យតុលាការចាត់ការ និងបញ្ចប់រឿងក្តីរបស់ពួកគាត់ជាមួយនឹងលោកស្រីគាត កុលណី ដើម្បីឲ្យពួកគេដឹងថា តើនរណាជាម្ចាស់ដីស្របច្បាប់ឲ្យពិតប្រាកដ។
«ទៅធ្វើចម្ការអត់បាន។ ដីគេយកអស់ហើយ ពិបាកណាស់។ ដីយើងធ្លាប់កាប់ចម្ការ ឃ្វាលគោ ឃ្វាលក្របី រកសត្វ រកបន្លែ រកត្រពាំង ច្រូតស្បូវ គេឈូសឆាយអស់ហើយ ដល់ខ្ញុំធ្វើពាក្យបណ្តឹងគេអត់ដោះស្រាយឲ្យ»។
ចៅក្រមនៃតុលាការខេត្តរតនៈគីរី បានឆ្លើយដាក់គ្នាចំពោះការមិនព្រមចាត់ការលើរឿងក្តីដ៏រ៉ាំរ៉ៃមួយនេះ។
លោក លូ ស៊ូសម្បត្តិ ប្រធានតុលាការខេត្តរតនៈគីរី មានប្រសាសន៍ប្រាប់វីអូអេខ្មែរ តាមទូរស័ព្ទថា លោកបានចាត់តាំងឲ្យចៅក្រម ឯក ប៉ូលីហ្វ៊ីល ធ្វើការលើសំណុំរឿងក្តីនេះហើយ ប៉ុន្តែលោកចៅក្រមរូបនោះបដិសេធមិនចាត់ការលើរឿងក្តីនេះទេ។
«គាត់អត់ទទួលយកតែម្តងនិយាយទៅ គាត់មិនទទួលយកក្នុងសំណុំរឿងហ្នឹងតែម្តង»។
ចៅក្រមឯក ប៉ូលីហ្វ៊ីល បដិសេធថា លោកគ្មានការភ័យខ្លាចក្នុងការចាត់ការលើរឿងក្តីរបស់អ្នកភូមិគងយុជាមួយនឹងលោកស្រី គាត កុលណីនេះទេ ប៉ុន្តែ លោកមានប្រសាសន៍ដោយស្នើសុំមិនឲ្យថតសំឡេងថា ការចាត់តាំងរូបលោកគឺធ្វើឡើងខុសពីនីតិវិធីច្បាប់ ពីព្រោះលោកអះអាងថា បើតាមលេខរៀងក្នុងបញ្ជីឈ្មោះចៅក្រមដែលត្រូវកាន់ក្តីនេះ គឺលោកប្រធានតុលាការខេត្តរតនៈគីរីផ្ទាល់ដែលត្រូវទទួលបន្ទុកលើរឿងក្តីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកភូមិ និងមន្ត្រីសិទ្ធិមនុស្ស និយាយថា ការដែលតុលាការមិនព្រមចាត់ការលើសំណុំរឿងក្តីនេះ អាចបណ្តាលមកពីការទទួលរងឥទ្ធិពលពីអ្នកមានអំណាច។
វីអូអេខ្មែរមិនអាចទាក់ទងលោកស្រី គាត កុលណីដើម្បីស្នើសុំការបំភ្លឺតបណាមួយបានទេ។ តែទោះជាយ៉ាងនេះក្តី លោកស្រី និងតំណាងរបស់លោកស្រី កន្លងមកត្រូវបានបណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ថា ការលក់ដីរបស់អ្នកភូមិគងយុនេះ គឺត្រឹមត្រូវ និងមានសុពលភាព បើទោះជាដីនេះ គឺជាដីសហគមន៍ជនជាតិដើមភាគតិចក៏ដោយ។
លោក រម៉ាស់ ណែត វ័យ៤២ឆ្នាំ ជាមេភូមិគងយុ ដែលបានចូលរួមជាមួយអ្នកភូមិក្នុងការប្តឹងប្រឆាំងលោកស្រី គាត កុលណីកាលពីមុនប៉ុន្តែដែលឥឡូវបានអះអាងថា លោកឈប់ប្តឹងតទៅទៀតហើយនោះ បានមានប្រសាសន៍នៅខណៈពេលកំពុងកាប់គាស់ដីចម្ការរបស់លោកនៅក្នុងភូមិថា ការបន្តការប្តឹងតវ៉ារបស់អ្នកភូមិនេះគឺជារឿងឥតបានការ។
«ប្រជាពលរដ្ឋហ្នឹងខឹងវាយូរហើយ វាយូរឆ្នាំហើយ អត់ឈ្នះ ម៉ិចម្នាក់ខ្ញុំ …..កុំទៅប្តឹងគេអត់បានទេ អត់រួចខ្លួនទេ អស់ភូមិហើយ គេអត់រមាស់អីបន្តិចសោះ»។
តែទោះជាយ៉ាងនេះក្តី លោក យិន សាវ៉ាត មេធាវីម្នាក់តំណាងភាគីអ្នកភូមិគងយុ មានប្រសាសន៍ថា ការខកខានរបស់តុលាការខេត្តរតនៈគីរីក្នុងការមិនបានចាត់ការលើសំណុំរឿងនេះនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះនៃស្ថាប័នរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋមួយនេះ។
«ការធ្វើបែបហ្នឹងមានន័យថា ស្ថាប័នតុលាការដែលរកយុត្តិធម៌ហ្នឹង វាគ្មានន័យសម្រាប់ប្រជាជន»។
លោក ប៉ែន ប៊ុណ្ណារ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនៈគីរី មានប្រសាសន៍ថា តុលាការគួរតែចាត់ការសំណុំរឿងក្តីនេះ ឲ្យបានឆាប់ និងចប់សព្វគ្រប់ ដើម្បីជាគំរូមួយសម្រាប់ទទួលបានសេចក្តីជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការជំនុំជម្រះក្តីលើសំណុំរឿងផ្សេងៗទៀត។
លោកអ្នកក៏អាចទស្សនារឿងនេះជាវីដេអូនៅក្នុងគេហទំព័រwww.voanews.com/khmer ឬក៏ចូលទៅកាន់គេហទំព័រyoutube.com/voakhmerservice បានដែរ៕