ប្រទេសវៀតណាម បានស្នើប្រទេសកម្ពុជា នៅថ្ងៃនេះឲ្យជួយការពារនិងផ្ដល់ផលប្រយោជន៍ដល់អ្នកវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ សំណើនេះធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចចំនួនមួយថ្ងៃរបស់លោកនាយករដ្ឋមន្ដ្រីវៀតណាម ង្វៀន តាន់ ស៊ុង (Nguyen Tan Dung) នៅកម្ពុជា។
នាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន តាន់ ស៊ុង នៅថ្ងៃច័ន្ទនេះ បានអំពាវនាវដល់ប្រទេសកម្ពុជាឲ្យផ្ដល់ការអនុគ្រោះឲ្យបានច្រើនដល់អ្នកបណ្ដាក់ទុនមកពីប្រទេសខ្លួន ខណៈដែលការបណ្ដាក់ទុនមកពីប្រទេសវៀតណាម បានកើនដល់ ៦០០ លានដុល្លារមុនដំណាច់ឆ្នាំ ២០១០នេះ។
លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងនៅក្នុងសន្និសីទកាសែតក្រោយពីជំនួបរយៈពេលជាងមួយម៉ោងរវាង លោកប្រមុខរដ្ឋាភិបាលវៀតណាម ជាមួយសមភាគីកម្ពុជា លោក ហ៊ុន សែន ថា វៀតណាមចង់ឲ្យកម្ពុជាផ្ដល់ការអនុគ្រោះដល់ការរកស៊ីរបស់វៀតណាមទាំងក្នុងវិស័យអាកាសចរណ៍ និងផ្នែកកសិកម្មផងដែរ។
“គណៈប្រតិភូវៀតណាមក៏បានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាបន្ដជួយលើកទឹកចិត្ត និងផ្ដល់ភាពអនុគ្រោះដល់អ្នកវិនិយោគវៀតណាម ក៏ដូចជាអាជីវករវៀតណាមដែលកំពុងតែរកស៊ីនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅលើផ្នែកអាកាសចរណ៍ ធនាគារ និងកៅស៊ូ"។
លោក ង្វៀន តាន់ ស៊ុង បានមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃច័ន្ទ ដើម្បីបំពេញដំណើរទស្សនកិច្ចចំនួនមួយថ្ងៃ មុននឹងចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសវៀតណាម ឡាវ កម្ពុជា និងប្រទេសភូមា និងកិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ដ្រសហប្រតិបត្តិការសេដ្ឋកិច្ច តំបន់ទន្លេមេគង្គ ចៅប្រាយ៉ា ដែលកិច្ចប្រជុំទាំងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ៍ និងថ្ងៃពុធ សប្ដាហ៍នេះ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន បានកោតសរសើរដល់ការវិនិយោគទុនមកពីប្រទេសវៀតណាម។ នេះបើយោងតាមលោក ខៀវ កញ្ញារិទ្ធ។
“សម្ដេចបានមានប្រសាសន៍ថា នៅពេលដែលប្រទេសមួយចំនួនបង្កកទុនវិនិយោគ គឺវៀតណាមបានបង្កើនទុនវិនិយោគចូលកម្ពុជា។ នេះជាឱកាសមួយដែលធ្វើឲ្យកម្ពុជា មានការងារធ្វើផង និងក៏ជាការផ្ទេរបច្ចេកវិទ្យាមួយចំនួនមកកម្ពុជាផង។ បើមាន (ការវិនិយោគកាន់តែច្រើន ) យើងកាន់តែស្វាគម"។
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានប្ដេជ្ញារួមគ្នាថា នឹងជំរុញការធ្វើពាណិជ្ជកម្មរវាងគ្នាឲ្យកើនដល់២.០០០លានដុល្លារនៅក្នុងឆ្នាំនេះ។
បន្ថែមពីលើការវិនិយោគក្នុងវិស័យធនាគារ វិស័យអគ្គិសនី និងវិស័យទូរគមនាគមន៍ និងធ្វើការរុករកប្រេងកាត និងឧស្ម័ន ប្រទេសវៀតណាមបច្ចុប្បន្នក៏មានវិនិយោគលើដំណាំកៅស៊ូសរុបចំនួន ១០០.០០០ ហិចតាផងដែរ។ ការវិនិយោគនេះ ដែលធ្វើឲ្យមានការប្រឆាំងតវ៉ាពីក្រុមប្រជាជនដែលទទួលរងផលប៉ះពាល់។ ក៏ប៉ុន្ដែនៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោក ង្វៀន តាន់ ស៊ុង ចង់បង្កើនការវិនិយោគរបស់ប្រទេសវៀតណាមលើការដាំកៅស៊ូជាបន្ថែមទៀត។
លោក សុន ឆ័យ តំណាងរាស្ដ្រគណបក្សជំទាស់ សម រង្ស៊ី មានប្រសាសន៍ថាការវិនិយោគពីប្រទេស វៀតណាម នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា។
“ខ្ញុំថា ការវិនិយោគជាមួយប្រទេសវៀតណាមហាក់ដូចជា មានលក្ខណៈដែលមិនទទួលយកបាន។ ជាពិសេសលើផ្នែកចំការកៅស៊ូ ដែលយើងឃើញថា មានការប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ ជាច្រើន។ ផ្នែកទូរគមនាគមន៍ក៏យើងឃើញថា មានការរកស៊ីដែលពុំមានលក្ខណៈប្រណាំងប្រជែងត្រឹមត្រូវ ធ្វើឲ្យមានការព្រួយបារម្ភថា អាចនឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់ប្រទេសយើង"។
សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន លោក ង្វៀន តាន់ ស៊ុង បានអរគុណប្រទេសកម្ពុជាក្នុងការជួយទប់ស្កាត់អ្វីមួយដែលលោកហៅថា ជាចលនាអមិត្តប្រឆាំងទៅនឹងប្រទេសវៀតណាម ហើយលោកក៏ចង់បានការបោះបង្គោលព្រំដែនរួមរវាងប្រទេសទាំងពីរចប់សព្វគ្រប់នៅមុនដំណាច់ឆ្នាំ ២០១២។ ការបោះបង្គោលព្រំដែនដែលជាចំណោទធ្វើឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ទទួលការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន១២ ឆ្នាំ៕