ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាធារណ​ជន​ទូទៅ​រំពឹង​ថា​ ឌុច​នឹង​ជាប់​ទោស​ក្នុង​ការ​ប្រកាស​សាលក្រម​ខាង​មុខនេះ


ភ្នំពេញ៖ ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​និង​ជន​រងគ្រោះ​នៅ​គុក​ទួល​ស្លែង​ផ្ទាល់ក្នុង​របប​ខ្មែរ​ក្រហម​ រំពឹង​ដូច​ៗគ្នា​ថា​ ​ឌុច​នឹង​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ នៅ​ពេល​សាលក្រម​របស់​គាត់​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទស្អែកនេះ។ ​ប៉ុន្តែជន​រង​គ្រោះ​ទាំងនោះ​រំពឹង​ខុសៗគ្នា​ទៅលើ​កម្រិត​នៃ​ទោស​របស់​ឌុច។

បើ​ទោះជា​ក្រុម​ជនរងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​និង​ជាពិសេស​អតីត​អ្នក​ទោស​ដែល​រួច​ជីវិត​ពី​គុក​ទួល​ស្លែង​ផ្ទាល់​ មាន​ការ​រំពឹង​ទុក​ដូច​ៗ​គ្នា​ថា ​លោកកាំង ហ្កេកអ៊ាវ ហៅ​ឌុច​នឹង​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស​ក៏​ដោយ​ ​ក៏​ពួកគេ​រំពឹង​ខុស​ៗ​គ្នា​ទៅលើ​កម្រិត​នៃ​ការ​ដាក់ទោស​លើ​អតីតមេ​គុក​ទួល​ស្លែង​រូប​នេះ​ដែរ​ ពោល​គឺ​អ្នក​ខ្លះ​រំពឹង​ថា​ ឌុច​នឹង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​គុក​ពី​២០​ទៅ​៣០ឆ្នាំ​ និង​ខ្លះ​ទៀត​ថា​ ​យ៉ាង​តិច​ក៏​៤០​ឆ្នាំ ឬ​រហូតដល់មួយ​ជីវិត​ដែរ។

លោក​សរ ខេមរ័ត្ន ​វ័យ​៤៨​ឆ្នាំ ​ប្រជាពល​រដ្ឋ​ម្នាក់​រស់​នៅ​អែប​នឹង​របង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ ​ហើយ​ដែល​អ៊ុំ​ប្រុស​របស់​លោក​ម្នាក់​បាន​ស្លាប់​នៅក្នុង​អតីត​គុក​ដែល​ឌុច​ធ្លាប់​គ្រប់គ្រង​នេះ​ ​បាន​មាន​ប្រសាសន៍​ថា​ ​ លោក​រំពឹង​ថា ​សាលក្រម​របស់​ឌុច ​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃច័ន្ទ​ស្អែក​នេះ ​នឹង​កំណត់​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

«បើ​តាម​តែ​ចិត្ត​យើង​ខឹង​វិញ​អ្ហា៎។ បើ​ស្រុក​អត់​មាន​ច្បាប់​ ​យើង​ត្រូវ​សងសឹក​វា​ដោយ​ដៃ​ឬ​ដោយ​អី​ផ្ទាល់​អញ្ចឹង​វិញ។​ ប៉ុន្តែ​ដល់​ឥឡូវ ​បើ​និយាយ​ពី​រឿង​ច្បាប់ ​យើង​រំពឹង​ថា​ ​ច្បាប់​ដាក់​ទោស​វា​មួយ​ជីវិត​មិន​អញ្ចឹង? ព្រោះ​វា​សម្លាប់​គេ​ច្រើន​ណាស់។​ ទោះបីជា​វា​ធ្វើ​ដោយសារ​អំណាច​ឥទ្ធិពល​មេ​បញ្ជា​ចុះ ក៏​បាតដៃ​វា​ប្រឡាក់​ឈាម​ដែរ»។

ការ​កាត់ទោស​លើ​ករណី​០០១​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជន​ជាប់ចោទ​កាំង ហ្កេក​អ៊ាវ​ហៅ​ឌុច ​អតីត​មេ​គុក​ទួល​ស្លែង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ​បាន​ចប់​សព្វ​គ្រប់​កាល​ពី​ឆ្នាំមុន​ បន្ទាប់ពី​ការ​បើក​សវនា​ការ​រយៈ​ពេល​៧៧​ថ្ងៃ​ ចន្លោះ​ពី​ថ្ងៃ​ទី​៣០​ខែ​មីនា​រហូត​ដល់​ថ្ងៃទី​២៧​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩។

ឌុចត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬ​ហៅ​ថា ​សាលា​ក្តី​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ​នាំ​ខ្លួន​យក​មក​កាត់​ទោស​ចំពោះ​ការ​ស្លាប់​បុរស​ ស្រ្តី និង​កុមារយ៉ាង​តិច​ចំនួន​១២៣៨០​នាក់ ​ដោយសារ​ការ​ធ្វើ​ទារុណ​កម្ម​និង​ការ​កាប់​សម្លាប់​នៅ​ក្នុង​មន្ទីរ​សន្តិសុខ​ស​២១​ ឬ​ គុក​ទួល​ស្លែង​ដែល​គាត់​បាន​គ្រប់​គ្រង​នៅ​ចន្លោះ​ឆ្នាំ​១៩៧៦​ដល់​១៩៧៩។

នៅក្នុង​ពេល​សវនាការ​កាលពី​ឆ្នាំ​មុន​ ឌុច​បាន​សារភាព​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​ប្រជាជន​ជាង​១​ម៉ឺន​នាក់​នេះ​ ​ហើយ​ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​ទៅលើ​ជន​រងគ្រោះ​ទាំងនោះ​ផង​ដែរ។​ ប៉ុន្តែ​នៅមុន​ពេល​បិទ​បញ្ចប់​សវនាការ​ជា​ស្ថាពរ​ ​ឌុច​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះលែង​រូបលោក​ឲ្យមាន​សេរីភាព​ឡើងវិញ​ ដោយ​សំអាង​ថា​ ​លោក​ត្រូវ​បាន​ចាប់​ដាក់​គុក​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​យោធា​ ​ ហើយ​ថា​ ​លោក​ក៏​បាន​សហការ​បាន​យ៉ាង​ល្អ​ជាមួយ​សាលាក្តី​ខ្មែរ​ក្រហម​ដែរ។

លោក​ ញឹក សូផាត ​អាយុ​៦១​ឆ្នាំ ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ ដែល​រស់នៅ​អែប​នឹង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ដែរ​នោះ ​មាន​ប្រសាសន៍​ថា​ ​ការសម្រេច​ដោះ​លែង​ ឌុច​ឲ្យ​មាន​សេរីភាព​គឺ​ជា​ទង្វើ​ដែល​លោក​មិន​អាច​ទទួល​យក​បានទេ​ ដោយសារ​លោក​លើកឡើង​ថា​ ​ឌុច​មិន​ត្រឹមតែ​ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​ធ្វើ​ទារុណកម្ម ​និង​សម្លាប់​អ្នកទោស​ប៉ុណ្ណោះ​ទេ​ គឺ​ឌុច​ថែម​ទាំង​ជា​អ្នក​ធ្វើ​សកម្មភាព​ទាំង​នេះ​ដោយខ្លួន​ឯង​ផ្ទាល់​ផង​ដែរ។

ប៉ុន្តែ ​លោក​ញឹក សូផាត ​ដែល​ជា​មន្ត្រីរាជការ​ចូល​និវត្តន៍​ហើយ​នោះ​ មាន​ប្រសាសន៍​បន្ថែម​ថា​ លោក​រំពឹង​ថា នៅក្នុង​សាលក្រម​សម្រេច​ទោស​នោះ​ សាលា​ក្តី​ខ្មែរ​ក្រហម​នឹង​កំណត់​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​តិចត្រឹម​៤០ឆ្នាំ ​ដោយ​សារ​ឌុច​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​និង​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​តុលាការ​នៅក្នុង​ដំណើរ​ការ​កាត់​ទោស​គាត់​តាំងពី​ដើម​រហូត​មក។

«៤០​ឆ្នាំ​ទៀត​ វា​ល្មម​ដល់​ពេល​ស្លាប់​ហើយ។ គាត់​មិន​អាច​មាន​អាយុ​ដល់​១០០​ជាង​ទេ។ ​ឥឡូវ​គាត់​ចូល​៦៧ ​ អញ្ចឹង​៤០​ឆ្នាំ​ហ្នឹង​ ​វា​ល្មម​បញ្ចប់​ជីវិត​ទៅ​ហើយ។ អញ្ចឹង​៤០​ហ្នឹង​វា​គ្រប់គ្រាន់​ដែរ​ទៅ​ហើយ។ យើង​មិន​ចាំបាច់​ទាមទារ​ឲ្យ​ច្រើន​ទៀត​ទេ។ ​តែ​ប៉ុណ្ណឹង​គាត់​ល្មម​ដល់​ពេលវេលា​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​វិញ​ហើយ»។

លោក ​វ៉ាន់ ណាត​ អតីត​អ្នកទោស​ម្នាក់​ដែល​បាន​រួច​ជីវិត​ពី​គុក​ទួល​ស្លែង​ ​បាន​មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា​ ​សាលាក្តី​ខ្មែរ​ក្រហម​អាច​នឹង​សម្រេច​ដាក់​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធ​នាគារ​ពី​២០​ទៅ​៣០​ឆ្នាំ នៅក្នុង​ពេល​ប្រកាស​សាលក្រម​នោះ​ ដោយ​លោក​លើក​ហេតុ​ផល​ថា​ ​តុលាការ​អាច​នឹង​ពិចារណា​ ទុក​ពេល​ឲ្យ​ឌុច​កែ​ប្រែ​ខ្លួន​នៅក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​អតីត​មេគុក​ទួល​ស្លែង​នោះ។

«ខ្ញុំ​ដូចជា​មិន​សង្ឃឹម​ថា​ ​គាត់​ជាប់​ច្រើន​ប៉ុន្មាន​ទេ។ យ៉ាង​ណា​ក៏​គេ​ទុក​ពេល​ឲ្យ​គាត់​កែ​ខ្លួន​ក្នុង​រយៈ​ពេល​បួន​ឬ​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់​ដែរ»។

លោក ជ័យ​ ធារ៉ា ​អនុ​ប្រធាន​សមាគម​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហមបាន​មាន​ប្រសាសន៍​ថា​ ​ថ្វីត្បិត​តែ​ការ​រំពឹង​ទុក​របស់​ជនរងគ្រោះ​ទៅលើ​កម្រិត​នៃ​ទោស​របស់​ឌុចផ្សេងៗ​ពី​គ្នា​ក៏​ដោយ​ ​ក៏​ជន​រងគ្រោះ​ទាំងអស់​នៃ​របប​នោះ​ រំពឹង​ថា​ ​សាលក្រម​របស់​តុលាការ​នឹង​សម្រេច​ដាក់​ទោស​ឌុច​ដែរ៕

XS
SM
MD
LG